កិច្ចព្រមព្រៀងប្រវត្តិសាស្រ្តស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅទីបំផុតទៅ ប្រទេសមហាអំណាច ទាំង ៦ និងអ៊ីរ៉ង់ បានចរចា យល់ស្របគ្នា រកឃើញ កិច្ចព្រមព្រៀងជាផ្លូវការ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅព្រឹកព្រលឹម ថ្ងៃអង្គារទី ១៤ កក្កដា។ ប្រធានាធិបតីអ៊ីរ៉ង់បានសរសេរសារ អបអរកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ក្នុងពេលដែលលោកប្រធានាធិបតីអាមេរិកបានព្រមានត្រលប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ក្នុងករណី អ៊ីរ៉ង់ មិនគោរពតាមកិច្ចព្រមព្រៀង។
រដ្ឋមន្រ្តីការបរទេសរបស់ភាគីចរចាទាំងពីរ គឺអ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំង៦ បានចរចាយ៉ាងស្វិតស្វាញ នៅក្នុងរយៈពេល ១៧ថ្ងៃចុងក្រោយនេះ នៅទីក្រុវវីយ៉ែន ប្រទេសអូទ្រីស ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ទិសដៅចំបងនៃកិច្ចព្រមព្រៀងនេះ នេះ គឺអ៊ីរ៉ង់ត្រូវបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ អាមេរិក និងសហភាពអឺរ៉ុប។
ការចរចានៅទីក្រុងវីយ៉ែន ផ្តោតសំខាន់ទៅលើចំណុចលម្អិត បញ្ហាបច្ចេកទេស និងផ្លូវច្បាប់ដើម្បីអនុវត្តកិច្ចព្រមព្រៀងចុងក្រោយ បន្ទាប់ពីភាគីទាំងពីរបានយល់ស្របគ្នាលើកិច្ចព្រមព្រៀងគោល កាលពីខែមេសាកន្លងទៅ។ ចំណុចគោល សំខាន់ បី ដែលគ្រប់ភាគីនៅតុចរចាលើកមកនិយាយ នោះគឺ៖
ទី១ សុពលភាព នៃការអនុវត្តកិច្ចព្រមព្រៀង។ ប្រទេសមហាអំណាច ជាពិសេស អាមេរិកធ្លាប់ទាមទារចង់ត្រួតពិនិត្យ តាមដានកម្មវិធីនុយក្លេអ៊ែរ ក្នុងរយៈពេល ១៥ ឆ្នាំ ដើម្បីឲ្យប្រាកដថា អ៊ីរ៉ង់នឹងមិនឆ្លៀត បន្លំប្រើកម្មវិធីនុយក្លេអ៊ែរក្នុងបំណងយោធា ដើម្បីផលិតគ្រាប់បែកបរិមាណូ។ ប៉ុន្តែ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ បានបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រួតពិនិត្យ ក្នុងរយៈពេល យ៉ាងតិច ១០ឆ្នាំ។ ១០ឆ្នាំ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងផ្លូវការ គឺជារយៈពេល ដែលអ៊ីរ៉ង់ទាមទារចង់បាន។
ចំណុចសំខាន់ទី ២ គឺការដកទណ្ឌកម្មសេដ្ឋកិច្ចដែលសហគមន៍អន្តរជាតិដាក់ទៅលើអ៊ីរ៉ង់តាំង ពីឆ្នាំ ២០០៦មក។ អ៊ីរ៉ង់បានទាមទារឲ្យគេដកទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗ នៅក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ប៉ុន្តែ តាមកិច្ចព្រមព្រៀងចុងក្រោយថ្ងៃនេះ ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ នឹងត្រូវដកចេញ ជាបណ្តើរៗ គឺអាស្រ័យទៅលើសកម្មភាព របស់អ៊ីរ៉ង់។ បើសិនអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀង ទាំងអស់ នោះ គេរំពឹងថា ទណ្ឌកម្មសេដ្ឋកិច្ចដំបូង នឹងត្រូវដកចេញពីអ៊ីរ៉ង់ នៅចុងឆ្នាំនេះ។ ប៉ុន្តែ បើសិនអ៊ីរ៉ង់ រំលោភកិច្ចព្រមព្រៀង នោះ សហគមន៍អន្តរជាតិនឹងអាចដាក់ត្រលប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ តែក្នុងរយៈពេល ៦៥ថ្ងៃ។
ចំណុចសំខាន់ទី ៣ គឺនិយាយពីការពង្រឹងការត្រួតពិនិត្យតាមដានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តាមកិច្ចព្រមព្រៀង គឺទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិAIEA ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិដែលជាអ្នកដើរតួនាទី ត្រួតពិនិត្យ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុងកិច្ចព្រមព្រៀងថ្ងៃនេះ អ៊ីរ៉ង់បានសន្យាកាត់បន្ថយម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ានីញ៉ូមឲ្យបាន ២ភាគ៣ គឺ ពីចំនួន ១៩ ០០០ គ្រឿងមកនៅត្រឹម ជាង៥ពាន់គ្រឿង។ លើសពីនោះ អ៊ីរ៉ង់បានយល់ព្រមថា នឹងបើកឲ្យអ្នកជំនាញចូលទៅត្រួតពិនិត្យ ទីតាំងនុយក្លេអ៊ែររបស់យោធាអ៊ីរ៉ង់។ អ៊ីរ៉ង់កំណត់ ព្រំដែន នៃការចូលត្រួតពិនិត្យ ក្នុងទីតាំង យោធាដែលខ្លួនធ្លាប់តែបិទ កន្លងមក។ ប៉ុន្តែ ការដែលអ៊ីរ៉ង់យល់ព្រមឲ្យគេចូលពិនិត្យមើលទីតាំងយោធារបស់ខ្លួនគឺ បញ្ជាក់ថា អ៊ីរ៉ង់ បានព្យាយាមសហការ បន្ទន់ជំហរ ជាមួយភាគីប្រទេសមហាអំណាច ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីអ៊ីរ៉ង់។
រឿងបម្រាមនាំអាវុធ ចូលអ៊ីរ៉ង់ ដែលជាចំណុចខ្វែងគំនិតគ្នា និងធ្វើឲ្យការចរចាជាប់គាំង នៅចុងសប្តាហ៍នេះ ក៏ត្រូវបានសរសេរលម្អិត នៅក្នុងកិច្ចព្រមព្រៀងលើកនេះដែរ។ អ៊ីរ៉ង់ ដែលមានការគំាទ្រពីរុស្ស៊ីបានទាមទារឲ្យគេដកបម្រាមលក់នាំចូលអាវុធទៅអ៊ីរ៉ង់។ ប៉ុន្តែ ក្នុងបរិបទបច្ចុប្បន្ន នៅតំបន់ដើមបូព៌ា ជាពិសេស ការលូកដៃរបស់កងទ័ពអ៊ីរ៉ង់ នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានធ្វើឲ្យអាមេរិកប្រឆាំង មិនឲ្យគេដកបម្រាមលក់អាវុធទៅឲ្យអ៊ីរ៉ង់។ តាមមន្រ្តីទូតលោកខាងលិច នៅក្នុងកិច្ចព្រមព្រៀងមានសរសេរថា អង្គការសហប្រជាជាតិនៅតែរក្សាបម្រាម កុំឲ្យមានលក់នាំចូលអាវុធ ទៅអ៊ីរ៉ង់ ក្នុងរយៈពេល ៥ឆ្នាំទៅមុខ។ ចំណែកបម្រាមមិនឲ្យនាំចូលបច្ចេកវិទ្យាយោធា ទៅអ៊ីរ៉ង់នឹងអនុវត្តសម្រាប់រយៈពេល ៨ឆ្នាំដែរ។
ប្រធានាធិបតីអ៊ីរ៉ង់៖ កិច្ចព្រមព្រៀងនឹងបើកមុខ បើកមាត់អ៊ីរ៉ង់ នៅឆាកអន្តរជាតិ
អ្នកដែលត្រេកអរ និងទទួលបានប្រយោជន៍ច្រើនជាងគេ ពីកិច្ចព្រមព្រៀង នៅទីក្រុងវីយ៉ែន គឺរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់។ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី បានសរសេរសារអបអរកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ដែលភាគី អ៊ីរ៉ង់ និងប្រទេសមហាអំណាចបានបើកចរចា អស់ ២១មកហើយ។
ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាមេរិក និងសហភាពអឺរ៉ុបនៅឆ្នាំ ២០០៦ បានផ្ទប់ផ្លូវដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ តួយ៉ាង ការហាមមិនឲ្យទិញប្រេងពីអ៊ីរ៉ង់ជាដើម។ បើសិនទណ្ឌកម្មសេដ្ឋកិច្ចត្រូវដកចេញពីអ៊ីរ៉ង់ ផលប្រយោជន៍ដំបូងដែលអ៊ីរ៉ង់ត្រូវទទួលបាន គឺទ្រព្យសម្បត្តិ ប្រាក់ចំណូល ជាង ១៥០ពាន់លានដុល្លារ ដែលអ៊ីរ៉ង់ បានមកពីការលក់ប្រេង និងដាក់នៅធនាគារបរទេស ប៉ុន្តែ ត្រូវអាមេរិក និងសហភាពអឺរ៉ុប ផ្អឹបកក មិនឲ្យអ៊ីរ៉ង់បើកបាន ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច។
អ៊ីរ៉ង់បានទទួលផលប្រយោជន៍សេដ្ឋកិច្ច ពីកិច្ចព្រមព្រៀងដែលអ៊ីរ៉ង់ទើបរកឃើញជាមួយ ប្រទេសមហាអំណាច។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងលើកនេះ នឹងបើកផ្លូវ អ៊ីរ៉ង់ឲ្យត្រលប់ទៅមានទំនាក់ទំនងល្អឡើងវិញ ជាមួយសហគមន៍អន្តរជាតិ ជាពិសេស វានឹងបើកផ្លូវឲ្យអ៊ីរ៉ង់ ត្រលប់មកមានទំនាក់ទំនងធម្មតា ជាមួយ អាមេរិក។
កិច្ចព្រមព្រៀងលើកនេះ បញ្ជាក់ផងដែរ ពីជោគជ័យ ផ្នែកការទូត មួយទៀត របស់លោកប្រធានាធិបតីអូបាម៉ា បន្ទាប់ពីសំណុំរឿងគុយបា។ លោកអូបាម៉ាបានចំណេញមុខមាត់ខ្លាំងណាស់ ពីកិច្ចព្រមព្រៀងលើកនេះ ព្រោះថា វិបត្តិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាជម្ងឺរ៉ាំរ៉ៃ ជាង ១០ឆ្នាំមកហើយ ដែលគ្មានមេដឹកនាំ ប្រទេសណាមួយ អាចដោះស្រាយចេញរួច។ នៅចំពោះមុខក្រុមប្រឆាំង លោកអូបាម៉ាបានថ្លែងការពារនយោបាយរបស់លោកថា ទណ្ឌកម្មសេដ្ឋកិច្ចមិនបានរារាំង អ៊ីរ៉ង់ ឲ្យឈប់កម្មវិធីនុយក្លេអ៊ែរយោធានោះទេ។ មានតែកិច្ចព្រមព្រៀងតាមរយៈការចរចាការទូត ដែលនឹងបើកផ្លូវឲ្យគេចូលទៅតាមដានជិតបំផុតកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលនឹងអាចជួយធានាថា អ៊ីរ៉ង់ នឹងមិនលួចលាក់ផលិតអាវុធបរិមាណូ។
ក្រៅតែពីលោកអូបាម៉ា ប្រធានាធិបតីរុស្ស៊ី នាយករដ្ឋមន្រ្តីអង់គ្លេស បានសំដែងការអបអរកិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ចំណែក អ៊ីស្រាអែលដែលជាសត្រូវរបស់អ៊ីរ៉ង់ បានចាត់ទុកដូចជាពេលមុនថា កិច្ចព្រមព្រៀង ជាមួយ អ៊ីរ៉ង់ គឺជាកំហុសប្រវត្តិសាស្រ្ត។ នៅក្រោយដំណឹងថា មានកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានព្រមានថា អ៊ីស្រាអែលនឹងប្រើគ្រប់មធ្យោបាយ ដើម្បី រារាំងកុំឲ្យកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ត្រូវបោះឆ្នោត អនុម័ត នៅសភា អាមេរិកាំង។ លោកប្រធានាធិបតី អាមេរិក វិញដែលនឹងប្រឈមនឹងការបោះឆ្នោតប្រឆាំងរបស់គណបក្សសាធារណរដ្ឋនៅសភា បានព្យាយាមនិយាយបញ្ចុះបញ្ចូលប្រជាជនអាមេរិកាំង និងសម្ព័ន្ធមិត្ត អ៊ីស្រាអែល ឬអារ៉ាប៊ី សាអូឌីត ដែលនៅអរិភាព មិនទុកចិត្តអ៊ីរ៉ង់។ លោកអូបាម៉ា បានថ្លែង នៅថ្ងៃនេះ ទណ្ឌកម្មសេដ្ឋកិច្ចនឹងត្រលប់ទៅច្របាច់កអ៊ីរ៉ង់វិញ បើសិនអ៊ីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀង។
កាលបរិច្ឆេទធំៗ នៃវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់។
-វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានបំពុលទំនាក់ទំនងអ៊ីរ៉ង់ និងសហគមន៍អន្តរជាតិជាង១០ឆ្នាំមកហើយ បានផ្ទុះឡើង ដំបូង នៅឆ្នាំ ២០០៣ នៅពេលដែលទីភ្នាក់ងារ ថាមពលបរិមាណូអន្តរជាតិ AIEA បានរកឃើញ ដានចម្រើនធាតុអ៊ុយរ៉ានីញ៉ូម នៅរោងចក្រនុយក្លេអ៊ែរ ពីរ នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។
-អ៊ីរ៉ង់ នៅឆ្នាំ ២០០៥ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអភិរក្សនិយម បានបែរខ្នង មិនចរចា ជាមួយសហគមន៍អន្តរជាតិ និងផ្ទុយទៅវិញ ផ្គើនផលិតបន្ថែមម៉ាស៊ីនសម្រាប់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម រហូតធ្វើឲ្យអ៊ីរ៉ង់មានម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ដល់ ១៩ ០០០គ្រឿង នៅឆ្នាំ ២០១៤។
-ឆ្នាំ ២០០៦ ក្រុមប្រឹក្សាសន្តិសុខ ដែលមានប្រទេសសមាជិកអចិន្ត្រៃយ៍ អាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី បានប្រកាសដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។
-នៅឆ្នាំ ២០១២ បន្ទាប់ពីAIEAចេញរបាយការណ៍មកថា អ៊ីរ៉ង់លួចលាក់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម នៅទីតាំងសម្ងាត់ សម្រាប់ប្រើក្នុងកម្មវិធីនុយក្លេអ៊ែរយោធា ឬនិយាយឲ្យស្រួលស្តាប់ សម្រាប់ផលិតគ្រាប់បែកបរិមាណូ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ បានផ្អឹបរាល់ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ នៅ បរទេស និងដាក់បម្រាមមិនឲ្យគេទិញ ប្រេងពីអ៊ីរ៉ង់។
-នៅឆ្នាំ ២០១៣ ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយប្រទេសមហាអំណាចបានចាប់ផ្តើម និងម៉ត់ចត់ ជាងពេលណាៗ ទាំងអស់។ លោកហាសាន រ៉ូហានី ដែលបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតី អ៊ីរ៉ង់ នៅឆ្នាំ ២០១៣ បានសន្យាទាមទារឲ្យគេដកទណ្ឌកម្មសេដ្ឋកិច្ចពី អ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់ មានជំហរដើរស្របគ្នានឹងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ដែលបានប្រកាស តាំងពីលោកក្លាយជាប្រធានាធិបតី អាមេរិក នៅឆ្នាំ ២០០៩ថា លោកចង់បិទបញ្ចប់វិបត្តិនុយក្លេអ៊ែរនៅក្នុងអាណត្តិរបស់លោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ