អានតួអត្ថបទ
អ៊ីស្រាអែល-ហ្សកដានី

ព្រះចៅ ហ្សកដានី​ប្រកាស​ឈប់ជួល​ដី​ឲ្យ​អ៊ីស្រាអែល​តទៅទៀត

ព្រះចៅអាប់ដាឡា Abdullahយាង​ធ្វើ​ជាអធិបតីភាពបើកអង្គប្រជុំ​សភាទី១៨នៅ​ទីក្រុង​អាម៉ង់ ថ្ងៃទី ១៤តុលា ២០១៨ctober 14, 2018.
ព្រះចៅអាប់ដាឡា Abdullahយាង​ធ្វើ​ជាអធិបតីភាពបើកអង្គប្រជុំ​សភាទី១៨នៅ​ទីក្រុង​អាម៉ង់ ថ្ងៃទី ១៤តុលា ២០១៨ctober 14, 2018. ©REUTERS/Muhammad Hamed
ដោយ៖ ឈាង បុប្ផា
1 នាទី

ព្រះចៅ​អាប់ដាឡា​ទី ២ នៃ​ប្រទេស​ហ្សកដានី បាន​សម្រេច​បិទបញ្ចប់ កិច្ចសន្យា​ជួល​ដី តទៅទៀត ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល។ ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព អ៊ីស្រាអែល និង​ហ្សកដានី នៅ​ឆ្នាំ ១៩៩៤ ហ្សកដានី​យល់ព្រម​ជួល​ដី​២​កន្លែង ទៅ​ឲ្យ​អ៊ីស្រាអែល សម្រាប់​រយៈពេល ២៥ឆ្នាំ។ តាម​សេចក្តីថ្លែងការណ៍​របស់​ព្រះរាជវាំង ហ្សកដានី​បាន​ជូនដំណឹង​រួចហើយ ទៅ​ភាគី​អ៊ីស្រាអែល ពីការសម្រេច​របស់​ព្រះចៅ​អាប់ដាឡា ទី ២។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តីរាជវាំង ក្នុងរាជធានី អាម៉ង់ ព្រះចៅ​អាប់ដាឡា​ទី​២ របស់​​ហ្សកដានី បាន​មាន​ព្រះរាជឱង្ការ​ថា ព្រះអង្គ​បាន​ជូនដំណឹង ទៅ​អ៊ីស្រាអែល​រួចហើយ ពី​បំណង​របស់​ព្រះអង្គ​ដែល​ចង់​បាន​មកវិញ ទឹកដី​ពីរ​កន្លែង ដែល​ហ្សកដានី បាន​ជួល​ទៅ ឲ្យ​អ៊ីស្រាអែល ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព កាលពី​២៥​ឆ្នាំមុន។

បន្ទាប់ពី​អេហ្ស៊ីប ហ្សកដានី ជាប្រទេស​ទី​២​របស់​អារ៉ាប់ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព ចុះហត្ថលេខា នៅ​ឆ្នាំ ១៩៩៤ ហ្សកដានី បាន​យល់ព្រម​ប្រគល់​សិទ្ធិ​ជួល ឲ្យ​អ៊ីស្រាអែល នូវ​ទឹកដី​ពីរកន្លែង របស់​ហ្សកដានី ដែលនៅ​ជាប់​ព្រំដែន​ជាមួយ​អ៊ីស្រាអែល និង​ដែល​មាន​ទំហំ ៦គីឡូម៉ែត្រ​ការ៉េ និង​៤​គីឡូម៉ែត្រ​ការ៉េ។ នៅក្នុង​កិច្ចព្រមព្រៀង កិច្ចសន្យា​ជួល ខ្ចីដី ហ្សកដានី មានរយៈពេល​២៥ ឆ្នាំ និង​អាច​ពន្យារ​តទៅទៀត ដោយ​ស្វ័យប្រវត្តិ បើសិន​គ្មាន​ការជំទាស់​របស់​ភាគី អ៊ីស្រាអែល ឬ​ហ្សកដានី។

នៅ​ថ្ងៃ​អាទិត្យ គឺ​នៅ​៥​ថ្ងៃ​មុន កាលកំណត់​ដែល​ភាគី​ត្រូវ​ជូន​ដំណឹង​ពី​ការពន្យារ​កិច្ចសន្យា​ជួលដី ព្រះចៅ​ហ្សកដានី បាន​សម្រេច​ថា ហ្សកដានី បិទបញ្ចប់​កិច្ចសន្យា មិន​ពន្យារ​ពេល​ជួល​ដី ទៅ​ឲ្យ​អ៊ីស្រាអែល ទៀតទេ។ ព្រះចៅ​អាប់ដាឡា ទី​២ នៅ​បាន​មានព្រះឱង្ការថា ទឹកដី​ពីរកន្លែង របស់​ហ្សកដានី Baqoura និង​Ghoumar គឺ​ជា​ទឹកដី​ របស់​ហ្សកដានី នាពេលបច្ចុប្បន្ន និង​ពេលអនាគត។ សម្រាប់​ព្រះចៅហ្សកដានី ការសម្រេច​យ៉ាងដូច្នេះ​របស់​ព្រះអង្គ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​ប្រជាជន​ហ្សកដានី នាពេល​សព្វថ្ងៃនេះ។

នៅប៉ុន្មាន​ថ្ងៃ​មកហើយ សន្ធិសញ្ញា​សន្តិភាព ដែល​មាន​ភ្ជាប់​ដោយ​កិច្ចសន្យា​ជួល​ដី ពីរ​កន្លែង ទៅ​ឲ្យ​អ៊ីស្រាអែល បាន​បង្ក​ឲ្យ​ការជជែក​ពិភាក្សា នៅ​ហ្សកដានី ជាទី ដែល​សកម្មជន រួមទាំង​សមាជិក​សភា​ហ្សកដានី​បាន​តវ៉ា ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​លែង​ជួល​ដី​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​អ៊ីស្រាអែល។ នៅ​ថ្ងៃ​អាទិត្យ សមាជិក​សភា​ហ្សកដានី​បាន​ថ្លែងស្វាគម​អបអរ​ការសម្រេចចិត្ត​របស់​ព្រះចៅ​អាប់ដាឡា ដែល​បាន​ផ្តល់​កិត្តិយស ភាពថ្នៃថ្នូរ ដល់​ប្រជាជន​ហ្សកដានី ហើយ​និង​ទាមទារ​មកវិញ នូវ​អធិបតេយ្យភាព ឲ្យ​ប្រទេស​ហ្សកដានី។

នៅខាង​ភាគី​អ៊ីស្រាអែល គេ​នៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​ជា​ផ្លូវការ​យ៉ាងណា​នៅឡើយទេ។ ប៉ុន្តែ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតាយ៉ាហ៊ូ ធ្លាប់បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​អ៊ីស្រាអែល​ថា លោក​នឹង​ចរចា​ជាមួយ ហ្សកដានី ដើម្បី​ពន្យារ​កិច្ចសន្យា​ជួល​ដី ហ្សកដានី តទៅមុខទៀត គឺ​នៅមុន​ពេល​កិច្ចសន្យា​ចាស់​ត្រូវ​ចប់ នៅ​ឆ្នាំក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ