យេម៉ែន៖អារ៉ាប៊ីសាអូឌីតបន្តគោរព និងអត់ធ្មត់នៅចំពោះការរំលោភបំពានរបស់ពួកឧទ្ទាមហ៊ូទី្ស
នៅក្នុងប្រទេសយេម៉ែន ថ្ងៃសុក្រ ទី១៥ ឧសភានេះ ជាថ្ងៃទី៤ នៃបទឈប់បាញ់ដែលបានចូលជាធរមានតំាងពីអធ្រាត្រយប់ថ្ងៃអង្គារ ទី១២ ឧសភា។ ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាអ្នកដឹកនំាកម្លំាងសម្ព័ន្ធមិត្តវាយប្រហារផ្លូវអាកាសលើពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែនតំាងពីខែមីនាបានប្រកាសពីការបន្តគោរពបទឈប់បាញ់ ទោះបីជាពួកឧទ្ទាមហ៊ូទី្សមិនបានគោរពត្រឹមត្រូវក៏ដោយ។ គួររម្លឹកជូនថា បទឈប់បាញ់រយៈពេល ៥ថ្ងៃដែលស្នើឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត និងយល់ព្រមដោយគ្រប់ជម្លោះនៅយេម៉ែន គឺដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅជួយជនស៊ីវិលយេម៉ែនដែលកំពុងរងគ្រោះដោយសង្រ្គាម។ ស្ថានការណ៍មនុស្សធម៌នៅយេម៉ែនដែលអង្គការសហប្រជាជាតិបានវាយតម្លៃថា កំពុងដុនដាបខ្លំាង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានការណ៍ទូទៅនៅក្នុងទីក្រុងសាណា ប្រទេសយេម៉ែនមានភាពស្ងាត់ជ្រងំគួរឲ្យកត់សម្គាល់ តែស្នូរកំាភ្លើងរប៉េះរប៉ោះបានកើតមានឡើងនៅតាមតំបន់ជាច្រើនស្ថិតប៉ែកខាងត្បូង។ កម្លំាងសម្ព័ន្ធមិត្តដែលដឹកនំាដោយអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភាថា ទោះបីជាពួកឧទ្ទាមហ៊ូទី្សបានបន្តរំលោភបំពានតិច ឬច្រើនលើបទឈប់បាញ់ក៏ដោយ ក៏កម្លំាងសម្ព័ន្ធមិត្តបន្តប្រកាន់ជំហរអត់ធ្មត់ដដែល។ តែក៏បានឆ្លៀតព្រមានថា ខ្លួននឹងធ្វើការវាយបកវិញ ប្រសិនបើពួកឧទ្ទាមនៅតែបន្តរំលោភបំពាននោះ។ តាមកម្លំាងសម្ព័ន្ធមិត្ត ពួកឧទ្ទាមបានរំលោភបំពានលើបទឈប់បាញ់ចំនួន ១២លើក ពិសេសនៅតាមបណ្តោយព្រំដែនជាមួយអារ៉ាប៊ីសាអូឌីត និងនៅផ្ទៃក្នុងយេម៉ែន។
គួររម្លឹកជូនឡើងវិញថា អារ៉ាប៊ីសាអូឌីតបានដឹកនំាកម្លំាងសម្ព័ន្ធមិត្តវាយប្រហារផ្លូវអាកាសលើពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី២៦ មីនា។ តែបានសុខចិត្តផ្អាកប្រតិបត្តិការរយៈពេល ៥ថ្ងៃជាមួយពួកឧទ្ទាមដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅជួយជនស៊ីវិលយេម៉ែន។ ស្ថានការណ៍មនុស្សធម៌នៅយេម៉ែនដែលត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកស្បៀងអាហារ និងកសិកម្មចាត់ទុកជាស្ថានការណ៍ដ៏មហន្តរាយ ព្រោះមានការខ្វះខាតសព្វគ្រប់។ តាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក សង្រ្គាមនៅយេម៉ែនបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១ ៥៧៨ នាក់ និងរបួសជាង ៦ ៥០០នាក់។
តំាងពីមានបទឈប់បាញ់រយៈពេល ៣ថ្ងៃមក ជំនួយមនុស្សធម៌ចំនួន ៧កប៉ាល់ និងឡានដឹកប្រេងឆ្លងពីទឹកដីអារ៉ាប៊ីសាអូឌីតបានធ្វើដំណើរទៅដល់កំពុងផែយេម៉ែន។ រដ្ឋាភិបាលយេម៉ែនដែលកំពុងភៀសខ្លួនក្នុងទឹកដីអារ៉ាប៊ីសាអូឌីតបានសាទរពីជំនួយអារ៉ាប៊ីសាអូឌីតតែម្នាក់ឯងចំនួន ៥៤០លានដុល្លារ តែបានបញ្ជាក់ពីការបដិសេធមិនទទួលជំនួយមួយកប៉ាល់ចំនួន ២ ៥០០តោនរបស់អ៊ីរ៉ង់ដែលកំពុងធ្វើដំណើរឆ្ពោះទៅយេម៉ែនដោយគ្មានការឯកភាពពីរដ្ឋអំណាចស្របច្បាប់យេម៉ែន។ តែអ៊ីរ៉ង់ដែលកំពុងជាប់ចោទពីបទគំាទ្រពួកឧទ្ទាមហ៊ូទី្សបានអះអាងថា ខ្លួនបានឯកភាពជាមួយអង្គការសហប្រជាជាតិរួចហើយ។
ថ្មីៗនេះ អាមេរិកក៏បានអំពាវនាវឲ្យអ៊ីរ៉ង់សហការណ៍ជាមួយទីភ្នាក់ងារសហប្រជាជាតិក្នុងការដឹកជំនួយមនុស្សធម៌ទៅយេម៉ែន និងព្រមានរារំាងកប៉ាល់របស់អ៊ីរ៉ង់កុំឲ្យចូលក្នុងដែនទឹកយេម៉ែន ពិសេសត្រួតពិនិត្យពីទំនិញដែលមាននៅក្នុងកប៉ាល់នោះដើម្បីធានាថា មិនមែនជាអាវុធសម្រាប់ពួកឧទ្ទាមហ៊ូទី្សទេ។ តែអ៊ីរ៉ង់បានព្រមានអាមេរិកវិញពីការប៉ុនប៉ងរារំាងកប៉ាល់របស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ