អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់

វិបត្តិ​អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់៖អ.ស.ប.ផ្តើម​អន្តរាគមន៍​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​ក្នុង​តំបន់

លោក​ស្តាហ្វាន មីស្ទូរ៉ា (Staffan Mistura) អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី
លោក​ស្តាហ្វាន មីស្ទូរ៉ា (Staffan Mistura) អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី REUTERS/Pierre Albouy

វិបត្តិ​ការទូត​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់​បាន និង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​បារម្ភ​ខ្លាំង​ជាង​គេ​នោះ គឺ​សង្រ្គាម​មិន​អាច​គ្រប់គ្រង​បាន​រវាង​មហាអំណាច​ទាំង​ពីរ​នៅ​ក្នុង​តំបន់​ដែល​កំពុង​ញំាញី​ដោយ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី និង​យេម៉ែន។ ប្រទេស​មហាអំណាច​ក្នុង​លោក មាន​អាមេរិក បារាំង អង់គ្លេស ឬ​មួយ​ក៏​ចិន​បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​មាន​ការ​អត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី។ ប្រទេស​រុស្ស៊ី​បាន​យល់ព្រម​ធ្វើ​ជា​អាជ្ញាកណ្តាល ហើយ​នៅ​ថ្ងៃ​នេះ លោក​ស្តាហ្វាន មីស្ទូរ៉ា (Staffan Mistura) អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសំណុំរឿង​ស៊ីរី​កំពុង​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​គ្រោង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ក្នុង​សប្តាហ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

គោលដៅ​សំខាន់​របស់​លោក​ស្តាហ្វាន មីស្ទូរ៉ា គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់។ ភាព​តានតឹង​ដែល​បាន​កើត​ចេញ​ពី​ការ​ប្រហារ​ជីវិត​មន្រ្តីជាន់ខ្ពស់​និកាយ​ស្ហ៊ីអីត​លោក​នីមៀរ អាល់ នីមៀរ​ដោយ​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី២ មករា។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា លោក​ស្តាហ្វាន មីស្ទូរ៉ា​ជា​អន្តរការី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​វិបត្តិ​ស៊ីរី​ទេ ចុះ​ហេតុអ្វី​បាន​ជា​លោក​ចេញ​មុខ​ទៅ​ដោះស្រាយ​វិបត្តិ​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ពេល​នេះ​ទៅ​វិញ។

លោក​ស្តាហ្វាន​មិន​បាន​បញ្ជាក់​ត្រង់ៗ​ថា​លោក​ទៅ​អារ៉ាប៊ីសាអូឌីត និង​ទៅ​អ៊ីរ៉ង់​ដើម្បី​ដោះស្រាយ​វិបត្តិ​ការទូត​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​នៅ​ក្នុង​តំបន់​ទេ តែ​បាន​អះអាង​ថា លោក​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​វិបត្តិ​នេះ ព្រោះ​វា​អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់​នៅ​ក្នុង​តំបន់​ដែល​កំពុង​ញំាញី​ដោយ​សង្រ្គាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​យេម៉ែន។ ឥទ្ធិពល​អាក្រក់​នៅ​ចំពោះ​មុខ​ដែល​លោក​ស្តាហ្វាន​មិន​អាច​លាក់កំបាំង​បាន​នោះ គឺ​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​ស៊ីរី​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ជា​តួអង្គ​សំខាន់​ពីរ​មិន​អាច​ខ្វះ​បាន។

នៅ​អារ៉ាប៊ីសាអូឌីត ក៏​ដូច​ជា​នៅ​អ៊ីរ៉ង់ លោក​ស្តាហ្វាន​នឹង​សាកល្បង​ស្វែង​យល់​ថា តើ​វិបត្តិ​ការទូត​រវាង​គូប្រជែង​ទាំង​ពីរ​ក្នុង​តំបន់​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​កិច្ចប្រជុំ​រវាង​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង​កម្រិត​ណា។ កិច្ចប្រជុំ​ដែល​គ្រោង​រៀបចំ​ចាប់​ពី​ថ្ងៃទី២៥ មករា​ខាង​មុខ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ គួរ​រម្លឹក​ជូន​ថា អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​វិបត្តិ​ស៊ីរី​រៀបចំ​ក្នុង​ខែ​តុលា និង​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ។ ក្រៅ​ពី​វិបត្តិ​ស៊ីរី វិបត្តិ​យេម៉ែន​ក៏​ជា​ក្តីបារម្ភ​របស់​បេសកជន​ពិសេស​អង្គការ​ប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​យេម៉ែន​លោក​អ៊ីស្មែល អ៊ុល ឆែក អាម៉េដ​ដែរ ព្រោះ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ក៏​បាន​លូកដៃ​យ៉ាង​ជ្រៅ​នៅ​ក្នុង​វិបត្តិ​យេម៉ែន។ លោក​អាម៉េដ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ពុធ ទី៦ មករា។

តួនាទី​របស់​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​នៅ​ក្នុង​វិបត្តិ​ស៊ីរី យេម៉ែន ឬ​បារ៉ែន

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា វិបត្តិ​នយោបាយ​នៅ​ស៊ីរី នៅ​បារ៉ែន​ក៏​ដូច​ជា​នៅ​យេម៉ែន គឺ​បាន​ឆ្លង​ពី​បដិវត្តន៍​អារ៉ាប់​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី។ វា​ជា​រឿង​ល្អ​ណាស់​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ក្នុង​នាម​ជា​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​តំបន់​បាន​ជួយ​ឈឺ​ឆ្អាល​ដោះស្រាយ តែ​បញ្ហា​នៅ​ត្រង់​ថា ទីក្រុង​រីយ៉ាដ​ដែល​ជា​មហាអំណាច​ស៊ុយនីត និង​ទីក្រុង​តេហេរ៉ង់​ដែល​ជា​មហាអំណាច​ស្ហ៊ីអ៊ីត​បែរ​ជា​កាន់​ជើង​តែ​ក្រុម​និកាយ​សាសនា​រៀងៗ​ខ្លួន​ទៅ​វិញ។

ជាក់ស្តែង​នៅ​ស៊ីរី ទីក្រុង​រីយ៉ាដ​បាន​ចេញ​មុខ​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ដែល​ជា​និកាយ​ស៊ុយនីត ចំណែក​ទីក្រុង​តេហេរ៉ង់ រួម​ទាំង​ក្រុម​ហេស្បូឡា​លីបង់​បាន​ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​និកាយ​ស្ហ៊ីអីត។ វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​យេម៉ែន ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​បារ៉ែន អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​គាំទ្រ​ក្រុម​និកាយ​រៀងៗ​ខ្លួន។ ឃើញ​ថា ទីក្រុង​រីយ៉ាដ និង​ទីក្រុង​តេហេរ៉ង់​បាន​សម្លឹង​ឃើញ​ដំណោះស្រាយ​ផ្ទុយ​គ្នា​រួច​ទៅ​ហើយ​នៅ​ក្នុង​ដំណោះស្រាយ​នៅ​ស៊ីរី នៅ​យេម៉ែន ក៏​ដូច​ជា​នៅ​បារ៉ែន។

អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​នោះ គឺ​ចង់​ឲ្យ​ក្រុម​ជម្លោះ​ផ្ទៃក្នុង​នៅ​ស៊ីរី នៅ​យេម៉ែន ឬ​នៅ​បារ៉ែន​ចូល​អង្គុយ​ចរចា​ទល់​មុខ​គ្នា។ នៅ​ត្រង់​ចំណុច​នេះ គឺ​មាន​តែ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ទេ​ដែល​អាច​និយាយ​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​នោះ​បាន។ ខណៈ​នេះ សហគមន៍​អន្តរជាតិ​ហាក់ដូច​ជា​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់​នៅ​ចំពោះ​មុខ​វិបត្តិ​ការទូតរវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ពេល​នេះ។ តែ​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​ធានា​ថា ទោះ​បី​ជា​មាន​វិបត្តិ​ផ្លូវទូត​ជាមួយ​អ៊ីរ៉ង់​ក្តី ក៏​ខ្លួន​នឹង​បន្ត​ប្រឹងប្រែង​ដើម្បី​ឲ្យ​មាន​សន្តិភាព​នៅ​ស៊ីរី និង​នៅ​យេម៉ែន។

សហគមន៍​អន្តរជាតិ​អំពាវនាវ​រួម​គ្នា​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​អត់ធ្មត់ និង​ដោះស្រាយ​ដោយ​សន្តិវិធី

ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ទោះ​បី​ជា​ធ្លាប់​មាន​ជំហរ​បែប​ណា​ក៏​ដោយ ជា​សត្រូវ ឬ​មួយ​ជា​សម្ព័ន្ធមិត្ត​ជិត​ឆ្ងាយ​របស់​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ក៏​ដោយ ក៏​ប្រទេស​ភាគច្រើន ពិសេស​ប្រទេស​មហាអំណាច​គ្រាក់ៗ​បាន​បញ្ចេញ​ប្រតិកម្ម​ស្រដៀង​គ្នា​ដោយ​អំពាវនាវ​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​តេហេរ៉ង់​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី។ គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ផ្តាច់​ទំនាក់ទំនង​ទូត​ជាមួយ​អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត​ក៏​បាន​ព្យួរ​ចោល​រាល់​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តេហេរ៉ង់។ ស្រប​គ្នា​នេះ មាន​ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​និកាយ​សាសនា​ស៊ុយនីត​ដូច​អារ៉ាប៊ីសាអូឌីត​ក៏​បាន​រួម​សាមគ្គី​គ្នា​ប្រឆាំង​អ៊ីរ៉ង់​ដោយ​ព្យួរ​ទំនាក់ទំនង​ការទូត​ដូច​គ្នា។

អាមេរិក​តាម​រយៈ​លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​បាន​ទូរស័ព្ទ​និយាយ​ផ្ទាល់​ជា​មួយ​សមភាគី​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដោយ​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា។ ប្រទេស​រុស្ស៊ី​ដែល​មាន​ជំហរ​គាំទ្រ​អ៊ីរ៉ង់ និង​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​បាន​សុំ​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់។ ការ​ចេញ​មុខ​ឈឺ​ឆ្អាល​របស់​ក្រុម​ប្រទេស​មហាអំណាច​ពេល​នេះ​មក​ពី​គេ​យល់​ឃើញ​ដូច​គ្នា​ថា បើ​សង្រ្គាម​នឹង​ផ្ទុះ​ឡើង​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​នៅ​ថ្ងៃ​ណា​មួយ​នោះ គឺ​តំបន់​ដើមបូព៌ា​ទាំង​មូល​តែ​ម្តង​ដែល​នឹង​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​មិន​អាច​គ្រប់គ្រង​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI