អ៊ីស្រាអែល

អ៊ីស្រាអែល​សុខ​ចិត្ត​ដកទ្វារ​ត្រួតពិនិត្យ ដើម្បី​បន្ធូរភាពតានតឹង

មន្រ្តី​សន្តិសុខ​អ៊ីស្រាអែល​ដក រុះរើ​ចោល ទ្វារ​ត្រួតពិនិត្យ​សុវត្ថិភាព​ដែល​អ៊ីស្រាអែល​ដាក់​នៅ​លើ​ច្រក​ចូល​ទៅ​កាន់​វិហារ​អ៊ីស្លាម នៅថ្ងៃ​ទី ២៥​កក្កដា ២០១៧
មន្រ្តី​សន្តិសុខ​អ៊ីស្រាអែល​ដក រុះរើ​ចោល ទ្វារ​ត្រួតពិនិត្យ​សុវត្ថិភាព​ដែល​អ៊ីស្រាអែល​ដាក់​នៅ​លើ​ច្រក​ចូល​ទៅ​កាន់​វិហារ​អ៊ីស្លាម នៅថ្ងៃ​ទី ២៥​កក្កដា ២០១៧ ©REUTERS/Ammar Awad

រដ្ឋាភិបាល​អ៊ីស្រាអែល នៅ​ថ្ងៃ​អង្គារ​ទី ២៥​កក្កដា បាន​ប្រកាស​ថា ​ដកចេញ ទ្វារ​ត្រួតពិនិត្យ​សុវត្ថិភាព ដែល​អ៊ីស្រាអែល​បាន​ដាក់ នៅ​ច្រកចូល ទៅ​កាន់​ទីលាន​សក្ការៈ​អ៊ីស្លាម នៅ​ហ្សេរុយសាឡឹម​ខាងកើត។ អ៊ីស្រាអែល​បាន​ដក​ចេញ​ទៅវិញ ទ្វារ​ត្រួតពិនិត្យ ដែល​ជា​ប្រភព​នៃ​ភាពតានតឹង នៅ​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​ហ្សេរុយសាឡឹម ប៉ុន្តែ បាន​ប្រកាស​ថា នឹង​ប្រើ​វិធានការ​តាមដាន​បែបសម្ងាត់​វិញ​ទៅ លើការចេញចូល​ទៅក្នុង​វិហារ​សំខាន់​ទី​៣ របស់​អ៊ីស្លាម នៅ​ហ្សេរុយសាឡឹម។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អ៊ីស្រាអែល នៅ​ទីបំផុត​ទៅ​បាន​សម្រេច​ដក​ចោល ច្រក​ទ្វារ​ត្រួតពិនិត្យ​សុវត្ថិភាព ដែល​ជា​ដើមចម​នៃ​ភាពតានតឹង​ការទូត និង​ការប្រឈម​មុខ​ដ៏​ហិង្សា នៅ​ប៉ុន្មាន​ថ្ងៃនេះ នៅ​ហ្សេរុយសាឡឹម។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​អង្គារនេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ច្រក​ទ្វារ​ត្រួតពិនិត្យ ទៅកាន់​ទីលាន​សក្ការៈ​អ៊ីស្លាម​នឹង​ត្រូវ​ដកចោល ប៉ុន្តែ ត្រូវ​ជំនួស​ដាក់​វិញ ដោយ​វិធានការ​តាមដាន​សន្តិសុខ ដែល​ប្រើ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និងដែល​ប្រើ​គ្រប់​មធ្យោបាយ​ដែល​រដ្ឋាភិបាល​មាន។ តាម​ការសង្កេត​របស់​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ទាហាន​អ៊ីស្រាអែល​បាន​ដកចេញ ច្រកទ្វារ​ត្រួតពិនិត្យ​សុវត្ថិភាព ប៉ុន្តែ ជាមួយគ្នានោះ គេ​ឃើញ​ផងដែរ ការដំឡើងជើង​កាមេរ៉ា ត្រួតពិនិត្យ​នៅ​តាម​ផ្លូវ​ចូល​ទៅកាន់​ទីក្រុង​ចំណាស់។

 

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ចំណាយ​ថវិកា ២៤​លាន​អឺរ៉ូ​ដើម្បី ទិញ និង​ដំឡើង​ច្រកទ្វារ ត្រួតពិនិត្យ​ស្វែងរក​ជាតិ​លោហៈ នៅលើ​ផ្លូវ​ទៅកាន់​ទីលាន​សក្ការៈ​អ៊ីស្លាម នៅ​ហ្សេរុយសាឡឹម នៅ​ក្រោយ ហេតុការណ៍ ដែល​ជនជាតិ​អ៊ីស្រាអែល កាន់​សាសនា​អ៊ីស្លាម ចាក់​សម្លាក់​ទាហាន​អ៊ីស្រាអែល ២​នាក់ កាលពី​ថ្ងៃទី ១៤​កក្កដា​កន្លងទៅ។

 

ប្រជាជន​ប៉ាឡេស្ទីន​ដែល​ចាត់ទុក​ការដំឡើង​ច្រកទ្វារ​ត្រួតពិនិត្យ របស់​អ៊ីស្រាអែល ជា​ផ្នែក​មួយ នៃ​មហិច្ឆតា​អ៊ីស្រាអែល ក្នុង​គោលដៅ សំដៅ​ដណ្តើម កាន់កាប់​ផ្តាច់មុខ ទឹកដី​ហ្សេរុយសាឡឹម បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​អ៊ីស្រាអែល។ ការប្រឈមមុខ​ដ៏​ហិង្សា​បាន​សម្លាប់​ជនជាតិ​អ៊ីស្រាអែល​បីនាក់ និង​យុវជន​ប៉ាឡេស្ទីន​៥នាក់។

 

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល មន្រ្តី​ជាន់ខ្ពស់​របស់​សមាគម​អ៊ីស្លាម​ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​វិហារ​អ៊ីស្លាម នៅ​ហ្សេរុយសាឡឹម​ខាងកើត បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​នៅ​បន្ត​ធ្វើ​ពហិការ មិន​ចូល​ទៅ​ក្នុង​ទីលាន​សក្ការៈ​អ៊ីស្លាម ក្នុង​អំឡុង​ពេល​ដែល​សមាគម​កំពុង​វាយតម្លៃ​ទៅលើ​ស្ថានភាព នៅក្នុង​តំបន់​នោះ។ ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រជាជន​ប៉ាឡេស្ទីន បាន​នាំ​គ្នា​ធ្វើ​ពហិការ មិន​ចូល​ទៅក្នុង​វិហារ​សក្ការៈ​អ៊ីស្លាម និងបាន​នាំគ្នា​សូត្រធម៌​នៅតាមផ្លូវ ដើម្បី​ប្រឆាំង​នឹង​អ៊ីស្រាអែល ដែល​បាន​ដំឡើង​ច្រកទ្វារ​ត្រួតពិនិត្យ នៅ​ទីលាន​សក្ការៈ នៅ​ហ្សេរុយសាឡឹម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI