ស៊ីរី

អសប៖​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង​ចាប់​បង្ខំ​កុមារឲ្យ​ធ្វើ​ទាហាន ​នៅក្នុង​សមរភូមិ

កុមារ​ស្ពាយ​អាវុធ​ដើរ​ជាមួយ​ក្រុមទ័ព​ប្រឆាំង​ស៊ីរី​សេរី
កុមារ​ស្ពាយ​អាវុធ​ដើរ​ជាមួយ​ក្រុមទ័ព​ប្រឆាំង​ស៊ីរី​សេរី ©Reuters

ទាំង​ទាហាន​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​ស៊ីរីត្រូវ​បាន​របាយការណំ៍​របស់​អង្គការ​សហប្រជាជាតិ​ចោទប្រកាន់​ថា ​បានចាប់​បង្ខំ​​កុមារ​ឲ្យ​ធ្វើ​ជាទាហាន ប្រយុទ្ធ​ក្នុង​សង្រ្គាម​ស៊ីវិល​បច្ចុប្បន្ន​នេះ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​បរិហារ​ពី​ទង្វើ​អមនុស្សធម៌​នៅស៊ីរី នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​គេ​ចុះ​ផ្សាយ ​កាលពីថ្ងៃ​ពុធ ទី ១២ មិថុនា។

ផ្សាយពាណិជ្ជកម្ម

 

របាយការណ៍​ស្តីពី​ការរំលោភ​សិទ្ធិកុមារត្រូវ​បាន​ចងក្រង​ឡើង នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Leila Zerrougui បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ខាងកុមារ និង​ជម្លោះប្រដាប់​អាវុធ នៅក្នុង​ប្រទេស​ស៊ីរី កាលពី​ខែ​ធ្នូ​កន្លងទៅ។

បើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ មាន​កុមារ​ជាច្រើន​ត្រូវ​បាន​គេ​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាហាន បម្រើ​នៅក្នុង​ជួរ​ទ័ព​រដ្ឋាភិបាលរបស់លោក​Bachar Al Assad ​ ចំណែក​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម ឬ​សម្លាប់ បើសិន​មាន​សមាជិក​​ក្រុមគ្រួសារ​ចូល​ទៅ​បម្រើ​ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី។ កុមារ​ដែល​ត្រូវ​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​ស៊ីរី​ចាប់បង្ខំ​ឲ្យ​បម្រើទ័ព​គឺ​មាន​អាយុ​ពី​១៥ ទៅ ១៧ឆ្នាំ។ ពួកគេ​ត្រូវ​គេ​ប្រើ​ឲ្យ​ចូល​ប្រយុទ្ធ ដឹក​អាវុធ​យុទ្ធភ័ណ្ឌ ឬ​ចំណី​អាហារ នៅក្នុង​តំបន់​ដ៏គ្រោះថ្នាក់ ដែល​ស្ថិតនៅ​កន្លែង​ប្រយុទ្ធ​គ្នា រវាង​រដ្ឋាភិបាល និង​ក្រុមអ្នកប្រឆាំង​ស៊ីរី។

លោក​អគ្គលេខាធិការ​បាន គីមូន បាន​សំដែង​ការព្រួយបារម្ភ​ដែល​ថា និន្នាការ​ធ្វើ​ទារុណកម្ម និង​ព្យាបាទ​ទៅលើ​កុមារ​បាន​កើតមាន កាន់តែ​ច្រើន​នៅស៊ីរី។ ទាំង​ទាហាន​រដ្ឋាភិបាល និង​ក្រុមប្រឆាំង ប្រើទារុណកម្ម ដើម្បី​ចាប់​បង្ខំ​ឲ្យ​កុមារ​ទាំងនោះ​ផ្តល់​ព័ត៌មាន ទាក់ទង​នឹង​គូ​សត្រូវ​របស់ខ្លួន។ តាម​លោក​បាន គីមូន កុមារ​ទាំងនោះ​ដែល​មាន​អាយុ​ត្រឹម ១៤​ឆ្នាំ ក៏​រង​ទារុណកម្ម​ដូចមនុស្ស​ធំ គឺ​ត្រូវ​គេ​ប្រើ​ខ្សែភ្លើង​ឆក់ ឬ​ការរំលោភ​ផ្លូវភេទ។

បើតាម​ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​គេ​ចុះ​ផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៣ មិថុនា ចាប់តាំង​ពី​មាន​ចលនា​បះបោរ កាលពី​ខែ​មីនា ឆ្នាំ ២០១១ និង​ការបង្រ្កាប​របស់​រដ្ឋាភិបាល រហូត​បង្ក​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល មាន​មនុស្ស​ជាង ៩​ម៉ឺន​៣ពាន់​នាក់ ដែល​ក្នុងនោះ មាន​កុមារ ជាង ៦ពាន់​នាក់ បាន​ត្រូវ​គេ​សម្លាប់ នៅក្នុង​​សង្រ្គាម​ស៊ីវិល នៅស៊ីរី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI