អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖​លោកអាសាដ​សុខចិត្ត​ឲ្យ​ពួកប្រឆាំង​ចូល​ក្នុង​រដ្ឋាភិបាល​រួបរួមជាតិ តែ​ពួកប្រឆាំង​បដិសេធ

លោកប្រធានាធិបតីស៊ីរីអាសាដ
លោកប្រធានាធិបតីស៊ីរីអាសាដ JOSEPH EID / AFP
១៤ នាទី

ស្ថានការណ៍​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី​មាន​ការ​វិវត្តន៍​ទៅ​មុខ​ជាមួយ​នឹង​ការ​វាយដណ្តើម​ទីតាំង​អង្គការ​រដ្ឋអ៊ីស្លាម​ពី​កម្លាំង​រដ្ឋាភិបាល​ស៊ីរី។ តែ​ទន្ទឹម​គ្នា​នេះ ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​នៅ​បន្ត​ជាប់គាំង​ដដែល។ លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី៣០ មីនា​ថា លោក​យល់ព្រម​ឲ្យ​មាន​រដ្ឋាភិបាល​រួបរួមជាតិ​មួយ​ដោយ​មាន​វត្តមាន​ក្រុមប្រឆាំង។ តែ​ក្រុមប្រឆាំង​បាន​ច្រានចោល​ភ្លាមៗ​ដោយ​បន្ត​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះ​ចេញ​ពី​តំណែង។

ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រុស្ស៊ី​មួយ​ក្នុង​ថ្ងៃ​ពុធ ទី៣០ មីនា។ លោក​ប្រមុខ​រដ្ឋ​ស៊ីរី​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ថា លោក​យល់ព្រម​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ ហើយ​ក្រុមប្រឆាំង និង​ក្រុម​អ្នកទាមទារ​ឯករាជ្យ​អាច​ចូលរួម​នៅ​ក្នុង​រដ្ឋាភិបាល​ឯកភាពជាតិ​នោះ។ ទាក់ទង​នឹង​ការ​បែងចែក​ក្រសួង​គ្នា​កាន់​ត្រូវ​បាន​លោក​អាសាដ​អះអាង​ថា ត្រូវ​លើក​យក​ទៅ​ជជែក​នា​កិច្ចចរចា​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

សំណើ​របស់​លោក​ប្រធានាធិបតី​ស៊ីរី​របៀប​នេះ​ត្រូវ​បាន​ក្រុមប្រឆាំង​ឆ្លើយ​បដិសេធ​យ៉ាង​ទាន់ហន់​ដោយ​បញ្ជាក់​ថា នៅ​ក្រោយ​ការ​បង្កើត​បាន​រដ្ឋាភិបាល​រួបរួម​ជាតិ​ភ្លាម លោក​អាសាដ​ក៏​ត្រូវ​ចុះ​ចេញ​ពី​តំណែង​ភ្លាម​ដែរ សូម្បី​តែ​អង្គុយ​ថែម​មួយ​ម៉ោង​ក៏​មិន​អនុញ្ញាត​ដែរ។ ឃើញ​ថា​វិលចុះ វិលឡើង បុគ្គល​អាសាដ​នៅ​បន្ត​ជា​ឆ្អឹង​ទទឹង ក នៅ​ក្នុង​ដំណោះស្រាយ​បញ្ហា​ស៊ីរី។

មែនទែន​ទៅ របប​ក្រុង​ដាម៉ាស់​ខ្លួន​ឯង និង​ក្រុម​ប្រទេស​ដែល​គាំទ្រ​លោក​អាសាដ រួម​មាន​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​ដឹង​ច្បាស់​ណាស់​ពី​ចំណុច​ខ្វែង​គ្នា​នេះ។ ចំណែក​ក្រុម​ប្រឆាំង និង​ក្រុម​ប្រទេស​ដែល​គំាទ្រ​ក្រុម​នេះ​ក៏​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ តែ​នៅ​បន្ត​មិន​បោះបង់​ជំហរ​ខ្លួន​ទេ។ សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ថ្លែង​របស់​លោក​អាសាដ​ដោយ​បញ្ជាក់​ថា អាមេរិក​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ​នៅ​ស៊ីរី​ដែល​បន្ត​រក្សា​លោក​អាសាដ​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី។

ដូច្នេះ​ឃើញ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​បាន​ទទួល​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម​ថ្មីៗ​នេះ​ក៏​ដោយ ក៏​បច្ច័យ​មួយ​នេះ​មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ធំដុំ​ទៅ​លើ​កិច្ចចរចា​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ទេ។ កិច្ចចរចា​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី​នៅ​ថ្ងៃទី១០ មេសា​ខាង​មុខ និង​ដែល​គេ​មើល​ឃើញ​ថា ជោគវាសនា​លោក​អាសាដ​នៅ​បន្ត​ចោទ​ជា​បញ្ហា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ