មជ្ឈិមបូព៌ា

អារ៉ា​ប៊ី​សាអូឌីត ចោទ​អ៊ីរ៉ង ថា​មាន​ចេតនា​បំផ្លាញ​ការ​ខំប្រឹង​ប្រែង​ចរចា​រក​សន្តិភាព​នៅ​ យ៉េមែន

រដ្ឋមន្ត្រី​ការ​បរទេស​អារ៉ាប៊ីសាអូឌីត  Adel bin Ahmed Al-Jubeir
រដ្ឋមន្ត្រី​ការ​បរទេស​អារ៉ាប៊ីសាអូឌីត Adel bin Ahmed Al-Jubeir REUTERS/Hamad I Mohammed

រដ្ឋមន្ត្រី​ការ​បរទេស​ អារ៉ាប់​បី​សាអូឌីត បាន​ចោទ​ប្រកាន់ អ៊ីរ៉ង ថា​បាន​លូក​ដៃ​ក្នុង​វិបត្តិ​ជម្លោះ​នៅ​យ៉េមែន និងថា អ៊ឺរ៉ង​​មាន​ចេតនា​បំផ្លាញ​ការ​ចរចា​រកសន្តិភាព​សម្រាប់​ ប្រទេស​យ៉េមែន។ ការ​លូកដៃ​ក្នុង​វិបត្តិ​នេះ​ គឺដោយសារ​តែ​ អ៊ីរ៉ង គាំទ្រ​ក្រុម​ឧទ្ទាម​ ហ៊ូទីស។ រដ្ឋមន្ត្រី​ការ​បរទេស​ អារ៉ាប់​បី​សាអូឌីត បាន​សង្កត់​ធ្ងន់ថា បើ​គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ៊ីរ៉ងទេ ពួក​ក្រុម​ឧទ្ទាម​ហ៊ូទីសនេះ ប្រាកដ​ជា​មិន​អាច​បន្ត​សកម្មភាព​បាន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

លោក Adel al-Jubeir ប្រមុខ​ការ​ទូត​អារ៉ា​ប៊ី​សាអូឌីត លើក​ឡើង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ថារដ្ឋាភិបាល​អ៊ឺរ៉ង បាន​បញ្ជូន​​​អាវុធ​ ទៅឲ្យ​ពួក​ឧទ្ទាម​ហ៊ូទី ដែល​កំពុង​តែ​បង្ក​វិបត្តិ​នៅ​រដ្ឋ​ធានី​ សាណា និង​ភាគ​ខាង​ជើង​នៃ​ប្រទេស​​យ៉េមែន។

យ៉ាងណា​មិញ​ រដ្ឋមន្ត្រី​ការ​បរទេស​យ៉េមែនខ្លួន​ឯង​វិញ​ បាន​បន្ថែ​មថា ក្រុម​ឧទ្ទាម​នៅលើទឹក​ដី​ខ្លួន គឺ​បាន​សារភាព​ថា​បាន​ទទួល​ការ​ផ្គត់​ផ្គង់​ពី​អ៊ឺរ៉ង។ ដូច្នេះ​ ដំណើរ​ការ​វិល​ទៅរក​​សន្តិភាព នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បា​នទេ ប្រសិន​ជា​អ៊ីរ៉ង​នៅតែបន្ត​​លូកដៃ​​។ រដ្ឋមន្ត្រី​រូប​នេះ បន្ត​ថា​ គឺ​ជា​ផែន​ការ​អ៊ីរ៉ង់​ ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាលស្រប​ច្បាប់​របស់​យ៉េមែន​បច្ចុប្បន្ន​ ដើម្បី​ដាក់​តាំង​ក្រុម​ហ៊ូទី​ជំនួស​វិញ​ ដែល​ជា​ក្រុម​បក្ស​ពួក​អ៊ីស្លាម​និកាយ​ឈីអ៊ីត ដូច​អ៊ីរ៉ង់។

តែ​យ៉ាង​ណា លោក​មេបញ្ជា​ការ​កង​ទ័ព​យ៉េមែន​ បាន​លើកឡើង​ថា បច្ចុប្បន្ន​ ខ្លួន​បាន​ដណ្តើម​យក​ដែន​ដី​ ចំនួន​៨៥% ត្រឡប់​មកវិញហើយ ដែល​នេះ​ក៏ដោយសារតែ​អន្តរាគមន៍​របស់​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប់ ដែល​មាន​អារ៉ាប៊ីសាអូឌីត​ជាអ្នក​ដឹកនាំ។​

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ប្រទេស​ យ៉េមែន ដោយសារ​តែ​សង្គ្រាម​និង​វិបត្តិ​ផ្ទុះ​អាវុធ​ រវាង​ក្រុម​ឧទ្ទាម​ហ៊ូទី​និង​រដ្ឋាភិបាល​យ៉េមែន​ នា​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ជិត​៩ពាន់​នាក់ ហើយ​ជិត​៦ម៉ឺន​នាក់ រងរបួស ដែល​ភាគ​ច្រើន​ជា​ប្រជាជន​ស្លូត​ត្រង់​។​

ប្រឈមមុខ​នឹង​ការ​បាត់​ជីវិតមនុស្ស​ស្លូត​ត្រង់​ដ៏​ច្រើន​នេះ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅនេះ ​អង្គការ​សហប្រជាជាតិ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​ស្ថានភាព និង​បាន​បើក​ការ​ស៊ើបអង្កេត ជុំវិញ​បទល្មើស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​ ​ ទាក់​ទិនទៅ​នឹង​ប្រតិបត្តិ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ អារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែ​ លោក​មេបញ្ជា​ការ​កង​ទ័ព​យ៉េមែន បានអះអាង​ថា កង​ទ័ព​សម្ព័ន្ធ​មិត្ត​អារ៉ាប់ បាន​ធ្វើ​ប្រតិបត្តិ​ការ​ទម្លាក់​គ្រាប់​បែក សម​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ (sic)។

ចំណែក​ពី​ភាគី​អ៊ីរ៉ង់វិញ បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើក​ខ្លួន។ អ៊ីរ៉ង់​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​អារ៉ាបីសាអូឌីតនិង​យ៉េម៉ែន ជារឿង​អស់​សំណើច និង​គ្មាន​មូលដ្ឋាន​ទាល់​តែ​សោះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI