អានតួអត្ថបទ
ស្វ៊ីស-អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរអ៊ីរ៉ង់៖កិច្ចព្រមព្រៀងគោល​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស

នុយក្លេអ៊ែរអ៊ីរ៉ង់៖កិច្ចព្រមព្រៀងគោល​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស
នុយក្លេអ៊ែរអ៊ីរ៉ង់៖កិច្ចព្រមព្រៀងគោល​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស REUTERS
៤០ នាទី

នៅ​ទីបំផុត និង​បន្ទាប់​ពី​បាន​ជួប​ជជែក​គ្នា​យ៉ាង​ស្វិតស្វាញ​ទំាង​ថ្ងៃ ទំាង​យប់​ក្នុង​រយៈពេល ៨ថ្ងៃ​ជាប់ៗ​គ្នា​មក ក្រុម​អ្នកចរចា ៥ភាគីបូក១ ក្នុង​នោះ​មាន​ចិន បារំាង សហភាពអឺរ៉ុប អាមេរិក រុស្ស៊ី អ៊ីរ៉ង់ និង​អាល្លឺម៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងគោល​មួយ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ព្រលប់​ថ្ងៃទី២ មេសា​ក្នុង​ទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស​។ ភាគី​ពាក់ព័ន្ធ​ទំាង​អស់​បាន​សាទរ និង​ចាត់​ទុក​កិច្ចព្រមព្រៀងគោល​នេះ​ថា ជា​ជំហាន​ទី១ ដើម្បី​បន្ត​ស្វែង​រក​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​ឲ្យ​បាន​មុន​ថ្ងៃទី៣០ មិថុនា​ខាង​មុខ។ នៅ​អាមេរិក លោក​ប្រធនាធិបតី​អូបាម៉ា​ថែម​ទំាង​បាន​ចាត់​ទុក​កិច្ចព្រមព្រៀងគោល​ពេល​នេះ​ថា ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត តែ​នៅ​អ៊ីស្រាអែល​វិញ លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​បាន​ចាត់​ទុក​ថា ជា​កំហុស​ប្រវត្តិសាស្រ្ត។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងគោល​មាន​កម្រាស់ ៥ទំព័រ និង​ដែល​ភាគី​ចរចា​ម្នាក់ៗ​បាន​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​យ៉ាង​ច្រើន។ កិច្ចព្រមព្រៀងគោល​បាន​ចែង​ថា៖

ទី១ អ៊ីរ៉ង់​បាន​យល់ព្រម​កាត់បន្ថយ ២ភាគ៣ នៃ​ចំនួន​ម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ាញ៉ូម​របស់​ខ្លួន ពោល​កាត់​បន្ថយ​ពី​ចំនួន ១៩ ០០០គ្រឿង​ដែល​អ៊ីរ៉ង់​មាន​បច្ចុប្បន្ន​មក​នៅ​ត្រឹម​តែ ៦ ១០៤គ្រឿង ហើយ​ក្នុង​ចំណោម​ម៉ាស៊ីន​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម​ទំាង ៦ ១០៤គ្រឿង​នោះ គឺ​មាន​តែ ៥ ០៦០គ្រឿង​គត់​ដែល​នឹង​អាច​ធ្វើ​ការ​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម​រយៈពេល ១០ឆ្នំា។

ទី២ អ៊ីរ៉ង់​នឹង​កាត់បន្ថយ​ការ​ស្តុកទុក​លោហធាតុ​អ៊ុយរ៉ានីញ៉ូម​ពី ១០ ០០០គីឡូក្រាម​មក​នៅ​ត្រឹម ៣០០គីឡូក្រាម​ក្នុង​រយៈពេល ១៥ឆ្នំា និង​យល់ព្រម​មិន​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ឲ្យ​លើស​ពី​កម្រិត ៣,៦៧%។

ទី៣. ក្នុង​រយៈពេល ១៥ឆ្នំា អ៊ីរ៉ង់​បាន​សុខចិត្ត​មិន​សាងសង់​បន្ថែម​នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​សម្រាប់​ចម្រើន​អ៊ុយរ៉ានីញ៉ូម ហើយ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់ ដូច​យ៉ាង​មជ្ឈមណ្ឌល Fordo នឹង​ត្រូវ​ប្រែក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​វិញ។ រីឯ​ម៉ាស៊ីនប្រតិកម្ម​ដើរ​ដោយ​ទឹកធ្ងន់​នៅ​មជ្ឈមណ្ឌល​អារ៉ាក់​ដែល​អ៊ីរ៉ង់​ប្រើ​ដើម្បី​ផលិត​ភ្លុយតូនីញ៉ូម​នឹង​ត្រូវ​កម្ទេចចោល ឬ​មួយ​ក៏​រើ​ពី​អ៊ីរ៉ង់​ទៅ​ដាក់​នៅ​បរទេស និង​ទី៤ អ៊ីរ៉ង់​បាន​យល់ព្រម​ឲ្យ​ក្រុមអធិការ​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ចូល​ទៅ​ត្រួតពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទំាង​អស់​របស់​ខ្លួន​ជា​អចិន្ត្រៃយ៍ និង​រ៉ែ​អ៊ុយរ៉ានីញ៉ូម ព្រម​ទំាង​ទី​កន្លែង​ដែល​អ៊ីរ៉ង់​ផលិត​កំហាប់​អ៊ុយរ៉ានីញ៉ូម។

សម្បទាន​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​សម្បទាន​របស់​អ៊ីរ៉ង់

អ៊ីរ៉ង់​ចង់​ឲ្យ​សហគមន៍អន្តរជាតិ​លើក​ទ័ណ្ឌកម្ម​ចេញ​ពី​ខ្លួន គឺ​ទ័ណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ទ័ណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​ទ័ណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។ រឿង​ការ​លើក​ទ័ណ្ឌកម្ម​នេះ ជា​បញ្ហា​ដ៏​រសើប​បំផុត តែ​កិច្ចព្រមព្រៀងគោល​បាន​ចែង​យ៉ាង​ច្បាស់​ថា វិធានការ​លើក​ទ័ណ្ឌកម្ម​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់ៗ​ដោយ​ផ្អែក​លើ​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​ភាគី​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀងគោល​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា។ បើ​ភាគី​អ៊ីរ៉ង់​មិន​បាន​បំពេញ​កតាព្វកិច្ច​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ទេ នោះ​ទ័ណ្ឌកម្ម​នឹង​ត្រូវ​ដាក់​ជា​ថ្មី​ឡើង​វិញ។

យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀងគោល​​ដែល​កិច្ចចរចា ៥ភាគីបូក​១​ទើប​បាន​សម្រេច​ពេល​នេះ គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃទី៣០ មិថុនា​ខាង​មុខ ភាគី​ទំាង​អស់​នឹង​បន្ត​ជជែក​គ្នា​ពី​ខ្លឹមសារ​លំអិត​ផ្នែក​បច្ចេកទេស និង​ច្បាប់​ដើម្បី​អនុម័ត​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ដូច្នេះ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ និង​លំបាក។

សហគមន៍អន្តរជាតិ និង​អ៊ីរ៉ង់​ទទួល​បាន​ជោគជ័យ​ទំាង​អស់​គ្នា

កិច្ចព្រមព្រៀងគោល​ដែល​សម្រេច​បាន​ពេល​នេះ ជា​ជោគជ័យ​របស់​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់ ព្រោះ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​បាន​ចូល​បំពុល​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​តំាង​ពី​ជាង ១០ឆ្នំា​មក​ហើយ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​មាន​មន្ទិលសង្ស័យ​ចំពោះ​អ៊ីរ៉ង់​កន្លង​មក គឺ​ការ​ដែល​អ៊ីរ៉ង់​កំពុង​សម្ងំ​ផលិត​គ្រាប់បែប​បរិមាណូ។ តែ​អ៊ីរ៉ង់​តែងតែ​បដិសេធ និង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលដៅ​ស៊ីវិល​សុទ្ធសាធ។ ត្រង់​ចំណុច​នេះ​នំា​ឲ្យ​គេ​មើល​ឃើញ​ថា ប្រភព​ដើម​នៃ​ការ​ខ្វែង​គំនិត​គ្នា គឺ​កើត​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា។

កន្លង​មក កិច្ចចរចា ៥ភាគីបូក១​បាន​រៀបចំ​ជា​ហូហែ តែ​បន្ត​ជាប់​គំាង​ជា​ហូរហែ។ គឺ​ទើប​តែ​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់​រ៉ូហានី​ទេ​ដែល​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​បាន​ធូរស្បើយ​ច្រើន ពិសេស​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ទី១ គឺ​ផ្តើម​ចេញ​ពី​ទំនាក់ទំនង​ធូរស្បើយ​នេះ​ហើយ​ដែល​នំា​កិច្ចចរចា​ចេះ​តែ​បន្ត​ទៅ​មុខ​រហូត​សម្រេច​បាន​កិច្ចព្រមព្រៀងគោល​មួយ​ពេល​នេះ និង​ទី២ អាច​ថា​មក​ពី​អ៊ីរ៉ង់​ចង់​វិល​ត្រឡប់​មក​រួមរស់​ក្នុង​សង្គមពិភពលោក​ដែល​ខ្លួន​បាន​ស្ថិត​ឯកោ​អស់​ជាង ១០ឆ្នំា​ដោយសារ​តែ​រឿង​នុយក្លេអ៊ែរ។

សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​បាន​យល់​ស្រប​គ្នា​ថា គេ​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​វិញ​មក​មិន​អាច​ខ្វះ​បាន ពិសេស​សហគមន៍​អន្តរជាតិ​ត្រូវ​ការ​អ៊ីរ៉ង់​ដើម្បី​ប្រឈម​ទប់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​តំបន់។ សហគមន៍​អន្តរជាតិ​ក៏​បាន​ដឹង​ថា គេ​ពិត​ជា​មិន​អាច​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ទំាង​ស្រុង​បាន​ទេ។ ចំណែក​អ៊ីរ៉ង់​ក៏​យល់​ច្បាស់​ថា គេ​ក៏​មិន​អាច​គ្រវែងចោល​ទំាង​ស្រុង​បាន​ដែរ ព្រោះ​នុយក្លេអ៊ែរ​ជា​ប្រភពដង្ហើម​ជីវិត​របស់​របប​សាធារណរដ្ឋ​អ៊ីស្លាម។

អាមេរិក​ចាត់​ទុក​ជា​ជោគជ័យ​ប្រវត្តិសាស្រ្ត តែ​អ៊ីស្រាអែល​ចាត់​ទុក​ជា​កំហុស​ប្រវត្តិសាស្រ្ត

អ្នក​ដែល​បាន​សម្តែង​ក្តី​ត្រេកត្រអាល​ជាង​គេ គឺ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា។ លោក​អូបាម៉ា​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត និង​ថា បើ​គ្រប់​ភាគី​បាន​អនុវត្តន៍​ត្រឹមត្រូវ​មែន នោះ​គេ​នឹង​អាច​រារំាង​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​គ្រាប់បែក​បរិមាណូ។ លោក​អូបាម៉ា​បាន​ពន្យល់​បក​ស្រាយ​ថា ប្រសិន​បើ​អ៊ីរ៉ង់​បំពេញ​បាន​ត្រឹមត្រូវ​តាម​ពាក្យ​សន្យា​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា នោះ​ពិត​ជា​ជោគជ័យ​មួយ​ធំធេង​ណាស់។ ទន្ទឹម​នឹង​ការ​សាទរ និង​អំពាវនាវ​ឲ្យ​ភាគី​ទំាង​អស់​បន្ត​ធ្វើ​ការ​ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ឲ្យ​បាន​មុន​ថ្ងៃទី៣០ មិថុនា លោក​អូបាម៉ា​ក៏​បាន​ចេញ​មុខ​ធានា​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់ គឺ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ព្រួយ​បារម្ភ​ខ្លំាង​ចំពោះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់។

ប្រតិកម្ម​របស់​ប្រទេស​បារំាង​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​គេ ដោយ​ទីក្រុង​ប៉ារីស​បាន​បញ្ជាក់​ថា បើ​ភាគី​អ៊ីរ៉ង់​មិន​គោរព​តាម​ពាក្យ​សន្យា​ទេ ទ័ណ្ឌកម្ម​ទំាង​អស់​នឹង​ដាក់​ជា​ថ្មី​ឡើង​វិញ។ ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​មិត្តស្និទ្ធ​នឹង​អ៊ីរ៉ង់ ម៉ូស្គូ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀងគោល​នោះ​ថា ជា​ការ​ទទួល​ស្គាល់​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​បំពាក់​នុយក្លេអ៊ែរ​ស៊ីវិល។ សម្រាប់​ប្រទេស​អាល្លឺម៉ង់ ប៊ែរឡំាង​បាន​ចាត់​ទុក​ជា​ការ​បោះជំហាន​ទៅ​រក​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ចំណែក​អ្នក​ដែល​ខឹងសម្បារ​ក្តៅក្រហាយ​ជាង​គេ គឺ​ប្រទេស​អ៊ីស្រាអែល​ដែល​បាន​ចាត់​ទុក​កិច្ចព្រមព្រៀងគោល​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ថា ជា​កំហុសប្រវត្តិសាស្រ្ត​ដែល​នឹង​ផ្តល់​គ្រោះថ្នាក់​ខ្លំាង​ចំពោះ​ពិភពលោក។ នេះ​ជា​ប្រតិកម្ម​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ព្រោះ​អ៊ីស្រាអែល​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ