ស៊ីរី

ស៊ីរី៖អង្គការ​រដ្ឋអ៊ីស្លាម​ប្រព្រឹត្ត​ទង្វើ​សម្លាប់​រង្គាល​ជនស៊ីវិល​ស៊ីរី

ស៊ីរី៖អង្គការ​រដ្ឋអ៊ីស្លាម​ប្រព្រឹត្ត​ទង្វើ​សម្លាប់​រង្គាល​ជនស៊ីវិល​ស៊ីរី
ស៊ីរី៖អង្គការ​រដ្ឋអ៊ីស្លាម​ប្រព្រឹត្ត​ទង្វើ​សម្លាប់​រង្គាល​ជនស៊ីវិល​ស៊ីរី REUTERS/Omar Sanadiki TPX IMAGES OF THE DAY

នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៧ មករា​ថា ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រហារ​ជីវិត​ជនស៊ីវិល​យ៉ាង​តិច ១៣៥នាក់ និង​ចាប់​ជា​ចំណាប់​ខ្មាំង​ប្រមាណ​ជា ៤០០នាក់​ផ្សេង​ទៀត​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មករា។ ទង្វើ​សម្លាប់​រង្គាល​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្បែរ​ស្រុក Deir Ezzor ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​ស៊ីរី។ ចំណែក​នៅ​ក្នុង​ទីក្រុង​អាឡិប ទ័ព​រដ្ឋាភិបាល​កំពុង​បើក​ប្រតិបត្តិការ​រុល​ទៅ​មុខ​សំដៅ​ជំរំ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ទង្វើ​សម្លាប់​រង្គាល​ដែល​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ផុង​ខ្លួន​នៅ​ក្នុង​សង្រ្គាមស៊ីវិល​យ៉ាង​ជ្រៅ។ នៅ​ក្នុង​ចំនួន​មនុស្ស​​ប្រហារ​ជីវិត​ទាំង ១៣៥នាក់ មាន​ជនស៊ីវិល ៨៥នាក់ និង​ទាហាន​រដ្ឋាភិបាល ៥០នាក់ នេះ​ជា​តួលេខ​ផ្តល់​ដោយ​ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី។ តែ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​ស៊ីរី​ឲ្យ​ដឹង​ថា មាន​ស្លាប់​យ៉ាង​តិច ២៨០នាក់។ ក្រៅ​ពី​ប្រហារ​ជីវិត ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បាន​ចាប់​ជនស៊ីវិល​ប្រមាណ ៤០០នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​ដែរ។

ក្នុង​ចំណោម​ជនស៊ីវិល​ប្រហារ​ជីវិត​ដោយ​គ្រាប់កាំភ្លើង ឬ​ដោយ​កាត់ក្បាល មាន​ភាគ​ច្រើន​ជា​ស្រ្តី កូនក្មេង និង​ទាំង​ពូជ​គ្រួសារ​ទាហាន​រដ្ឋាភិបាល​ក៏​មាន​ដែរ។ ចំណែក​អ្នកជាប់​ជា​ចំណាប់​ខ្មាំង​ទាំង​ប្រមាណ ៤០០នាក់​សុទ្ធសឹង​ជា​ពួក​និកាយ​ស៊ុយនីត និង​មាន​ទំនោរ​ទៅ​រក​របបស៊ីរី​សព្វថ្ងៃ។ លោក​រ៉ាមី អាប់ដែល រ៉ាម៉ាន នាយក​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​បាន​សម្តែង​ក្តីបារម្ភ​ពី​ជោគវាសនា​របស់​អ្នកជាប់​ជា​ចំណាប់​ខ្មាំង ពិសេស​ខ្លាច​ពួកជីហាត​សម្លាប់​ចោល​ទាំង​អស់​ដោយ​ទុក​តែ​ស្រ្តី​សម្រាប់​បម្រើ​ផ្លូវ​តណ្ហា​ដូច​ដែល​ពួក​អ៊ីស្លាមនិយមជ្រុល​ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​អតីតកាល។

ដោយឡែក​នៅ​ក្នុង​ទីក្រុង​អាឡិប​ឯណោះ ទ័ពរដ្ឋាភិបាល​ស៊ីរី​កំពុង​បន្ត​ប្រតិបត្តិការ​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​ស្រុក​អាល់ បាដ​ដែល​ជា​ជំរំ​ដ៏​សំខាន់​​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ដោយ​មាន​ជំនួយ​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​ទ័ពអាកាស​រុស្ស៊ី ទ័ព​ថ្មើរ​ជើង​រដ្ឋាភិបាល​ស៊ីរី​បាន​រុញ​ច្រាន​ពួកជីហាត និង​សម្លាប់ពួក​វា​បាន​ប្រមាណ​ជា ២០នាក់។ អ្វី​ជា​ការ​កត់សម្គាល់ ទង្វើ​សម្លាប់​ជនស៊ីវិល​ស៊ីរី​ពី​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​តាម​ផ្លូវ​សន្តិវិធី។ កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ីរី​ត្រៀម​នឹង​រៀបចំ​នៅ​ថ្ងៃទី ២៥ មករា​ខាង​មុខ​ក្នុង​ប្រទេស​ស្វីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI