អានតួអត្ថបទ
នុយក្លេអ៊ែរ អ៊ីរ៉ង់

តើភាគី​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​រឿង​អ្វី?

ភាគី​ចរចា​​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជួប​ប្រជុំគ្នា នៅ​ទីក្រុង​ឡូសាន​ប្រទេស​ស្វ៊ីស ថ្ងៃទី​៣០ មីនា
ភាគី​ចរចា​​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជួប​ប្រជុំគ្នា នៅ​ទីក្រុង​ឡូសាន​ប្រទេស​ស្វ៊ីស ថ្ងៃទី​៣០ មីនា ©REUTERS/Brendan Smialowski
ដោយ៖ ឈាង បុប្ផា
១៤ នាទី

នៅមួយ​ថ្ងៃ​មុន​ការចរចា​ផ្តាច់ព្រ័ត្រ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្រុមភាគី​ចរចា ៥ បូក ១ ជាមួយ អ៊ីរ៉ង់ នៅ​តែ​មិនទាន់​អាច​ចុះសម្រុង​គ្នា ទៅលើ​ចំណុច​សំខាន់ៗ​ជា​ច្រើន។ នៅ​ទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស ថ្ងៃ​ចន្ទ ទី ៣០​មីនា រដ្ឋមន្រ្តី​ការបរទេស ប្រទេស​មហាអំណាច​ទាំង ៥ រួម​ទាំង​ប្រទេស​អាល្លឺម៉ង់ បាន​ចរចា​គ្នា​យ៉ាងតឹងតែង ដើម្បី​រក​ច្រកចេញមួយ ឲ្យ​បាន​មុន​ថ្ងៃកំណត់ ថ្ងៃទី ៣១​មីនា។  

ផ្សាយពាណិជ្ជកម្ម

ភាគី​ចរចា ៥ បូក១ ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ អ៊ីរ៉ង់​មាន​ពេលវេលា ដល់​ម៉ោង ១២ អាធ្រាត្រ​យប់​ថ្ងៃ​អង្គារ ដើម្បី​ចរចា​រកឲ្យ​ឃើញ កិច្ច​ព្រមព្រៀង ជា​មូលដ្ឋាន​គ្រឹះ ជាមួយ​ប្រទេស​អ៊ីរ៉ង់ មុន​នឹង​ឈាន​ទៅដល់​កិច្ចព្រមព្រៀង ជាស្ថាពរ នៅខែ​មិថុនា​ខាងមុខ។ នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ រដ្ឋមន្រ្តី​អ៊ីរ៉ង់ បាន​ជួប​ចរចា ជាលើក​ទីមួយ ក្នុង​តុ​តែមួយ ជាមួយ រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​មហាអំណាច ទាំង ៥ បូក​១។

 
ជាថ្មីម្តងទៀត គោលដៅ នៃ​ការចរចា រវាង​អ្នកតំណាង​ក្រុម​ប្រទេស​អំណាច ជាមួយ​អ៊ីរ៉ង់ គឺ​ធ្វើ​យ៉ាងណា ​ធានា​ថា អ៊ីរ៉ង់​នឹង​គ្មាន​កម្មវិធី​ផលិត​អាវុធ នុយក្លេអ៊ែរ ចំណែក​អ៊ីរ៉ង់​នឹង​ងើប​រួចខ្លួន ពី​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​ដែល​កំពុង​ច្របាច់​ក សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។

នៅ​ល្ងាច​ថ្ងៃ​ពុធ នៅ​មួយថ្ងៃ​មុន​ឱសានវាទ ភាគីចរចា​នៅ​តែ​មិន​ទាន់​រក​ឃើញ កន្លែង​ចុះ​សម្រុង​គ្នា។ យោងតាម​មន្រ្តីទូត​លោក​ខាងលិច​​ម្នាក់ ដែល​បាន​ចូលរួម​ស្តាប់ ក្នុង​កិច្ចប្រជុំ មាន​ចំណុចធំៗ​បី ដែល​ភាគី​ប្រទេស​មហាអំណាច និង​ភាគី​អ៊ីរ៉ង់ នៅបន្ត​ខ្វែង​គំនិត។ ទីមួយ គឺ​រយៈពេល​សុពលភាព ឬ អាយុ​របស់​កិច្ចព្រមព្រៀង ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ក្រុម​ប្រទេស​មហាអំណាច ចង់​ត្រួតពិនិត្យ តាមដាន កម្មវិធី​នុយក្លេអ៊ែរ​ក្នុង​រយៈពេល ១៥ឆ្នាំ ដើម្បី​ធានាថា អ៊ីរ៉ង់ នឹង​មិន​យក​កម្មវិធី នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​ប្រើ ដើម្បី​ ឆ្លៀត លួច​ផលិតគ្រាប់បែក​បរិមាណូ។ អ៊ីរ៉ង់ ដែល​ចង់​រក្សា​សិទ្ធិ​មាន​កម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល​រហូតមក ចង់​មាន​ការត្រួតពិនិត្យ​ពី​អន្តរជាតិ ត្រឹម​១០ឆ្នាំ​ប៉ុណ្ណោះ។

មួយវិញទៀត ភាគីអ៊ីរ៉ង់ នៅ​ខ្វែងគំនិត​គ្នា​ជាមួយ​ភាគី​ប្រទេស​អំណាច ពី​រឿង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច។ អ៊ីរ៉ង់ ចង់​ឲ្យ​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការទូត​ទាំងឡាយ ដែល​អង្គការ​សហប្រជាជាតិ និង​ប្រទេស​លោកខាងលិច​ដាក់​លើ​អ៊ីរ៉ង់ ប៉ុន្មាន​ទសវត្សរ៍ មកហើយនោះ ត្រូវ​ដក​ចេញ​ទាំងស្រុង នៅថ្ងៃ​ដែល​ភាគី​ចរចា​រក​កិច្ច​ព្រមព្រៀង​មួយ​ជា​ស្ថាពរ។ ប្រទេស​លោកខាងលិច​វិញ នៅ​មិនទាន់​ទុកចិត្ត ដោយ​ចង់​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច បន្តិចម្តងៗ ទៅតាម​ការប្រព្រឹត្តិ​របស់​អ៊ីរ៉ង់ នៅក្នុង​ការអនុវត្តន៍​កិច្ចព្រមព្រៀង។ ចំណុច​សំខាន់​ចុងក្រោយ ដែល​ប្រទេស​លោកខាងលិច​ចង់បាន និង​ដែល​ត្រូវ​អ៊ីរ៉ង់ ទាត់​ចោល មិន​ចង់​ពិភាក្សា គឺ លទ្ធភាព​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ភ្លាមៗ បើសិន​ជា​អ៊ីរ៉ង់ រំលោភ​កិច្ច​ព្រមព្រៀង​នោះ។ យោងតាម​ប្រភព​ពី​មន្រ្តីទូត កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ អ៊ីរ៉ង់ អាច​ចេញចេញ ជា​រូបរាង ឬ​ក៏អត់នោះ គឺ​អាស្រ័យ​លើ​ចំណុច​សំខាន់​ទាំងបី​ខាងលើនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ