អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ីសាអ៊ូឌីត

អារ៉ាប៊ីសាអ៊ូឌីត ​បញ្ជូន​ទាហ៊ាន​ទៅ​ក្រុង​អាឌែន​ ប្រទេស​យេម៉ែន

ក្រុមកំលាំង​ ប្រជា​តស៊ូ​យេម៉ែន ដែល​គាំទ្រ​​ខាង​​លោក​ប្រធានា​ធិបតី ហាឌី ធ្វើ​ការ​ប្រយុទ្ធ​​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូទីស
ក្រុមកំលាំង​ ប្រជា​តស៊ូ​យេម៉ែន ដែល​គាំទ្រ​​ខាង​​លោក​ប្រធានា​ធិបតី ហាឌី ធ្វើ​ការ​ប្រយុទ្ធ​​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូទីស REUTERS
ដោយ៖ ម៉ម ពិសី
១៦ នាទី

បន្ទាប់​ពី​បាន​ដឹកនាំ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​ទៅ​លើ​ប្រទេស​យេម៉ែន​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦​មីនា កន្លង​មក ​អារ៉ាប៊ីសាអ៊ូឌីត ​ទើប​បាន​បញ្ជូន​ទាហាន​ទៅ​ដល់​ទីក្រុង​អាឌែន ​ដើម្បី​​វាយ​បង្រាប​ ក្រុម​ឧទ្ទាម​ហ៊ូទីស ​នៅ​លើ​ដី​បន្ថែម​ទៀត។ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​អះអាង​ជា​ផ្លូវការ​ក៏​ដោយ ​ ក៏​ដំណឹង​នេះ ​មិន​​បាន​ធ្វើ​ឲ្យ​គេ​ ភ្ញាក់ផ្អើល​ឡើយ ​ព្រោះ​អារ៉ាប៊ីសាអ៊ូឌីត ​ធ្លាប់​បាន​ប្រាប់​ហើយ​ថា ​ បើ​ចាំបាច់​ គេ​នឹង​បញ្ជូន​ទ័ព​ជើង​គោក​ទៅ​ទៀត ​ដើម្បី​វាយ​កម្ទេច​ក្រុម​ឧទ្ទាម​ហ៊ូទីស។

ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​អាច​បញ្ឈប់ ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ទេ។ ដូច​ការ​ដែល​ធ្លាប់​បាន​ស្មាន​ទុក ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​បញ្ជូន​កម្លាំង​ទ័ព​ថ្មើរ​ជើង ​ចូល​ទៅ​ដល់​ទីក្រុង​កំពង់ផែ​អាឌែន ​ នៅ​ថ្ងៃ​អាទិត្យ​ទី ៣ ​ឧសភា ​នេះ​បើ​តាម​ការ​រាយការណ៍​ប្រាប់ អ្នក​យក​ព័ត៌មាន​បារាំង ​របស់​អ្នកនាំ​ពាក្យ​យោធា​យេម៉ែន​ ម្នាក់​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ដូចគ្នា​ដែរ ​កាសែត​យេម៉ែន​Aden Al Ghad​ បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ​មាន​ទាហាន​ ជាង​៤០​នាក់ ​ដែល​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត ​បាន​មក​ដល់​ក្រុង​អាឌែន ​ដើម្បី​ជួយ​ប្រយុទ្ធ​ ខាង​កង​កម្លាំង​រដ្ឋាភិបាល​យេម៉ែន ​និង​ក្រុម​ប្រជា​តស៊ូ ​ដែល​កំពុង​តែ​ តដៃ​យ៉ាង​ស្វិតស្វាញ​ ​ជា​មួយ​ពួក​ឧទ្ទាម​ហ៊ូទីស។

តាម​រយៈ​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត ​បាន​បញ្ជាក់​ថា ​ទាហាន​ ដែល​ទើប​ធ្វើ​ដំណើរ​មក​ដល់​នេះ ​ភាគ​ច្រើន​ជា​ទាហាន​ក្នុង​ជួរ​កងទ័ព ​អារ៉ាប៊ីសាអ៊ូឌីត ​និង​សាធារណរដ្ឋ​អារ៉ាប់​រួម ​ប៉ុន្តែ​មាន​ដើម​កំណើត​យេម៉ែន។ ទាហាន​ដែល​ទើប​មកដ​ល់ បាន​ចូល​ទៅ​សមរភូមិ​ប្រយុទ្ធ​ភ្លាមៗ​ នៅ​តំបន់​យុទ្ធសាស្ត្រ ​ជុំវិញ​ព្រលាន​យន្តហោះ​ក្រុង​អាឌែន​ ​ដែល​ទី​នោះ​ហើយ​ បាន​ក្លាយ​ជា​ទីលាន​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ ម្ខាង​គឺ​ក្រុម​ឧទ្ទាម​ហ៊ូទីស ​រួម​ជាមួយ​ក្រុម​អ្នក​ស្មោះស្ម័គ្រ​ នឹង​អតីត​លោក​ប្រធានាធិបតី ​អាប់ដាឡា សាឡេស ​និង​ម្ខាង​ទៀត​ គឺក្រុម​ស៊ុនីត ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ប្រធានាធិបតី​ ហាឌី។

មិន​ត្រឹម​តែ​មិន​ព្រម​ផ្អាក​ការ​ទម្លាក់​គ្រាប់បែក ​ទៅ​តាម​ការ​អំពាវនាវ​ របស់​អង្គការ​សហ​ប្រជាជាតិ ​ក៏​ដូច​ជា​អង្គការ​មនុស្សធម៌​ផ្សេង​ទៀត​ហើយ​ ​ឥឡូវ​ពេល​នេះ ​ អារ៉ាប៊ីសាអ៊ូឌីត​ បាន​ទាំង​ថែម​បញ្ជូន​ទ័ព​ជើង​គោក​ ទៅ​យេម៉ែន​ទៀត។ នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​ថា ​អារ៉ាប៊ីសាអ៊ូឌីត ​គ្មាន​ចេតនា ​ទម្លាក់​អាវុធ ​និង​បញ្ចុះ​បញ្ចូល​ឲ្យ​ក្រុម​បដិបក្ស​នៅ​យេម៉ែន​ ចូល​តុ​ចរចា​គ្នា​ ដោយ​សន្តិវិធី​នោះ​ទេ។

អង្គការ​សហ​ប្រជាជាតិ ​តាម​រយៈ​បេសកជន​ពិសេស​ថ្មី ​ដែល​ទើបតែ​ត្រូវ​បាន​តែង​តាំង ​នៅ​មិន​ទាន់​ធ្វើ​អ្វី​បាន​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ អ្នក​ដែល​រង​ទុក្ខ​ធ្ងន់​ គឺ​ប្រជាជន​ស្លូតត្រង់​ នៅ​យេម៉ែន ​ដែល​ស្លាប់ ​ដោយ​គ្រាប់​បែក ​គ្រាប់​កាំភ្លើង ​របួស ខ្វះ​ស្បៀង​អាហារ ​ព្រោះ​ការ​នាំ​ចេញ​នាំចូល ​​ត្រូវ​បាន​កាត់​ផ្តាច់​ ទាំង​ស្រុង ​ជិត​ពីរ​ខែ​មក​ហើយ៕

ប្រជាជន​យេម៉ែន រស់លាក់ខ្លួន​ក្នុង​រូង​ក្រោមដី​ ដោយសារ​ខ្លាច​ត្រូវ​គ្រាប់​បែក និង​គ្រាប់កាំភ្លើង
ប្រជាជន​យេម៉ែន រស់លាក់ខ្លួន​ក្នុង​រូង​ក្រោមដី​ ដោយសារ​ខ្លាច​ត្រូវ​គ្រាប់​បែក និង​គ្រាប់កាំភ្លើង REUTERS

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ