ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រេងកាតកំពុងក្លាយជាសង្រ្គាមស៊ីសាច់ហុតឈាមរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

១០ ថ្ងៃ​មក​ហើយ​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់​កំពុង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា។ អ្វីៗ​បាន​ឡើង​តានតឹង​ដល់​កំពូល បន្ទាប់​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​បាន​ប្រហារ​ជីវិត​មន្រ្តី​ជាន់ខ្ពស់​អ៊ីស្លាម​ឈីអ៊ីត​ម្នាក់​ឈ្មោះ​នីមៀរ អាល់ នីមៀរ​កាល​ពី​ថ្ងៃ​ទី២ មករា។ បន្ទាប់​មក ទីក្រុង​រីយ៉ាដ​ក៏​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត និង​ព្យួរ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តេហេរ៉ង់​ផង​ដែរ។ ក្រៅ​ពី​សង្រ្គាម​ដណ្តើម​ឥទ្ធិពល​រវាង​មហាអំណាច​ទាំង​ពីរ​ក្នុង​តំបន់​ដែល​គ្រប់​គ្នា​បាន​ឃើញ​នឹង​ភ្នែក និង​ឮ​ផ្ទាល់​នឹង​ត្រចៀក ក៏​មាន​បង្កប់​ដោយ​សង្រ្គាម​អាដ៏​កំបំាង និង​ពិសពុល​មួយ​ដែរ នោះ​គឺ​សង្រ្គាម​ប្រេងកាត​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ជា​ប្រទេស​ជង្រុកប្រេង​ដូច​គ្នា។

ប្រេងកាតកំពុងក្លាយជាសង្រ្គាមស៊ីសាច់ហុតឈាមរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់
ប្រេងកាតកំពុងក្លាយជាសង្រ្គាមស៊ីសាច់ហុតឈាមរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​បាន​កើត​ចេញ​ពី​ការ​ប្រហារ​ជីវិត​មន្រ្តី​ជាន់ខ្ពស់​អ៊ីស្លាម​ឈីអ៊ីត​ម្នាក់​ដោយ​រដ្ឋអំណាច​ទីក្រុង​រីយ៉ាដ​កាល​ពី​ថ្ងៃ​ទី២ មករា​កន្លង​ទៅ គ្រាន់​តែ​ជា​ទឹក​មួយ​ដំណក់​តូច​ដែល​តក់​ចូល​ក្នុង​ទឹក​មួយ​កែវ​ដែល​កំពុង​ពេញ​ហូរហៀរ​ស្រាប់​ប៉ុណ្ណោះ។ តាម​ពិត​ទៅ ប្រទេស​មហាអំណាច​ក្នុង​តំបន់​ទាំង​ពីរ​ដែល​មាន​និកាយ​សាសនា​អ៊ីស្លាម​ខុស​គ្នា​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​គ្រប់​វិស័យ​ទាំង​អស់ ទាំង​នយោបាយ ការទូត យោធា និង​ប្រេងកាត។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ភាព​តានតឹង​រវាង​ទីក្រុង​រីយ៉ាដ និង​តេហេរ៉ង់​ដែល​ទើប​លេច​ធ្លោ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​តម្លៃប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ចុះ​ខ្លាំង និង​កំពុង​បន្ត​ធ្លាក់​ចុះ​សឹង​តែ​រាល់​ថ្ងៃ ពោល​មាន​តម្លៃ​មិន​ដល់ ៣៧ដុល្លារ​ផង​ក្នុង ១បារីល​នៅ​ថ្ងៃ​នេះ។

សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត សេដ្ឋកិច្ច​អ៊ីរ៉ង់ ក៏​ដូច​ជា​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ផលិតប្រេង​ផ្សេង​ទៀត​ដែរ គឺ​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ចំណូល​បាន​មក​ពី​ការ​បូម​មាសខ្មៅ​លក់។ ដូច្នេះ តម្លៃ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​មិន​បាន​គំរាមកំហែង​តែ​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត ឬ​អ៊ីរ៉ង់​ម្នាក់​គត់​ឯណា។ តែ​សំណួរ​ដែល​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​បាន​ព្យាយាម​មិន​ព្រម​បញ្ចុះ​បរិមាណ​ផលិតកម្ម​ប្រេងឆៅ​ដើម្បី​ឲ្យ​តម្លៃ​ឡើង​ថ្លៃ និង​ថែម​ទាំង​ចង់​ឃើញ​តម្លៃប្រេងឆៅ​នៅ​ទាប​របៀប​នេះ?

គ្មាន​អ្វី​ពិបាក​យល់​ទេ ព្រោះ​មក​ពី​អារ៉ាប៊ីសាអូឌីត​មាន​បំណង​ចង់​ដាក់​គំនាប​លើ​គូបដិបក្ខ​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ជង្រុកប្រេង​មួយ​ដែរ។ ទីក្រុង​រីយ៉ាដ​បាន​យល់​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៤ នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​រួច​ផុត​ពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ នៅ​ពេល​នោះ អ៊ីរ៉ង់​នឹង​សម្រុក​បូមប្រេង​គ្មាន​កំណត់​បរិមាណ​ដើម្បី​ស្រង់ដើម​ពី​ភាព​យឺតយ៉ាវ​របស់​ខ្លួន។ តែ​អារ៉ាប៊ីសាអូឌីត​បាន​រក​វិធី​បិទខ្ទប់ ដោយ​ទុក​បណ្តោយ​ឲ្យ​តម្លៃប្រេងឆៅ​ធ្លាក់​ថ្លៃ និង​ក៏​បាន​ប្រឹង​បូមបន្ថែម​ខ្លួន​ឯង​ដែរ ពោល​មិន​ខុស​អ្វី​លើ​ពាក្យ​ស្លោក​ដែល​ថា ទំនិញ​ជុញ​នាំ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​នោះ​ទេ។

តាម​ពិត​ទៅ សង្រ្គាម​ពាក្យ​សម្តី​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ទាក់ទង​នឹង​មាសខ្មៅ​បាន​កើត​មាន​តាំង​ពី​នៅ​ក្នុង​ជំនួបកំពូល​ចុង​ក្រោយ​របស់​អង្គការ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស្ត​នា​ថ្ងៃទី៤ ធ្នូ​កន្លង​ទៅ​មក​ម្ល៉េះ។ មួយ​ថ្ងៃ​មុន​ជំនួបកំពូល រដ្ឋមន្រ្តី​ថាមពល​អ៊ីរ៉ង់​បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹង​មិន​យល់ព្រម​ចរចា​លើ​ការ​ដំឡើង​ផលិតកម្ម​ប្រេងឆៅ​​អ៊ីរ៉ង់​នៅ​ក្រោយ​ការ​លើក​ទ័ណ្ឌកម្ម​ជា​ដាច់​ខាត និង​ថា រឿង​អ៊ីរ៉ង់​បូមតិច ឬ​ច្រើន​ជា​សិទ្ធិ​របស់​អ៊ីរ៉ង់​ដែល​គ្មាន​នរណា​អាច​បញ្ជា​បាន​ឡើយ។ រដ្ឋមន្រ្តី​អ៊ីរ៉ង់​រូប​នោះ​ដដែល​បាន​បន្ថែម​ថា មិនមែន​អ៊ីរ៉ង់​តែ​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​ធ្លាក់​ចុះ​យ៉ាង​គំហុក​របៀប​នេះ។

ជា​ការ​ពិត ការ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ទុក​បណ្តោយ​ឲ្យ​តម្លៃប្រេងឆៅ​ធ្លាក់​ថ្លៃ និង​បន្ត​បូមប្រេង​របស់​ខ្លួន​ដោយ​គ្មាន​កំណត់​មក​ដល់​សព្វថ្ងៃ គឺ​ជា​ឆន្ទៈ​នយោបាយ​មួយ​ដែល​ទីក្រុង​រីយ៉ាដ​ចង់​សម្លាប់​គូប្រជែង​ផ្សេង ដូច​យ៉ាង​អាមេរិក​ដែល​បញ្ចេញ​ឧស្ម័ន​ឈីស្ត ឬ​រុស្ស៊ី​ដែល​ជា​ប្រទេស​នំា​ប្រេងឆៅ​ចេញ​លំដាប់ទី២ ក្នុងលោក។ តែ​គេ​ក៏​ត្រូវ​តែ​ហ៊ាន​និយាយ​ថា នយោបាយ​របស់​អារ៉ាប៊ីសាអូឌីត​ក៏​បាន​សម្លាប់​អ៊ីរ៉ង់​ដែល​ជា​គូប្រជែង​ក្នុង​តំបន់​របស់​ខ្លួន​ដែរ។

នៅ​ក្នុង​ន័យ​នេះ អ៊ីរ៉ង់​ពិត​ជា​មិន​យល់​ច្រឡំ​ទេ និង​បាន​ចង្អុល​មុខ​អារ៉ាប៊ីសាអូឌីត​ចំៗ​ថា មាន​ចេតនា​ប្រើ​យុទ្ធសាស្រ្ត​របៀប​នេះ​ដើម្បី​ពន្លិច​ខ្លួន។ នៅ​ថ្ងៃទី៤ មករា​កន្លង​ទៅ លោក​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​យល់​ឃើញ​ថា យុទ្ធសាស្រ្ត​បង្កប់​ដោយ​ល្បិចកល​របស់​អារ៉ាប៊ីសាអូឌីត​រួម​គំនិត​ជាមួយ​សម្ព័ន្ធមិត្ត ៥ប្រទេស​នៃ​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស គឺ​កូវ៉ែត​កាតា បារ៉ែន អេមីរ៉ាអារ៉ាប់រួម និង​អូម៉ង់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផលប្រយោជន៍​របស់​ប្រជាជន​អ៊ីរ៉ង់ ព្រម​ទាំង​ប្រជាជន​អ៊ីស្លាម​នៅ​ក្នុង​តំបន់។

ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​អ៊ីរ៉ង់​យ៉ាង​ដូច​នេះ​ពិត​ជា​មិន​ខុស​ទេ ព្រោះអារ៉ាប៊ីសាអូឌីត​បាន និង​កំពុង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​រារាំង​អ៊ីរ៉ង់​កុំ​ឲ្យ​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​​ល្បែង​ប្រេងឆៅ​ជា​ថ្មី​នៅ​ក្នុង​តំបន់។ កន្លង​មក ពិសេស​ក្នុង​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ជាប់​សំណាញ់​ទ័ណ្ឌកម្ម​អន្តរជាតិ អារ៉ាប៊ីសាអូឌីត​បាន​ទៅ​ចែចូវ​ម៉ូយដុំ​គ្រាក់​ដូច​យ៉ាង​ចិន និង​ឥណ្ឌា​ដែល​ធ្លាប់​ទិញ​ប្រេង​របស់​អ៊ីរ៉ង់។ ទីក្រុង​រីយ៉ាដ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទំរាំ​អ៊ីរ៉ង់​រួច​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្តើម​រឹងដៃ​រឹងជើង​ត្រឡប់​ចូល​សៃវៀន​វិញ ខ្លួន​បាន​ស៊ី​ឆ្អែត​ប៉ោង​ពោះ​រួច​ស្រេច​បាត់​ទៅ​ហើយ។

សូម​ជម្រាប​ជូន​ថា អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​ស្ថាបនិក​ពីរ​ក្នុង​ចំណោម​ប្រទេស​ស្ថាបនិក​ទាំង ៥ របស់​អង្គការ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​ហៅ​កាត់​ថា OPEP។ កាល​ពី​ឆ្នាំ ១៩៦០ និង​ក្នុង​ពេល​សង្រ្គាម​រវាង​អ៊ីរ៉ាក់ អ៊ីរ៉ង់​ចន្លោះ​ឆ្នាំ ១៩៨០ ១៩៨៨ ឬ​មួយ​ក៏​ក្នុង​ពេល​ដែល​ទ័ព​អ៊ីរ៉ាក់​របស់​សាដាម ហ៊ូសេន​ចូល​ឈ្លានពាន​ទឹកដី​កូវ៉ែត​ក្នុង​ឆ្នាំ ១៩៩០ សមាជិក OPEP បាន​ជំនះ​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​រឿង​នយោបាយ​ដើម្បី​ទប់​តម្លៃ​ប្រេងឆៅ​កុំ​ឲ្យ​ធ្លាក់​ថ្លៃ។ ជាទូទៅ អារ៉ាប៊ីសាអូឌីត​ក្នុង​នាម​ជា​ប្រទេស​នំា​ប្រេង​ចេញ​ទី១ ក្នុង​លោក​បាន​ដើរ​តួនាទី​ជា​បងធំ​ចាត់ចែង​រឿង​បរិមាណ និង​តម្លៃ​ប្រេង។

តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ អារ៉ាប៊ីសាអូឌីត​នៅ​តែ​ចង់​ដើរ​តួនាទី​ជា​បងធំ​ចាត់ចែង​ដដែល តែ​មិន​មែន​ដើម្បី​ផលប្រយោជន៍​អង្គការ OPEP ទៀត​ឡើយ តែ​យក​មាសខ្មៅ​ធ្វើ​ជា​សង្រ្គាម​សម្លាប់​គូប្រជែង​ក្នុង​តំបន់ ដែល​អ៊ីរ៉ង់​ជា​ប្រទេស​ផ្ទាំងស៊ីប​មុន​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត