អេមីរ៉ា អារ៉ាប់រួម ត្រលប់ទៅចូលសមរភូមិ ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត ឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសេចក្តីថ្លែងការណ៍ ចុះផ្សាយ នៅថ្ងៃអង្គារ ទី១០កុម្ភៈ ប្រទេសអេមីរ៉ា អារ៉ាប់រួម បានប្រកាសថា ខ្លួនបានចាប់ផ្តើមឡើងវិញ ប្រតិបត្តិការជើងអាកាស វាយប្រហារទៅលើក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។ ទីក្រុងអាប៊ូដាប៊ីបានផ្អាកសកម្មភាព នៅក្នុងប្រតិបត្តិការសម្ព័ន្ធអន្តរជាតិ បន្ទាប់ពីអ្នកបើកយន្តហោះ ជាតិហ្សកដានី ត្រូវបានក្រុមជីហាត ចាប់ខ្លួន និងក្រោយមកត្រូវដុតសម្លាប់ទាំងរស់។
បញ្ជាការដ្ឋានទ័ពរបស់អេមីរ៉ា អារ៉ាប់រួមបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ថា យន្តហោះចម្បាំង របស់អេមីរ៉ា អារ៉ាប់រួម ដែលប្រចាំការនៅក្នុងប្រទេសហ្សកដានី បានចេញទៅវាយប្រហារលើទីតាំងរបស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីស៊ីរី កាលពីព្រឹកថ្ងៃអង្គារ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏ខ្លីអេមីរ៉ា អារ៉ាប់រួមមិនបានបញ្ជាក់ច្បាស់ ពីចំនួនយន្តហោះចម្បាំងដែលធ្វើប្រតិបត្តិការ និងឈ្មោះទីកន្លែង របស់ក្រុមជីហាត ដែលជាផ្ទាំងស៊ីបនៅក្នុងការវាយប្រហារ កាលពីថ្ងៃអង្គារទេ។
កាលពីថ្ងៃសៅរ៍ អេមីរ៉ា អារ៉ាប់រួមបានប្រកាសបញ្ជូនយន្តហោះចម្បាំង មួយគ្រឿងរបស់ខ្លួនទៅក្នុងទឹកដីហ្សកដានី ក្នុងហេតុផលចូលរួមជួយហ្សកដានី ដែលកំពុងសម្រុកវាយប្រហារទៅលើពួកជីហាត ក្នុងទឹកដីស៊ីរី ក្រោយពេលដែលពួកនេះបានបង្ហាញ រូបភាព ដុតសម្លាប់ទាំងរស់ អ្នកបើកយន្តហោះ ហ្សកដានី។ តាមទីភ្នាក់ងារផ្លូវការរបស់អេមីរ៉ា អារ៉ាប់រួមបានបញ្ជាក់ដែរថា ការដែលអេមីរ៉ា អារ៉ាប់រួម ត្រលប់ទៅវាយប្រហារលើពួកជីហាត ក៏ព្រោះតែចង់ចូលរួមចំណែកធ្វើឲ្យសម្ព័ន្ធអន្តរជាតិធ្វើប្រតិបត្តិការយ៉ាងប្រសិទ្ធិភាព ប្រឆាំងនឹងពួកជីហាត នៅស៊ីរី និងនៅអ៊ីរ៉ាក់។
អេមីរ៉ា អារ៉ាប់រួមត្រលប់ទៅចូលរួមនៅក្នុងប្រតិបត្តិការទ័ពអាកាសរបស់សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក នៅ មួយខែក្រោយ ប្រទេសអារ៉ាប់មួយនេះ បានផ្អាកសកម្មភាពរបស់ខ្លួន ក្រោយការចាប់ខ្លួនរបស់អ្នកបើកយន្តហោះ ហ្សកដានី។ អេមីរ៉ា អារ៉ាប់រួមធ្លាប់បានទាមទារអាមេរិកឲ្យបញ្ជូន ក្រុមអន្តរាគមន៍ ជួយសង្រ្គោះ ពិសេស ទៅប្រចាំការនៅភាគខាងជើងអ៊ីរ៉ាក់ នៅក្បែរកន្លែងដែលយន្តហោះសម្ព័ន្ធអន្តរជាតិឧស្សាហ៍បញ្ជូនយន្តហោះចម្បាំងទៅ វាយប្រហារលើទីតាំងរបស់ពួកជីហាត។ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន អាមេរិកបានធ្វើតាមការទាមទារមួយផ្នែករបស់អេមីរ៉ា អារ៉ាប់រួម ដោយយល់ព្រម បញ្ជូនក្រុមជួយសង្រ្គោះ ពីកូវ៉ែត ឲ្យទៅប្រចាំការនៅភាគខាងជើងអ៊ីរ៉ាក់។ ប៉ុន្តែ អាមេរិកមិនបានបញ្ជូនយន្តហោះឧទ្ធម្ភាគចក្រកូនកាត់ Osprey ទៅតាមការចង់បានរបស់ទីក្រុងអាប៊ូដាប៊ីទេ។ ការវិលត្រលប់របស់ទីក្រុងអាប៊ូដាប៊ី ទៅចូលរួម នៅក្នុងប្រតិបត្តិការទ័ពអាកាសនៃសម្ព័ន្ធអន្តរជាតិធ្វើឡើង នៅតែបីថ្ងៃក្រោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកចន ឃេរី បានជួបអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ក្រុមប្រឹក្សាដើម្បីសហប្រតិបត្តិការនៅក្នុងតំបន់សមុទ្រពែរ្ស នៅក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ នៅក្នុងជំនួប គ្រប់ភាគីសុទ្ធតែបានថ្កោលទោស សកម្មភាពសម្លាប់ដ៏ឃោឃៅដែលពួកជីហាតបានធ្វើទៅលើអ្នកបើកយន្តហោះហ្សកដានី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ