អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​បស្ចិមលោក​នំាគ្នា​ព្យាយាម​មិន​និយាយ​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​អារ៉ាប៊ីសាអូឌីត?

សំឡេង ០៥:១៦
លោក​ប្រធានាធិបតី​បារំាង​ហូឡង់​កំពុង​​សំណេះសំណាល​ជាមួយ​មហាក្សត្រ​ថ្មី​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត
លោក​ប្រធានាធិបតី​បារំាង​ហូឡង់​កំពុង​​សំណេះសំណាល​ជាមួយ​មហាក្សត្រ​ថ្មី​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត Reuters
៣៤ នាទី

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ប្រមុខ​រដ្ឋ និង​ប្រមុខរដ្ឋាភិបាល​បរទេស​បាន និង​កំពុង​បន្ត​នំា​គ្នា​ទៅ​ចូលរួម​សំដែង​កាន់ទុក្ខ​សព​ព្រះចៅ​អាប់ដាឡា ប៊ីន អាប់ដាឡាស្ស៊ីស។ មហាក្សត្រ​អាប់ដាឡា​បាន​ចូល​ទីវង្គត​កាល​ពី​ថ្ងៃទី២៣ មករា​ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា​ដោយ​ជម្ងឺ។ ទន្ទឹម​នឹង​ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះចៅ​អាប់ដាឡា ថ្នាក់ដឹកនំា​បរទេស​ក៏​ឆ្លៀត​ចូល​សំដែង​ការ​គួរសម​ចំពោះ​ព្រះមហាក្សត្រ​ថ្មី​ព្រះចៅ​សាលម៉ាន​ដែរ។ ព្រះចៅ​សាលម៉ាន​ដែល​មាន​បន្ទូល​ភ្លាមៗ​ថា ព្រះអង្គ​នឹង​បន្ត​ដើរ​តាម​នយោបាយ​របស់​ព្រះចៅ​អាប់ដាឡា។ តែ​អ្វី​ដែល​អង្គការ​ការពារសិទ្ធិ​មនុស្ស​បាន​ទាមទារ​នោះ គឺ​សុំ​ឲ្យ​មហាក្សត្រ​ថ្មី​គោរពសិទ្ធិមុនុស្ស។ រឿង​សិទ្ធិមនុស្ស​នៅ​អារ៉ាប៊ីសាអូឌីត​ដែល​បស្ចិមលោក​ហាក់​ដូច​ជា​នំា​គ្នា​បិទភ្នែក បិទ​មាត់​ធ្វើ​មិន​ឃើញ មិន​ឮ ពិសេស​គឺ​អាមេរិក​តែ​ម្តង។ តើ​នេះ មក​ពី​ហេតុអ្វី​ទៅ?

ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​មិន​ភ្ញាក់ផ្អើល​ឡើយ​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ព្រះចៅ​សាលម៉ាន​បាន​មាន​បន្ទូល​ភ្លាមៗ​ក្នុង​ថ្ងៃ​ឡើង​សោយរាជ្យ​ថា ព្រះអង្គ​នឹង​បន្ត​ដើរ​តាម​នយោបាយ​ដែល​បាន​ត្រួសត្រាយ​ស្រាប់​ដោយ​ព្រះចៅ​អាប់ដាឡា។ មិន​ភ្ញាក់ផ្អើល​ព្រោះ​ថា វា​ជា​នយោបាយ​មួយ​ដែល​បាន និង​កំពុង​បន្ត​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ស្គាល់​ស្ថិរភាព និង​សន្តិភាព​មក​ដល់​សព្វថ្ងៃ។ តែ​នេះ​មិន​មាន​ន័យ​ថា ព្រះចៅ​សាលម៉ាន​នឹង​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ក្នុង​នាម​ជា​ថ្នាក់ដឹកនំា​ប្រទេស​នោះ​ទេ។ វា​ពិត​ណា​ស់​ថា ក្នុង​នាម​ជា​ប្រទេស​ស្តេច​ប្រេងកាត ចំណូល​ចំនួន ៩០% របស់​អារ៉ាប៊ីសាអូឌីត គឺ​បាន​មក​ពី​ការ​លក់​មាស​ខ្មៅ​នោះ​ឯង។ តែ​ជាមួយ​នឹង​ការ​ធ្លាក់​ថ្លៃ​របស់​តម្លៃ​មាសខ្មៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិបច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ស្គាល់​ឱនភាព​ថវិកា​យ៉ាង​សម្បើម​ក្នុង​រយៈពេល ២ឆ្នំា​ចុង​ក្រោយ​នេះ។

គឺ​ជា​បរិបទ​មួយ​ដែល​បាន​ជម្រុញ​ឲ្យ​ព្រះចៅ​សាលម៉ាន​កំពុង​គិត​ពិចារណា​ស្វែង​រក​ចំណូល​ផ្សេង​ដើម្បី​ជួយ​ប៉ះប៉ូវ​ការ​បាត់បង់​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ។ ផ្ទំាងស៊ីប​របស់​ទីក្រុង​រីយ៉ាដ គឺ​បន្ត​អូសទាញ​អ្នកវិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​មួយ​ចំនួន រួម​មាន សុខភាព ការ​ដឹកជញ្ជូន អចលនទ្រព្យ ឬ​មួយ​ក៏​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ជា​ដើម ដោយ​ធ្វើ​យ៉ាង​ណា ជួយ​សម្រួល​ផ្នែក​រដ្ឋបាល​ដែល​នៅ​ស្មុគស្មាញ​ខ្លំាង​ចំពោះ​អ្នក​វិនិយោគ​បរទេស​ដែល​ចង់​ទៅ​បោះ​ទុន​រក​ស៊ី​នៅ​អារ៉ាប៊ីសាអូឌីត។ សូម​រម្លឹក​ជូន​ថា ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាកម្ម​ទំាង ២០ក្នុង​លោក ទឹកប្រាក់​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​នៅ​អារ៉ាប៊ីសាអូឌីត​បាន​គុណ​ឲ្យ ៥ដង ពោល​មាន​ទឹកប្រាក់​ដល់​ទៅ ២២០ ០០០លានដុល្លារ។

ខុស​ពី​ប្រទេស​អារ៉ាប់​ជា​ច្រើន​នៅ​ក្នុង​តំបន់ និង​នៅ​ជុំ​វិញ​ដែល​កំពុង​ក្រឡាក់​ចាក់​ដោយ​វិបត្តិសង្គម អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​មួយ​ដែល​នៅ​មិន​ទាន់​បាន​ភ្លក់​រសជាតិ​បដិវត្ត​អារ៉ាប់​ផ្ទុះ​ចេញ​ដំបូង​នៅ​ប្រទេស​ទុយនីស៊ី​នោះ​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​គ្មាន​អ្នក​ប្រឆំាង ឬ​ក៏​ថា សុទ្ធ​តែ​អ្នក​មាន​ទំាង​អស់​នោះ​ទេ តែ​មក​ពី​រដ្ឋ​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ទិញ​សន្តិភាព និង​ស្ថិរភាព​សង្គម និយាយ​ឲ្យ​ស្រួល​យល់ រដ្ឋ​បាន​ប្រើ​លុយ​ដើម្បី​បំបិទ​មាត់​មហាជន​ដែល​ចង់​បះបោរ។ ក្នុង​ឆ្នំា ២០១១ ពោល​ជួន​ចំ​ពេល​ពិភពអារ៉ាប់​កំពុង​អុកឡុក​ដោយ​បដិវត្តន៍​អារ៉ាប់​នៅ​ទុយនីស៊ី យេម៉ែន អេហ្ស៊ីប លីប៊ី និង​បន្ទាប់​មក​ប្រទេស​បារ៉ែន អតីត​ព្រះមហាក្សត្រ​ព្រះចៅ​អាប់ដាឡា​មិន​ញញើត​នឹង​បញ្ចេញ​លុយ​ចំនួន ១៣០ ០០០លានដុល្លារ​ដើម្បី​ការ​ចាយវាយ​ផ្នែក​សង្គម​ផ្សេងៗ។

ចូរ​កុំ​ភ្លេច​ថា ពិត​មែន​តែ​រដ្ឋ​បាន​បាត់បង់​​ចំណូល​យ៉ាង​ច្រើន​ក្នុង​រយៈពេល ២ឆ្នំា​ចុងក្រោយ​ដោយសារ​តែ​តម្លៃ​ប្រេងឆៅ​ធ្លាក់​ចុះ​ក្តី តែ​អារ៉ាប៊ីសាអូឌីត​នៅ​សល់​លុយ​ដុល្លារ​បម្រុង​យ៉ាង​ណែន​ហោប៉ៅ ពោល​មាន​ដល់​ទៅ ៧៥០ ០០០លានដុល្លារ​ឯណោះ។ នេះ​ដោយ​នៅ​មិន​ទាន់​គិត​ពី​ធនធាន​ប្រេង​ក្រោម​ដី​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​មាន​សព្វថ្ងៃ​នេះ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ស្តេច​ប្រេងកាត​មួយ​នេះ​នៅ​តែ​ក្រអឺតក្រទម និង​បន្ត​អនុវត្តន៍​នយោបាយប្រេង​ដែល​អនុម័ត​ដោយ​ព្រះចៅ​អាប់ដាឡា ពោល​គឺ​បន្ត​រក្សា​កម្រិត​ផលិតកម្ម​របស់​ខ្លួន​ឲ្យ​នៅ​ដដែល ទោះ​បី​ជា​តម្លៃ​បន្ត​នៅ​ទាប​ក៏​ដោយ។ គោលដៅ​របស់​ទីក្រុង​រីយ៉ាដ គឺ​សម្លាប់​ស្តេចប្រេងកាត​កំប៉ិកកំប៉ុក​ដែល​កំពុង​រស់​ដោយ​ពឹង​តែ​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ។

នៅ​​ក្នុង​តំបន់​មជ្ឈិមបូព៌ា របប​ដឹកនំា​នយោបាយ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​មិន​ត្រឹម​តែ​មិន​សូវ​ខុស​គ្នា​នឹង​របប​ដឹកនំា​នយោបាយ​នៅ​ក្នុង​​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទំាង​ផ្តាច់ការ និង​រំលោភ​សិទ្ធិមនុស្ស​ជាង​ប្រទេស​ក្នុង​តំបន់​ខ្លះ​ទៅ​ទៀត។ អ្វី​ដែល​លេច​ធ្លោ​ជាង​គេ គឺ​ការ​បំបិទ​សិទ្ធិស្រ្តី ព្រោះ​ចូរ​កុំ​ភ្លេច​ថា អារ៉ាប៊ីសាអូឌីត ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​លោក​ដែល​ស្រ្តីភេទ​គ្រប់រូប​គ្មាន​សិទ្ធិ​បើកបរ​រថយន្ត​ទេ។ មួយ​វិញ​ទៀត ស្រ្តី​ណា​ដែល​ចង់​ធ្វើការ រៀបការ ឬ​មួយ​ក៏​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ជា​មុន​ពី​សមាជិក​ម្នាក់​ស្និទ្ធ​នឹង​ឱពុក ម្តាយ​ដែល​មាន​ភេទ​ជា​បុរស​ទៀត។ សង្គម​អារ៉ាប៊ីសាអូឌីត ជា​សង្គម​ដែល​មាន​ការ​រើសអើង​ចំពោះ​ស្រ្តីភេទ ពិសេស​ពួក​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ដែល​មាន​ភាគ​តិច មាន​ការ​រើសអើង​រឿង​សាសនា ជា​សង្គម​ដែល​គ្មាន​ការ​អត់ឱន និង​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ អ៊ីចឹង​ហើយ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​អំពាវនាវ​ដល់​ព្រះមហាក្សត្រ​ថ្មី​ឲ្យ​ចាត់​វិធានការ​បំបាត់​រាល់​ទង្វើ​ទំាង​នេះ ពិសេស​បំបាត់​វប្បធម៌​នៃ​ការ​តាម​ធ្វើ​បាប ឈ្នានីស​ពួក​ប្រឆំាង​ខ្លួន។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ គឺ​ថា ហេតុអ្វី​បាន​ជា​គ្រប់​ប្រទេស​បស្ចិមលោក​បែរ​ជា​នំា​គ្នា​បិទភ្នែក បិទមាត់​ចំពោះ​រឿង​រំលោភ​សិទ្ធិមនុស្ស និង​បែរ​ជា​នំា​គ្នា​ចែចង់ ថ្នាក់ថ្នម​អារ៉ាប៊ីសាអូឌីត​ទៅ​វិញ ពិសេស​គឺ​អាមេរិក​ដែល​តំាង​ខ្លួន​ជា​បិតា​គោរព​សិទ្ធិមនុស្ស​។ អាច​មាន​ចម្លើយ​ពីរ​សំខាន់ ទី១ មក​ពី​អារ៉ាប៊ីសាអូឌី​ជា​ប្រភព​ដង្ហើម​ថាមពល​ដ៏​សំខាន់​ដែល​គ្មាន​នរណា​ហ៊ាន​ប្រើ​សម្តី​ខ្លំាង​ជា​មួយ និង​ទី២ មក​ពី​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​មួយ​ក្នុង​តំបន់​ដែល​បស្ចិមលោក​ត្រូវ​ការ​ដើម្បី​ជួយ​កំចាត់​ពួក​ជ្រុល​និយម​ក្នុង​តំបន់ ពិសេស​គឺ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ ជាក់ស្តែង​នៅ​ពេល​នេះ និង​បើ​ទោះ​បី​ជា​ជាប់​រវល់​យ៉ាង​ណា​ក៏​ដោយ ក៏​ថ្នាក់ដឹកនំា​គ្រាក់ៗ ល្មមៗ និង​តូចតាច​មក​ពី​គ្រប់​ទ្វីប​កំពុង​បន្ត​កន្ទុយ​គ្នា​ទៅ​សម្តែង​កាន់ទុក្ខ​ព្រះចៅ​អាប់ដាឡា​នៅ​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ