ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​យក​​ទុយនីស៊ី​ធ្វើ​ជា​កន្លែង​​​វាយប្រហារ​ប្រយោជន៍​លោក​ខាង​លិច

សំឡេង ០៤:៤៨
ទាហាន​ពិសេស​ទុយនីស៊ី​យាម​​ឆ្នេរ​ កន្លែង​ដែល​យុវជន​ទុយនីស៊ី ធ្វើ​ភេរវកម្ម បាញ់​សម្លាប់​អ្នកទេសចរ​បរទេស ថ្ងៃ​សុក្រ​ទី ២៦​មិថុនា ២០១៥
ទាហាន​ពិសេស​ទុយនីស៊ី​យាម​​ឆ្នេរ​ កន្លែង​ដែល​យុវជន​ទុយនីស៊ី ធ្វើ​ភេរវកម្ម បាញ់​សម្លាប់​អ្នកទេសចរ​បរទេស ថ្ងៃ​សុក្រ​ទី ២៦​មិថុនា ២០១៥ ©REUTERS/Zohra Bensemra

រដ្ឋមន្រ្តី​មហាផ្ទៃ បារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃ​ចន្ទ ទី ២៩ មិថុនា បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​បាច់ផ្កា គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​ត្រូវ​ភេរវជន បាញ់​សម្លាប់ យ៉ាង​ឈាម ត្រជាក់ នៅ​ឆ្នេរ​សមុទ្រ ក្នុង​ទីក្រុង​ស៊ូស របស់​ប្រទេស​ទុយនីស៊ី។ គិត​ត្រឹម​ថ្ងៃ​ទី ២៩ មិថុនា គឺ​មាន​រយៈពេល​មួយឆ្នាំ​គត់ ដែល​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម កាលីហ្វា នៅ​ក្នុង​ទឹកដី ស៊ីរី និង​អ៊ីរ៉ាក់។ ក្រុមនេះ​ទើប​បាន​ប្រកាស​ចេញមុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម នៅទុយនីស៊ី ដែល​បាន​សម្លាប់​អ្នកទេសចរ​អឺរ៉ុប ៣៩​នាក់ ដែល​មួយ​ភាគធំ​ជា​ជនជាតិ​អង់គ្លេស ។ តើ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​មាន​គោលដៅ​អ្វី​ បាន​ជា​ធ្វើ​ភេរវកម្ម​ក្នុង​ទឹកដី ទុយនីស៊ី? 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​របស់​ខ្លួន កាលពីថ្ងៃ​សុក្រ ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រកាស​ចេញមុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម ក្នុង​ប្រទេស​ទុយនីស៊ី និង​ថា យុវជន​ទុយនីស៊ី ដែល​បាន​បាញ់ សម្លាប់​អ្នកទេសចរ​អឺរ៉ុប ៣៩​នាក់ ជា​ទាហាន​របស់​កាលីហ្វា រដ្ឋ​អ៊ីស្លាម​ដែល​ក្រុមជីហាត​ប្រកាស​បង្កើត​ឡើង កាលពីថ្ងៃ​ទី ២៩​មិថុនា​ឆ្នាំមុន។

 
ព្រួញមួយ បាញ់​បាន​សត្វពីរ។ ដោយ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​វាយប្រហារ​កន្លែង​កំសាន្ត​របស់​ទេសចរ​បរទេស ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​បាន​ទទួល​ផលចំណេញ​ពីរ។ ទីមួយ ដោយ​សំដៅ បាញ់​សម្លាប់​ក្រុមទេសចរ​បរទេស ដែល​ជាភាគច្រើន​មក​ពីអឺរ៉ុប ក្រុមជីហាត​ចង់​សងសឹក សម្លាប់​ក្រុមប្រជាជន របស់​ប្រទេស​ណា ដែល​បាន​ចូលរួម ជាមួយ​អាមេរិក ក្នុង​ប្រតិបត្តិការ​ទ័ព​ជើង​អាកាស វាយប្រហារ​ទៅលើក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ នៅក្នុង​ចំណោម​ជនរងគ្រោះ ចំនួន ៣៩នាក់ មាន​ជាងពាក់កណ្តាល ជា​អ្នកទេសចរ​អង់គ្លេស បន្ទាប់ពីនោះ មាន​អាល្លឺម៉ង់ និង​បែលហ្ស៊ិក ជាដើម។ តាម​សាក្សី ដែល​ជា​បុគ្គលិក​បម្រើការ​ឲ្យ​សណ្ឋាគារ​ផ្កាយ៥ ដែល​រងការប្រហារ​ដោយ​ភេរវកម្ម នៅ​ថ្ងៃ​សុក្រ ភេរវជន ឈាម​ត្រជាក់ បាន​ទុកជីវិត​ឲ្យ​រាល់​ជនជាតិ​ទុយនីស៊ី ដែល​ខ្លួន​ជួប​តាមផ្លូវ ប៉ុន្តែ បាញ់​សំដៅ​រក​តែ​ជនបរទេស ស្បែកស ប៉ុណ្ណោះ។ នេះ​សបញ្ជាក់ថា ភេរវកម្ម នៅ​ទុយនីស៊ី ធ្វើឡើង ដើម្បី​ប្រឆាំង​តែ​ក្រុមអ្នកទេសចរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​លោក​ខាង​លិច។

នៅក្នុង​អត្ថបទ​ចុះផ្សាយ កាលពីថ្ងៃ​ចន្ទ ក្នុង​កាសែត The telegraph នាយករដ្ឋមន្រ្តី​អង់គ្លេស ដាវីដ កាមឺរ៉ូន ទទួល​ស្គាល់​ថា អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត នៅ​តែ​ផ្ទាំងស៊ីប វាយប្រហារ​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ សម្រាប់​នាយករដ្ឋមន្រ្តី អង់គ្លេស ដរាប​ក្រុមជីហាត​នៅ​តែ​មាន​មុខ​នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ក្រុមនេះ នៅ​តែ​ចិញ្ចឹមចិត្ត​ធ្វើ​ភេរវកម្ម ប្រឆាំង​នឹង​អង់គ្លេស និង​កន្លែង​ដទៃទៀត។

ទីពីរ ទៀត ដោយ​បាញ់​សម្លាប់​អ្នកទេសចរ​បរទេស ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​មាន​ចេតនា​បំផ្លាញ វិស័យ​ទេសចរណ៍ ដែលជា​ឆ្អឹងខ្នង សេដ្ឋកិច្ច​របស់​ទុយនីស៊ី។ ចំនូល​មក​ពី​ទេសចរណ៍ តំណាង​ឲ្យ​៧,៣​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប​ទុយនីស៊ី។ ប្រជាជន​ទុយនីស៊ី រាប់លាន​នាក់ រស់ពឹង​អាស្រ័យ​នឹង​ចំណូល​បាន​មក​ពី​ក្រុមទេសចរ​បរទេស ​ដែល​មាន​ប្រមាណ ៦លាន​នាក់ ក្នុង​មួយឆ្នាំៗ។ នៅ​ទុយនីស៊ី មនុស្ស​ប្រមាណ ជិត ៥សែននាក់ ស្មើ​នឹង ១៤ភាគរយ​នៃ​ប្រជាជន​សកម្ម បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍។ ទេសចរណ៍​ទុយនីស៊ី ត្រូវ​រង​ប៉ះពាល់​រួចទៅហើយ ដោយសារ​ភេរវកម្ម​ទៅលើ​សារមន្ទីរ បាដូ ក្នុង​ទីក្រុង​ទុយនីស ដែល​កាលណោះ អ្នកទេសចរ អឺរ៉ុប ២១​នាក់​ត្រូវ​ក្រុមភេរវជន​ពីរនាក់​បាញ់សម្លាប់។ ដោយសារ​ភេរវកម្ម នៅ​បាដូ ជនជាតិ​បារាំង​ភាគច្រើន បាន​លុបចោល​ដំណើរ​កំសាន្ត​របស់ខ្លួន​ទៅ​ទុយនីស៊ី។ ភេរវកម្ម លើកទី ២ ដែល​បាន​សម្លាប់​ជនជាតិ​អឺរ៉ុប​ច្រើន មិនធ្លាប់​មាន ពីមុនមក ហើយ​ដែល​កើតឡើង នៅ​រដូវ​ទេសចរណ៍ បែបនេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​របស់​ទុយនីស៊ី ធ្លាក់ចុះ ហៅ​មិនលឺ។

នៅថ្ងៃ​ចន្ទ រដ្ឋាភិបាលទុយនីស៊ី បាន​ពង្រឹង​សុវត្ថិភាព ដោយ​ពង្រាយ ប៉ូលិស និង​ទាហាន​រាប់ពាន់​នាក់ នៅតាម​ទីរមណីយដ្ឋាន​ទេសចរណ៍ និង​បានបំពាក់ អាវុធ ដល់​ប៉ូលិស ទេសចរណ៍ ដែល​នេះ មិនធ្លាប់​មានទេ​ពីមុនមក។ យ៉ាងណា​ក៏ដោយ វិធានការ​របស់​អាជ្ញាធរ​ទុយនីស៊ី ធ្វើឡើង​ដោយ​យឺតពេល​ណាស់ទៅហើយ ព្រោះថា តាំង​ពី​ថ្ងៃ​សៅរ៍ ទេសចរ​បរទេស​រាប់ពាន់​នាក់ បាន​រៀប​ឥវ៉ាន់ ចាកចេញ​ដោយ​បង្ខំ ពី​ទុយនីស៊ី។ នៅថ្ងៃ​ចន្ទ អង់គ្លេស ដែល​មានប្រជាជន​របស់ខ្លួន​រងគ្រោះ ស្លាប់​ច្រើនជាងគេ បាន​បញ្ជូន​យន្តហោះ​យោធា​ពិសេស ទៅ​ដឹក​ប្រជាជន​របស់ខ្លួន ចេញពី​ទឹកដី​ទុយនីស៊ី។

គ្មានអ្នកទេសចរ វិស័យទេសចរណ៍​ទុយនីស៊ី នឹង​ធ្លាក់ចុះ​ខ្សោយ ហើយ​ប្រជាជន​នឹង​បាត់បង់​ការងារ​ធ្វើ។ គ្មាន​ការងារ​ធ្វើ និង​ធ្លាក់​ខ្លួន​ក្រីក្រ ប្រជាជន​ទុយនីស៊ី ធ្លាក់​ខ្លួន ទន់ខ្សោយ និង​អាច​ត្រូវ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​អូសទាញ​ឲ្យ​ចូល​ជា​សមាជិក​របស់ខ្លួន បាន​យ៉ាងស្រួល។ រហូតមក យុវជន​ជា​ច្រើន​ដែល​គ្មាន​ការងារ​ធ្វើ និង​ដែល​មិនអាច​ទ្រាំទ្រ​នឹង​អំពើអយុត្តិធម៌ ពុករលួយ​របស់​រដ្ឋាភិបាល បាន​ចូល​ខ្លួន​ទៅ​បម្រើ​ឲ្យ​ក្រុម​អ៊ីស្លាមជ្រុលនិយម ឬ​ធ្វើដំណើរ​ទៅ​ប្រទេស​ជិតខាង លីប៊ី ជាទី​ដែល​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​មាន​ទីតាំង​បណ្តុះបណ្តាល​សមាជិក​ប្រដាប់អាវុធ​របស់ខ្លួន។

សម្រាប់​នាយករដ្ឋមន្រ្តី​អង់គ្លេស ដំណោះស្រាយ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​រីកកម្លាំង និង​ពង្រីក​សាបព្រួស​មនោគមវិជ្ជា គឺ មាន​តែ​ផ្តល់​ជំនួយ​គាំទ្រ ដើម្បី ពង្រឹង រដ្ឋាភិបាល​ដែល​កំពុង​ចុះទន់ខ្សោយ ទាំង​នយោបាយ និង​សេដ្ឋកិច្ច ដូចជា ស៊ីរី លីប៊ី និង​អ៊ីរ៉ាក់​ជាដើម ព្រោះថា ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ទន្ទឹង​រង់ចាំ ឲ្យ​តែ​អស្ថិរភាព​នយោបាយ ឬ​វិបត្តិ​ជម្លោះ ក្នុងស្រុក មួយ ដើម្បី​យក​ទៅ​បំលែង ឲ្យ​ទៅ ប្រយោជន៍ ពង្រីក ឥទ្ធិពល​មនោគម​វិជ្ជា​របស់ខ្លួន ដូច​ដែល​ក្រុមនេះ ធ្លាប់​ធ្វើ​រហូត​មក នៅ​លីប៊ី ស៊ីរី អ៊ីរ៉ាក់ និង​ចុងក្រោយ នៅ​យេម៉ែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI