អារ៉ាប៊ីសាអូឌីតបានរួចផុតពីគ្រាប់មីស៊ីលបាញ់ដោយពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍ ទី៦ មិថុនានេះថា ខ្លួនបានស្ទាក់បាញ់កម្ទេចទាន់ពេលនូវគ្រាប់មីស៊ីលស្គុដ (Scud) ដែលពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែនបានបាញ់ផ្លោងសំដៅទឹកដីអារ៉ាប៊ីសាអូឌីត។ ឧប្បត្តិហេតុនេះបានកើតមានឡើង ចំពេលដែលអារ៉ាប៊ីសាអូឌីតកំពុងដឹកនំាសម្ព័ន្ធមិត្តវាយប្រហារលើក្រុមឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែន និងចំពេលដែលក្រុមឧទ្ទាមមួយនេះបានយល់ព្រមចូលអង្គុយតុចរចាជាមួយរដ្ឋាភិបាលយេម៉ែននាពេលខាងមុខ។ កិច្ចចរចាស្វែងរកសន្តិភាពឲ្យយេម៉ែនដែលគ្រោងរៀបចំធ្វើនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ព័ត៌មាននេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារផ្លូវការរបស់អារ៉ាប៊ីសាអូឌីតឈ្មោះ SPA ដែលបានដកស្រង់ចេញពីសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋានកម្លំាងសម្ព័ន្ធមិត្តអារ៉ាប់។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានស្ទាក់បាញ់ទាន់ពេលនូវគ្រាប់មីស៊ីលស្គុដ (Scud) ដែលពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែនបានបាញ់ចេញពីប៉ែកខាងជើងយេម៉ែនតម្រង់ទឹកដីអារ៉ាប៊ីសាអូឌីតប៉ែកនិរតីក្នុងស្រុក Khamis Mushait។ សេចក្តីជូនដំណឹងដដែលមិនបានលំអិតអ្វីបន្ថែមទេ តែគ្រាន់អះអាងថា ទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានប្រើគ្រាប់មីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដើម្បីបុកកម្ទេចគ្រាប់មីស៊ីលស្គុដ (Scud) របស់ពួកឧទ្ទាម។
គួររម្លឹកជូនថា តំាងពីអារ៉ាប៊ីសាអូឌីតបានដឹកនំាកម្លំាងសម្ព័ន្ធមិត្តវាយប្រហារលើពួកឧទ្ទាមហ៊ូទី្ស និងកម្លំាងប្រដាប់អាវុធស្មោះស្ម័គ្រនឹងលោកអតីតប្រធានាធិបតីយេម៉ែនសាឡេមក នេះជាលើកទី១ ដែលពួកឧទ្ទាមបានប្រើគ្រាប់មីស៊ីលស្គុដ (Scud) បាញ់តម្រង់ទឹកដីអារ៉ាប៊ីសាអូឌីត។ តែទង្វើនេះបានកើតមានឡើង ក្រោយពីទ័ពអារ៉ាប៊ីសាអូឌីតបានបើកប្រតិបត្តិការវាយប្រហាររុញច្រានកម្លំាងពួកឧទ្ទាមនៅតាមបណ្តោយព្រំដែនខ្លួន។ ប្រតិបត្តិការដែលបានបណ្តាលឲ្យស្លាប់ទាហានអារ៉ាប៊ីសាអូឌីត ៤នាក់ និងប្រមាណជា ១០នាក់នៅខាងពួកឧទ្ទាម។
អ្វីជាការកត់សម្គាល់ ភាពតានតឹងផ្លូវយោធានៅតាមបណ្តោយព្រំដែនជាមួយអារ៉ាប៊ីសាអូឌីតបានកើតមានឡើង ចំពេលដែលចលនាឧទ្ទាមហ៊ូទី្សបានយល់ព្រមចូលអង្គុយតុចរចាជាមួយរដ្ឋាភិបាលយេម៉ែនដែលគ្រោងរៀបចំនៅថ្ងៃទី១៤ មិថុនាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ គោលដៅនៃកិច្ចចរចា គឺស្វែងរកបទឈប់បាញ់ផ្ទៃក្នុង និងផែនការដកកម្លំាងឧទ្ទាមចេញពីតំបន់ដែលពួកគេបានចូលកាន់កាប់ ព្រមទំាងបើកផ្លូវបន្ថែមសម្រាប់នំាជំនួយមនុស្សធម៌ឲ្យជនគ្រោះ។
គួររម្លឹកជូនថា តំាងពីអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារលើពួកឧទ្ទាមហ៊ូទី្សក្នុងថ្ងៃទី២៦ មីនាមក មានមនុស្សស្លាប់ជិត ២ ០០០នាក់ និងជាងកន្លះលាននាក់បានចាកចេញពីលំនៅដ្ឋានរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ