នុយក្លេអ៊ែរ៖គោលដៅនៃដំណើរទស្សនកិច្ចរបស់អគ្គនាយក AIEA នៅអ៊ីរ៉ង់
លោកយូគីយ៉ា អាម៉ាណូ (Yukiya Amano) អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិហៅកាត់ថា AIEA កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់។ ទស្សនកិច្ចរបស់ប្រមុខ AIEA នៅអ៊ីរ៉ង់ពេលនេះបានធ្វើឡើង នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិ និងទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដាកន្លងទៅ។ នៅរសៀលថ្ងៃអាទិត្យ ទី២០ កញ្ញា លោកអាម៉ាណូត្រូវបានរដ្ឋអំណាចទីក្រុងតេហេរ៉ង់អនុញ្ញាតឲ្យទៅត្រួតពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែរប៉ាឈីន (Parchin) ដែលសហគមន៍អន្តរជាតិសង្ស័យថា មានលាក់កំបំាងកម្មវិធីនុយក្លេអ៊ែរយោធា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កម្មវត្ថុសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកអគ្គនាយក AIEA នៅអ៊ីរ៉ង់ គឺដើម្បីស្វែងរកការពិតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ពោលដើម្បីចង់ដឹងថា តើនៅក្នុងកម្មវិធីនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានអនុវត្តន៍នៅក្នុងអតីតកាលមានបង្កប់ដោយកម្មវិធីនុយក្លេអ៊ែរយោធា ឬអត់?។ គួរជម្រាបជូនថា វត្តមានរបស់លោកអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ក្នុងទឹកដីអ៊ីរ៉ង់ពេលនេះបានធ្វើឡើង នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិ និងទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដា ឆ្នំា ២០១៥ កន្លងទៅ។
ដើម្បីអាចឲ្យការអនុវត្តន៍លើកិច្ចព្រមព្រៀងនោះមានដំណើរទៅមុខដោយរលូនបាន លុះត្រាតែមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ពី AIEA លើមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយចំនួនរបស់អ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិកំពុងសង្ស័យថា ជាមជ្ឈមណ្ឌលដែលអ៊ីរ៉ង់បានប្រើសម្រាប់កម្មវិធីនុយក្លេអ៊ែរយោធា។ មជ្ឈមណ្ឌលនុយក្លេអ៊ែរដែលសហគមន៍អន្តរជាតិកំពុងសង្ស័យ និងដែលបន្តឋិតជាអាថ៍កំបំាងមកដល់សព្វថ្ងៃ គឺមជ្ឈមណ្ឌលនុយក្លេអ៊ែរប៉ាឈីនស្ថិតប៉ែកខាងកើតទីក្រុងតេហេរ៉ង់។ តែទីបំផុតនាថ្ងៃអាទិត្យ ទី២០ កញ្ញា អ៊ីរ៉ង់បានយល់ព្រមបើកទ្វារមជ្ឈមណ្ឌលប៉ាឈីនឲ្យប្រមុខ AIEA លោកអាម៉ាណូចូលត្រួតពិនិត្យ។
គួររម្លឹកជូនថា អ៊ីរ៉ង់តែងតែបានបដិសេធមិនឲ្យ AIEA ចូលទៅត្រួតពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែរប៉ាឈីនទេដោយសំអាងថា ក្រុមអធិការអន្តរជាតិធ្លាប់បានទៅត្រួតពិនិត្យម្តងហើយក្នុងឆ្នំា ២០០៥ ហើយពួកគេគ្មានរកឃើញអ្វីដែលគួរឲ្យសង្ស័យឡើយ។ តែសហគមន៍អន្តរជាតិមិនជឿ ហើយថ្មីៗនេះទៀត កាសែតអាមេរិកំាងថែមទំាងបានលើកឡើងពីការដែលអ៊ីរ៉ង់បានធ្វើការជួសជុលគួរឲ្យសង្ស័យលើមជ្ឈមណ្ឌលនុយក្លេអ៊ែរប៉ាឈីន។ អ៊ីចឹងហើយបានជានៅដើមខែកញ្ញាកន្លងទៅ ប្រមុខ AIEA លោកអាម៉ាណូក៏បានសុំអ៊ីរ៉ង់ចូលទៅត្រួតពិនិត្យលើមជ្ឈមណ្ឌលប៉ាឈីនដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យកន្លងមក។
AIEA ត្រូវបញ្ជូនរបាយការណ៍ស្តីពីការងាររបស់ខ្លួនឲ្យបានមុនថ្ងៃទី១៥ ធ្នូ
បន្ទាប់ពីបានចុះទៅត្រួតពិនិត្យនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរប៉ាឈីន លោកអគ្គនាយក AIEA អាម៉ាណូក៏បានចូលជួបសន្ទនាជាមួយលោកប្រធានាធិបតីអ៊ីរ៉ង់រ៉ូហានី។ នៅក្នុងជំនួបនោះ លោកអាម៉ាណូមិនបានលំអិតពីចំណុចដែលលោកបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់នៅក្នុងមជ្ឈមណ្ឌលប៉ាឈីនទេ តែបានអះអាងពីតួនាទីរបស់ AIEA នៅក្នុងប្រទេសអ៊ីរ៉ង់ពេលនេះ។ យោងតាមលោកអាម៉ាណូ AIEA ស្វែងរកសេចក្តីបំភ្លឺលើសំណួរ និងភាពមន្ទិលសង្ស័យមួយចំនួនដែលលោកគិតថា ជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងអ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ។
លោកអាម៉ាណូបានបន្ថែមថា អ្វីដែល AIEA កំពុងធ្វើពេលនេះ គឺជាកាតព្វកិច្ចមួយដែលត្រូវបំពេញមួយជំហានម្តងៗលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទំាងសង្ឃឹមថា AIEA នឹងត្រូវរៀបចំរបាយការណ៍មួយស្តីពីលទ្ធផលការងាររបស់ខ្លួនដែលមានលក្ខណៈមិនលំអៀងឲ្យបានមុនថ្ងៃទី១៥ ធ្នូខាងមុខ។ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់រ៉ូហានីបានថ្លែងថា អ៊ីរ៉ង់នឹងអនុវត្តន៍លើពិធីសារបន្ថែមស្តីពីសន្ធិសញ្ញាមិនសាយភាយនុយក្លេអ៊ែរដោយស្ម័គ្រចិត្ត និងសង្ឃឹមថា AIEA ក៏នឹងធ្វើការតាមដានលើការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខារវាងសហគមន៍អន្តរជាតិ និងអ៊ីរ៉ង់កាលពីថ្ងៃទី១៤ កក្កដាដោយយុត្តិធម៌។
ការបើកទ្វារមជ្ឈមណ្ឌលប៉ាឈីនឲ្យ AIEA ជាឆន្ទៈល្អរបស់អ៊ីរ៉ង់
តាមគម្រោង និងដើម្បីអាចអនុវត្តន៍លើកិច្ចព្រមព្រៀងចុះហត្ថលេខាថ្ងៃទី១៤ កក្កដា ឆ្នំា ២០១៥ រវាងសហគមន៍អន្តរជាតិ និងអ៊ីរ៉ង់បាន AIEA ត្រូវបញ្ជូនរបាយការណ៍ការងាររបស់ខ្លួនដែលនឹងបំភ្លឺរាល់ភាពមន្ទិលសង្ស័យទំាងអស់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យបានមុនថ្ងៃទី១៥ ធ្នូខាងមុខ។ គេនៅមិនទាន់ដឹងថា តើប្រមុខ AIEA លោកអាម៉ាណូបានរកឃើញអ្វីខ្លះនៅក្នុងមជ្ឈមណ្ឌលប៉ាឈីននោះទេ តែការដែលអ៊ីរ៉ង់បានយល់ព្រមបើកទ្វារមជ្ឈមណ្ឌលប៉ាឈីនឲ្យ AIEA ចូលត្រួតពិនិត្យពេលនេះ គឺជាសក្ខីកម្មមួយដែលបញ្ជាក់ពីឆន្ទៈល្អរបស់អ៊ីរ៉ង់រួចទៅហើយ។
គួររម្លឹកជូនថា វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានផ្ទុះឡើងដំបូងក្នុងឆ្នំា ២០០៣ គឺជាវិបត្តិមួយស្មុគស្មាញ សំាញំា និងប្រទាញប្រទង់គ្នាយ៉ាងខ្លំាងរវាងសហគមន៍អន្តរជាតិ និងអ៊ីរ៉ង់។ សហគមន៍អន្តរជាតិបានសង្ស័យថា អ៊ីរ៉ង់បានអនុវត្តន៍កម្មវិធីនុយក្លេអ៊ែរក្នុងគោលដៅយោធា តែអ៊ីរ៉ង់តែងតែបដិសេធដោយអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលសុទ្ធសាធ និងថា ខ្លួនក៏មានសិទ្ធិបំពាក់នុយក្លេអ៊ែរស៊ីវិលដូចបណ្តាប្រទេសមួយចំនួនក្នុងលោកដែរ។ តែសហគមន៍អន្តរជាតិនៅតែមិនជឿ។
ការចរចាបានបន្តជាហូរហែ និងគេត្រូវរង់ចំានៅ ១២ឆ្នំាក្រោយមក ពោលនៅថ្ងៃទី១៤ កក្កដា ឆ្នំា ២០១៥ ទើបភាគីទំាងពីរសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ នៅក្នុងកិច្ចព្រមព្រៀងនោះ អ៊ីរ៉ង់យល់ព្រមកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ព្រមទំាងយល់ព្រមឲ្យមានការចូលត្រួតពិនិត្យពីក្រុមអធិការអន្តរជាតិ ជាថ្នូរនឹងការលើកចេញវិញនូវទ័ណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ