អ៊ីស្រាអែល

តើ​អ៊ីស្រាអែល​នឹង​អាច​មាន​នាយករដ្ឋមន្រ្តី ដែល​ចង់​ឲ្យ​មាន​រដ្ឋ​ប៉ាឡេស្ទីនដែរ​ឬទេ?

ប្រជាជន​អ៊ីស្រាអែល​ទៅ​បោះឆ្នោតសភា មុន​កាលកំណត់ ថ្ងៃ​ទី ១៧ មីនា ២០១៥
ប្រជាជន​អ៊ីស្រាអែល​ទៅ​បោះឆ្នោតសភា មុន​កាលកំណត់ ថ្ងៃ​ទី ១៧ មីនា ២០១៥ ©REUTERS/Ronen Zvulun

ប្រជាជន​អ៊ីស្រាអែល ជាង​៥​លាន​នាក់ បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត សភា នៅថ្ងៃ​អង្គារ​នេះ។ គណបក្ស​ ចំនួន ២៥ ប្រកួតប្រជែង​សម្រាប់​អាសនៈ​ ១២០​នៅ​សភា ដែល​នៅក្នុង​នោះ មាន​គណបក្ស​ធំៗ ដូចជា លីឃូត គណបក្ស​ស្តាំនិយម​របស់​លោក​នាយករដ្ឋមន្រ្តី បិនចាមីន នេតានីញ៉ាហ៊ូ គណបក្ស​ពលករ​ដែល​ជា​គណបក្ស​ប្រឆាំង និង​ដែល​កំពុង​ចាប់ដៃ​ជាមួយ​គណបក្ស​កណ្តាល​និយម គណបក្ស​អ៊ីស្រាអែល​អារ៉ាប់ និង​គណបក្ស​សាសនា ultraorthodoxes​​ជាដើម។ លទ្ធផល​បោះឆ្នោត បណ្តោះអាសន្ន ដែល​ថា គណបក្ស​ណា​នឹង​បាន​ទទួល​សំឡេង​ច្រើន​ជាងគេ នឹង​អាច​ត្រូវ​គេ​ដឹង នៅថ្ងៃ​បោះឆ្នោត ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ជាច្រើន​សប្តាហ៍ ដើម្បី​ស្គាល់​មុខ​នាយករដ្ឋមន្រ្តី​ថ្មី​របស់​អ៊ីស្រាអែល។ 

ផ្សាយពាណិជ្ជកម្ម

ការរៀបចំ​ការបោះឆ្នោត​សភា មុន​កាល​កំណត់ ចេញ​មកពី​ការរំលាយ​សភា និង​រដ្ឋាភិបាល​ចម្រុះ កាលពី​បន្ទាប់ពី​ឆ្នាំ ២០១៤ បន្ទាប់ពី លោក​នាយក​រដ្ឋមន្រ្តី​មិន​ចូលចិត្ត​ជំហរ​នយោបាយ​របស់​លោកស្រី រដ្ឋមន្រ្តី​យុត្តិធម៌ ដែល​មក​ពី​គណបក្ស​កណ្តាល​និយម។

 
ការបោះឆ្នោត​សភា នៅ​ប្រទេស​អ៊ីស្រាអែល គឺ​ជា​ការបោះឆ្នោត ដែល​គេ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ ដូច​នៅ​កម្ពុជា។ ប្រជាជន​ទៅ​បោះឆ្នោត ជ្រើសរើស​គណបក្ស​នយោបាយ ប៉ុន្តែ មិនមែន​បោះឆ្នោត ឲ្យ​បេក្ខជន របស់​គណបក្ស​ដូច​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​នោះទេ។ ចំណុច​ដែល​ខុសប្លែក​ពី​កម្ពុជា គឺ​នៅត្រង់​ថា នៅ​អ៊ីស្រាអែល គ្មាន​គណបក្ស​ណា​មួយ ចូល​កាន់អំណាច តែម្នាក់ឯង​ផ្តាច់មុខ​នោះទេ។

នៅ​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ គណបក្ស​ធំៗ ពីរ របស់​អ៊ីស្រាអែល ដែល​នៅ​ក្នុង​នោះ គឺ​គណបក្ស​ពលករ ដែល​ជា​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន និង​គណបក្ស​លីឃូត ដែល ជា​គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បច្ចប្បន្ន បាន​បែកបាក់ បាត់បង់​សំឡេង ដោយសារ​តែ អតីត​សមាជិក​របស់​បក្ស​បាន​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី រហូត ធ្វើ​ឲ្យ​សំឡេង​របស់​បក្ស​ធំៗ ត្រូវ​បែក​គ្នា ជា​បំណែក​តូចៗ។

ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​មួយ គណបក្ស​ត្រូវ​តែ​មាន​អាសនៈ​ចំនួន ៦១ ក្នុង​ចំណោម អាសនៈ​សរុប​ចំនួន ១២០។ ប៉ុន្តែ នៅ​អ៊ីស្រាអែល គ្មាន​គណបក្ស​ណាមួយ ឈ្នះ​ឆ្នោត ទទួល​បាន​កៅអី​ភាគច្រើន​នៅ​សភា​នោះទេ។ ជាទូទៅ គណបក្ស​ធំៗ អាច​ទទួល​បាន​សំឡេង ជាង ២០​អាសនៈ​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍​គណបក្ស​លីឃូត​របស់​លោក​នាយក​រដ្ឋមន្រ្តិ បិនចាមីន នេតានីញ៉ាហ៊ូ​ដែល​មាន​តែ​២០​អាសនៈ បាន​ចរចា​ជាមួយ​គណបក្ស​ដទៃទៀត ដើម្បី បង្កើត​រដ្ឋាភិបាល​ចម្រុះ​រហូតមក។

រហូត​មក​ដល់​សព្វថ្ងៃ​នេះ អ៊ីស្រាអែល​តែងតែ​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ចម្រុះ មាន​ន័យ​ថា មាន​យ៉ាង​ហោច គណបក្ស​បី​ចូលរួម​ក្នុង​រដ្ឋាភិបាល។ គណបក្ស ណាមួយ ដែល​បាន​ទទួល​សំឡេង​ច្រើន​ជាង​គណបក្ស​មួយ​ទៀត មិន​ប្រាកដ​ថា នឹង​អាច បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ដទៃនោះទេ។ អ្វីៗ​គឺ​ស៊ីសង​ទៅលើ​ការចរចា និង​គោលជំហរ​របស់​បក្ស​នីមួយៗ។ កាលពី​ឆ្នាំ ២០០៩ គណបក្ស​កណ្តាលនិយម​បាន​ទទួល​សំឡេង​នាំមុខ ឈ្នះ​គណបក្ស​លីឃូត​បាន​មួយ​កៅអី​តែប៉ុណ្ណោះ ប៉ុន្តែ នៅ​ទី​បំផុត ក្រោយ​ការចរចា យ៉ាង​តឹងតែង​ជាមួយ​គណបក្ស​បាន​ទទួល​សំឡេង​ឆ្នោត​ដទៃ​ទៀត គឺ​គណបក្ស លីឃូត​របស់​លោក​នាយករដ្ឋមន្រ្តី នេតានីញ៉ាហ៊ូ ដែល​បាន​ជោគជ័យ ប្រមែប្រមូល​គណបក្ស​ផ្សេងទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

គណបក្ស​ប្រឆាំង​រិះគន់​នាយករដ្ឋមន្រ្តី​ថា គិត​តែ​ភ័យ​រឿង​អសន្តិសុខ រហូត​ភ្លេច​បញ្ហា​សេដ្ឋកិច្ច និង​សង្គម
នៅ២​ថ្ងៃ​មុន​ការបោះឆ្នោត ការស្ទង់មតិ​មួយ​បង្ហាញ​ថា គណបក្ស​លីឃូត របស់​នាយក​រដ្ឋមន្រ្តី អស់អាណត្តិ លោក​បិនចាមីន នេតានីញ៉ាហ៊ូ មាន​សំឡេង​គាំទ្រ តិចជាង បក្ស​ប្រឆាំង ដែល​មក​ពី​ក្រុម​កណ្តាល​ឆ្វេង​និយម ដល់​ទៅ​៤​កៅអី។

គូប្រជែង​របស់លោក​បិនចាមីន នេតានីញ៉ាហ៊ូ គឺ​លោក​ អ៊ីសាក់ អ៊ែរហ្សុក មក​ពី​គណបក្ស​ពលករ។ លោក​ អ៊ីសាក់ អ៊ែរហ្សុក បាន​ចាប់ដៃ​ជាមួយ អ្នកនយោបាយ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​មួយ គឺ​លោកស្រី ត្សីពី លីវនី មកពី​គណបក្ស​កណ្តាល​និយម ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​យុត្តិធម៌ នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​អាណត្តិ​មុន។

ការស្ទង់មតិ​បង្ហាញថា គណបក្ស​ពលករ​នឹង​អាច​ទទួល​បាន​សំឡេង ពី ២៤ ទៅ ២៦​កៅអី​នៅ​សភា ក្នុង​ពេល​ដែល​គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​អស់អាណត្តិ​នឹង​អាច​បាន​ទទួល​តិចជាង ២០​អាសនៈ។

គណបក្ស​ឆ្វេង​និយម​អាច​អូសទាញ​សំឡេង​គាំទ្រ​ច្រើន ដោយមក​ពី​គណបក្ស​នេះ​បាន​លើក​និយាយ​ច្រើន​ពី​បញ្ហា​សេដ្ឋកិច្ច ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​កំពុង​លំបាក ដោយសារ​តែ​ទំនិញ​ឡើងថ្លៃ។ គណបក្ស​ប្រឆាំង​បាន​វាយប្រហារ​រដ្ឋាភិបាល​របស់​លោក​បិនចាមីន នេតានីញ៉ាហ៊ូ ថា គិត​និយាយ​តែ​ពី​បញ្ហា​សន្តិសុខ ជ្រុល​ហួសហេតុ និង​យក​បញ្ហា​នេះ ទៅ​បំភិតបំភ័យ​ប្រជាជន ក្នុង​ពេល​ដែល ប្រជាជន​អ៊ីស្រាអែល តាមពិត កំពុងប្រឈម​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​ការខ្វះ​លំនៅឋាន។

ក្នុង​សំណុំរឿង​សំណង់​អាណានិគមកិច្ច​នៅ​ទឹកដី​ហ្សេរូសេឡឹម ដែល​អ៊ីស្រាអែល​កាន់កាប់​មួយផ្នែក ប្រធាន​គណបក្ស​​ពលករ មិន​សូវ​ជា​ចេញមុខ និយាយ​ច្រើន​ប៉ុន្មាន​ទេ ព្រោះ ​វា​ជា​ប្រធានបទ​រសើប ដែល​នឹងអាច​ធ្វើគណបក្ស​​បាត់បង់​សំឡេង​គំាទ្រ​ពី​ប្រជាជន​អ៊ីស្រាអែល។

គណបក្ស​ពលករ មាន​ជំហរ​ចង់​ឲ្យ​មាន​រដ្ឋ​ពីរ គឺ​រដ្ឋអ៊ីស្រាអែល និង​រដ្ឋប៉ាឡេស្ទីន។ គណបក្ស​ឆ្វេងនិយម​មួយនេះ​បាន​​សន្យាថា បើសិន​ខ្លួន​ឈ្នះឆ្នោត នោះ ​អ៊ីស្រាអែល នឹង​ចរចា ជាមួយ​​ប៉ាឡេស្ទីន ដោយ​មិន​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​បាត់បង់​ទឹកដី​នោះទេ ដោយ​រួមទាំង​ទីក្រុង​ហ្សេរូសេឡឹម​ផងដែរ។ បច្ចុប្បន្ននេះ អ៊ីស្រាអែល​នៅ​ចូលកាន់កាប់ ទឹកដី​ពាក់កណ្តាល របស់​ហ្សេរូសេឡឹម។ ប៉ាឡេស្ទីនដែល​​ទាមទារ​ឲ្យ​អ៊ីស្រាអែល​គោរព​ខ្សែព្រំដែន ឆ្នាំ ១៩៦៧ ចង់​ទារ​យក​ហ្សេរូសេឡឹម​ទៅ​ធ្វើ​ជា​រដ្ឋធានី​របស់​ប៉ាឡេស្ទីន។

លោក​បិនចាមីន នេតានីញ៉ាហ៊ូ សង្ឃឹម​រួបរួម​ជាមួយ​គណបក្ស​ស្តាំជ្រុលនិយម និង​គណបក្ស​សាសនា​ultraorthodoxes។ ចំណែក​គណបក្ស​ពលករ​វិញ​សង្ឃឹម​បាន​ការចូលរួម​ពី​គណបក្ស​កណ្តាល​ឆ្វេងនិយម និង​គណបក្ស​ultraorthodoxes​នេះ​ដែរ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

ការបោះឆ្នោត ត្រូវ​ចប់​នៅថ្ងៃ​អង្គារ ប៉ុន្តែ ផ្លូវចរចា​ដើម្បី​ឈាន​ទៅដល់​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ នៅ​វែងឆ្ងាយ​តទៅទៀត។ យ៉ាងណាក៏ដោយ គេ​ក៏​នៅ​តែ​មិន​ច្បាស់​ថា រដ្ឋាភិបាល​ចម្រុះ​ថ្មី​របស់​អ៊ីស្រាអែល​នឹង​អាច​មានអាយុ​វែង​បាន​ប៉ុណ្ណា​ទេ ព្រោះថា នៅ​អ៊ីស្រាអែល រដ្ឋាភិបាល​ដែល​កើតចេញ​មក​ពី​គណបក្ស​ច្រើន មាន​និន្នាការ​នយោបាយ​ផ្សេងៗ គ្នា ឧស្សាហ៍​ផុយស្រួយ បែកបាក់ ទៅវិញ នៅក្រោយ​ចូលកាន់​អំណាច បាន​ត្រឹម​ប៉ុន្មានឆ្នាំ​ប៉ុណ្ណោះ ដូច​រដ្ឋាភិបាល​អាណត្តិមុន ជា​ឧទាហរណ៍​ស្រាប់។ ក្នុង​ចំណោម​ការបោះឆ្នោត​សភា ចំនួន ១៩​កន្លងមក មានតែ​រដ្ឋាភិបាល​តែ​៦​ប៉ុណ្ណោះ ដែល​អាច​បំពេញ​ការងារ​ចប់អាណត្តិ​៤​ឆ្នាំ​របស់ខ្លួន។

ការបោះឆ្នោត អ៊ីស្រាអែល​ស្ថិតនៅក្រោម​ការតាមដាន​យ៉ាងយក​ចិត្ត​ទុកដាក់​ពី​ សហគមន៍​អន្តរជាតិ
អ៊ីស្រាអែល​ដើរ​តួនាទី​សំខាន់​នៅក្នុង​តំបន់​ដើមបូព៌ា។ បរាជ័យ​របស់​គណបក្ស​ស្តាំ​និយម​របស់​លោក​នាយករដ្ឋមន្រ្តី​បិនចាមីន នេតានីញ៉ាហ៊ូ នឹង​អាច​ឲ្យ​គេ​សង្ឃឹមថា​ច្រើន ថា អ៊ីស្រាអែល ដែល​ដឹកនាំ​ដោយ​គណបក្ស​ឆ្វេង​និយម និង​ងាកទៅ​រក​ក្រុមប៉ាឡេស្ទីន នឹង​អាច​ត្រលប់​ទៅ​ចរចា​សន្តិភាព ជាមួយ​ប្រទេស​ប៉ាឡេស្ទីន។ គេ​ចង់​ដឹង​ដែរ​ថា តើ​នាយករដ្ឋមន្រ្តី​ថ្មី​របស់​អ៊ីស្រាអែល​នឹង​មាន​ជំហរ​យ៉ាងម៉េច​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

នៅក្នុង​ការឃោសនា​បោះឆ្នោត​នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ នាយករដ្ឋមន្រ្តី​អស់​អាណត្តិ​លោក​បិនចាមីន នេតានីញ៉ាហ៊ូ ដែល​ឈរ​ឈ្មោះ​ជា​ថ្មី ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​ប្រកាស​យ៉ាងដាច់​ណាត់ ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​កើតមាន​រដ្ឋប៉ាឡេស្ទីន នៅក្នុង​អាណត្តិ​របស់លោក។ លោក​បាន​សន្យា​បន្ត​សាងសង់​សំណង់​នៅក្នុង​តំបន់​អាណានិគមកិច្ច​ដែល​អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អន្តរជាតិ។

បើសិន​លោក​បិនចាមីន នេតានីញ៉ាហ៊ូ ឈ្នះ​ឆ្នោត ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ជា​ថ្មី នោះ អន្តរជាតិ​ពិបាក​សង្ឃឹម​នឹង​រក​បាន​សន្តិភាព មិន​ថា ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន ឬ​ប្រទេស​អ៊ីរ៉ង់។ ដោយសារ​តែ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អ៊ីស្រាអែល​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ស្តាំនិយមបាន​បន្ទោស​នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក រហូត​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មិនសូវ​ជា​ល្អ​ប៉ុន្មាន​នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI