អ៊ីស្រាអែល៖រដ្ឋអំណាចកំពុងបើកប្រតិបត្តិការប្រឆំាងនឹងពួកជ្វីហ្វជ្រុលនិយម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងប្រទេសអ៊ីស្រាអែល ១០ថ្ងៃ ក្រោយព្រឹត្តិការណ៍ដុតបំផ្លាញផ្ទះរបស់ប្រជាជនប៉ាឡេស្ទីនមួយខ្នងនៅក្នុងតំបន់ស៊ីហ្សកដានីដែលបានបណ្តាលឲ្យស្លាប់ទារកអាយុ ១៨ខែម្នាក់ បន្ទាប់មកឱពុករបស់ទារក និងរបួសសមាជិកគ្រួសារដទៃទៀតមក រដ្ឋអំណាចអ៊ីស្រាអែលបានបើកយុទ្ធនាការតាមចាប់ជនដៃដល់ដែលជាពួកជ្វីហ្វជ្រុលនិយម។ ប្រតិបត្តិការតាមចាប់ពួកជ្វីហ្វជ្រុលនិយមបានធ្វើឡើងនៅក្នុងតំបន់អាណានិគមនិយមស្ថិតក្នុងតំបន់ស៊ីហ្សកដានីដែនដីប៉ាឡេស្ទីន។ គេមិនដឹងច្បាស់ពីចំនួនជនដៃដល់ដែលបានចាប់ខ្លួនទេ តែព័ត៌មានក្នុងថ្ងៃចន្ទ ទី១០ សីហាឲ្យដឹងថា បន្ទាប់ពីបានសួរចម្លើយ អ្នកចាប់ខ្លួនទំាងអស់ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ តើពួកជ្វីហ្វជ្រុលនិយមមានប្រភពពីណា និងថា តើអ្វីទៅ ជាគោលបំណងរបស់ពួកគេ?
១០ថ្ងៃ ក្រោយព្រឹត្តិការណ៍វាយប្រហារនៅក្នុងទីក្រុងហ្សេរុយសាឡឹមនាក្បួនព្យុះហយាត្រា Gay Pride របស់ពួកអ្នកស្រឡាញ់ភេទដូចគ្នា និងព្រឹត្តិការណ៍ដុតសម្លាប់ទារកជនជាតិប៉ាឡេស្ទីនអាយុ ១៨ខែទំាងរស់ ព្រមទំាងបណ្តាលឲ្យស្លាប់ឱពុករបស់ទារកនាប៉ុន្មានថ្ងៃក្រោយរងរបួសមក កងឯកភាពពិសេសអ៊ីស្រាអែលប្រយុទ្ធប្រឆំាងនឹងបទឧក្រិដ្ឋបានបើកប្រតិបត្តិការតាមចាប់ជនដៃដល់នៅក្នុងដែនដីអាណានិគម។ នៅពេលដែលគេនិយាយពីដែនដីអាណានិគម គឺគេចង់និយាយសំដៅលើដែនដីប៉ាឡេស្ទីន ពិសេសក្នុងតំបន់ស៊ីហ្សកដានីដែលអ៊ីស្រាអែលបានអនុញ្ញាតឲ្យប្រជាជនខ្លួនចូលទៅធ្វើការសាងសង់ផ្ទះសម្បែង។ តែប្រតិបត្តិការរបស់កម្លំាងអ៊ីស្រាអែលពេលនេះបានធ្វើឡើងនៅក្នុងដែនដីអាណានិគមដែលពួកជ្វីហ្វបានចូលទៅសង់ផ្ទះដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលស៊ីវិល និងយោធាអ៊ីស្រាអែល។
គឺនៅទីនោះហើយដែលអ៊ីស្រាអែលបានយល់ឃើញថា ជាសំបុករបស់ពួកជ្វីហ្វជ្រុលនិយមដែលបាន និងកំពុងដើរប្រព្រឹត្តិបទឧក្រិដ្ឋផ្សេងៗ ទំាងនៅក្នុងទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រោយព្រឹត្តិការណ៍ទំាងពីរនៅក្នុងទីក្រុងហ្សេរុយសាឡឹម និងក្នុងដែនដីប៉ាឡេស្ទីនតំបន់ស៊ីហ្សកដានីមក កងឯកភាពពិសេសអ៊ីស្រាអែលប្រយុទ្ធប្រឆំាងនឹងបទឧក្រិដ្ឋបានចាប់ខ្លួនពួកជ្វីហ្វជ្រុលនិយមដែលជាជនសង្ស័យចំនួន ៣នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុវត្តន៍នូវវិធានការពិសេសដោយធ្វើការឃុំខ្លួនជនសង្ស័យទំាង ៣ នាក់រយៈពេល ៦ខែ ដោយគ្មានការចោទប្រកាន់អ្វីទំាងអស់ និងដែលអាចបន្តថែមទៀតបាននៅពេលអស់សុពលភាព។
នេះជាលើកទី១ ដែលរដ្ឋាភិបាលអ៊ីស្រាអែលបានយកវិធានការពិសេសនេះទៅអនុវត្តន៍លើពលរដ្ឋខ្លួន ព្រោះតាមពិតទៅនោះ វិធានការពិសេសដែលឃុំជនសង្ស័យដោយគ្មានការចោទប្រកាន់ គឺទុកសម្រាប់អនុវត្តន៍តែទៅលើប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះ។ ការសម្រេចរបស់អ៊ីស្រាអែលរបៀបនេះជាសក្ខីកម្មបញ្ជាក់ឲ្យឃើញថា ពួកជ្វីហ្វជ្រុលនិយមមិនត្រឹមជាមនុស្សគ្រោះថ្នាក់សម្រាប់ប៉ាឡេស្ទីនម្នាក់ប៉ុណ្ណោះទេ តែវាក៏ជាមនុស្សគ្រោះថ្នាក់ខ្លំាងចំពោះពលរដ្ឋអ៊ីស្រាអែលគ្នាឯងផងដែរ។ តាមពិតទៅ នេះមិនមែនជាលើកទី១ ទេដែលរដ្ឋាភិបាលអ៊ីស្រាអែលបានទទួលការគំរាមកំហែង និងបានប្រឈមមុខនឹងដង្កូវចេញពីសាច់ឯងរបស់ពួកជ្វីហ្វជ្រុលនិយមនៅក្នុងដែលដីអាណានិគម។
ក្នុងឆ្នំា ១៩៩៤ មានជ្វីហ្វជ្រុលនិយមម្នាក់បានសម្លាប់បាញ់សម្លាប់បរិស័ទអ៊ីស្លាមចំនួន ២៩នាក់នាពេលដែលពួកគេកំពុងសូត្រធម៌នៅក្នុងវិហារសាសនាអ៊ីស្លាមមួយស្ថិតក្នុងតំបន់ប៉ាឡេស្ទីនស៊ីហ្សកដានី។ ក្នុងឆ្នំា ១៩៩៥ គឺពួកជ្វីហ្វជ្រុលនិយមនេះហើយដែលបានធ្វើឃាតកម្មសម្លាប់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Yitzhak Rabin។ ក្នុងឆ្នំា ២០០៥ គឺពួកជ្វីហ្វជ្រុលនិយមដដែលនេះឯងដែលបានបាញ់រះទៅលើរថយន្តក្រុងមួយនៅប៉ែកខាងជើងអ៊ីស្រាអែល ដោយបានផ្តាច់ជីវិតប្រជាជនអ៊ីស្រាអែលចំនួន ៤នាក់។ ចុងក្រោយថ្មីនេះ គឺថ្ងៃទី៣០ និង ៣១ កក្កដាកន្លងទៅ ពួកនេះបានវាយប្រហារលើក្បួនព្យុះហយាត្រា Gay Pride របស់ប្រជាជនអ៊ីស្រាអែលអ្នកស្រឡាញ់ភេទដូចគ្នា និងការដុតផ្ទះប៉ាឡេស្ទីនសម្លាប់ទារកអាយុ ១៨ខែទំាងរស់។
សំណួរដែលបាន និងកំពុងចោទពេលនេះគឺថា តើពួកជ្វីហ្វជ្រុលនិយមមានរចនាសម្ព័ន្ធយ៉ាងម៉េច និងថាតើអ្វីទៅ ជាបំណងប្រាថ្នារបស់ពួកគេ?
ជារួម ពួកជ្វីហ្វជ្រុលនិយម គឺជាក្រុមយុវជនដែលមានកំណើតចេញមកពីដែនដីអាណានិគមនៅស៊ីហ្សកដានី។ ជាទូទៅ ក្រុមជ្វីហ្វជ្រុលនិយមនេះមានគ្នាប្រមាណជា ១០០នាក់ និងដែលគ្មានរចនាសម្ព័ន្ធដឹកនំាអ្វីច្បាស់លាស់ទេ។ តែជាក្រុមមនុស្សដែលគេអាចហៅថា ជាពួកឆ្វេងដែលមិនចង់ស្ថិតក្រោមអំណាច ឬមួយក៏ស្តាប់តាមបង្គាប់នរណាម្នាក់ដែរ។ អ្វីដែលគ្រប់គ្នាកំពុងចោទសួរនៅពេលនេះគឺថា តើពួកជ្វីហ្វប្រភេទនេះ ជាពួកជ្រុលនិយម ឬមួយក៏ជាពួកអ្នកជាតិនិយម។ បើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា ទង្វើរបស់ពួកជ្វីហ្វ ជ្រុលនិយមនេះមានគោលដៅសាសនាផង និងនយោបាយផង។ នយោបាយ ព្រោះសុបិន្តរបស់ពួកនេះ គឺចង់បានមហាប្រទេសអ៊ីស្រាអែលមួយដោយក្តោបយកដែនដីប៉ាឡេស្ទីនទំាងអស់។ នយោបាយ ព្រោះពួកនេះបានចេញមុខការពារគោលនយោបាយពង្រីកអាណានិគមរបស់រដ្ឋាភិបាលអ៊ីស្រាអែលសព្វថ្ងៃ។
គឺនៅក្នុងន័យនេះហើយបានពួកជ្វីហ្វជ្រុលនិយមបាន និងកំពុងលេចវត្តមានកាន់តែខ្លំាង ហើយរដ្ឋាភិបាលអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូដែលជាអ្នក ជាតិនិយមជ្រុលក៏បានជាប់ចោទពីបទស៊ុមគ្រលំចិញ្ចឹមវត្តមានរបស់ពួកនេះដែរ។ ជាការពិត លោកនេតាន់យ៉ាហ៊ូបានចាត់ទុកទង្វើចុងក្រោយរបស់ពួកនេះថា ជាទង្វើភេរវនិយម។ សម្រាប់អ៊ីស្រាអែលគឺច្បាស់ណាស់ ជនមួយក្តាប់តូចនេះមិនមែនជាមនុស្សគ្រោះថ្នាក់សម្រាប់អ៊ីស្រាអែលទេ។ តែអ្វីដែលអ៊ីស្រាអែលភ្លេចនិយាយនោះគឺថា ទង្វើរបស់ដង្កូវចេញពីសាច់ឯងមួយនេះ គឺជាឆ្អឹងទទឹង ក នៅក្នុងដំណើរស្វែងរកសន្តិភាពជាមួយប៉ាឡេស្ទីន និងក៏រឹតតែធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះអ៊ីស្រាអែលនៅលើឆាកអន្តរជាតិដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ