អ៊ីរ៉ង់

អ៊ីរ៉ង់​ចង់​ពង្រីក​កម្មវិធី​គ្រាប់មីស៊ីលអន្តរទ្វីប​ប្រឈម​នឹង​​អាមេរិក​ដែល​ចង់​ដាក់​ទ័ណ្ឌកម្ម​ថ្មី

លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី
លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី

បន្ទាប់​ពី​ស្ងប់ស្ងាត់​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ អាមេរិក​គ្រោង​នឹង​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ទាក់ទង​នឹង​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប។ ជា​ការ​ឆ្លើយ​តប​នឹង​គម្រោង​ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក អ៊ីរ៉ង់​តាម​រយៈ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ភាព​ចាំ​បាច់​ដែល​អ៊ីរ៉ង់​ត្រូវ​ពន្លឿន​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់​ដែល​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​សរសេរ​ថា ប្រឈម​នឹង​នយោបាយ​អរិភាព​របស់​សហរដ្ឋអាមេរិក វា​ពិត​ជា​ចាំបាច់​ដែល​អ៊ីរ៉ង់​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន​យ៉ាង​មធ្យ័ត និង​បន្ទាន់។ ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋ​អ៊ីរ៉ង់​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សារព័ត៌មាន​អាមរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា រដ្ឋបាល​អាមេរិក​ត្រូវ​អនុម័ត​នូវ​ទ័ណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​នឹង​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ចំនួន ១១រូប។ គម្រោង​ទ័ណ្ឌកម្ម​របស់​អាមេរិក​ដែល​បាន​លេច​ខ្ចរខ្ចាយ​នៅ​ក្រោយ​អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​កាល​ពី​ខែ​តុលា និង​វិច្ឆិកា​កន្លង​ទៅ។

ក្រៅ​ពី​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្រ្តី​ការពារជាតិ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ក៏​បាន​បញ្ជាក់​ថា កម្លាំងទ័ព​អ៊ីរ៉ង់​ក៏​ត្រូវ​បង្កើន​សមត្ថភាព​កម្មវិធី​គ្រាប់មីស៊ីល​របស់​ខ្លួន​ក្នុង​ករណី​ដែល​មាន​វិធានការ​ទ័ណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក។ គួរ​ជម្រាប​ជូន​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ៊ីរ៉ង់​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ក្រោម​ទ្រង់ទ្រាយ​ធំ​នូវ​កម្មវិធី​គ្រាប់មីស៊ីល​បាញ់​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ទៅ ២ ០០០គីឡូម៉ែត្រ ពោល​អាច​បាញ់​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល និង​មូលដ្ឋាន​ទ័ពអាមេរិក​ជា​ច្រើន​កន្លែង​នៅ​ក្នុង​តំបន់​ដើមបូព៌ា។

កម្មវីធី​គ្រាប់មីស៊ីលអន្តរទ្វីប​របស់​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​អាមេរិក និង​អ៊ីស្រាអែល​ព្រួយបារម្ភ​ក្រៃលែង ពិសេស​បន្ទាប់​ពី​ទីក្រុង​តេហេរ៉ង់​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​មិន​កម្រិត​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប​ទេ ទោះ​បី​ជា​មាន​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លែអ៊ែរ​ជាមួយ​សហគមន៍​អន្តរជាតិ​ក៏​ដោយ។ ដូច្នេះ​ឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ប្រមុខ​រដ្ឋ​អ៊ីរ៉ង់​ពេល​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI