អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីរី៖ ​រុស្ស៊ី​និង​អាមេរិក​កំពុងដើរ​ជាន់ដាន​ប្រវត្តិសាស្រ្ត​អាហ្វហ្កានីស្ថាន​ក្នុង​សង្រ្គាម​ត្រជាក់?

សំឡេង ០៥:១១
យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស៊ីរី
យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស៊ីរី REUTERS/Ministry of Defence of the Russian Federation
ដោយ៖ សេង ឌីណា

ចាប់តាំង​ពី​មាន​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​បាន​ឈាន​ចូល​ដល់​របត់​ថ្មី​មួយ គឺ​​ស៊ីរី​កំពុងតែ​ក្លាយ​ជា​ដែន​សមរភូមិ​ដោយ​ប្រយោល​ រវាង​មហាអំណាច​យោធា​​អាមេរិក និង​រុស្ស៊ី ​ ដែល​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ឡើងវិញ​​ អំពី​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​​ក្នុង​អំឡុងសង្រ្គាម​ត្រជាក់។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ លោក​អូបាម៉ា​​បាន​ប្រាប់​ទូរទស្សន៍ CBS News ថា នយោបាយ​​របស់​លោក​នៅ​ស៊ីរី គឺ​ធ្វើ​យ៉ាងណា​ចៀសវាង​កុំ​ឲ្យ​អាមេរិក​ត្រូវ​ផុងខ្លួន​ជ្រៅ​ទៅ​​ក្នុង​សង្រ្គាម​ស៊ីវិល​ និង​ជាពិសេស ចៀសវាង​​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​នឹង​រុស្ស៊ី ដែល​កំពុងតែ​បង្កើន​វត្តមាន​កងទ័ព​នៅទីនោះ។ ក៏ប៉ុន្តែ អ្វី​ដែល​កំពុងតែ​កើតឡើង​នៅលើ​ដីជាក់ស្តែង គឺ​វា​ខុសពី​អ្វី​ដែល​លោក​អូបាម៉ា​បាន​លើកឡើង។

បើទោះបីជា​លោក​អូបាម៉ា​ចង់ ឬ​មិនចង់​ឲ្យ​កើត​ ប៉ុន្តែ​សង្រ្គាម​ដោយ​ប្រយោល រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី កំពុងតែ​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​រុស្ស៊ី​ជួយ​កងទ័ព​រដ្ឋាភិបាល​របស់​លោក​បាស្ហា​ អាល់អាសាដ ដើម្បី​ប្រយុទ្ធ​​តទល់​នឹង​ក្រុម​ឧទ្ទាម​ប្រឆាំង ដែល​មាន​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​ខាងក្រោយ។ សង្រ្គាម​ដោយ​ប្រយោល​រវាង​រុស្ស៊ី​និង​អាមេរិក ដែល​សឲ្យ​ឃើញ​តាមរយៈ​ខ្សែវីដេអូ​ជាច្រើន​ចុះផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​​នេះ បង្ហាញ​ពី​សកម្មភាព​ប្រយុទ្ធ​នៅ​សមរភូមិ ដែល​មីស៊ីល​របស់​អាមេរិក ប្រើ​ដោយ​ក្រុម​ឧទ្ទាម កំពុង​បាញ់​ប្រហារ​ទៅលើ​រថក្រោះ​របស់​រុស្ស៊ី ប្រើ​ដោយ​កងទ័ព​របស់​លោក​បាស្ហា​ អាល់អាសាដ។

មេដឹកនាំ​កងឧទ្ទាម​ស៊ីរី​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​អាមេរិក​ថា មីស៊ីល​បាញ់​រថក្រោះ​ (TOW anti-tank missile) របស់​អាមេរិកបាន​​ហូរចូល​យ៉ាង​ច្រើន​មក​ក្នុង​ប្រទេស​ស៊ីរី ចាប់តាំង​ពី​មាន​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី។ មីស៊ីល​បាញ់រថក្រោះ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី តាមរយៈ​អារ៉ាប៊ីសាអ៊ូឌីត នៅ​ក្នុង​កម្មវិធី​សម្ងាត់​ចាត់ចែង​ដោយ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក CIA។ ក្រុម​ឧទ្ទាម​ស៊ីរី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ដោយសារ​តែ​មាន​​មីស៊ីល​នេះ​ហើយ ដែល​ពួកគេ​អាច​​ទប់ស្កាត់​​កងទ័ព​លោក​អាសាដ ដែល​បាន​បើក​ការ​វាយលុក​ទៅលើ​ទីតាំង​របស់​​ក្រុម​ឧទ្ទាម ក្រោយ​ពីមាន​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី។

យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​​រុស្ស៊ី​បាញ់​ប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម​ ដែល​ហ្វឹកហ្វឺន និង​បំពាក់​អាវុធ​ដោយ​​អាមេរិក ចំណែក​ឯ​មីស៊ីល​អាមេរិក​បាញ់​ប្រហារ​ទៅលើ​រថក្រោះ​របស់​រុស្ស៊ី ប្រើ​ដោយ​កងទ័ព​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។ ចង់​ឬ​មិន​ចង់ រូបភាព​ទាំងនេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ទៅដល់​​សង្រ្គាម​នៅអាហ្វហ្កានីស្ថាន កាល​ពី​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ដែល​អាមេរិក និង​រុស្ស៊ី (កាលណោះ​ជា​សហភាព​សូវៀត) បាន​ប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រយោល នៅ​ក្នុង​សង្រ្គាម​ស៊ីវិល រវាង​ម្ខាង​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​ស្និទ្ធិ​នឹង​សូវៀត និង​ម្ខាងទៀត ក្រុម​ឧទ្ទាម ដែល​គេ​ឲ្យឈ្មោះ​ថា ពួកមូចាហ៊ីឌីន ដែល​ទទួល​បាន​ការគាំទ្រ​​ពី​សំណាក់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត។ រូបភាព​រថក្រោះ​រុស្ស៊ី​ត្រូវ​ផ្ទុះឆេះ​សន្ធោរសន្ធៅ​ដោយ​ត្រូវ​មីស៊ីល​របស់​អាមេរិក ក៏​រំឭក​​ផងដែរ​ពី​​សម័យ​សង្រ្គាម​អាហ្វហ្កានីស្ថាន ដែល​ឧទ្ធម្ភាគចក្រ​ចម្បាំង​របស់​សូវៀត​រាប់រយគ្រឿង​ត្រូវ​បាន​ពួក​មូចាហ៊ីឌីន​បាញ់​ទម្លាក់​ ដោយ​ប្រើ​មីស៊ីល​បាញ់​យន្តហោះ​លីលើស្មា (Stinger) បាន​មក​ពី​ជំនួយ​របស់​អាមេរិក។

ដូច្នេះ វា​មិនមែន​ជា​រឿង​ហួសហេតុ​ពេកនោះទេ ដែល​បណ្តា​សារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​នាំគ្នា​ចុះផ្សាយ​កាល​ពីថ្ងៃ​អង្គារ រិះគន់​អាមេរិក និង​រុស្ស៊ី​ថា​កំពុងតែ​លេងល្បែង​សង្រ្គាម​ត្រជាក់​​នៅស៊ីរី ដែល​ជា​ល្បែង​ហួសសម័យ។ ចំណែក​ឯ​​​មេដឹកនាំ​​ក្រុម​ឧទ្ទាម​ Al Nousra នៅ​ស៊ីរី​វិញ បាន​ចេញសេចក្តីប្រកាស​នៅថ្ងៃ​អង្គារ​នេះ​ដែរ​ថា អ្វី​ដែល​រុស្ស៊ី​កំពុងធ្វើ​នៅ​ស៊ីរី គឺ​ជា​ការ​ដើរជាន់ដាន​ប្រវត្តិសាស្រ្ត គឺ​ប្រវត្តិ​នៃ​បរាជ័យ​ដ៏​សែន​ជូរចត់​នៅ​អាហ្វហ្កានីស្ថាន។

ក៏ប៉ុន្តែ កាលណា​និយាយ​អំពី​លទ្ធផល​នៃ​ការ​ប្រឈមមុខ​គ្នា​ដោយ​ប្រយោល រវាង​អាមេរិក និង​សូវៀត នៅ​អាហ្វហ្កានីស្ថាន គេ​គួរ​និយាយ​ពីផលវិបាក​ទាំងសងខាង។ ជាការពិត​ថា នៅ​ពេលនោះ សហភាព​សូវៀតត្រូវ​ទទួល​បរាជ័យ​យ៉ាង​ជូរចត់ ដោយ​ត្រូវ​បង្ខំចិត្ត​​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​១៩៨៩។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិកវិញ​ក៏​​មិន​​បាន​ទទួល​ផល​ល្អ​ពី​សង្រ្គាម​នេះ​ដែរ។ អាមេរិក​​​​អរសប្បាយ​នឹង​ជោគជ័យ​របស់​ពួក​មូចាហ៊ីឌីន​ដែល​ជា​សម្ព័ន្ធមិត្ត អរសប្បាយ​នឹង​បរាជ័យ​របស់​សូវៀត ក៏ប៉ុន្តែ អរសប្បាយ​តែ​មួយរយៈពេល​តែប៉ុណ្ណោះ ពីព្រោះ​ថា មិនយូរ​ប៉ុន្មាន​ក្រោយ​មក គឺ​ពួក​មូចាហ៊ីឌីន​ដែល​អាមេរិក​បាន​ជួយ​ហ្វឹកហ្វឺន​និង​បំពាក់​អាវុធ​​នៅ​ក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន​នេះ​ហើយ ដែល​បាន​ក្លាយ​​ទៅជា​ក្រុមភេរវជន​​អន្តរជាតិ គឺ​ក្រុម​ភេរវជន​អាល់កៃដា ដឹកនាំ​ដោយ​ប៊ិនឡាដិន ហើយ​ដែល​បាន​បង្ក​បញ្ហា​អសន្តិសុខ​ដល់​អាមេរិក​និង​សម្ព័ន្ធមិត្ត​អស់រយៈពេល​ជាច្រើន​ឆ្នាំ​​ គឺ​តាំង​ពី​មុន​ការវាយប្រហារ​១១កញ្ញា​២០០១ ហើយ​នៅតែ​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ដូច្នេះ អ្វី​ដែល​កំពុងតែ​កើតមានឡើង​នៅ​ស៊ីរី​ នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ វា​អាច​ជា​ការ​ដើរជាន់​ដាន​​ប្រវត្តិសាស្រ្ត​ គឺ​ប្រវត្តិ​ជូរចត់ ទាំង​សម្រាប់​រុស្ស៊ី និង​សម្រាប់​សហរដ្ឋ​អាមេរិក។ ជាពិសេស គេ​មិន​ត្រូវ​ភ្លេចទេ​ថា នៅ​ក្នុង​ចំណោម​កងកម្លាំង​ប្រដាប់អាវុធ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​បាស្ហា អាល់​អាសាដ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មានមួយផ្នែក​ធំ គឺ​ជា​ក្រុម​ភេរវជន​ជ្រុលនិយម ហើយ​មាន​មួយក្រុម​ធំ​គឺ​ជា​សត្រូវ​របស់​អាមេរិក​រួចទៅហើយ គឺ​ក្រុម Al Nousri ដែល​ជា​សាខា​ក្រុម​អាល់កៃដា​ប្រចាំ​ប្រទេស​ស៊ីរី។ នេះ​នៅមិនទាន់​និយាយ​ដល់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​ជ្រុលនិយម និង​ឃោរឃៅ ជាង​ក្រុម​អាល់កៃដា​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ