អ៊ីស្រាអែល-ប៉ាឡេស្ទីន

តុលាការ​ញូវយ៉ក​កាត់ទោស​ប៉ាឡេស្ទីន​ឲ្យ​សង​ជម្ងឺចិត្ត ២១៨​លាន​ដុល្លារ ទៅ​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម

លោក​Mark Rochon មេធាវី​របស់​អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន ដើរចេញ​ពី​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី ២៣ កុម្ភៈ ២០១៥
លោក​Mark Rochon មេធាវី​របស់​អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន ដើរចេញ​ពី​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី ២៣ កុម្ភៈ ២០១៥ ©REUTERS/Brendan McDermid

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល នៅ​ថ្ងៃ​អង្គារ​ទី ២៤ កុម្ភៈ បាន​ប្រកាស​ស្វាគម ការសម្រេច​ចិត្ត​របស់​តុលាការ​ក្រុងញូវយ៉ក ដែល​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​កាត់ទោស​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​បង់​ប្រាក់​ជម្ងឺ​ចិត្ត ប្រមាណ ២១៨,៥​លាន​ដុល្លារ ដល់​គ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​របួស នៅក្នុង​ការវាយប្រហារ​ភេរវកម្ម នៅក្នុង​ប្រទេស​​អ៊ីស្រាអែល កាលពី​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៤។ ​សភា​ជំនុំជម្រះ​អាមេរិកាំងបាន​រកឃើញថា អាជ្ញាធរ​ប៉ាឡេស្ទីន និង​អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន ជាអ្នក​គាំទ្រ​សកម្មភាព​ធ្វើ​ភេរវកម្ម ពីរ​លើក ក្នុង​ទឹកដី​អ៊ីស្រាអែល ដែល​បាន​សម្លាប់​មនុស្ស​៣៣​នាក់ និង​របួស ៣៩០នាក់។

ផ្សាយពាណិជ្ជកម្ម

តុលាការ​អាមេរិក​បាន​បើក​សវនាការ ពិភាក្សា​អស់​៦​សប្តាហ៍ បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​អ៊ីស្រាអែល ដើមកំណើត​អាមេកាំង ដែល​បាន​ដាក់ពាក្យ​បណ្តឹង ប្តឹង​ទាមទារ​សំណង​ជម្ងឺចិត្ត​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន។ ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៣៣​នាក់ ដែល​ស្លាប់ នៅក្នុង​ភេរវកម្ម​ទាំងពីរ​លើក នៅ​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៤ នៅ​អ៊ីស្រាអែល មាន​ផងដែរ ប្រជាជន​អ៊ីស្រាអែល ដើមកំណើត​អាមេរិក ១១​នាក់។

 
តាមបណ្តឹង​របស់​​ក្រុម​គ្រួសារ​ជាតិ​អាមេរិកាំង អំពើ​ភេរវកម្ម និង​អំពើហិង្សា​ប្រឆាំង​ប្រជាជន អ៊ីស្រាអែល ក្នុង​អំឡុង​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៤ ដែល​បានសម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​ដើមកំណើត​អាមេរិកាំង ធ្វើឡើង​ដោយ​សកម្មជន​ប្រយុទ្ធ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​កាលណោះ​ដឹកនាំ​ដោយ​លោក​យ៉ាសេ អារ៉ាហ្វាត និង​ក្រុមប្រដាប់​អាវុធ​ហាម៉ាស។

នៅច​ន្លោះ​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៤ ឬ សម័យ​Intifada ទីពីរ ដែល​គេ​ចាត់ទុក​ថា ជា​ការងើបបះបោរ ប្រើ​អំពើ​ហិង្សារ​របស់​ប្រជាជន​ប៉ាឡេស្ទីន ប្រឆាំង​នឹង​អ៊ីស្រាអែល អ៊ីស្រាអែល​បាន​ស្គាល់​រលក​ភេរវកម្ម​អត្តឃាត ជាច្រើន ដែល​ក្នុង​ភេរវកម្ម ធំ​ពីរ​លើក បាន​សម្លាប់​មនុស្ស​៣៣​នាក់ និង​របួស​ជិត ៤០០​នាក់។

សេចក្តីសម្រេច​របស់​តុលាការ​ញូវយ៉ក កាលពីថ្ងៃ​ម្សិលមិញ គឺ​មាន​ពាក់ព័ន្ធ​តែ​រវាង​ក្រុម​ជនរងគ្រោះ​អ៊ីស្រាអែល​ដើមកំណើត​អាមេរិក ជាមួយ​អាជ្ញាធរ​ប៉ាឡេស្ទីន ប៉ុន្តែ មិនមែន​ជាការសម្រេច​ទៅលើ​ជម្លោះ រវាង​រដ្ឋអ៊ីស្រាអែល និង ប៉ាឡេស្ទីន​នោះ​ទេ។ ​នៅក្នុង​បទចោទ​ប្រកាន់​ចំនួន ២៥ ប្រឆាំង​នឹង​អាជ្ញាធរ​ប៉ាឡេស្ទីន និង​អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន តុលាការ​ញូវយ៉ក​សម្រេច​ថា អាជ្ញាធរ​ប៉ាឡេស្ទីន ឬ​ពួកហាម៉ាស និង​អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន​ជាអ្នកគាំទ្រ​ឲ្យ​មាន​អំពើភេរវកម្ម​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។

តើប៉ាឡេស្ទីន​មាន​ប្រាក់​បង់សង​ជម្ងឺចិត្ត​ដែររទេ?
ភាគី​ជនរងគ្រោះ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន និង អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន​ដែល​ជា​អ្នកគាំទ្រ​ក្រុមភេរវជន នៅឆ្នាំ ២០០២ បង់​សងជម្ងឺចិត្ត ៣៥០​លាន​ដុល្លារ ប៉ុន្តែ តុលាការ​ញូវយ៉ក​​បាន​សម្រេច​ជាឯកច្ឆន្ទ តម្រូវ​ ឲ្យ​ប៉ាឡេស្ទីន សង​ជម្ងឺចិត្ត ប្រមាណ​២១៨​លាន​ដុល្លារ​ទៅ​ឲ្យ​ជនរងគ្រោះ​អ៊ីស្រាអែល។ យ៉ាងណា​ក៏ដោយ ទឹកប្រាក់​ជម្ងឺចិត្ត​នេះ នឹង​អាច​កើនឡើង​ដល់​ទៅ​៣​ដង គឺ​អាច​ដល់ ៦៥៥ ព្រោះថា នៅ​អាមេរិក ​ច្បាប់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម ផ្តល់តម្លៃ​ខ្ពស់​ដល់​ជន​រងគ្រោះ។ អាមេរិក​បាន​ចាត់ចូល ក្រុមហាម៉ាស នៅក្នុង​បញ្ជីរ​ខ្មៅ​នៃ​ក្រុមភេរវជន​អន្តរជាតិ។

ការិយាល័យ​នាយករដ្ឋមន្រ្តី ប៉ាឡេស្ទីន​បាន​រិះគន់​ការសម្រេចចិត្ត​របស់​តុលាការ​អាមេរិក បាន​ប្រកាស​រួចហើយថា នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍ ព្រោះថា សភា​ជំនុំជម្រះ​អាមេរិកាំង បាន​សម្រេច​ដោយ​គ្មាន​ឈរ​លើ​ភស្តុតាង ជាក់ស្តែង។ តាម​ប៉ាឡេស្ទីន ភស្តុតាង​ដែល​តុលាការ​អាមេរិកាំង​លើកយក​មក​សំអាង ភាគច្រើន បាន​មកពីទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល​តែប៉ុណ្ណោះ។

អាជ្ញាធរ​ប៉ាឡេស្ទីន​ដែល​ថ្កោលទោស​អំពើភេរវកម្ម​សម្លាប់មនុស្ស​នៅ​អ៊ីស្រាអែល បាន​អះអាងថា ខ្លួន​មិនមែន​ជា​អ្នកបញ្ជា​ឲ្យ​គេ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​អ៊ីស្រាអែល​នោះទេ។ សម្រាប់​មេធាវី​របស់​ភាគី​ប៉ាឡេស្ទីន រដ្ឋប៉ាឡេស្ទីន​មិនអាច​ទទួល​ខុសត្រូវ​លើសកម្មភាព​ហិង្សា ឬ​អំពើភេរវកម្ម​របស់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​សម្រេច​ចិត្ត​ធ្វើ​ភេរវកម្ម​អត្តឃាត ដោយ​ចិត្ត​ចង់របស់ខ្លួន នោះទេ។

ក្នុង​រឿង​ប្រាក់​សំណងជម្ងឺ​ចិត្ត ឡេស្ទីន​រឹតតែ​ពិបាក​នឹង​ទទួល​ខុសត្រូវ​សង​ទៅទៀត។ ប៉ាឡេស្ទីន​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​ថវិកា​យ៉ាងធ្ងន់ធ្ងរ គឺ​គ្មាន​លុយ​សម្រាប់ចំណាយ​សាធារណៈ បន្ទាប់ពី​ត្រូវ​អ៊ីស្រាអែល​ច្របាច់ក បិទខ្ទប់​ដង្ហើម​សេដ្ឋកិច្ច កាលពី​ខែ​មករា តាមរយៈ ការផ្អាក មិន​ផ្ទេរលុយ​ជាង​១០០​លាន​ដុល្លារ ក្នុង​មួយខែ ដែល​អ៊ីស្រាអែល​តាមពិត ប្រមូល​បាន​ពី​ពន្ធ ក្នុង​នាម​រដ្ឋប៉ាឡេស្ទីន។

រដ្ឋមន្រ្តី​ក្រសួងការបរទេស អ៊ីស្រាអែល ទទួល​ស្គាល់​ថា ការសម្រេចចិត្ត​របស់​តុលាការ​ញូវយ៉ក មាន​លក្ខណៈ​ជា​និមិត្តរូប នៃ​ការស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​អំពើ​ភេរវកម្ម បង្ក​ឡើង​ដោយ​ជនជាតិ​ប៉ាឡេស្ទីន។ ប៉ុន្តែ មេធាវី​ជាតិ​អ៊ីស្រាអែល ដែល​តំណាង​ឲ្យ​ជនរងគ្រោះ បាន​សន្យា​ហើយថា នឹង​ធ្វើ​រាល់សកម្មភាព ដើម្បី​ដាក់​គំនាប ទារលុយ​ជម្ងឺចិត្ត​ពី​ប៉ាឡេស្ទីន។ មេធាវី​ដើមបណ្តឹង​បាន​លើកឡើង​តាំងពី​ការរឹបអូស​គណនី​របស់​ប៉ាឡេស្ទីន​នៅ​ក្នុង​ទឹកដី​អាមេរិក ឬ​នៅ​អ៊ីស្រាអែល ឬ​ការរឹបអូស​យក​ទឹកប្រាក់​ពន្ធអាករ របស់​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ជួយ​ប្រមូល​ឲ្យ​ជា​រៀងរាល់​ខែ​នោះ។
នយោបាយ ឬ​ការរកយុត្តិធម៌​ជូន​ជនរងគ្រោះ?
ការសម្រេច​របស់​តុលាការ​ញូវយ៉ក​ត្រូវ​បាន​គេមើលឃើញថា មាន​លក្ខណៈ​នយោបាយ ព្រោះ​វា​ធ្វើឡើង នៅក្នុង​ពេល​ដែល​ប៉ាឡេស្ទីន​កំពុង​ដាក់ពាក្យ​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការចុះឈ្មោះ​របស់​ប៉ាឡេស្ទីន​នៅ​តុលាការ​CPI នឹង​អាច​បើកផ្លូវ​ឲ្យប៉ាឡេស្ទីន​ដាក់ពាក្យ​ប្តឹង​អ៊ីស្រាអែល នៅក្នុង​បទឧក្រិដ្ឋ​សង្រ្គាម​ប្រឆាំង​មនុស្សជាតិ ជាពិសេស ការវាយប្រហារ​របស់​​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា ដែល​បាន​សម្លាប់​ប្រជាជន​ស៊ីវិល ជាច្រើន​ពាន់នាក់​កន្លងមក។

អ៊ីស្រាអែល ដែល​ខឹង ក្តៅស្លឹក​ត្រចៀក ដោយសារ​ការដាក់បេក្ខភាព របស់​ប៉ាឡេស្ទីន នៅ​តុលាការ​CPI បាន​សម្រេច​ផ្អឹប​មិន​ផ្តល់​លុយពន្ធ​ជាង ១០០​លាន​ដុល្លារ របស់​ប៉ាឡេស្ទីន​ទៅ​ឲ្យ​ប៉ាឡេស្ទីន។ នៅក្នុង​សេចក្តី​ប្រកាស​ថ្លែងការណ៍​ចេញផ្សាយ នៅថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​បាន​និយាយថា ការសម្រេច​របស់តុលាការ​ញូវយ៉ក​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ពុតត្បុត​របស់​ប៉ាឡេស្ទីន ដែល​ដាក់បេក្ខភាព​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ពេល​ដែល​ប៉ាឡេស្ទីន​ចងសម្ព័ន្ធភាព​ជាមួយ​ក្រុមហាម៉ាស​ភេរវជន។ ថ្មីៗនេះទៀត អ៊ីស្រាអែល​ខឹង​សម្បារ បន្ទាប់ពី​រដ្ឋអាជ្ញាធរ​របស់​CPI​បាន​សម្រេច​ប្រកាស​ការស៊ើបអង្កេត​បឋម​ទៅលើ​បទឧក្រិដ្ឋ​សង្រ្គាម​ដែល​អាច​មាន​ជា​យថាហេតុ​ក្នុង​ទឹកដី ប៉ាឡេស្ទីន៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI