Human Rights Watch អំពាវនាវសុំឲ្យអាមេរិកឈប់លក់គ្រាប់បែកឆ្លាតទៅ ឲ្យអារ៉ាប៊ី សាអូឌីត
ចុះផ្សាយនៅថ្ងៃ៖
អង្គការការពារសិទ្ធិមនុស្សHuman Rights Watch បានទទូចសុំឲ្យសភាអាមេរិកាំងអន្តរាគម បោះឆ្នោត ប្រឆាំងគម្រោងការរបស់រដ្ឋាភិបាលអាមេរិក ដែលចង់លក់គ្រាប់បែក ទៅឲ្យប្រទេសអារ៉ាប៊ី សាអូឌីត។ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ ទើបបានប្រកាសលក់គ្រាប់បែក និងមីស៊ីលតម្លៃ ១ ៣០០លានដុល្លារ ទៅឲ្យអារ៉ាប៊ី សាអូឌីត។ សម្រាប់អង្គការការពារសិទ្ធិមនុស្ស អារ៉ាប៊ី សាអូឌីតដែលដឹកនាំសម្ព័ន្ធអន្តរជាតិ វាយប្រហារទ័ពអាកាសក្នុងទឹកដីយេម៉ែន បានទម្លាក់គ្រាប់បែក សម្លាប់ភាគច្រើនប្រជាជនស៊ីវិល។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវសុំឲ្យរដ្ឋាភិបាលអាមេរិកប្តូរចិត្ត លែងលក់គ្រាប់បែក គ្រាប់មីស៊ីល ទៅឲ្យអារ៉ាប៊ី សាអូឌីត។ តាមអង្គការ Human Rights Watch អារ៉ាប៊ី សាអូឌីតដែលកំពុងដឹកនាំការវាយប្រហារផ្លូវអាកាសក្នុងប្រទេសយេម៉ែន បានទម្លាក់គ្រាប់បែក សម្លាប់មនុស្សមិនរើសមុខ។ តាមការស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស ពាក់កណ្តាលនៃជនរងគ្រោះដោយការទម្លាក់គ្រាប់បែករបស់យន្តហោះចម្បាំងអារ៉ាប៊ី សាអូឌីត គឺជាប្រជាជនស៊ីវិលយេម៉ែន។
នៅថ្ងៃចន្ទ ក្រសួងការបរទេស អាមេរិកប្រកាសឲ្យដឹងថា ទៅតាមការបញ្ជារទិញ របស់អារ៉ាប៊ី សាអូឌីត អាមេរិកនឹងលក់គ្រាប់បែកឆ្លាត គ្រាប់មីស៊ីល ដែលអាចទម្លុះរូងក្រោមដី រាប់ពាន់គ្រាប់ ទៅឲ្យទីក្រុងរីយ៉ាត។ តាមលោកចូ ស្តុក អនុប្រធានកម្មវិធីដើមបូព៌ា និងអាហ្វ្រិករបស់ Human Rights Watch រដ្ឋាភិបាលអាមេរិកបានដឹងច្បាស់ណាស់ថា សម្ព័ន្ធអន្តរជាតិដឹកនាំដោយអារ៉ាប៊ី សាអូឌីតបានទម្លាក់គ្រាប់បែក ដោយគ្មានការរើសអើង គ្មានបែងចែកថា គោលដៅជាពួកឧទ្ទាម ហ៊ូទីស្ហ ឬជនស៊ីវិល។ “ការផ្តល់ លក់គ្រាប់បែកដ៏ទំនើបៗ ទៅឲ្យអារ៉ាប៊ី សាអូឌីតសម្រាប់ទៅសម្លាប់ប្រជាជនស៊ីវិលយេម៉ែន នឹងធ្វើឲ្យអាមេរិកចូលរួមទទួលខុសត្រូវមួយចំណែកដែរ” នេះជាប្រសាសន៍របស់លោកចូ ស្តុក។
អង្គការការពារសិទ្ធិមនុស្សដែលមានទីតាំងនៅទីក្រុងញូវយ៉ក បាននិយាយកាលពីខែតុលាមុនថា ខ្លួនបានប្រមូលបានឯកសារមួយចំនួន ដែលបង្ហាញថា សម្ព័ន្ធអន្តរជាតិដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានរំលោភច្បាប់សង្រ្គាម។ តាមមន្រ្តី អង្គការ Human Rights Watch សភាអាមេរិកមានសិទ្ធតួនាទីទប់ស្កាត់កុំឲ្យរដ្ឋាភិបាលអាមេរិកលក់អាវុធ ដែលគេនឹងអាចយកទៅ ប្រើ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។
ការអំពាវនាវរបស់ Human Rights Watchអាចជាការឥតប្រយោជន៍ ព្រោះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកអាមេរិក សភានឹងបើកភ្លើងខៀវឲ្យរដ្ឋាភិបាលអាមេរិកលក់អាវុធទៅអារ៉ាប៊ី សាអូឌីត ដែលជាសម្ព័ន្ធមិត្ត រួមដៃ ជាមួយអាមេរិក ប្រយុទ្ធប្រឆាំង នឹងក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។ សូមបញ្ជាក់ថា តាំងពីខែមីនា មក អារ៉ាប៊ី សាអូឌីត ដែលគាំទ្រប្រធានាធិបតីយេម៉ែន (បណ្តេញចេញពីអំណាច)បានបញ្ជូនយន្តហោះ ទៅទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាម ហ៊ូទីស្ហ ដែលគាំទ្រ ដោយអ៊ីរ៉ង់ សត្រូវរបស់អារ៉ាប៊ី សាអូឌីត។ តាមអង្គការសហប្រជាជាតិ ចាប់តាំងពីមានការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ី សាអូឌីត នៅក្នុងប្រទេសយេម៉ែន មនុស្សប្រមាណ ៥៧០០នាក់បានស្លាប់ ដែលពាក់កណ្តាលជាជនស៊ីវិល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ