អាហ្វហ្កានីស្ថាន-ភេរវកម្ម

ភេរវកម្ម ​​​ប្រឆាំង​​​​ការិយាល័យ​អង្គការ​​មនុស្សធម៌​​អង់គ្លេស​​ Save The Children​​

ផ្សែងហុយទ្រលោម​​ បានផ្ទុះឡើង​នៅ​កន្លែង​កើតហេតុ​នៅជិតការិយាល័យ​ភ្នាក់ងារ​ជំនួយ​សង្គ្រោះ​កុមារ​នៅ​Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន​ រូបភាព​នេះ​ដែល​ថត​ដោយ​ភ្នាក់ងារ Reuters កាលពី​ថ្ងៃ​ទី​២៤​មករា​ឆ្នាំ​២០១៨​
ផ្សែងហុយទ្រលោម​​ បានផ្ទុះឡើង​នៅ​កន្លែង​កើតហេតុ​នៅជិតការិយាល័យ​ភ្នាក់ងារ​ជំនួយ​សង្គ្រោះ​កុមារ​នៅ​Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន​ រូបភាព​នេះ​ដែល​ថត​ដោយ​ភ្នាក់ងារ Reuters កាលពី​ថ្ងៃ​ទី​២៤​មករា​ឆ្នាំ​២០១៨​ REUTERS/ReutersTV

នៅ​ប្រទេស​អាហ្វហ្កានីស្ថាន ការវាយប្រហារ​ភេរវកម្ម​មួយ​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​សំដៅ​ប្រឆាំង​ទៅ​លើ​ទីស្នាក់ការ​របស់​អង្គការ​មនុស្សធម៌​អង់គ្លេស​ឈ្មោះ​ Save the Children ​នៅ​​ក្រុង​ Jalalabad ​ភាគ​ខាង​កើត​​ប្រទេស ​បាន​​បិទបញ្ចប់​អស់ហើយ​​ ក្រោយពី​​ ​រយៈពេល​៣​ម៉ោង​​រួច​មក​​។ អំពើភេរវកម្មនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់យ៉ាងតិច​ចំនួន​២ នាក់ ក្នុង​នោះមាន​ទាហាន​​ម្នាក់​ដែរ។

ផ្សាយពាណិជ្ជកម្ម

ជន​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ បាន​បើក​ការ​វាយប្រហារ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រឆាំង​ទៅ​លើ​ទីស្នាក់ការ​របស់​អង្គការ​មនុស្សធម៌​អង់គ្លេស​ឈ្មោះ​ Save the Children ​នៅ​​ Jalalabad​ក្នុង​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្កានីស្ថាន និង​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​កង​កម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ដែល​ធ្វើការ​ឡោមព័ទ្ធ​ទីអគារ​អស់​រយៈ​ពេល​យ៉ាង​តិច​ចំនួន ៣​ម៉ោង។

នៅ​ក្នុង​ការ​វាយប្រហារ​នេះ បានបណ្តាល​ឲ្យ​មាន​​អ្នក​រង​របួស​ចំនួន​១៤​នាក់​ផ្សេង​ទៀត​ដែរ នេះ​បើយោងតាម​អ្នកនាំពាក្យ​របស់​អភិបាល​ខេត្ត Jalalabad ដែល​អះអាង​ទៀត​ថា ជា​តួលេខ​បណ្តោះ​អាសន្ន​ដោយ​ប្រតិបត្តិការ​បោស​សំអាត​នៅ​ធ្វើ​តែ​បន្ត​ទៀត។ ក្រៅពីនេះ យាន្តជំនះ​របស់អង្គការមួយគ្រឿង​ត្រូវ ​ឆាប​ឆេះភ្លើង​ហុយ​ផ្សែង​យ៉ាង​ទ្រលោម​ពាសពេញ​សង្កាត់​។ ការវាយ​ប្រហារ​នៅ​ព្រឹកមិញ​នេះ នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយទេ​ ក៏ប៉ុន្តែ​ពួក​អ៊ីស្លាម​ជ្រុលនិយម​តាលីបង់​ បាន​បដិសេធ រួចស្រេច​ទៅ​ហើយ ថាពួកគេ ពុំមានជាប់​ទាក់ទ​ងនៅ​​ក្នុង​អំពើ​ភេរវកម្ម​នេះទេ។

គួរបញ្ជាក់ថា Jalalabad ដែល​ជា​ធានី​នៃ​​ខេត្ត Nangahar ​ភាគ​ខាង​កើត​​អាហ្វហ្កានីស្ថាន​និង​ជាប់​ព្រំដែន​ជាមួយ​នឹង​ប៉ាគីស្ថាន ក៏​ជា​ជម្រុក​ដ៏​សំខាន់​មួយ​​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាប់​តាំង​​ពី​ឆ្នាំ ២០១៥​មក​ ហើយ​​នៅ​ទី​នោះ​ ក៏​​មាន​ទីតាំង​របស់​​អង្គការ​មនុស្សធម៌​នានា​រួម​ទាំង​អគារ​​រដ្ឋ​ផង។ អ្នក​នាំពាក្យ​ម្នាក់​របស់​អង្គការ Save the Children បាន​សម្តែង​សេចក្តី​ទុក្ខព្រួយរបស់ខ្លួន​​ចំពោះ​ការវាយប្រហារ​ខាង​លើ​នៅ​ព្រឹកមិញ ជាពិសេស​បញ្ហា​សន្តិសុខ​របស់​បុគ្គលិក​ខ្លួន។​​

គួររំលឹកថា អំពើភេរវកម្មនាព្រឹកមិញេះ បាន​កើត​ឡើង​៤​ថ្ងៃ បន្ទាប់ពីការវាយប្រហារនៅ​សណ្ឋាគារដ៏ធំមួយ​នៅទីក្រុងកាប៊ូលដែលពួកតាលីបង់​ប្រកាសទទួល​ស្គាល់​ថាជាសា្នដៃ​របស់​ពួកគេ។ ជា​អំពើ​ភេរវកម្មមួយដែលបានសម្លាប់ជីវិតមនុស្ស​ជាង​២០​នាក់​ក្នុង​នោះ​ជនបរទេស​​មាន​១៤​នាក់។ គួរបញ្ជាក់ថា Jalalabad ដែលជាធានី​របស់​Nangarhar ជាប់​ព្រំដែន​ប៉ាគីស្ថាន ជា​ជម្រក​ការពារ​ដ៏​សំខាន់​របស់​ពួក​តាលីបង់​និង​សមាជិក​នៃ​ក្រុម​​រដ្ឋអ៊ីស្លាម​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI