អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រះមហាក្សត្រ​នៃ​ប្រទេស​សេដ្ឋី​ប្រេង អារ៉ាប៊ី សាអូឌីត​ចូល​ទីវង្គត ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា

សំឡេង ០៧:៤៦
ព្រះចៅ​អាប់ដាឡា បាន​ចូល​សម្រាក​ព្យាបាល​រោគសួត អស​ជាច្រើន​ខែ មុន​នឹង​សោយ​ទីវង្គត នៅថ្ងៃសុក្រ​ទី ២៣ មករា ២០១៥
ព្រះចៅ​អាប់ដាឡា បាន​ចូល​សម្រាក​ព្យាបាល​រោគសួត អស​ជាច្រើន​ខែ មុន​នឹង​សោយ​ទីវង្គត នៅថ្ងៃសុក្រ​ទី ២៣ មករា ២០១៥ AFP PHOTO/POOL/BRENDAN SMIALOWSKI
ដោយ៖ ឈាង បុប្ផា

ព្រះចៅ​អាប់ដាឡា ប៊ីន អាប់ដាឡាហ្ស៊ីស មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអូឌីត​បាន​ចូលទីវង្គត នៅ​ព្រឹកថ្ងៃ​សុក្រនេះ ដោយសារ​ជម្ងឺសួត។ ព្រះរាជវាំង​ អារ៉ាប៊ី សាអូឌីត​បាន​ប្រកាស​​ថា សាល់ម៉ាន ព្រះអនុជ បិតាតែមួយ មាតា​ទីទៃ ជាមួយ​នឹង​ព្រះចៅ​អាប់ដាឡា នឹង​ឡើង​គ្រងរាជ្យ​បន្ត​ចាប់ពី​ថ្ងៃ​សុក្រ​ទី២៣ មករា។ មេដឹកនាំ​របស់​ប្រទេស​លោកខាងលិច ដូចជា​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង និង​លោក​ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបាម៉ា​បាន​ចូល​សំដែង​កាន់ទុក្ខ ដល់​ព្រះចៅអាប់ដាឡា ដែល​គេ​បាន​ចាត់ទុក​ជា​អ្នកចូលរួម​កសាង​សម្ព័ន្ធភាព​ល្អ​រវាង​ អារ៉ាប៊ី សាអូឌីត​ជាមួយ​ប្រទេស​លោកខាងលិច។ ក្រោយ​ដំណឹង​សោយទីវង្គត​របស់​ព្រះមហាក្សត្រ​របស់​ប្រទេស​សេដ្ឋីប្រេង អារ៉ាប៊ី សាអូឌីត​ តម្លៃ​ប្រេង​ឆៅ បាន​កើនឡើង​បន្តិច នៅលើ​ទីផ្សារ​អន្តរជាតិ បន្ទាប់ពី​ធ្លាក់ចុះ​ជាង ៥០% តាំងពី​ខែ​កញ្ញា

ផ្សាយពាណិជ្ជកម្ម

ព្រះចៅ​អាប់ដាឡា ប៊ីន អាប់ដាឡាហ្ស៊ីស ព្រះអង្គ​ជា​បុត្រ​ទី ១៣ ក្នុងចំណោម​ព្រះរាជបុត្រ​ទាំងអស់​ចំនួន ៣៧ របស់​ព្រះចៅ អាប់ដាឡាហ្ស៊ីស បិតា ស្ថាបនិក រាជាណាចក្រ អារ៉ាប៊ី សាអូឌីត នៅ​ឆ្នាំ ១៩៣២។ ព្រះចៅ​អាប់ដាឡា បាន​ចូល​គ្រងរាជ្យ ដឹកនាំ​អារ៉ាប៊ី សាអូឌីត ជាផ្លូវការ នៅ​ឆ្នាំ ២០០៥ ក្នុង​ព្រះជន្ម ៨២​ព្រះវស្សា បន្ទាប់​ពី​ព្រះចៅ Fahd ដែល​ជា​ព្រះរាម​ចូល​ទីវង្គត។ ដោយសារ​តែ​ព្រះមហាក្សត្រ​មុន​មាន​ជម្ងឺ​ដាច់​សសៃឈាម​ខួរក្បាល ព្រះចៅ​អាប់ដាឡា​​បាន​ចាប់ផ្តើម​ដឹកនាំ​ប្រទេស តាំងពី​មុន​ឡើង​គ្រងរាជ្យ ជាផ្លូវការ។

 
ស្នាដៃ​សំខាន់​របស់​ព្រះចៅ​អាប់ដាឡា
នៅ​ក្នុង​អំណាច​គ្រងរាជ្យ​របស់​ព្រះអង្គ ព្រះចៅអាប់ដាឡា បានដឹកនាំ​ធ្វើ​កំណែទម្រង់​យ៉ាង​ប្រុងប្រយ័ត្ន ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស។ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​មាន​ការរិះគន់​របប​ដឹកនាំ​នៅ​តាមកាសែត បើកផ្លូវ​ឲ្យ​ស្រ្តី​ចូលរួម​កាន់តែច្រើន នៅក្នុង​តួនាទី​សាធារណៈ។ ព្រះអង្គ​នៅ​បាន​ចាត់វិធានការ​មិន​ឲ្យ​ក្រុមប្រឆាំង ដែល​មាន​និន្នាការ​សាសនា អភិរក្ស​ជ្រុលនិយម កាន់តែ​រីកធំឡើង នៅ​អារ៉ាប៊ី សាអូឌីត។

ព្រះចៅ​អាប់ដាឡា ដែល​មិនសូវ​ចូលចិត្ត​ប្រទេស​លោកខាងលិច​ប៉ុន្មាន នៅទីបំផុត បាន​អនុវត្ត​បន្ត​នយោបាយ​របស់​ព្រះមហាក្សត្រ​អង្គ​មុន នៅពេល​ព្រះអង្គ​ចូល​គ្រងរាជ្យ​សម្បត្តិ ជាផ្លូវការ។ ដើម្បី​បុព្វហេតុ​ទឹកដី​ប៉ាឡេស្ទីន អារ៉ាប៊ី សាអូឌីត​របស់​ព្រះអង្គ​បាន​ផ្តើម​ទំនាក់ទំនង​ធម្មតា​ឡើងវិញ ជាមួយ​អ៊ីស្រាអែល ដែល​ពិភព​អារ៉ាប់​ធ្លាប់​ចាត់ទុក​ជា​សត្រូវ​ក្នុង​តំបន់។ ក្រោយ​ភេរវកម្ម​ក្រុង​ញូវយ៉ក ឆ្នាំ ២០០១ ដែលបង្ក​ដោយ​ពួកអាល់កៃដា ​មាន​ដើមកំណើត​ជា​ជនជាតិ​អារ៉ាប៊ី សាអូឌីត ព្រះចៅអាប់ដាឡា​ត្រូវ​បាន​អាមេរិក​សរសើរ​ចំពោះ ការសហការ ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអាល់កៃដា។

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ នៅក្នុង​បរិបទ​ដែល​បដិវត្តន៍​ពិភពអារ៉ាប់ បាន​ផ្ទុះ​ឡើង អារ៉ាប៊ី សាអូឌីត របស់​ព្រះចៅអាប់ដាឡា​បាន​បញ្ចេញមុខ​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ដើម​បូព៌ា។ អារ៉ាប៊ី សាអូឌីត​បាន​ជួយគាំទ្រ​ក្រុមប្រឆាំង​ស៊ីរី និង​ពេលបច្ចុប្បន្ននេះទៀត អារ៉ាប៊ី សាអូឌីត ដែល​មិនត្រឹម​តែ​បើកផ្លូវ​ឲ្យប្រទេស​លោកខាងលិច​ដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ទឹកដី​របស់ខ្លួន បាន​ចូលរួម​ក្នុង​សម្ព័ន្ធអន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាតនៃ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់។

សាល់ម៉ាន់ ព្រះមហាក្សត្រ​ថ្មី​បន្ត​រក្សា​នយោបាយ​ប្រេង និង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​លោកខាងលិច
តម្លៃប្រេង​ឆៅ​បាន​ឡើងថ្លៃ​បន្តិច នៅ​ទីផ្សារ​អន្តរជាតិ នៅក្រោយ​ដំណឹង​សោយទីវង្គត​របស់​ព្រះចៅ​អាប់ដាឡា ប៉ុន្តែ តាមអ្នកជំនាញ​ជាច្រើន វា​ជា​ការឡើងថ្លៃ​​តែ​មួយរយៈពេល​ខ្លី គឺ​ដោយសារ​តែគេខ្លាច​ថា ព្រះមហាក្សត្រថ្មី​របស់​ អារ៉ាប៊ី សាអូឌីត​នឹង​អាច​ផ្លាស់ប្តូរ​នយោបាយ​ផលិត​ប្រេង។

ព្រះមហាក្សត្រថ្មី ព្រះចៅ​សាល់ម៉ាន ដែល​ចូលស្នងរាជ្យ​ជា​ផ្លូវការ​នៅថ្ងៃនេះ បាន​ប្រកាស​រួចហើយ​ថា ព្រះអង្គ​នឹង​បន្ត​ធ្វើ​នយោបាយ​របស់​ព្រះមហាក្សត្រ​មុន ពោល គឺ​អារ៉ាប៊ី សាអូឌីត​នឹងនៅ​តែ​បន្ត​រក្សា​ចំនួន​ផលិត​ប្រេង​ដដែល។ ការសម្រេច​របស់​អារ៉ាប៊ី សាអូឌីត ដែល​ជាប្រទេស​នាំចេញ​ប្រេង​ច្រើន​ជាងគេ​នៅក្នុង​ពិភពលោក បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​ក្នុង​ទីក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ថ្លៃ​ដល់៥៥% ក្នុង​រយៈពេល ត្រឹម​៥ខែ។ តាម​អ្នកសេដ្ឋកិច្ច​ជាច្រើន នយោបាយ​របស់​អារ៉ាប៊ី សាអូឌីត ធ្វើឡើង ដើម្បី​ប្រឆាំង​នឹង​អាមេរិក ដែល​ជា​ប្រទេស​ផលិត​ប្រេងធំជាងគេ​ក្នុង​ពិភពលោក និង​ដែល​កំពុង​នាំចេញ​ប្រេង ប្រកួតប្រជែង​ជាមួយ​ប្រេង​របស់​ប្រទេស​សមាជិក​OPEC។

នយោបាយ​ការបរទេស របស់​អារ៉ាប៊ី សាអូឌីត ក៏​នឹង​​គ្មានប្រែប្រួល​ដែរ។ ព្រះមហាក្សត្រ​ថ្មី បាន​ចូល​គ្រងរាជ្យ ក្នុង​បរិបទ​មួយ ដែល​អារ៉ាប៊ី សាអូឌីត​កំពុង​ជួប​រង​ការគំរាមកំហែង​ពីគ្រប់​ទិស។ ពី​ខាងជើង និង​ខាងត្បូង អារ៉ាប៊ី សាអូឌីត​សុទ្ធ​តែ​អាច​រងគ្រោះថ្នាក់​ពីការ​វាយប្រហារ​របស់​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ហើយ​និង​ក្រុមអាល់កៃដា នៅ​យេម៉ែន។ ក្នុង​បរិបទនេះ អារ៉ាប៊ី សាអូឌីត​នៅ​តែ​ត្រូវការ​ជំនួយ​ពី​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក ដើម្បី​ប្រឆាំង​​នឹង​ក្រុមភេរវនិយម ដែល​អាច​គំរាមកំហែង​សន្តិសុខ​ក្នុងស្រុក។

និយាយ​ពី​អ៊ីរ៉ង់ ដែល​ជា​​គូប្រកួតប្រជែង​ឥទ្ធិពល​ជាមួយ​អារ៉ាប៊ី សាអូឌីត នៅ​ក្នុង​តំបន់ អារ៉ាប៊ី សាអូឌីត​ទំនង​នឹង​នៅ​បន្ត​បញ្ចុះ​បញ្ចូល​ឲ្យ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន បន្ត​ដាក់​ទណ្ឌកម្ម ធ្វើ​ឲ្យ​អ៊ីរ៉ង់​នៅ​ឯកោ។ អារ៉ាប៊ី សាអូឌីត និង​អាមេរិក មាន​ទំនាក់ទំនង​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ នៅ​មួយរយៈ​ចុងក្រោយនេះ ដោយសារ​តែ​អារ៉ាប៊ី សាអូឌីត​មិនពេញចិត្ត​ដែល​អាមេរិក​ចង់​ងាក​ទៅ​ត្រូវរ៉ូវ ចង់​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ីរ៉ង់ ដោយសារ​តែ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ព្រះមហាក្សត្រ​ថ្មី​តែងតាំង​ ព្រះអនុជ Moukrin​ជា​រាជ្យបុត្រ​ស្នងរាជ្យ
តាម​ទំនៀមទម្លាប់​អារ៉ាប៊ី សាអូឌីត រាជបុត្រ​ស្នងរាជ្យ​ត្រូវ​បាន​ជ្រើសរើស នៅថ្ងៃ​ដែល​ព្រះមហាក្សត្រ​ថ្មី​ចូល​គ្រងរាជ្យ។ ធ្វើដូច្នេះ គឺ​ដើម្បី​ជៀសវាង​ជម្លោះ​ដណ្តើម​រាជសម្បត្តិ ព្រោះ​ថា ព្រះរាជបុត្រ​ដែល​ត្រូវ​មាន​សិទ្ធិ ក្លាយ​ជា​ព្រះមហាក្សត្រ មាន​ច្រើន ណាស់ នៅ​អារ៉ាប៊ី សាអូឌីត។ ជាក់ស្តែង ព្រះរាជបុត្រ​ស្នងរាជ្យ​ថ្មី មាន​ព្រះនាម ថា Moukrin ជា​បុត្រ​ទី ៣៥ របស់ ព្រះចៅ អាប់ដាឡាហ្ស៊ីស។ ព្រះរាជបុត្រ​​ Moukrin ត្រូវជ្រើសរើស​ឲ្យ​ធ្វើ​ជា​ព្រះរាជបុត្រ​​ស្នងរាជ្យ ក៏ព្រោះ​ទីមួយ ព្រះអង្គ​ធ្លាប់​ត្រូវ​បាន​ព្រះមហាក្សត្រ​អាប់ដាឡា​ដែល​ទើប​ចូល​ទីវង្គត រៀបចំ​ត្រួសត្រាយ​ធ្វើផ្លូវ​រួចហើយ ដើម្បី​ចូល​ទៅ​គ្រប់គ្រង​រាជបល្ល័ង្ក​នៅថ្ងៃណាមួយ។ ព្រះរាជបុត្រ​Moukrin ទំនង​ជា​បុត្រ​ចុងក្រោយ នៃ​ជំនាន់ បុត្រា​របស់​ព្រះមហាក្សត្រ ស្ថាបនិក បង្កើត​អារ៉ាប៊ី សាអូឌីត​ដែល​ត្រូវ​ចូលគ្រប់គ្រង​រាជ្យសម្បត្តិ។ បន្ទាប់​ពីជំនាន់​ទីមួយ ចប់ រាជបល្ល័ង្ក​នឹង​ផ្ទេរ​បន្ត​ទៅ​ឲ្យ​ក្រុម​ជំនាន់ថ្មី គឺ​ដល់​វេន​​​ចៅៗ​របស់​អាប់ដាឡាហ្ស៊ីស បិតា​បង្កើត​អារ៉ាប៊ី សាអូឌីត។

ម្យ៉ាងទៀត គេ​អាច​កាត់ស្មាន​បាន​ថា ការដែល​ព្រះមហាក្សត្រ​ថ្មី​ប្រញាប់​ប្រកាស​ឈ្មោះ ព្រះរាជបុត្រ​ស្នងរាជ្យ​នៅពេលនេះ ក៏ព្រោះ​តែ​ព្រះមហាក្សត្រ​ថ្មី ដែល​បើទោះបី​ជា​​ចូល​គ្រងរាជ្យ ក្នុងព្រះជន្ម ៧៩​ព្រះវស្សា គឺ​តិច​ជាង​ព្រះរាម​ គឺ​ព្រះចៅ​អាប់ដាឡា ប៉ុន្តែ ព្រះមហាក្សត្រ សាល់ម៉ាន មាន​សុខភាព​ទ្រុឌទ្រោម។ ដូច្នេះ ដូចមុនៗ ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​មាន​បញ្ហា​សុខភាព ព្រះរាជបុត្រ​ស្នងរាជ្យ​មាន​ភារៈ​ដឹកនាំ​ការងារ​រាជវាំង​ជំនួស​ព្រះមហាក្សត្រ។ កាលពីថ្ងៃ​សុក្រ ព្រះមហាក្សត្រ​ថ្មី​សាល់ម៉ាន់ បាន​តែងតាំង​បុត្រ​របស់ព្រះអង្គ​ឲ្យ​កាន់តំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ ដែល​ព្រះអង្គ​ធ្លាប់​កាន់កាប់​រហូតមក។ ព្រះអង្គ​នៅ​បាន​តែងតាំង​ក្មួយ​ម្នាក់​របស់​ព្រះអង្គ​ជា​ព្រះរាជបុត្រ​ស្នងរាជ្យ​ទីពីរ បន្ទាប់ពី​ព្រះរាជបុត្រ​Moukrin។

សម្រាប់​អ្នកតាមដាន​នយោបាយ​រាជវង្សនៅ​អារ៉ាប៊ី សាអូឌីត ព្រះមហាក្សត្រ​ថ្មី កំពុង​រៀបចំ ដាក់​សមាជិក​រាជវង្ស ដែល​ជា​បក្សពួក​របស់ខ្លួន នៅក្នុង​សែលោហិត​ត្រូវ​គ្រងរាជ្យ នៅ​អារ៉ាប៊ី សាអូឌីត ទៅថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ