ស៊ីរី-អ.ស.ប.

ស៊ីរី៖លោក​បាន គីមូន​បរិហារ​លើ​ទង្វើ​របស់​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន REUTERS/Lucas Jackson

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ចេញ​មុខ​បរិហារ​លើ​ទង្វើ​បិទខ្ទប់​ភូមិ ស្រុក​ខ្លះ ដូច​យ៉ាង​ស្រុកម៉ាដាយ៉ា​របស់​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង​ដែល​បណ្តាល​ឲ្យ​ជនស៊ីវិល​ជួបប្រទះ​ភាព​អត់ឃ្លាន។ សម្រាប់​លោក​បាន គីមូន ទង្វើ​របៀប​នេះ​ជា​បទឧក្រិដ្ឋកម្ម​សង្រ្គាម។ ប្រតិកម្ម​ខ្លាំងៗ និង​ដ៏​កម្រ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ភាគី​ជម្លោះ​ផ្ទៃក្នុង​ត្រៀម​បើក​កិច្ចចរចា​សន្តិភាព​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី២៥ មករា​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ទី១ ដែល​អង្គការ​កំពូល​របស់​ពិភពលោក តាម​រយៈ​អគ្គលេខាធិការ​របស់​ខ្លួន​លោក​បាន គីមូន​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់​ទាក់ទង​នឹង​ការ​បិទខ្ទប់​ភូមិស្រុក​មួយ​ចំនួន​ពី​សំណាក់​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រុមប្រឆាំង​នៅ​ស៊ីរី។ លោក​បាន គីមូន​បាន​ថ្លែង​ច្បាស់ៗ​ថា ការ​យក​គ្រោះទុរ្ភិក្ស​ប្រើ​ជា​អាវុធ គឺ​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ថា គ្រប់​ភាគី​ជម្លោះ​ទាំង​អស់ រួម​ទាំង​របប​ស៊ីរី​សព្វថ្ងៃ​ផង​មាន​បេសកកម្ម​អាទិភាព​ជា​អ្នក​ការពារ​ជនស៊ីវិល​ស៊ីរី។ ទន្ទឹម​គ្នា​នេះ លោក​បាន គីមូន​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំង​អស់ ពិសេស​បណ្តា​ប្រទេស​ក្នុង​តំបន់​ឲ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដាក់​គំនាបលើ​ភាគី​ជម្លោះ​ស៊ីរី​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​យក​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ជនស៊ីវិល​ស៊ីរី​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ទឹកដី​ស៊ីរី។

វិធានការ​ដាក់​គំនាប​របស់​អង្គការ​សហប្រជាជាតិ​ពេល​នេះ​នឹង​កាន់​តែ​មាន​ទម្ងន់​បន្ថែម​ទៀត​ជាមួយ​នឹង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​សុក្រ ទី១៥ មករា​នេះ។ អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ចង់​បាន​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​ការ​លើក​ចេញ​វិញ​នូវ​វិធានការ​យក​ជនស៊ីវិល​ធ្វើ​ជា​ចំណាប់ខ្មាំង​ដែល​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​នៅ​ស៊ីរី​កំពុង​អនុវត្តន៍​សព្វថ្ងៃ និង​ការ​បង្កើន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនស៊ីវិល។ ប្រតិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ភាគី​ជម្លោះ​ផ្ទៃក្នុង​ត្រៀម​បើក​កិច្ចចរចា​សន្តិភាព​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី២៥ មករា​ខាង​មុខ។

ទាក់ទង​នឹង​សំណួរ​ដែល​ថា តើ​អង្គការ​សហប្រជាជាតិ​ត្រៀម​នឹង​ប្តឹង​ទៅ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ពី​ទង្វើ​ឧក្រិដ្ឋកម្មសង្រ្គាម​ប្រពឹត្តិ​ដោយ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ និង​ក្រុមប្រឆាំង​ដែរ ឬ​ទេ?។ ចម្លើយ​គឺ​នៅ​មិន​ទាន់​មាន​ទេ ព្រោះ​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​គម្រោង​កិច្ចចរចា​សន្តិភាព​ស្តីពី​អនាគត​ស៊ីរី​នៅ​ថ្ងៃ​ខាង​មុខ​មាន​ដំណើរ​ទៅ​ដូច​ការ​គ្រោង​ទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI