ស៊ីរី-វិបត្តិ​នយោបាយ

តំណាង​រដ្ឋាភិបាល​ស៊ីរី​ជួប​ចរចា​ជាថ្មី​​ជាមួយ​ក្រុម​ប្រឆាំង​នៅ​មូស្គូ

​រូបលោក បាឆា អាល់អាសាដ មេ​ដឹក​នាំ​​ផ្តាច់​ការ​​ស៊ីរី ក្នុង​ពិពណ៌​​​រូបថត​​​ស្តី​ពី​​​សង្គ្រាមនៅស៊ីរី  ​ដែលរ៉ាំរ៉ៃ​អស់​រយៈ​ពេល​ ៤ឆ្នាំហើយ
​រូបលោក បាឆា អាល់អាសាដ មេ​ដឹក​នាំ​​ផ្តាច់​ការ​​ស៊ីរី ក្នុង​ពិពណ៌​​​រូបថត​​​ស្តី​ពី​​​សង្គ្រាមនៅស៊ីរី ​ដែលរ៉ាំរ៉ៃ​អស់​រយៈ​ពេល​ ៤ឆ្នាំហើយ REUTERS/Omar Sanadiki

នៅ​ថ្ងៃ​ចន្ទ​ទី ៦​មេសា ​ក្រុង​មូស្គូ​បាន​ទទួល​សម្រប​សម្រួល​ជា​ថ្មី​ម្តង​ទៀត ​ដើម្បី​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​ រវាង​ក្រុម​ប្រឆាំង​នៅ​ស៊ីរី ​និង​អ្នក​តំណាង​របស់​រដ្ឋាភិបាល​លោក ​បាឆា​ អាល់អាសាដ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ​អ្នក​វិភាគ​មួយ​ចំនួន​ បាន​សម្តែង​នូវ​ការ​ខកចិត្ត​ ដោយសារ​តែ​ជំនួប​នេះ ​នឹង​មិន​លើក​ឡើង​និយាយ​ពី​ដំណោះ​ស្រាយ​នយោបាយ​នៅ​ស៊ីរី​ទេ ​គេ​មាន​គម្រោង​ជជែក​ដោយ​ផ្តោត​សំខាន់​ តែ​ទៅ​លើ​បញ្ហា​មនុស្សធម៌​ តែ​ប៉ុណ្ណោះ។ ក្រុម​ប្រឆាំង​ដែល​បាន​ទៅ​ប្រជុំ​នៅ​មូស្គូ​ ទៀត​សោត ​ក៏​សុទ្ធ​សិង​តែ​ជា​ក្រុម​ប្រឆាំង​ ដែល​ស្និត​នឹង​របប​របស់​បាឆា ​អាល់អាសាដ​ ផ្ទាល់​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​ដែល​ជា​ដៃគូ​ល្អូកល្អឺន​ ជាមួយ​អ៊ីរ៉ង់ ​បាន​ចេញមុខ​ចេញ​មាត់​ ជួយ​ជ្រោម​ជ្រែង​ស៊ីរី ​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​នយោបាយ ​តាម​រយៈ​ការ​រៀប​ចំ​ ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​រវាង ​ក្រុម​ប្រឆាំង​នៅ​ស៊ីរី ​និង​អ្នក​តំណាង​របស់​រដ្ឋាភិបាល​លោក​បាឆា ​អាល់អាសាដ។ ប៉ុន្តែ​គ្រប់គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ​អ៊ីរ៉ង់ ​ជា​អ្នក​គាំទ្រ​ក្រុម​បក្ស​ពួក​របស់​លោក​បាឆា​ អាល់អាសាដ។

 
ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​ក្រុម​ប្រឆាំង​មួយចំនួន​ បាន​បដិសេធ ​មិន​ទៅ​ចូលរួម​ប្រជុំ​នៅ​មូស្គូ​ទេ ​ដោយសារ​ពួក​គេ​យល់​ថា ​គោលដៅ​នៃ​ការ​ប្រជុំ​នោះ ​​គឺ​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ក្រុម​ប្រឆាំង ​ឲ្យ​ឈប់​តស៊ូ ​ហើយ​អនុញ្ញាត​ឲ្យ​លោក​បាឆា ​អាល់អាសាដ​ នៅ​បន្ត​អំណាច​ផ្តាច់ការ​ត​ទៅ​ទៀត។

តាម​ការ​គ្រោង​ទុក ​ជំនួប​រវាង​ក្រុម​ប្រឆាំង ​និង​រដ្ឋាភិបាល​ស៊ីរី​នៅ​មូស្គូ ​ថ្ងៃ​ចន្ទ​ទី​៦​ មេសា ​នេះ ​គឺ​ផ្តោត​សំខាន់​តែ​លើ​កិច្ចការ​មនុស្សធម៌ ​បញ្ជូន​ជំនួយ​ទៅ​ជួយ​ប្រជាជន​ស៊ីរី​នៅ​តាម​តំបន់ ​ដែល​ខ្ទេចខ្ទី​ដោយ​សង្គ្រាម។ ចំណែក​ឯ​បញ្ហា​ដំណោះ​ស្រាយ​នយោបាយ​ គេ​មិន​ជា​សង្ឃឹម​ថា​ជំនួប​នេះ ​នឹង​ធ្វើ​អ្វី​បាន​ជា​ដុំ​កំភួន​នោះ​ទេ។ អ្នក​វិភាគ​នយោបាយ​នៅ​ដើម​បូព៌ា​ម្នាក់ ​បាន​សម្តែង​ការ​ខកចិត្ត​ដោយសារ ​ក្រុម​ប្រឆាំង​ដែល​ចូលរួម​ប្រជុំ​ គឺ​ជា​ក្រុម​ ដែល​មាន​និន្នាការ​មិន​ច្បាស់​លាស់ ​ហើយ​ទន់ទេរ​ទៅ​រក ​រដ្ឋាភិបាល​របស់​លោក​បាឆា អាល់អាសាដ។

អ្នក​ដែល​មាន​សំឡេង​ប្រឆាំង​ពិត​ប្រាកដ ​ដូចជា ​លោក​ លូអាយ​ ហ៊ូសេន ​មេ​ដឹកនាំ​ប្រឆាំង​នៅ​ខាង​ក្នុង​ស៊ីរី ដ៏​សំខាន់​ម្នាក់ ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឲ្យ​មាន​វត្តមាន​នៅ​មូស្គូ​ទេ។ លោក លូអាយ ហ៊ូសេន ដែល​ទើបតែ​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ដោះលែង ​ឲ្យ​នៅ​ក្រៅឃុំ ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​រដ្ឋាភិបាល​ស៊ីរី មិន​បាន​ចេញ​លិខិត​អនុញ្ញាត​ ឲ្យ​លោក​ចេញ​ដំនើរ​ទៅ​បរទេស​ទេ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ មិន​អាច​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្រុង​មូស្គូ​បាន។ ចំណែក​ឯក្រុម​ប្រឆាំង​មួយ​ក្រុម​ទៀត​ ដែល​ជា​ក្រុម​នៅ​ខាង​ក្រៅ​ស៊ីរី ​បាន​បដិសេធ​ មិន​ចូល​រួម​ប្រជុំ​ ដោយសារ​ពួក​គេ​យល់​ថា ​ការ​ប្រជុំ​ដែល​ដឹក​នាំ​រុស្ស៊ី ​គ្មាន​គោល​បំណង​អ្វី​ផ្សេង ​ក្រៅតែ​ពី​ព្យាយាម​ស្រោចស្រង់​របប​ផ្តាច់ការ​របស់​បាឆា​ អាល់អាសាដ​ទេ។

គួរ​បញ្ជាក់​ផងដែរ​ថា ​វិបត្តិ​នៅ​ស៊ីរី ​មាន​ភាព​ស្មុគស្មាញ ​ដោយសារ​ក្រុម​ប្រឆាំង​នឹង​របប​របស់​បាឆា ​អាល់អាសាដ ​មាន​ច្រើន​ក្រុម​ណាស់ ​ទាំង​នៅ​ក្នុង​ស្រុក ​ទាំង​នៅ​ក្រៅ​ស្រុក។ រដ្ឋាភិបាល​របស់​លោកអូបាម៉ា ដែល​ជិត​ផុត​អាណត្តិ​ទៅ​ហើយ ​ហាក់​កំពុង​សោះ​អង្គើយ​ ទុក​ឲ្យ​រុស្ស៊ី​ចេញ​មុខ​ចេញ​មាត់​ ក្នុង​ការ​សម្រុះ​សម្រួល។ កន្លង​មក​ការ​ចរចា​បាន​ធ្វើ​ឡើង​ ជា​ច្រើន​ដង​មក​ហើយ ​មិន​ថា​នៅ​មូស្គូ ​នៅ​ហ្សឺណែវ រឺក៏​នៅ​រីយ៉ាដ​នោះ​ទេ ​ប៉ុន្តែ​ចំណុច​សំខាន់​ស្តី​ពី​អនាគត​របស់​លោក​ បាឆា អាល់អាសាដ​ គ្មាន​នរណា​លើក​យក​និយាយ​សោះ។
 

មន្រ្តី​ការទូត​អារ៉ាប់​ម្នាក់​ ដែល​តាម​ដាន​កិច្ចការ​នេះ ​បាន​ផ្តល់​យោបល់​ថា ​មធ្យោបាយ​សមរម្យ​មួយ​ ដែល​គេ​គួរ​យក​ទៅ​ពិចារណា ​គឺ​អនុញ្ញាត​ឲ្យ​លោក​បាឆា ​អាល់អាសាដ​ បន្ត​នៅ​២-៣​ឆ្នាំ​ទៀត ​ដើម្បី​ឲ្យ​ស៊ីរី ​ត្រៀម​ខ្លួន​ មុន​នឹង​មាន​ការ​ផ្លាស់​ប្តូរ​របប​ថ្មី​ទាំង​ស្រុង។ លោក​ពន្យល់​ថា  ​ការ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស​ពេក ​អាច​នាំ​ស៊ីរី​ឲ្យ​ធ្លាក់​ក្នុង​ភាព​វិកវរ ​ដូច​មាន​អ៊ីរ៉ាក់​ជា​គម្រូ​ស្រាប់ ​បន្ទាប់​ពី​សាដាម​ ​ហ៊ូសេន​ធ្លាក់​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០០៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI