៤ឆ្នំាក្រោយបដិវត្តន៍ផ្តួលរំលំរបបផ្តាច់ការ អេហ្ស៊ីបកំពុងបន្តឆ្លងកាត់សម័យអន្តរកាលយ៉ាងត្រដាបត្រដួស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងប្រទេសអេហ្ស៊ីប ការបោះឆ្នោតសភាដែលគ្រោងរៀបចំនៅចន្លោះថ្ងៃទី ២១ មីនា និងថ្ងៃទី ៧ ឧសភាខាងមុខត្រូវបានគណៈកម្មការរៀបចំបោះឆ្នោតប្រកាសលើកពេលទៅថ្ងៃក្រោយវិញ ដោយមិនបានបញ្ជាក់ពីថ្ងៃខែពិតប្រាកដទេ។ ការប្រកាសលើកពេលបោះឆ្នោតសភាពេលនេះបានធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញបានចាត់ទុកមាត្រាខ្លះនៃច្បាប់បោះឆ្នោតបច្ចុប្បន្នថា រំលោភបំពានរដ្ឋធម្មនុញ្ញ។ គួរជម្រាបជូនថា ប្រទេសអេហ្ស៊ីបគ្មានសភាតំាងពីឆ្នំា ២០១២ និងដែលអំណាចទំាងអស់កំពុងស្ថិតក្នុងកណ្តាប់ដៃមនុស្សតែម្នាក់គត់ គឺលោកប្រធានាធិបតី ឧត្តមសេនីយអាប់ដែល ហ្វាតា អាល់ស៊ីស៊ី។ តើ ៤ឆ្នំាក្រោយបដិវត្តន៍ផ្តួលរំលំរបបផ្តាច់ការរបស់លោកមូបារ៉ាក់មក សម័យអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅអេហ្ស៊ីបបានចប់ត្រឹមនេះ ឬយ៉ាងណា?
វាហាក់ដូចជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លំាងពេកទេដែលគម្រោងរៀបចំបោះឆ្នោតសភានៅអេហ្ស៊ីបដែលត្រៀមធ្វើនៅចន្លោះពីថ្ងៃទី២១ មីនា និងថ្ងៃទី៧ ឧសភាខាងមុខត្រូវបានលើកពេលជាថ្មីនៅពេលនេះ។ មិនភ្ញាក់ផ្អើលព្រោះថា វាជាព្រឹត្តិការណ៍មួយដែលគ្រប់គ្នាបានទន្ទឹងរង់ចំា។ អស់ជាច្រើនសប្តាហ៍កន្លងមកហើយដែលភាពស្រពិចស្រពិល លាយឡំនឹងព័ត៌មានមិនច្បាស់លាស់បានកើតមានឡើងជុំវិញគម្រោងរៀបចំបោះឆ្នោតសភានោះ។ ភាពស្រពិចស្រពិល លាយឡំនឹងព័ត៌មានមិនច្បាស់លាស់ទំាងនោះមានដូចជា ការប្រកាសធ្វើពហិការមិនចូលរួមបោះឆ្នោតរបស់គណបក្សយោបាយជាច្រើន បរិយាកាសនយោបាយ និងសន្តិសុខកំពុងតានតឹងខ្លំាង ព្រមទំាងមានការវិលត្រឡប់ចូលឆាកនយោបាយជាថ្មីរបស់អតីតថ្នាក់ដឹកនំានយោបាយមួយចំនួន ពិសេសពីគណបក្សរបស់អតីតលោកប្រធានាធិបតីហូស្ន៊ី មូបារ៉ាក់។
ទីបំផុតនៅថ្ងៃអាទិត្យ ទី១ មីនា តុលាការធម្មនុញ្ញក៏បានសម្រេចថា មានមាត្រាមួយចំនួននៃច្បាប់បោះឆ្នោតបច្ចុប្បន្នបានរំលោភរដ្ឋធម្មនុញ្ញ ព្រមទំាងស្នើឲ្យគណៈកម្មការបោះឆ្នោតសើរើពិនិត្យមើលឡើងវិញលើចំណុចមួយចំនួននៃច្បាប់របស់ខ្លួន មុននឹងកំណត់ថ្ងៃរៀបចំបោះឆ្នោតថ្មី។ ចំណែកលោកប្រធានាធិបតី ឧត្តមសេនីយអាប់ដែល ហ្វាតា អាល់ស៊ីស៊ីបានទុកពេលមួយខែឲ្យគណៈកម្មការបោះឆ្នោតក្នុងការរៀបចំច្បាប់បោះឆ្នោតថ្មីនោះ។ តែអ្នកនំាពាក្យរបស់គណៈកម្មការបោះឆ្នោតបានឆ្លើយតបភ្លាមៗថា ខ្លួនមិនអាចធ្វើបានតែក្នុងរយៈពេល ១ខែនោះទេ។ ដូច្នេះឃើញថា គម្រោងរៀបចំបោះឆ្នោតសភានឹងអាចពន្យារពេលជាច្រើនខែទៅមុខទៀត។
គួររម្លឹកជូនថា មុននឹងការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ មានគណបក្សនយោបាយជាច្រើនបានដាក់ពាក្យប្តឹងប្រឆំាងនឹងច្បាប់បោះឆ្នោតបច្ចុប្បន្ន ព្រមទំាងបានព្រមានទុកជាមុនរួចជាស្រេចថា រដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតដោយប្រើច្បាប់បោះឆ្នោតបច្ចុប្បន្នជារដ្ឋាភិបាលរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ទន្ទឹមគ្នានេះ ក៏នៅមានគណបក្សមួយចំនួនទៀតបានតវ៉ាប្រឆំាងពីការរំលោភលើសិទ្ធិសេរីភាព និងការតាមធ្វើទុកបុកម្នេញលើអ្នកប្រឆំាង។ ផ្តើមចេញពីហេតុផលទំាងអស់ខាងលើនំាឲ្យមានសំណួរចោទឡើងថា ហេតុអ្វីបានជាតុលាការធម្មនុញ្ញបែរជាសម្រេចចូលខ្លួនអន្តរាគមន៍ពេលនេះ ពោលជាង ២០ថ្ងៃមុនការរៀបចំបោះឆ្នោតជាផ្លូវការ។
ចូរកុំភ្លេចថា តំាងពីក្រោយរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីស្របច្បាប់ម៉ូហាម៉េដ ម័រស៊ីក្នុងខែកក្កដា ឆ្នំា ២០១៣ មក លោកអាប់ដែល ហ្វាតា អាល់ស៊ីស៊ីក្នុងនាមជាមេទ័ពជំនាន់នោះបានប្រកាសចេញនូវផែនទីចង្អុលផ្លូវមួយដោយគ្រោងអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មី និងបន្តដោយការរៀបចំបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភា។ អ្វីដែលបានសម្រេចកន្លងមក រដ្ឋធម្មនុញ្ញថ្មីបានអនុម័តក្នុងខែមករា ឆ្នំា ២០១៤ ហើយមេទ័ពស៊ីស៊ីក៏បានជាប់ឆ្នោតជាប្រធានាធិបតីដោយមានសម្លេងគំាទ្រដល់ទៅ ៩៧% ក្នុងខែឧសភា ឆ្នំា ២០១៤។ តែគម្រោងរៀបចំបោះឆ្នោតសភាបែរជាបានក្លាយជារឿងដ៏ចម្រូងចម្រាសមកដល់សព្វថ្ងៃទៅវិញ។ តើមកពីមូលហេតុអ្វីទៅ?
សម្រាប់ក្រុមបក្សប្រឆំាងដែលមិនព្រមចូលរួមបោះឆ្នោតបានយល់ឃើញជាមុនថា លោកប្រធានាធិបតីអាល់ស៊ីស៊ីចង់បានអនាគតសភាមួយដែលយកគំរូតាមសភាក្នុងជំនាន់លោកមូបារ៉ាក់ដែលគេមិនបានឲ្យតម្លៃអ្នកតំណាងរាស្រ្ត ពោលចាត់ទុកតួនាទីតំណាងរាស្រ្តត្រឹមតែជាអ្នកផ្តល់សេវា ឬជំនួយកំប៉ិកកំប៉ុកដល់ពលរដ្ឋដើម្បីគ្រាន់តែទទួលបានសម្លេងគំាទ្រចំពោះបក្សខ្លួនប៉ុណ្ណោះ។ មួយវិញទៀត ក្រុមប្រឆំាងបានដឹងយ៉ាងច្បាស់ថា បើចូលរួមបោះឆ្នោតពេលនេះ នោះសម្លេងភាគច្រើននៅក្នុងសភាជាសម្លេងរបស់ក្រុមលោកអាល់ស៊ីស៊ី។ តែគេក៏ត្រូវហ៊ានទទួលស្គាល់ថា ការដែលអេហ្ស៊ីបមិនអាចរៀបចំបោះឆ្នោតសភាបាននៅពេលនេះក៏ជាការផ្តល់ឱកាសបន្ថែមដល់លោកប្រធានាធិបតី ឧត្តមសេនីយអាល់ស៊ីស៊ីដែរ។
ក្នុងពេលអវត្តមានសភា លោកអាល់ស៊ីស៊ីមានសិទ្ធិសេរីភាពពេញលេញក្នុងការកែប្រែ និងអនុម័តច្បាប់ទំាងឡាយណាដែលផ្តល់ប្រយោជន៍ចំពោះខ្លួន មិនអ្វីពីសុភាសិតមួយដែលនិយាយថា ផ្សំគ្រឿងសំឡដើម្បីតម្រូវមាត់ខ្លួនឯងនោះទេ។ តែបញ្ហានៅត្រង់ថា ការផ្សំគ្រឿងសំឡដើម្បីតម្រូវមាត់តែម្នាក់ឯងនេះមិនមែនជាស្មារតីបដិវត្តន៍ចង់បានរបស់ប្រជាជនអេហ្ស៊ីបទូទៅកាលពីថ្ងៃទី២៥ មករា ឆ្នំា ២០១១ ឯណា។ ថ្ងៃទី២៥ មករា ឆ្នំា ២០១១ ដែលពលរដ្ឋអេហ្ស៊ីបបានផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតីហូស្ន៊ី មូបារ៉ាក់។
អ្វីដែលប្រជាជនអេហ្ស៊ីបចង់បានពីស្មារតីបដិវត្តន៍ថ្ងៃទី២៥ មករា ឆ្នំា ២០១១ នោះ គឺប្រទេសអេហ្ស៊ីបមួយថ្មីស្រឡាងដែលមិនដូចគ្នានឹងអេហ្ស៊ីបម្សិលមិញ និងថ្ងៃនេះទេ។ ៤ឆ្នំាក្រោយបដិវត្តន៍ផ្តួលរំលំរបបផ្តាច់ការ ផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យហាក់ដូចជានៅឆ្ងាយនៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ