អារ៉ាប៊ី​សាអូឌីត

នៅ​អារ៉ាប៊ី សាអូឌីត ជេរប្រមាថ​ព្រះមហាក្សត្រ មានន័យ​ស្មើ​នឹង​ការបង្ក​អំពើភេរវកម្ម

រូប​ស្តេច​ និង​រាជបុត្រ​ស្នងរាជ្យ​សាល់ម៉ាន​នៅ​អារ៉ាប៊ី សាអូឌីត
រូប​ស្តេច​ និង​រាជបុត្រ​ស្នងរាជ្យ​សាល់ម៉ាន​នៅ​អារ៉ាប៊ី សាអូឌីត ©REUTERS/Faisal Al Nasser NO RESALES. NO ARCHIVE.

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តជាតិ Human Rights Watch នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត។ យោងទៅតាម​ច្បាប់​ថ្មី ការជេរប្រមាថ ព្រះមហាក្សត្រ និង​រាជបុត្រ​ស្នងរាជ្យ​ត្រូវ​គេ​ចាត់ចូល​ជា​ការបង្ក​អំពើភេរវកម្ម និង​អាច​ប្រឈម​នឹង​ទោសជាប់​ពន្ធនាគារ ពី​៥ ទៅ​១០​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​មហាសេដ្ឋី​ប្រេង អារ៉ាប៊ី សាអូឌីត គ្មាន​កិត្តិនាម​ល្អ​ទេ នៅក្នុង​រឿង​គោរព​សិទ្ធិ​មនុស្ស។ សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch ដែលមាន​ទីតាំង​នៅទីក្រុង​ញូវយ៉ក អារ៉ាប៊ី សាអូឌីត បាន​បង្កើន​ការរឹតបន្តឹង បិទសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ តាមរយៈ​សរសេរ​ច្បាប់​ថ្មី ដើម្បី​ប្រឆាំង​ភេរវកម្ម។

ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី ដែលបាន​ចូល​ជាធរមាន តាំង​ពី​ខែ​វិច្ឆិកា​នេះ​នឹង​ចូល​ទៅ​ជំនួស​ច្បាប់​ចាស់ ដែល​អារ៉ាប៊ី​សាអូឌីត តាក់តែង​ឡើង នៅ​ឆ្នាំ ២០១៤។ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​រិះគន់ រហូតមក ​ច្បាប់​ប្រឆាំង​ភេរវកម្ម​នៅ​អារ៉ាប៊ី សាអូឌីត ព្រោះថា និយមន័យ​ទំលំទូលាយ​នៃ​ពាក្យ​ភេរវកម្ម បាន​បើកផ្លូវ​ឲ្យ​អាជ្ញាធរ​អារ៉ាប៊ី សាអូឌីត បង្ក្រាប​យ៉ាងចាស់​ដៃ អ្នកប្រឆាំង​នៅក្នុង​ប្រទេស។ ទៅតាម​ច្បាប់​ចាស់ ការបង្ក​អសណ្តាប់ធ្នាប់​សាធារណៈ ការធ្វើ​ឲ្យ​សន្តិសុខ​របស់​សហគមន៍​រង្គោះរង្គើ និង​ការប៉ុនប៉ង​ធ្វើ​ឲ្យ​ផ្អាកព្យួរ​ច្បាប់​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល ត្រូវ​ចាត់ទុក​ជា​សកម្មភាព​ភេរវកម្ម។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch ដោយសារ​តែ​និយមន័យ​ទូលំទូលាយ អ្នកប្រឆាំង​ជាច្រើន​ត្រូវ​ជាប់​ក្នុង​សំណាញ់ច្បាប់ និង​ទោស​ជាប់ពន្ធនារ របស់​តុលាការ​ដែល​អនុវត្ត យោង​ច្បាប់​ប្រឆាំង​ភេរវកម្ម។

ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី នៅ​រក្សា​ច្រើន​ខ្លឹមសារ​របស់​មាត្រា​មុន ប៉ុន្តែ គ្រាន់តែ​បន្ថែម ​មាត្រា​សំខាន់​មួយចំនួន ដូចជា ការជេរប្រមាថ ព្រះមហាក្សត្រ និង​រាជបុត្រ​ស្នងរាជ្យ ត្រូវ​គេ​ចាត់ទុក​ជា​សកម្មភាព​ធ្វើភេរវកម្ម។ លើសពីនោះ ច្បាប់​ថ្មី មាន​ដាក់​បញ្ចូល​ផងដែរ ទោស​ប្រហារ​ជីវិត សម្រាប់​ជន​ប្រព្រឹត្ត​អំពើភេរវកម្ម។

នៅ​ខែ​ឧសភា​កន្លងទៅ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អារ៉ាប៊ី សាអូឌីត ឈប់​ប្រើប្រាស់​និយមន័យ​ដ៏ទូលំទូលាយ នៃច្បាប់​ភេរវកម្ម ដើម្បី វាយប្រហារ ចាប់ខ្លួន សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នកសរសេរ​Blog ឬ​អ្នកនិពន្ធ ដែល​សរសេរ​រិះគន់​រដ្ឋាភិបាល។ អារ៉ាប៊ីសាអូឌីត នៅ​មិនទាន់​មាន​ប្រតិកម្ម​យ៉ាងណា​ទៅនឹង​សេចក្តី​ថ្លែងការណ៍ របស់​អង្គការ​ Human Rights Watch​នៅឡើយទេ។ ជា​រឿង​ងាយយល់ ព្រោះថា អារ៉ាប៊ី សាអូឌីត ជា​មហាសេដ្ឋី​ប្រេង ប៉ុន្តែ មាន​កេរ្តិ៍ឈ្មោះ​មិនល្អ ក្នុង​រឿង រំលោភ​សិទ្ធិមនុស្ស​រហូតមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI