អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល​ប្រារព្ធ​ខួបគម្រប់ ២០ឆ្នំា​នៃ​មរណៈភាព​លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន ចំ​ពេល​រលក​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

សំឡេង ០៤:៣៥
លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន (រូបឆ្វេង) កំពុង​ចាប់​ដៃ​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​​យ៉ាស់សេ អារ៉ាហ្វាត​ថ្ងៃ​ទី១៣ កញ្ញា ១៩៩៣ ក្រោម​​វត្តមាន​លោក​ប្រធានាធិបតី​អាមេរិក​គ្កីនតុន
លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន (រូបឆ្វេង) កំពុង​ចាប់​ដៃ​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​​យ៉ាស់សេ អារ៉ាហ្វាត​ថ្ងៃ​ទី១៣ កញ្ញា ១៩៩៣ ក្រោម​​វត្តមាន​លោក​ប្រធានាធិបតី​អាមេរិក​គ្កីនតុន REUTERS/Gary Hershorn/Files
២៩ នាទី

នៅ​ថ្ងៃ​ចន្ទ ទី២៦ តុលា ប្រទេស​អ៊ីស្រាអែល​បាន​រៀបចំ​ពិធី​រម្លឹក​ខួប​គម្រប់ ២០ឆ្នំា​នៃ​មរណៈភាព​​លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន (Yitzhak Rabin) អតីត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល។ លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន​ត្រូវ​បាន​ជនជាតិ​ជ្វីហ្វ​ជ្រុលនិយម​ម្នាក់​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី៤ វិច្ឆិកា ឆ្នំា ១៩៩៥ ដោយសារ​តែ​លោក​រ៉ាប៊ីន​ចង់​បាន​សន្តិភាព​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។ អ្វី​ជា​ការ​កត់សម្គាល់ ថ្ងៃ​ប្រារព្ធ​ខួប​គម្រប់ ២០ឆ្នំា​នៃ​មរណៈភាព​លោក​រ៉ាប៊ីន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អ៊ីស្រាអែល​បាន និង​កំពុង​ឆ្លងកាត់​នឹង​អំពើហិង្សា​ជាមួយ​នឹង​ប៉ាឡេស្ទីន​គ្មាន​រលួស​ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

កាល​ពី ២០ឆ្នំា​មុន​ក្នុង​ថ្ងៃទី៤ វិច្ឆិកា ឆ្នំា ១៩៩៥ លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន​ដែល​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ចំនួន​ពីរ​ដង គឺ​លើក​ទី១ ​ពី​ឆ្នំា ១៩៧៤ ដល់​ឆ្នំា ១៩៧៧ និង​លើកទី២ ពី​ឆ្នំា ១៩៩២ ដល់​ឆ្នំា ១៩៩៥ ត្រូវ​បាន​ជនជាតិ​ជ្វីហ្វ​ជ្រុលនិយម​អាយុ ២៥ឆ្នំា​​ម្នាក់​បាញ់​សម្លាប់​ចោល​នៅ​ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​រ៉ាប៊ីន​ក្នុង​ទីក្រុង​តេឡាវី។ ឃាតកម្ម​សម្លាប់​លោក​រ៉ាប៊ីន​កាលណោះ​ក៏​ដោយសារ​តែ​លោក​ចង់​បាន​សន្តិភាព​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។ ពិធី​រម្លឹក​ខួប​គម្រប់ ២០ឆ្នំា​នៃ​មរណៈភាព​លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន​ពេល​នេះ​មិន​ត្រូវ​បាន​គេ​រៀបចំ​ជា​លក្ខណៈ​ធំដុំ​ប៉ុន្មាន​ទេ ព្រោះ​មាន​មនុស្សម្នា​ចូល​រួម​តែ​ប្រមាណ ១០០នាក់​ប៉ុណ្ណោះ។

តែ​អ្វី​ដែល​សំខាន់ សកម្មជន​ស្តី្រ​ម្នាក់​ឈ្មោះ​អេលីណា អេម៉ុង​មក​ពី​គណបក្ស​ឆ្វេងនិយម​ដូច​សព​លោក​រ៉ាប៊ីន​បាន​ចាត់​ទុក​ការ​ជួបជុំ​ពេល​នេះ​ថា ជា​ការ​ជួបជុំ​ដើម្បី​សន្តិភាព និង​ថា លោក​រ៉ាប៊ីន​បាន​ផ្តល់​ឲ្យ​មាន​ក្តី​សង្ឃឹម​សន្តិភាព។ រូបសកម្មជន​អេលីណា​ដដែល​ក៏​បាន​បង្ហាញ​ពី​ជំហរ​ធុញទ្រាន់​របស់​លោកស្រី​នឹង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សព្វថ្ងៃ។ អ្វី​ដែល​លោកស្រី​ចង់​បាន គឺ​ដំណោះស្រាយ​មួយ​តាម​រយៈ​ការ​បង្កើត​រដ្ឋ​ចំនួន​ពីរ​សម្រាប់​ប្រជាជាតិ​ពីរ​ខុស​គ្នា​អ៊ីស្រាអែល ប៉ាឡេស្ទីន។ ដោយឡែក សកម្មជន​ស្រ្តី​ម្នាក់​ទៀត​ចូល​និវត្ត​មក​ពី​​គណបក្សឆ្វេង​និយម​ដែល​បាន​បញ្ជាក់​ថា លោកស្រី​គ្មាន​ជំនឿ​សោះ​ឡើយ​ថា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​អាច​នឹង​កើត​មាន​បាន​នៅ​ក្នុង​ការ​ដឹកនំា​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​សព្វថ្ងៃ​នេះ។

អ្វី​ជា​ការ​កត់​សម្គាល់ ពិធី​រម្លឹក​ខួប​គម្រប់ ២០ឆ្នំា​នៃ​មរណៈភាព​សកម្មជន​សន្តិភាព​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រលក​នៃ​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុង​បោកបក់​ខ្លំាង​តំាង​ពី​ជាង ៣សប្តាហ៍​កន្លង​ទៅ។ អ្វី​ដែល​មជ្ឈដ្ឋានជាតិ​នៅ​ប៉ាឡេស្ទីន នៅ​អ៊ីស្រាអែល និង​មជ្ឈដ្ឋាន​អន្តរជាតិ​កំពុង​សម្តែង​ក្តី​បារម្ភ​ខ្លំាង​នោះ គឺ​ខ្លាច​តែ​រលក​ហិង្សា​សព្វ​ថ្ងៃ​ក្លាយ​ជា​រលកយក្ស​ស៊ូណាមី​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ខ្លំាង​ដែល​គ្មាន​នរណា​អាច​គ្រប់គ្រង​បាន។ តែ​អ្វីៗ​វា​ហាក់​ដូច​ជា​ចង់​យឺត​ពេល​បន្តិច​សម្រាប់​ថ្នាក់ដឹកនំា​អ៊ីស្រាអែល​សព្វថ្ងៃ​ដែល​ចង់​ស្តារ​ឲ្យ​មាន​ឡើង​វិញ​នូវ​ស្មារតី​សន្តិភាព​របស់​លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន។

អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា តើ​ឃាតកម្ម​សម្លាប់​លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន​ពី​ជនជាតិ​ជ្វីហ្វ​ជ្រុលនិយនម​ម្នាក់​កាល​ពី ២០ឆ្នំា​មុន​ដោយសារ​តែ​លោក​ចង់​បាន​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​មិនមែន​ជា​ការ​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង​ទេ ឬ​យ៉ាង​ណា?

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​រូប​លោក​អ៊ីតហ្ស៉ាក់ រ៉ាប៊ីន​នោះ​ឯង​ដែល​ហ៊ាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នំា ១៩៩៣ ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​យ៉ាស់សេ អារ៉ាហ្វាត​ដែល​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃទី១១ វិច្ឆិកា ឆ្នំា ២០០៤ ដោយ​ជម្ងឺ។ កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​កាលណោះ គឺ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ចរចា​ស្ងាត់ៗ​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​រវាង​លោក​អារ៉ាហ្វាត និង​រ៉ាប៊ីន ហើយ​ពិធី​ចុះ​ហត្ថលេខា​ទៀត​សោត​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​អាមេរិក​ក្រោម​វត្តមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ប៊ីល គ្លីនតុន។

ពិភពលោក​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង​ចំពោះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​នោះ ហើយ​ឥស្សរជន​ដែល​រឹត​តែ​ធ្វើ​ឲ្យ​គេ​កោត​សរសើរ​ខ្លំាង​នោះ គឺ​លោក​អារ៉ាហ្វាត​ដែល​បាន​យល់ព្រម​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីស្រាអែល​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ស្វ័យភាពដែនដី​ប៉ាឡេស្ទីន។ មួយ​ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ១៩៩៤ ឥស្សរជន​នយោបាយ​ទំាង​ពីរ​រូប គឺ​លោក​អារ៉ាហ្វាត និង​លោក​រ៉ាប៊ីន ព្រម​ទំាង​ប្រមុខការទូត​អ៊ីស្រាអែល​ជំនាន់​នោះ គឺ​លោក​ស៊ីមន ប៉េរ៉េ​បាន​ទទួល​រង្វាន់ណូបែល​សន្តិភាព​ដូច​គ្នា។ កិច្ចចរចា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក្រោម​អន្តរការី​អាមេរិក​ក៏​បាន​ធ្វើ​ជា​ហូរហែ​រហូត​ដល់​ជាប់គំាង​ក្នុង​ឆ្នំា ២០០០ នា​ជំនួបកំពូល​រវាង​លោក​អារ៉ាហ្វាត និង​នាយករដ្ឋន្រ្តី​អ៊ីស្រាអែល​ជំនាន់​នោះ គឺ​លោក​អេហ៊ូត ប៉ារ៉ាក់។

ថ្ងៃ​នេះ និង​ក្រោយ​មរណៈភាព​លោក​រ៉ាប៊ីន និង​លោក​អារ៉ាហ្វាត​មក កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឆ្នំា ១៩៩៣ ក៏​ត្រូវ​បាន​កប់​យ៉ាង​ជ្រៅ​ក្នុង​ដី ហើយ​អ្វីៗ​ក៏​បាន​ចាប់​ផ្តើម​ផ្ទុះ​កក្រើក​ជា​ថ្មី​យ៉ាង​ពេញ​ទំហឹង។ ឥឡូវ​នេះ ទីលាន​វិហារ​សាសនា​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម​ខាង​កើត​កំពុង​បន្ត​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​សងសឹក​គ្នា ទីកន្លែង​សំអប់​គ្នា និង​ទីកន្លែង​គំនុំ​គុំកួន​គ្នា​រវាង​ក្រុមអ្នកជ្រុលនិយម​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ជម្លោះ​ថ្មី​ដែល​យក​សាសនា​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រយោជន៍​នយោបាយ គឺ​ជា​រឿង​គ្រោះថ្នាក់​ខ្លំាង​ណាស់​សម្រាប់​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ