អានតួអត្ថបទ
ស៊ីរី​

ប្រជាជនស៊ីវីលជាង​២​ម៉ឺន​នាក់​ជំលៀសចេញពីហ្គូតា​ខាងកើត​​

ប្រជាជនស៊ីរីដែលមានអីវ៉ាន់បន្តិចបន្តួចជាប់ខ្លួននៅពេលដែលពួកគេរត់ចេញពីក្រុង Hammouriyehដែលកាន់កាប់ដោយឧទ្ទាម នៅភូមិ Beit Sawa ភាគខាងកើតហ្គូតានៅថ្ងៃទី១៥មីនាឆ្នាំ ២០១៨
ប្រជាជនស៊ីរីដែលមានអីវ៉ាន់បន្តិចបន្តួចជាប់ខ្លួននៅពេលដែលពួកគេរត់ចេញពីក្រុង Hammouriyehដែលកាន់កាប់ដោយឧទ្ទាម នៅភូមិ Beit Sawa ភាគខាងកើតហ្គូតានៅថ្ងៃទី១៥មីនាឆ្នាំ ២០១៨ REUTERS/Omar Sanadiki
ដោយ៖ នុយ ប៊ែរណាដែត
1 នាទី

នៅ​ស៊ីរី​ប្រជាជន​ស៊ីវីល​ ជាង​២​ម៉ឺន​នាក់ បាន​ជម្លៀស​​ចេញ​ពី​តំបន់​​ហ្គូតា​ខាង​កើត​នៃ​ទីក្រុង​ដាម៉ាស​ នៅ​ថ្ងៃ​ព្រហ្បតិ៍​ម្សិលមិញ​។ តំបន់​ហ្គូតា​ ដែល​កងទ័ព​រដ្ឋាភិបាល ​បាន​គ្រប់គ្រង​ជាង​៧០%​ ​ កំពុង​រង​ការ​វាយប្រហារ​ទាំង​ខាង​ជើង​គោគ​ ជើង​អាកាស​និង​កង​កាំភ្លើង​ធំ​របស់​កងទ័ព ​​​ចាប់តាំង​ពី​ថ្ងៃ​ទី​១៨​កុម្ភៈមក​។

ផ្សាយពាណិជ្ជកម្ម

យោងតាម​អង្គការសិទ្ធិមនុស្ស​ OSDH ប្រជាជន​ស៊ីរី​ជាង​២​ម៉ឺន​នាក់ បាន​ជំលៀស​ចេញ​ពី​​ទី​ប្រជុំជន Hamouriyeh​ខាង​កើត​តំបន់​ហ្គូតា​នៅ​មុន​ពេល​​កងទ័ព​ស៊ីរី​វាយ​យក​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ប្រជាជន​ទាំង​គ្រួសារ​​ក្នុង​ចំនួន​រាប់​ពាន់​នាក់​ទោះបី​ជា​មាន​ការ​ហេវ​ហត់​​បាក់​កម្លាំង​យ៉ាងណា​ក្តី ក៏​ពួក​គេ​តស៊ូ​និង​​នាំគ្នា​ចាក​ចេញ​ពី​តំបន់​ឡោមព័ទ្ធ​នេះ​ដោយ​យកជាប់ជាមួយ​ខ្លួន​ ​តែ​ហិប​បន្តិចបន្តួច​ប៉ុណ្ណោះ។​

នៅ​ក្នុង​ចំណោម​ប្រជាជន​ស៊ីវីល​ទាំង​នោះ គេ​ឃើញ​ភាគ​ច្រើន​ ជា​ស្ត្រី កុមារ​និង​ជនចាស់​ជរា ក៏ប៉ុន្តែ​ពួក​យុវវ័យ​វិញ មាន​ចំនួន​តិចតួច។ ប្រជាជន​ស៊ីរី​ទាំង​នេះ បាន​នាំ​គ្នា​ចេញ​តាម​ច្រក​សន្តិសុខ​មួយ​ដែល​កងទ័ព​ស៊ីរី​បាន​បើក​អោយ​ នៅ​មុន​ពេល​​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មកទទួល​​យក។ ប្រជាជន​ស៊ីវីល​ស៊ីរី​ទាំងនោះ ភាគ​ច្រើន​ត្រូវ​​គេ​ដឹក​ជញ្ជូន​ទៅ​កាន់ទី​ជំរំ​នានា​ដែល​​ទុក​សម្រាប់​​ទទួល​ពួកគេ​នៅ​តំបន់ ​Adra ជាយ​ក្រុង​ខាង​ជើង​នៃ​​រដ្ឋធានី​ដាម៉ាស។​​​

គួរបញ្ជាក់ថា ការ​ជំលៀស​ប្រជាជន​ស៊ីវីលស៊ីរី ​ចេញ​ពី​តំបន់​​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចរចា ​របស់​អ្នក​មាន​មុខ​មាត់​នានា​ នៅ​ក្នុង​តំបន់ ​និង ​​អាច​ចាប់​ផ្តើម​ធ្វើ​បាន បន្ទាប់ពី​ក្រុម​​បះបោរ​​ស៊ីរី​​មួយ ឈ្មោះ Faylaq al-Rahman ​ត្រូវ​​ដូលរំលំ ហើយ​មេ​ធំៗ​របស់ក្រុមនេះ​​ ក៏​​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​មួយ​របស់​ទ័ព​ស៊ីរី​កាលពី​ថ្ងៃ​អង្គារ​មុន​នេះដែរ។​

ទន្ទឹមនេះដែរ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ ​និង ​តួកគី បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Astana ​ក្នុង​ប្រទេស kazakhztan នា​​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នៅ​​ស៊ីរី។ ​បើយោងតាម​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស Kazakhstan ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី អ៊ីរ៉ង់​និង​តួកគី ចាប់​ផ្តើម​ការ​ពិភាក្សាគ្នា​ នៅ​បញ្ហា​ស៊ីរី ​ចាប់ពី​​ម៉ោង​៥ ​ម៉ោង​សាកល៕​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ