នុយក្លេអ៊ែរអ៊ីរ៉ង់៖តើថ្ងៃនេះ ជាថ្ងៃដែលសេដ្ឋកិច្ចអ៊ីរ៉ង់ចាប់ផ្តើមពីចំណុចសូន្យឬ?
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសៅរ៍ ទី១៦ មករានេះ ក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់រួមប្រជុំគ្នាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ គោលដៅនៃកិច្ចប្រជុំ គឺពិនិត្យ និងដាក់ឲ្យដំណើរការជាផ្លូវការនូវកិច្ចព្រមព្រៀងដែលសហគមន៍អន្តរជាតិ និងភាគីអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។ តែដើម្បីអាចឈានដល់ដំណាក់កាលចុងក្រោយនេះ ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិហៅកាត់ថា AIEA ត្រូវតែបញ្ជាក់ថា តើអ៊ីរ៉ង់ពិតជាបានគោរពតាមពាក្យសន្យារបស់ខ្លួនមែន ឬអត់។
ភាគីដែលពាក់ព័ន្ធនឹងកិច្ចប្រជុំថ្ងៃនេះរួមមាន អាមេរិកតំណាងដោយលោកប្រមុខការទូតចន ឃ៊ែរី អ៊ីរ៉ង់តំណាងដោយលោករដ្ឋមន្រ្តីការបរទេសម៉ូហាម៉ាដ ហ្សាវ៉ា ហ្សារីស្វ និងសហភាពអឺរ៉ុបតំណាងដោយលោកស្រីប្រមុខការទូតហ្វេដេរីកា ម៉ូហេរីនី។ តែមុននឹងមានជំនួបរួមជាលក្ខណៈត្រីភាគីអាមេរិក អ៊ីរ៉ង់ អឺរ៉ុប គេសង្កេតឃើញមានជំនួបជាលក្ខណៈទ្វេភាគីអាមេរិក អ៊ីរ៉ង់ និងអ៊ីរ៉ង់ សហភាពអ៊ឺរ៉ុប។ កម្មវត្ថុនៃជំនួបត្រីភាគីថ្ងៃនេះមិនមែននិយាយពីការស្វែងរកដំណោះស្រាយរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ តែពិនិត្យមើលពីកិច្ចការដែលអ៊ីរ៉ង់បានធ្វើនាពេលកន្លងមក ពិសេសចង់ដឹងថា តើអ៊ីរ៉ង់មានបានគោរពពាក្យសន្យានៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយសហគមន៍អន្តរជាតិកាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១៥ ឬអត់។
តែដើម្បីអាចផ្ទៀងផ្ទាត់លើចំណុចទាំងអស់នោះបាន គេត្រូវការរបាយការណ៍របស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិហៅកាត់ថា AIEA។ AIEA ត្រូវតែបញ្ជាក់ថា តើអ៊ីរ៉ង់មានបានកាត់បន្ថយចំនួនម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ាញ៉ូម និងបានបញ្ជូនបរិមាណសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនធាតុរួចហើយទាំងអស់ទៅបរទេសហើយ ឬនៅ?។ គេអាចនិយាយបានថា សេចក្តីសន្និដ្ឋានរបស់ AIEA គឺជារឿងស្លាប់ រស់សម្រាប់អ៊ីរ៉ង់នៅថ្ងៃនេះ ព្រោះថា បើ AIEA ឲ្យភ្លើងខៀវថា អ៊ីរ៉ង់ពិតជាគោរពបាន ១០០% នូវពាក្យសន្យារបស់ខ្លួនមែន នោះសហគមន៍អន្តរជាតិអាចផ្តើមលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់។ ផ្ទុយទៅវិញ បើ AIEA ចេញភ្លើងក្រហម អ៊ីរ៉ង់នឹងបន្តជាប់ខ្នោះទ័ណ្ឌកម្មសេដ្ឋកិច្ចជាបន្តទៀត។
ខ្នោះទ័ណ្ឌកម្មសេដ្ឋកិច្ចដែលប្រទេសជង្រុកប្រេងទី៤ ក្នុងលោកបានជាប់តាំងពីជាង ១៣ឆ្នាំមកហើយ។ តែយ៉ាងណាក៏ដោយ លោកប្រមុខការទូតអ៊ីរ៉ង់ហ្សារីស្វមិនបារម្ភទេ និងថ្លែងដោយមានសុទិដ្ឋិនិយមថា ថ្ងៃនេះ ជាថ្ងៃវេលាល្អសម្រាប់ប្រជាជនអ៊ីរ៉ង់ ព្រោះជាថ្ងៃដែលអ៊ីរ៉ង់រួចផុតពីទ័ណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ