អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត៖ខ្លាពីរដែលកំពុងប្រជែងគ្នាសោយរាជ្យលើភ្នំមួយនៅដើមបូព៌ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានការណ៍បាននិងកំពុងបន្តពុះកញ្ជ្រោលកាន់តែខ្លាំងរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់។ នៅថ្ងៃអាទិត្យ ទី៣ មករា ទីក្រុងរីយ៉ាដបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ បន្ទាប់ពីមានអំពើហិង្សាប្រឆាំងនឹងស្ថានទូត និងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅអ៊ីរ៉ង់។ ទន្ទឹមគ្នានេះ ទីក្រុងរីយ៉ាដក៏បានស្នើឲ្យមន្រ្តីការទូតអ៊ីរ៉ង់ទាំងអស់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ៤៨ម៉ោង។ អ្វីដែលគ្រប់គ្នាកំពុងបារម្ភពេលនេះ គឺការផ្ទុះសង្រ្គាមរវាងអារ៉ាប៊ីសាអូឌីតដែលជាមហាអំណាចស៊ុយនីត និងអ៊ីរ៉ង់ដែលជាមហាអំណាចស្ហ៊ីអ៊ីតនៅក្នុងតំបន់។
ការដែលអារ៉ាប៊ីសាអូឌីតបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ព្រមទាំងបណ្តេញមន្រ្តីទូតអ៊ីរ៉ង់ចេញពីអារ៉ាប៊ីសាអូឌីតពេលនេះ ជារឿងដែលគេបានទន្ទឹងរង់ចាំ។ គួររម្លឹកជូនឡើងវិញថា អ្វីៗបានកើតមានឡើង ក្រោយពីរដ្ឋអំណាចអារ៉ាប៊ីសាអូឌីតបានប្រហារជីវិតមនុស្ស ៤៧នាក់កាលពីថ្ងៃសៅរ៍ ទី២ មករាកន្លងទៅ។ ជនប្រហារជីវិតទំាង ៤៧នាក់នោះបានជាប់ចោទពីបទបានបង្កអំពើភេរវកម្មបង្ហូរឈាមក្នុងទឹកដីអារ៉ាប៊ីសាអូឌីតកាលពី ១០ឆ្នាំមុន ហើយក្នុងចំណោមអ្នកប្រហារជីវិតទាំង ៤៧នាក់ក៏មានមន្រ្តីជាន់ខ្ពស់និកាយឈីអ៊ីតម្នាក់ឈ្មោះ នីមៀរ អាល់ នីមៀរ។
គឺការប្រហារជីវិតរូបនីមៀរ អាល់ នីមៀរដែលបានជម្រុញឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ញេញធ្មេញដាក់គ្នាពេលនេះ ព្រមទាំងបំផុសឲ្យមានបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីក្រុមនិកាយឈីអ៊ីតនៅក្នុងប្រទេសផ្សេងក្រៅពីអ៊ីរ៉ង់ ដូចយ៉ាងនៅអ៊ីរ៉ាក់ យេម៉ែន លីបង់ បារ៉ែន ប៉ាគីស្ថាន តំបន់ Cachemire ឥណ្ឌា និងសហគមន៍និកាយឈីអ៊ីតនៅអារ៉ាប៊ីសាអូឌីត។ តាមពិតទៅ ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតដែលជាមហាអំណាចស៊ុយនីត និងអ៊ីរ៉ង់ដែលជាមហាអំណាចស្ហ៊ីអ៊ីតនៅក្នុងតំបន់ គឺជាទំនាក់ទំនងឡើង ចុះតាំងតាំងពីបដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧៩។
មហាអំណាចទាំងពីរក្នុងតំបន់ធ្លាប់បានកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងគ្នាពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ ក្រោយពីមានព្រឹត្តិការណ៍ប្រទូស្រ្តាយដាក់គ្នាយ៉ាងបង្ហូរឈាមរវាងក្រុមអ្នកស្វែងបុណ្យជនជាតិអ៊ីរ៉ង់ និងកម្លាំងប៉ូលិសអារ៉ាប៊ីសាអូឌីតនាឱកាសដំណើរស្វែងបុណ្យនៅទីក្រុង La Mecque ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ ១៩៨៧។ តែអ្វីដែលថ្មី និងលើកទី១ ពេលនេះ គឺការដែលទីក្រុងរីយ៉ាដបានប្រើវិធានការក្តៅដោយបណ្តេញមន្រ្តីការទូតអ៊ីរ៉ង់ចេញពីទឹកដីខ្លួន។
ប្រតិកម្មតបវិញថ្ងៃនេះ អ៊ីរ៉ង់បានចោទអារ៉ាប៊ីសាអូឌីតពីបទមានចេតនាបញ្ឆេះភ្លើងសង្រ្គាមនៅក្នុងតំបន់ និងថា ការសម្រេចផ្តាច់ទំនាក់ទំនងផ្លូវទូតនឹងមិនអាចបិទបាំងកំហុសយុទ្ធសាស្រ្តរបស់អារ៉ាប៊ីសាអូឌីតដែលបានប្រហារជីវិតប្រមុខស្ហ៊ីអ៊ីតនីមៀរ អាល់ នីមៀរបានឡើយ។
អារ៉ាប៊ីសាអីឌីត និងអ៊ីរ៉ង់ជាតួអង្គមានទម្ងន់ធ្ងន់នៅក្នុងតំបន់
រ៉ាប៊ីសាអូឌីតជាប្រទេសអ៊ីស្លាមដែលសម្បូរដោយអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីតរស់នៅ ចំណែកអ៊ីរ៉ង់ក៏ជាប្រទេសអ៊ីស្លាមដែរ តែសម្បូរដោយអ្នកកាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីតរស់នៅ។ ប្រទេសអ៊ីស្លាមទាំងពីរដែលមាននិកាយខុសគ្នា គឺជាតួអង្គដែលមានទម្ងន់ធ្ងន់ជាងគេនៅក្នុងតំបន់។ នៅពេលដែលមានជម្លោះអ្វីមួយបានផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា គេតែងតែឃើញវត្តមានអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ចេញមុខជួយឈឺឆ្អាលជានិច្ច ពិសេសនៅក្នុងជម្លោះណាដែលមានលក្ខណៈសាសនា ពោលរវាងសហគមន៍សាសនាអ៊ីស្លាមនិកាយស៊ុយនីត និងសហគមន៍សាសនាអ៊ីស្លាមនិកាយស្ហ៊ីអ៊ីត។
ជាក់ស្តែងជម្លោះផ្ទៃក្នុងនៅក្នុងប្រទេសយេម៉ែន អារ៉ាប៊ីសាអូឌីតបានដឹកនាំអន្តរាគមន៍វាយប្រហារផ្លូវអាកាសលើពួកឧទ្ទាមហ៊ូទី្សនិកាយស្ហ៊ីអ៊ីត។ អ៊ីរ៉ង់បានចោទអារ៉ាប៊ីសាអូឌីតថា កំពុងប្រពឹត្តអំពើប្រល័យពូជសាសន៍។ នៅស៊ីរី អារ៉ាប៊ីសាអូឌីតបានចេញមុខគំាទ្រក្រុមប្រឆំាងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរីអាសាដ។ រីឯអ៊ីរ៉ង់ និងចលនាហេស្បូឡាលីបង់បានចេញមុខគំាទ្រលោកអាសាដដែលបានចោទក្រុមប្រឆំាងថា ជាពួកភេរវជននិកាយស៊ុយនីត។ ជម្លោះក្នុងប្រទេសបារ៉ែន ក្រុមគ្រួសាររាជានិយមនិកាយស៊ុយនីតទទួលបានការគំាទ្រ និងជួយឧបត្ថម្ភពីអារ៉ាប៊ីសាអូឌីត និងបានចោទអ៊ីរ៉ង់ពីបទបានបញ្ឆេះពួកឈីអ៊ីតឲ្យក្រោកឈរបង្កចលាចលក្នុងសង្គមបារ៉ែន។
សាសនាគ្រាន់ជាលេសដើម្បីបិទបាំងមហិច្ឆតា
ជម្លោះដើម្បីការពារនិកាយសាសនារៀងៗខ្លួនរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់មិនមែនទើបតែកើតមានពេលនេះទេ តែជាជម្លោះដ៏យូរលង់មួយតំាងពី ១ ៤០០ឆ្នំាមកហើយ។ ដូច្នេះការដែលទីក្រុងរីយ៉ាដ និងទីក្រុងតេហេរ៉ង់លើកយកបុព្វហេតុសាសនាមកនិយាយគ្រាន់តែជាលេសមួយដើម្បីបិទបំាងមហិច្ឆតាពិតប៉ុណ្ណោះ។ មហិច្ឆតាពិត គឺការប្រជែងកម្លំាងគ្នាដើម្បីធ្វើជាមេក្លោងនៅក្នុងតំបន់។ ចូរកុំភ្លេចថា ក្នុងនាមជាប្រទេសជង្រុកប្រេងកាតសំខាន់ពីរនៅក្នុងតំបន់ ខ្លាអារ៉ាប៊ីសាអូឌីត និងខ្លាអ៊ីរ៉ង់បានប្រជែងកម្លំាងគ្នាដើម្បីសោយរាជ្យនៅភ្នំក្នុងតំបន់មជ្ឈិមបូព៌ាអស់ជាច្រើនទសវត្សកន្លងមក។
ធ្លាប់មានការលើកឡើងថា ការដែលសហគមន៍សាសនាអ៊ីស្លាមនិកាយស្ហ៊ុយនីត និងឈីអ៊ីតបានប្រឈមមុខដាក់គ្នា មកពីពួកគេមិនចុះសម្រុងគ្នាក្នុងការឲ្យនិយមន័យពិតលើពាក្យអ៊ីស្លាម។ តែតាមប្រវត្តិសាស្រ្ត និងការយល់ឃើញរបស់ប្រទេសកាន់សាសនាអ៊ីស្លាមមួយចំនួនឲ្យដឹងថា ការពិតមិនមែនដូច្នោះទេ តែគឺការដណ្តើមប្រយោជន៍គ្នាទៅវិញទេ ព្រោះថា ប្រទេសពីរដែលកាន់សាសនាតែមួយដូចគ្នាមិនប្រាកដថាគេយល់ព្រមចែកប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមកទេ។
ក៏ប៉ុន្តែ គេក៏ត្រូវហ៊ានទទួលស្គាល់ថា ជម្លោះរវាងសហគមន៍និកាយស្ហ៊ីយនីត និងឈីអ៊ីតនៅក្នុងតំបន់ពិតជាកំពុងកើតមានប្រាកដមែន ហើយជម្លោះនេះនឹងកាន់តែធ្ងន់ធ្ងរដុនដាបមិនអាចគ្រប់គ្រងបាន នៅពេលដែលភាគីនីមួយៗក្នុងតំបន់បានឆ្លៀតយករឿងសាសនាមកធ្វើជាល្បែងដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដូចដែលអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កំពុងលេងពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ