អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ចុះ​ខ្សោយ​ឥទ្ធិពល និង​បាត់បង់​ដែនដី​ដែល​ខ្លួន​កាន់​កាប់ !

សំឡេង ០៥:០៤
មេ​អង្គការ​រដ្ឋអ៊ីស្លាម Abou Bakr Al-Baghdadi
មេ​អង្គការ​រដ្ឋអ៊ីស្លាម Abou Bakr Al-Baghdadi REUTERS/Social Media Website via Reuters TV
៣១ នាទី

កាល​ពី​ថ្ងៃ​សៅរ៍ ទី២៦ ធ្នូ​កន្លង​ទៅ មេ​អង្គការ​រដ្ឋអ៊ីស្លាម Abou Bakr Al-Baghdadi បាន​លេច​មុខ​ជា​ថ្មី​តាម​រយៈ​សារ​សម្លេង​រយៈពេល ២៤នាទី​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​របស់​អង្គការ​ភេរវនិយម​អន្តរជាតិ​មួយ​នេះ។ នៅ​ក្នុង​សារ​សម្លេង​នោះ Abou Bakr Al-Baghdadi បាន​ធ្វើ​ការ​រិះគន់​ទិតៀន​យ៉ាង​ចាស់​ដៃ​លើ​កម្លាំង​សម្ព័ន្ធមិត្ត​ដែល​រួម​បញ្ចូល​ដោយ ៣៤ប្រទេស​អ៊ីស្លាម​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ទន្ទឹម​គ្នា​នោះ Abou Bakr Al-Baghdadi ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​នៅ​អារ៉ាប៊ីសាអូឌីត និង​គំរាម​ប្រទេស​អ៊ីស្រាអែល។ តើ​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​មាន​ឥទ្ធិពល​ខ្លាំង ឬ​ក៏​កាន់​តែ​ចុះ​ខ្សោយ​ទៅ?

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បាត់មុខ និង​លែង​ឮ​សម្លេង​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក មេ​អង្គការ​រដ្ឋអ៊ីស្លាម Abou Bakr Al-Baghdadi បាន​លេច​មុខ​ជា​ថ្មី​តាម​រយៈ​សារ​សម្លេង​មួយ​ដែល​មាន​រយៈពេល ២៤នាទី។ ២៤នាទី​ដែល Abou Bakr Al-Baghdadi បាន​និយាយ​រិះគន់​ទិតៀន​យ៉ាង​ច្រើន​លើ​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ គឺ​ជា​កម្លាំង​ពហុជាតិ​អ៊ីស្លាម​មួយ​ដែល​ប្រកាស​បង្កើត​ឡើង​ដោយ​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃទី១៥ ធ្នូ​ក្នុង​គោលដៅ​វាយប្រហារ​ភេរវនិយម ពិសេស​គឺ​អង្គការ​រដ្ឋអ៊ីស្លាម។ ក្រៅ​ពី​នោះ Abou Bakr Al-Baghdadi ក៏​បាន​គំរាម​វាយប្រហារ​អ៊ីស្រាអែល​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា អង្គការ​រដ្ឋអ៊ីស្លាម​មិន​បាន​បំភ្លេច​អ៊ីស្រាអែល​ចោល​ទេ។

ទាក់ទង​នឹង​អន្តរាគមន៍​យោធា​របស់​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក និង​អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី Abou Bakr Al-Baghdadi បាន​និយាយ​ធានា​ថា ការ​វាយប្រហារ​របស់​បរទេស​មិន​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ចុះ​ខ្សោយ​ឡើយ និង​ថា នៅ​ពេល​ដែល​កម្លាំង​បរទេស​ធ្វើ​សង្រ្គាម​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​កាន់​តែ​ខ្លាំង អង្គការ​រដ្ឋអ៊ីស្លាម​កាន់​តែ​រឹងមាំ ស្វិតស្វាញ និង​ប្តូរផ្តាច់។ ទន្ទឹម​គ្នា​នេះ មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បាន​និយាយ​ចំអក​ឡកឡាយ​ដាក់​អាមេរិក​ថា ខ្លាច​ខ្លួន​ដោយ​មិន​ហ៊ាន​ដាក់​ពង្រាយ​ទ័ព​ថ្មើរជើង​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ទេ។

គួរ​ជម្រាប​ជូន​ថា អង្គការ​រដ្ឋអ៊ីស្លាម ជា​អង្គការ​ភេរវនិយម​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លំាង​ជាង​អង្គការ​ភេរវនិយម​ដែល​ពិភពលោក​ធ្លាប់​បាន​ស្គាល់​នា​ពេល​កន្លង​មក ចុង​ក្រោយ​បំផុត​គឺ​អង្គការ​ភេរវនិយម​អាល់កៃដា។ ឥទ្ធិពល​ខ្លំាង​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​ដោយសារ​តែ​អង្គការ​មួយ​នេះ​មាន​ទីតំាង​មួយ​ច្បាស់លាស់ មាន​រចនាសម្ព័ន្ធ​មួយ​រឹងមំា មាន​មនោគមន៍វិជ្ជា​ដាច់ខាត និង​មាន​លុយកាក់​យ៉ាង​ច្រើន​សម្បើម។ បច្ចុប្បន្ន​នេះ ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​គ្រប់គ្រង​លើ​ដែនដី​មួយ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផ្ទៃក្រឡាដី​របស់​ប្រទេស​អង់គ្លេស ដោយ​លាត​សន្ធឹង​ពី​ទឹកដី​អ៊ីរ៉ាក់​ឆ្លង​ចូល​ទឹកដី​ស៊ីរី។

តាម​ពិត​ទៅ ការ​លេច​មុខ​ជា​ថ្មី​របស់​មេ​អង្គការ​រដ្ឋអ៊ីស្លាម Abou Bakr Al-Baghdadi ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ មិន​ចៃដន្យ​ព្រោះ​ទី១ Abou Bakr Al-Baghdadi ចង់​បញ្ជាក់​ប្រាប់​ពិភពលោក​ថា ខ្លួន​នៅ​រស់រាន​មាន​ជីវិត ពោល​មិន​មែន​ងាប់​ដូច​ដែល​ព័ត៌មាន​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ទេ និង​ទី២ Abou Bakr Al-Baghdadi ចង់​បញ្ជាក់​ប្រាប់​ពិភពលោក​ថា អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តែ​មាន​រចនាសម្ព័ន្ធ​រឹងមាំ និង​គ្មាន​ការ​បែកបាក់​ផ្ទៃក្នុង​អ្វី​ទេ។ ក៏​ប៉ុន្តែ និង​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជំរៅ​បន្តិច​ទៅ​ឃើញ​ថា វត្តមាន​ Abou Bakr Al-Baghdadi បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អង្គការ​ភេរវនិយម​អន្តរជាតិ​មួយ​នេះ​បាន និង​កំពុង​បាត់បង់​ទឹកដី​ដែល​ខ្លួន​កាន់កាប់​បន្តិច​ម្តងៗ​នៅ​ស៊ីរី ក៏​ដូច​ជា​នៅ​អ៊ីរ៉ាក់​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

នៅ​ស៊ីរី នៅ​អ៊ីរ៉ាក់ និង​នៅ​តាម​តំបន់​ជា​ច្រើន​ស្ថិត​ក្បែរ​ព្រំដែន​រវាង​តួកគី និង​ស៊ីរី អង្គការ​រដ្ឋអ៊ីស្លាម​បាន​បង្ខំ​ចិត្ត​បោះបង់​ចោល​សមរភូមិ​ប្រឈម​នឹង​ប្រតិបត្តិការ​សឹក​របស់​កម្លំាង​រដ្ឋាភិបាល​ដោយ​មាន​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធមិត្ត​តាម​ផ្លូវ​អាកាស។ ជាក់ស្តែង​នៅ​អ៊ីរ៉ាក់ និង​បន្ទាប់​ពី​វាយ​យក​បាន​ទីក្រុង​ទីគ្រីទ ទ័ព​រដ្ឋាភិបាល​ទើប​វាយ​ដណ្តើម​យក​បាន​ទីក្រុង​រ៉ាម៉ាឌី​ពី​អង្គការ​រដ្ឋអ៊ីស្លាម និង​កំពុង​ត្រៀម​ជើងព្រួល​វាយ​យក​ទីក្រុង​មូស៊ូល​មួយ​ទៀត។ កាល​ពី​ខែ​វិច្ឆិកា ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​រត់ចោល​ស្រុក​ស៊ីនយ៉ា​របស់​ប្រជាជន​គួដ​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។ នៅ​ស៊ីរី ពួក​ជីហាត​បាន​បង្ខំ​ចិត្ត​បោះបង់​ការ​ប្រយុទ្ធ​ដណ្តើម​យក​ទីក្រុង​កូបាណេ។ល។ និង។ល។

ផ្អែក​តាម​តួលេខ​ផ្តល់​ដោយ​មជ្ឈមណ្ឌល​វិភាគ​ផ្នែក​ការពារ​ក្នុង​ប្រទេស​អង់គ្លេស​ឈ្មោះ IHS ឲ្យ​ដឹង​ថា អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាត់បង់​ដែនដី​ដែល​ខ្លួន​កាន់កាប់​ប្រមាណ​ជា ១៤% ក្នុង​ឆ្នាំ ២០១៥ នេះ។ IHS បាន​ប៉ាន់​ប្រមាណ​ថា ចន្លោះ​ថ្ងៃទី១ មករា ដល់​ថ្ងៃទី១៤ ធ្នូ ឆ្នាំ ២០១៥ នេះ តំបន់​គ្រប់គ្រង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ថយ​ចុះ​ចំនួន ១២ ៨០០គីឡូម៉ែត្រក្រឡា ពោល​នៅ​សល់​ប្រមាណ​តែ ៧៨ ០០០គីឡូម៉ែត្រក្រឡា​ប៉ុណ្ណោះ​ក្នុង​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​ក៏​ដោយ IHS បាន​បញ្ជាក់​ថា តួលេខ​នេះ​គ្រាន់​តែ​ជា​តួលេខ​ប្រហាក់ប្រហែល និង​ថា មាន​តំបន់​ខ្លះ​បាន​គ្រប់គ្រង​ផ្ទាល់​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម និង​តំបន់​ខ្លះ​ទៀត​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ពិតមែន​តែ​ដែនដី​គ្រប់គ្រង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តំបន់​ដើមបូព៌ា​បាន​រួញ​កាន់តែ​តូច​ក៏​ដោយ ក៏​ឥទ្ធិពល និង​មនោគមន៍វិជ្ជា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន​និង​កំពុង​ឆ្លង​រីករាលដាល​នៅ​តាម​បណ្តាញ​ភេរវនិយម​ក្នុង​ទ្វីប​ផ្សេង​ទៀត។ មនោគមន៍វិជ្ជា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ជ្រៀត​ចូល​តាម​រយៈ​បណ្តាញ​ចលនា​ភេរវនិយម និង​ចលនា​ឧទ្ទាម​ក្នុង​ស្រុក​នៅ​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ឈាន​ដល់​ប្រទេស​បង់ក្លាដែស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ