អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នុយក្លេអ៊ែរអ៊ីរ៉ង់៖អាមេរិក និង​សហភាពអឺរ៉ុប​រៀបចំ​គម្រោង​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់

សំឡេង ០៥:០៩
លោក​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​យូគីយ៉ា អាម៉ាណូ (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី
លោក​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​យូគីយ៉ា អាម៉ាណូ (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី REUTERS/President.ir/Handout

នៅ​ថ្ងៃ​អាទិត្យ ទី១៩ តុលា សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​បាន​អនុម័ត​នូវ​វិធានការ​នីតិបញ្ញត្តិ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់។ ការ​ស្នើ​ឲ្យ​មាន​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​របស់​អាមេរិក និង​អឺរ៉ុប​ពេល​នេះ​បាន​ធ្វើ​ឡើង​ដោយ​អនុឡោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា​រវាង​ក្រុមប្រទេស​មហាអំណាច និង​ប្រទេស​អ៊ីរ៉ង់។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​ផ្តើម​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ផ្លូវការ​ចេញ​ពី​អ៊ីរ៉ង់​របស់​សហគមន៍​អន្តរជាតិ​នឹង​ត្រូវ​ធ្វើ​ឡើង​ស្រប​ពេល​នឹង​ការ​អនុវត្តន៍​ជាក់ស្តែង​លើ​កិច្ចព្រមព្រៀង​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់។ តើ​ទីក្រុង​តេហេរ៉ង់​ពិត​ជា​បាន​ត្រៀម​ខ្លួន​ដើម្បី​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ហើយ​ឬ?

ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ឈាន​មក​ដល់​ផ្លូវ​របត់​ថ្មី​មួយ​ទៀត ពោល​ជា​ជំហាន​នៃ​ការ​ផ្តើម​អនុវត្តន៍​ជាក់ស្តែង​លើ​កិច្ចព្រមព្រៀង​ដែល​សហគមន៍​អន្តរជាតិ និង​ប្រទេស​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា​កន្លង​ទៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ នៅ​ថ្ងៃ​អាទិត្យ ទី១៨ តុលា ឆ្នំា ២០១៥ គឺ​ជា​ថ្ងៃ​នៃ​ការ​បិទបញ្ចប់​រយៈពេល ៣ខែ​ក្រោយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​នោះ​កាល​ពី​ថ្ងៃទី២០ កក្កដា។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ ភាគី​ពាក់ព័ន្ធ​នីមួយៗ​អាច​ផ្តើម​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​នៅ​ខាង​ភាគី​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​បាន​អនុម័ត​នូវ​វិធានការ​នីតិបញ្ញត្តិ​មួយ​ដើម្បី​ត្រៀម​លើក​ចេញ​វិញ​នូវ​រាល់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​​ទំាង​អស់​ពី​ប្រទេស​អ៊ីរ៉ង់។

នៅ​ថ្ងៃ​អាទិត្យ ទី១៨ តុលា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ផ្ទាល់​ខ្លួន​បាន​ស្នើ​រដ្ឋបាល​របស់​លោក​ឲ្យ​រៀបចំ​គម្រោង​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក​ចេញ​ពី​អ៊ីរ៉ង់ ព្រម​ទំាង​បាន​ចាត់​ទុក​ជំហាន​ពេល​នេះ​ថា ជា​ជំហាន​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ប្រវត្តិសាស្រ្ត។ ក្នុង​ថ្ងៃ​អាទិត្យ ទី១៨ តុលា​ដដែល អ្នក​នំា​ពាក្យ​ការទូត​របស់​សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដែល​សហភាព​អឺរ៉ុប​បាន​អនុម័ត​នូវ​វិធានការ​មួយ​ឆ្ពោះ​ទៅ​លើ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់។

នៅ​ខាង​ប្រទេស​អ៊ីរ៉ង់ ក្រៅ​ពី​ចាប់​ផ្តើម​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី១៤ កក្កដា រដ្ឋអំណាច​ទីក្រុង​តេហេរ៉ង់​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​អនុវត្តន៍​ពិធីសារបន្ថែម​ស្តីពី​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ។ នៅ​ក្នុង​ន័យ​នេះ អ៊ីរ៉ង់​បាន​យល់ព្រម​ឲ្យ​មាន​ការ​បញ្ជូន​បន្ថែម​នូវ​ក្រុមអធិការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ទៅ​កាន់​ទឹកដី​របស់​ខ្លួន​ដើម្បី​ត្រួតពិនិត្យ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ក៏​ដូច​ជា​ត្រួតពិនិត្យ​មើល​លើ​សកម្មភាព​ពិត​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ គឺ​ផ្តើម​ចេញ​ពី​លទ្ធផល​នៃ​បេសកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​នោះ​ឯង​ដែល​សហគមន៍​អន្តរជាតិ​អាច​ដឹង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ៊ីរ៉ង់ ពោល​ថា​តើ​អ៊ីរ៉ង់​ពិត​ជា​បាន​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ដែរ ឬ​ទេ។

រហូត​មក​ដល់​ពេល​នេះ ពោល​ជាង ៣ខែ​ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃទី១៤ កក្កដា​មក អ្វីៗ​ហាក់​ដូច​បាន​និង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​រលូន។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​រង់ចំា​មើល​ពី​អ៊ីរ៉ង់ គឺ​ការ​អនុវត្តន៍​ជាក់ស្តែង​លើ​កិច្ចព្រមព្រៀង ហើយ​អ្វី​ដែល​អ៊ីរ៉ង់​កំពុង​រង់ចំា​មើល​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​អាមេរិក និង​សហភាព​អឺរ៉ុប គឺ​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​វិញ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​យូគីយ៉ា អាម៉ាណូ​ត្រូវ​ផ្សព្វផ្សាយ​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃទី១៥ ធ្នូ​ខាង​មុខ។ គឺ​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​លោក​អាម៉ាណូ​នា​ថ្ងៃ​ខាង​មុខ​នោះ​ឯង​ដែល​គេ​អាច​ដឹង​ច្បាស់​ថា តើ​អ៊ីរ៉ង់​ពិត​ជា​បាន​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​ដែរ​ឬ​ទេ។

បន្ទាប់​មក គឺ​តាម​រយៈ​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​របស់​លោក​អាម៉ាណូ​ដដែល​នោះ​ឯង​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ ឬ​មិន​ត្រូវ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។ តែ​លោក​ប្រធាន​អង្គការ​ថាមពល​បរិមាណូ​អ៊ីរ៉ង់​អាលី អាក្បារ សាលេហ៊ី​បាន​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន។ ដូច្នេះ​ឃើញ​ថា​នៅ​ចំពោះ​មុខ ភាគី​នីមួយៗ​សុទ្ធ​តែ​បាន​ប្តេជ្ញា​ចិត្ត​គោរព​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា តែ​ស្រប​ពេល​គ្នា​នេះ ភាព​មិន​ទុកចិត្ត និង​ការ​មើល​បណ្តាំគ្នា​កំពុង​បន្ត​មាន​ជាប់​ជា​ប្រចំា។ សូម​បញ្ជាក់​ជូន​ថា ការ​បន្ត​មិន​ទុក​ចិត្ត​គ្នា​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​មិនមែន​ទើប​តែ​មាន​ពេល​នេះ​ទេ តែ​មាន​តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាង ១០ឆ្នំា​កន្លង​ទៅ​មក​ម្ល៉េះ។ ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​រយៈពេល​នៃ​ការ​ចរចា​ប្រទាញប្រទង់​គ្នា​រាប់សិប​ឆ្នំា ទម្រំា​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​កាល​ពី​ថ្ងៃទី១៤ កក្កដា​កន្លង​ទៅ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​កាល​ពី​ជាង ៣ខែ​មុន អ៊ីរ៉ង់​បាន​យល់ព្រម​កាត់​បន្ថយ​ចំនួន​ម៉ាស៊ីនចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី ១៩ ០០០ មក​នៅ​ត្រឹម ៦ ០០០ ក្នុង​រយៈពេល ១០ឆ្នំា​ខាង​មុខ។ បន្ទាប់​មក អ៊ីរ៉ង់​បាន​យល់ព្រម​កែប្រែ​ម៉ាស៊ីនប្រតិកម្ម​ដើរ​ដោយ​ទឹកធ្ងន់​ដើម្បី​កាត់បន្ថយ​ផលិតកម្ម​ភ្លុយតូញ៉ូម និង​បន្ទាប់​មក​ទៀត អ៊ីរ៉ង់​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន​ស្តុក​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រើន​ធាតុ​កម្រិត​ទាប​ពី ១០តោន​មក​នៅ​ត្រឹម ៣០០គីឡូក្រាម​ពី​ពេល​នេះ​ទៅ ១៥ឆ្នំា​ខាង​មុខ។ ជា​ថ្នូរ​មក​វិញ សហគមន៍​អន្តរជាតិ​នឹង​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។

ជា​ការ​ពិត នុយក្លេអ៊ែរ​ជា​អាវុធ​ដែល​អ៊ីរ៉ង់​បាន​យក​ទៅ​ប្រើ​ដើម្បី​ចរចា​មាន​ប្រៀប​លើ​សហគមន៍​អន្តរជាតិ តែ​ទន្ទឹម​គ្នា​នេះ ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​ក៏​ជា​ឆ្អឹង​ទទឹង ក សម្រាប់​ការ​រស់នៅ​របស់​ប្រទេស​ជង្រុកប្រេងកាត​នៅ​តំបន់​ដើមបូព៌ា​មួយ​នេះ​ដែរ។ ដូច្នេះ​សម្រាប់​ទីក្រុង​តេហេរ៉ង់ ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ គឺ​ជា​អ្វី​ដែល​ខ្លួន​កំពុង​ទន្ទឹង​រង់ចំា​ដើម្បី​រស់​ផង និង​ក៏​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ