អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកចន ឃ៊ែរី៖អាមេរិក​ត្រូវ​តែ​និយាយ​ជាមួយ​លោក​អាសាដដើម្បី​បញ្ចប់​ជម្លោះ​នៅ​ស៊ីរី

សំឡេង ០៥:៣៤
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី REUTERS/Neil Hall

គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី១៥ មីនា ឆ្នំា ២០១៥ ប្រទេស​ស៊ីរី​បាន​ឆ្លង​កាត់​សង្រ្គាមស៊ីវិល​អស់​រយៈពេល ៤ឆ្នំា​គត់។ សង្រ្គាមស៊ីវិល​រយៈពេល ៤ឆ្នំា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២១៥ ០០០នាក់ និង​មាន​ជនភៀសខ្លួន​រាប់​សិប​លាននាក់​ផ្សេង​ទៀត។ ៤ឆ្នំា​ក្រោយ​មក គេ​នៅ​តែ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ឃើញ​នៅ​ឡើយ នោះ​បើ​ទោះ​បី​ជា​សហគមន៍​អន្តរជាតិ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ណា​ក៏​ដោយ។ រហូត​មក​ដល់​ពេល​នេះ សហគមន៍​អន្តរជាតិ រួម​ទំាង​អាមេរិក​បាន​ចាត់​ទុក​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ជា​តួអង្គ​នយោបាយ​ម្នាក់​ដែល​មិន​ត្រូវ​រាប់បញ្ចូល​នៅ​ក្នុង​ដំណោះស្រាយ​ទេ ពោល​ត្រូវ​តែ​កំចាត់​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី។ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក​ប្រមុខ​រដ្ឋការទូត​អាមេរិក​ចន ឃ៊ែរី​បែរ​ជា​បាន​ប្រកាស​ក្តែងៗ​ថា គេ​ត្រូវ​តែ​ចរចា​ជាមួយ​លោក​អាសាដ​ដើម្បី​អាច​បិទបញ្ចប់​ជម្លោះ​នៅ​ស៊ីរី។ ហេតុអ្វី​បាន​ជា​អាមេរិក​ប្តូរ​យុទ្ធសាស្រ្ត ១៨០អង្សារ​របៀប​នេះ?

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិកំាង CBS ក្នុង​ថ្ងៃ​អាទិត្យ ទី១៥ មីនា​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​ថ្លែង​ទាក់ទង​នឹង​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​យ៉ាង​ដូច្នេះ​ថា « អាមេរិក រួម​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវទូត​ឲ្យ​វិបត្តិស៊ីរី។ នេះ​ក៏​ដោយសារ​តែ​គ្រប់​គ្នា​បាន​យល់​ឃើញ​ថា ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​មិន​អាច​ធ្វើ​ឡើង​តាម​ផ្លូវ​យោធា​បាន​ទេ ពោល​មាន​តែ​តាម​ផ្លូវ​នយោបាយ​មួយ​គត់។ ក៏​ប៉ុន្តែ ដើម្បី​អាច​នំា​របប​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ឲ្យ​ចូល​តុចរចា​បាន គេ​ត្រូវ​តែ​និយាយ​ពន្យល់​លោក​អាសាដ​ឲ្យ​ច្បាស់​ថា សហគមន៍​អន្តរជាតិ​ចង់​បាន​ដំណោះស្រាយ​មួយ​តាម​ផ្លូវ​នយោបាយ។ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត យើង​អាច​បន្ត​ដាក់​គំនាប​លើ​លោក​អាសាដ។ នៅ​ចុង​បញ្ចប់ គេ​ត្រូវ​តែ​និយាយ​ជាមួយ​អាសាដ​ដោយ​ចៀស​មិន​រួច »។

តាម​រយៈ​សម្តី​របស់​លោក​ចន ឃ៊ែរី​ពេល​នេះ​នំា​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​អាមេរិក​ពិត​ជា​ចង់​ប្តូរ​យុទ្ធសាស្រ្ត ១៨០អង្សារ​ទាក់ទង​នឹង​ស្ថានការណ៍​នៅ​ស៊ីរី​ពេល​នេះ​មែន​ឬ និង​ថា តើ​គេ​អាច​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី​ដោយ​ទាត់​ចោល​លោក​អាសាដ​បាន​ដែរ ឬ​ទេ?

មុន​នឹង​ឆ្លើយ​សំណួរ​នេះ គេ​គួរ​តែ​ងាក​ទៅ​មើល​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​អាមេរិក​ខ្លួន​ឯង​ជា​មុន​សិន។ ក្រោយ​ការ​ថ្លែង​របស់​លោក​ចន ឃ៊ែរ​បន្តិច ក្រសួង​ការបរទេស​អាមេរិក​បែរ​ជា​បាន​ប្រញិបប្រញាប់​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​មិន​ប្តូរ​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​រឿង​ស៊ីរី​ទេ មាន​ន័យ​ថា ប្រសិន​បើ​មាន​ការ​ចរចា​ណា​មួយ​ត្រូវ​ធ្វើ​ឡើង​ជាមួយ​របប​ក្រុង​ដាម៉ាស់​សព្វ​ថ្ងៃ​មែន នោះ​គឺ​ជា​ការ​ជួប​ចរចា​ជាមួយ​ក្រុមអ្នកតំណាង​រដ្ឋាភិបាល ពោល​មិនមែន​ជួប​ចរចា​ផ្ទាល់​ជាមួយ​លោក​អាសាដ​ទេ។ សេចក្តីជូនដំណឹង​ដដែល​បាន​បន្ថែម​ថា គ្មាន​កន្លែង​សម្រាប់​មនុស្ស​ផ្តាច់ការ​ដូច​អាសាដ​នៅ​ស៊ីរី​ទេ។ ប្រតិកម្ម​ដូច​គ្នា​នេះ​ក៏​មាន​ដែរ​ពី​ក្រសួង​ការបរទេស​អង់គ្លេស​តប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​ចន ឃ៊ែរី។

គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា តំាង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​កាល​ពី​ឆ្នំា ២០១១ មក សហគមន៍​អន្តរជាតិ រួម​ទំាង​អាមេរិក​បាន​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវនយោបាយ​ដោយ​បាន​រៀបចំ​សន្និសីទ​ចំនួន ២លើក​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ តែ​សន្និសីទ​ទំាង​ពីរ​លើក​ដែល​បាន​ចូលរួម​ដោយ​ក្រុមប្រឆំាង និង​ក្រុមតំណាង​រដ្ឋាភិបាល​មិន​បាន​ហុច​ចេញ​នូវ​លទ្ធផល​អ្វី​ទំាង​អស់។ តាម​ពិត​ទៅ និង​អ្វី​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​កិច្ចចរចា​ទំាង​ពីរ​លើក​កន្លង​មក គឺ​តួអង្គ​លោក​អាសាដ​តែ​ម្នាក់​គត់​ដែល​សហគមន៍​អន្តរជាតិ និង​ក្រុមប្រឆំាង​មិន​ចង់​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ដំណោះស្រាយ​អនាគត​ស៊ីរី។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុមតំណាង​រដ្ឋាភិបាល​មិន​សុខចិត្ត​ដោយ​ពួក​គេ​យល់​ថា លោក​អាសាដ​ជា​តួអង្គ​មួយ​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​អនាគត​នយោបាយ​នៅ​ស៊ីរី។

គឺ​ផ្តើម​ចេញ​ពី​ការ​ខ្វែង​គំនិត​គ្នា​លើ​តួអង្គ​លោក​អាសាដ​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​វិបត្តិស៊ីរី​អូស​បន្លាយ​គ្មាន​ច្រក​ចេញ​មក​ដល់​សព្វ​ថ្ងៃ។ ដោយឡែក និង​ក្នុង​ពេល​ដែល​ដំណោះស្រាយ​ផ្លូវទូត​កំពុង​ជាប់គំាង ចំនួន​មនុស្ស​ស្លាប់ និង​ចំនួន​ជនភៀសខ្លួន​បាន និង​កំពុង​បន្ត​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។ គ្រាន់​តែ​ក្នុង​រយៈពេល ៤ឆ្នំា សង្រ្គាមស៊ីវិល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ២១៥ ០០០នាក់ និង​បាន​បង្ខំ​ឲ្យ​ប្រជាជន​ពាក់កណ្តាល​រត់ចោល​ផ្ទះសម្បែង​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ វិបត្តិ​អូសបន្លាយ​នៅ​ស៊ីរី​ក៏​បាន​ប្រសូត្រ​ចេញ​នូវ​សត្រូវ​ពិភពលោក​ដ៏​កាចសាហាវ​ថ្មី​មួយ​ទៀត គឺ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ បច្ចុប្បន្ន សត្រូវ​ថ្មី​របស់​ពិភពលោក​មួយ​នេះ​កំពុង​កាន់កាប់​ដែនដី​មួយ​ភាគ​របស់​ស៊ីរី និង​មួយ​ភាគ​របស់​ប្រទេស​អ៊ីរ៉ាក់។ គឺ​វត្តមាន​អង្គការ​រដ្ឋអ៊ីស្លាម​នេះ​ឯង​ដែល​សហគមន៍អន្តរជាតិ​ចាត់​ទុក​ជា​រឿង​អាទិភាព​ជាង​វិបត្តិ​ស៊ីរី និង​ដែល​ពួក​គេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដោះស្រាយ​ជា​បន្ទាន់​ទេ។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទ័ពរដ្ឋាភិបាល​របស់​លោក​អាសាដ​ដែល​កំពុង​ប្រឈម​ទប់​នឹង​ក្រុមប្រឆំាង​ក៏​កំពុង​ប្រឈម​មុខ​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ស្រុក​ដែរ។ ឃើញ​ថា​វិល​ទៅ វិល​មក សហគមន៍​អន្តរជាតិ​ដែល​កំពុង​ព្យាយាម​កំចាត់​លោក​អាសាដ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី​បែរ​ជា​កំពុង​មាន​សត្រូវ​រួម​គ្នា​ជាមួយ​លោក​អាសាដ​ទៅ​វិញ។ ពិត​ណាស់​ថា មនុស្ស​កាន់​អំណាច​ផ្តាច់ការ​ដូច​លោក​អាសាដ​មិន​គួរ​រាប់​បញ្ចូល​ជា​តួអង្គ​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី​នា​ពេល​អនាគត​ទេ។ តែ​សំណួរ​ដែល​បាន​ចោទ​ឡើង​ពេល​នេះ​គឺ​ថា តើ​រវាង​បុគ្គល​អាសាដ និង​អង្គការ​រដ្ឋអ៊ីស្លាម មួយ​ណា​គ្រោះថ្នាក់​ខ្លំាង​ជាង​មួយ​ណា និង​ថា តើ​រវាង​បុគ្គល​អាសាដ និង​អង្គការ​រដ្ឋអ៊ីស្លាម គេ​គួរ​ទុក​មួយ​ណា និង​កំចាត់​មួយ​ណា?។ ចម្លើយ​ភ្លាមៗ​ដោយ​មិន​អាល់អែក​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ គឺ​ទុក​បុគ្គល​អាសាដ។

បំណង​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ដែល​ចង់​ឲ្យ​មាន​ការ​ចរចា​ផ្ទាល់​ជាមួយ​លោក​អាសាដ​មិនមែន​ជា​ការ​យល់ច្រឡំ​ទេ ព្រោះ​ថា បទពិសោធន៍​នៃ​ការ​ចរចា​គ្មាន​វត្តមាន​លោក​អាសាដ​នា​ពេល​កន្លង​មក​មិន​បាន​ហុច​លទ្ធផល​អ្វី​ទំាង​អស់។ មួយ​វិញ​ទៀត ក្រុមប្រឆំាង​ក៏​កំពុង​បែកបាក់​ដោយ​គ្មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ ចូរ​កុំ​ភ្លេច​ថា ក្រោម​ភ្នែក​ច្រមុះ​របស់​ប្រជាជន​ស៊ីរី​មួយ​ចំនួន ក៏​ដូច​ជា​ប្រទេស​លោកខាងលិច​ខ្លះ លោក​អាសាដ​នៅ​បន្ត​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ស៊ីរី។ ម្យ៉ាង​ទៀត និង​ចំ​ពេល​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​គំរាមកំហែង​ពិភពលោក គេ​គួរ​តែ​សហការណ៍​ជាមួយ​លោក​អាសាដ​ដើម្បី​កំចាត់​ពួកជីហាត​ជាជាង​កំចាត់​លោក​អាសាដ​ដោយ​ទុកបណ្តោយ​ឲ្យ​ពួកជីហាត​ឡើង​សោយរាជ្យ​ដើរ​បង្ក​ភេរវកម្ម​នៅ​ទូទំាង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ