អានតួអត្ថបទ
អ៊ីរ៉ង់-រុស្ស៊ី

ប្រមុខរដ្ឋរុស្ស៊ី ទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីនិយាយអំពី ស៊ីរី និង នុយក្លេអ៊ែរ

ប្រធានាធិបតី រុស្ស៊ី ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ នៅទីក្រុង​តេហេរ៉ង់ នៅថ្ងៃទី ១​វិច្ឆិកា ២០១៧
ប្រធានាធិបតី រុស្ស៊ី ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ នៅទីក្រុង​តេហេរ៉ង់ នៅថ្ងៃទី ១​វិច្ឆិកា ២០១៧ Sputnik/Alexei Druzhinin/Kremlin via REUTERS
ដោយ៖ កែវ ឆាយា
1 នាទី

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថ្ងៃពុធ​ទី១​វិច្ឆិកា បាន​បំពេញ​ទស្សនកិច្ច នៅក្រុង តេហេរ៉ង់ ដើម្បី​ពិភាក្សា​បញ្ហា​ស៊ីរី បញ្ហា​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លែរអ៊ីរ៉ង់ និង បញ្ហា​ពង្រឹង សហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង រុស្ស៊ី និង អ៊ីរ៉ង់។ ប្រទេស​ទាំងពីរ​សុទ្ធ​តែ​ជាប់​ក្នុង​ទណ្ឌកម្ម ពី​ខាង ក្រុង​វ៉ាស៊ីនតោន។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​អញ្ជើញ​ដល់ ក្រុងតេហេរ៉ង់ រសៀល​ម្សិលមិញ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​ដឹកនាំ​គណៈប្រតិភូ​ដ៏ហំហួន បាន​ជួបចរចា ជាមួយ​សមភាគី​អ៊ីរ៉ង់ លោក​ប្រធានាធិបតី Hassan Rohani និង បាន​ត្រូវ​ទទួល​ជួប​ដោយ​អគ្គមគ្គុទេសក៏ ប្រមុខ​សាសនា​និកាយស្ហីអ៊ីត អ៊ីរ៉ង់ Ali Khamenei។

តាម​ការឲ្យ​ដឹង​នៃ​វិមាន​ក្រេមឡាំង៖ កិច្ចចរចា​រុស្ស៊ី-អ៊ីរ៉ង់ ប៉ះ​ជាអាទិ៍ លើ​វិបត្តិ​ស៊ីរី ជាទី​ដែល​ប្រទេស​ទាំងពីរ គាំទ្រ​របប​ក្រុងដាម៉ាស ប្រឈម​ទល់​នឹង​ក្រុម​ឧទ្ទាម​ប្លែកៗ ដែលមាន​តួកគី ជាខ្នង​បង្អែក។ កិច្ចចរចា ផ្តោត លើ ទិដ្ឋភាព​យោធា មនុស្សធម៌ និង​បច្ចេកទេស សំដៅ ខ័ណ្ឌ បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ ៦ឆ្នាំមកហើយ នៅ ស៊ីរី។ សាច់រឿង​មួយទៀត គឺ ស្ថានការណ៍​បង្ក​ឡើង​ដោយ​ការគំរាម​របស់​រដ្ឋបាល​ថ្មី​អាមេរិកាំង ប្រឆាំង​នឹង កិច្ច​ព្រមព្រៀង​អន្តរជាតិ​ស្តីអំពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចុះឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និង ៦ មហាអំណាច ពោលគឺ​ សរអា ផ្ទាល់ រុស្ស៊ី ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស ហេតុ​ដែល​ញ៉ាំង​ម៉ូស្គូ ឲ្យ​ប្រតិកម្ម​ពុះខ្ជោល ថ្កោលទោស ចេតនា​នេះ របស់​ក្រុងវ៉ាស៊ីនតោន។

ខាងសហប្រតិត្តិការ​សេដ្ឋកិច្ច ឥឡូវ​រុស្ស៊ី បាន​ចាប់ផ្តើម​ទៅហើយ ការ សាងសង់​ប្រតិករ​នុយក្លេអ៊ែរ​ពីរ​ទៀត នីមួយៗ មាន​កម្លាំង​ភ្លើង ១.០០០ មេហ្កាវ៉ាត់ បន្ថែមលើ ប្រតិករ ទី១ បែបនេះ នៅក្រុង Bouchehr ប៉ែកខាងត្បូងអ៊ីរ៉ង់ ដែលបាន​ដាក់​ឲ្យ​ដំណើរការ តាំង​ពី ឆ្នាំ​២០១១ មក។ រុស្ស៊ី ក៏ជា​ប្រទេស​លក់អាវុធ ទៅ​ឲ្យ​អ៊ីរ៉ង់ ទាំង​ក្រោម​បណ្តាសារ ពី​ខាង​ក្រុងវ៉ាស៊ីនតោន។

ក្នុង​ក្រុង​តេហេរ៉ង់ដែរ លោក​ប្រមុខរដ្ឋរុស្ស៊ី ក៏បានជួប​ជាមួយ​ប្រធានាធិបតី អាស៊ែរបៃហ្ស៊ន់ លោក ILham Aliev ។ បន្ទាប់មក មាន​ប្រព្រឹត្តទៅ គឺ ជំនួបកំពូល​ត្រីភាគី រុស្ស៊ី -អ៊ីរ៉ង់-អាស៊ែរបៃហ្ស៊ន់ សុទ្ធតែ​ជា​ប្រទេស សម្បូណ៌ ប្រេង និង​ឧស្ម័ន។ ប្រមុខ​រដ្ឋទាំង​បី បាន​ពិភាក្សា គឺ ៖ គម្រោងសង់ ផ្លូវដែក ប្រវែង ១៧២ គម ដើម្បី ភ្ជាប់​អ៊ីរ៉ង់​ទៅនឹង​អាស៊ែរបៃហ្ស៊ន់ បាន​ន័យថា ភ្ជាប់វា​មក​នឹងរុស្ស៊ី ឬ មកនឹងបណ្តាញ​ផ្លូវដែក​អឺរ៉ុប តែម្តង , គម្រោង​ជីក​បូមរួម​គ្នា​អណ្តូង​ប្រេង និងឧស្ម័ន នៅសមុទ្រ Caspienne ជា​សមុទ្ររួម​របស់ប្រទេស ទាំង​បីជិតខាងនឹងគ្នា។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ ក្រុងតេហេរ៉ង់ បានចុះទៅហើយ ហត្ថលេខា លើ​ពិធីសារ នៃ កិច្ច ព្រមព្រៀង អនុញ្ញាត​ឲ្យបណ្តា​ក្រុមហ៊ុន​រុស្ស៊ី ជីក​បូមប្រេង ពី អណ្តូង​ប្រេង​ចំនួន ១០ កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ