អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យេម៉ែន៖ផលវិបាក​នៃ​ការ​ធ្លាក់​ដៃសមុទ្រ​បាប អាល់មែនឌីប​ទៅ​ក្នុង​ដៃ​ពួកឧទ្ទាម​ហ៊ូទី្ស

សំឡេង ០៥:០២
ក្រុម​ប្រដាប់អាវុធ​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន
ក្រុម​ប្រដាប់អាវុធ​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន Reuters
៣៣ នាទី

នៅ​ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ពី​បាន​វាយ​ចូល​កាន់កាប់​ដែនដី​មួយ​ភាគ​នៅ​ក្នុង​ទីក្រុង​តាអេ​ដែល​ជា​ក្រុង​សំខាន់​ទី៣ របស់​យេម៉ែន​មក ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​ក៏​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្តើម​យក​ទីក្រុង​សំខាន់​ទី២ គឺ​ទីក្រុង​អាដេន​ទៀត។ ទីក្រុង​អាដេន​ដែល​លោក​ប្រធានាធិបតី​យេម៉ែន​ហាឌី​កំពុង​ភៀសខ្លួន​សម្ងំ​នៅ​ទីនោះ។ ទន្ទឹម​គ្នា​នេះ កំណើន​ឥទ្ធិពល​របស់​ពួក​ហ៊ូទី្ស​នៅ​ប៉ែក​នីរតី​ប្រទេស​ក៏​ជា​ការ​គំរាមកំហែង​លើ​ដៃសមុទ្រ​បាប អាល់មែនឌីប (Bab al-Mandeb) ដែល​ជា​ច្រក​​ដឹកជញ្ជូន​ទំនិញ​ផ្លូវសមុទ្រ​យ៉ាង​សំខាន់​របស់​ពិភពលោក។ បើ​ដៃសមុទ្រ​បាប អាល់មែនឌីប​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួក​ឧទ្ទាម​ហ៊ូទី្ស តើ​មាន​ប្រទេស​ណា​ខ្លះ​ទទួល​ផលចំណេញ និង​ប្រទេស​ណា​ខ្លះ​ទទួល​ការ​ខាត​បង់?

ផ្សាយពាណិជ្ជកម្ម

ដៃសមុទ្រ​បាប អាល់មែនឌីប (Bab al-Mandeb) ដែល​ស្ថិត​ចន្លោះ​សមុទ្រ​ក្រហម និង​ឈូងសមុទ្រ​អាដេន គឺ​ជា​ដៃសមុទ្រ​ដែល​បាន​ខ័ណ្ឌចែក​រវាង​ប្រទេស​ជីប៊ូទី និង​ប្រទេស​យេម៉ែន ពោល​រវាង​តំបន់​អាហ្រ្វិក និង​ឧបទ្វីប​អារ៉ាប៊ី។ដៃសមុទ្រ​បាប អាល់មែនឌីប​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ពី​ទីក្រុង​សំខាន់​ទី២ តាអេ​របស់​យេម៉ែន​ដែល​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ទើប​បាន​វាយប្រហារ​ថ្មីៗ​នេះ។ បើ​ពួក​ហ៊ូទី្ស​វាយ​យក​កំពង់ផែ​ម៉ូឆា​ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ៨០គីឡូម៉ែត្រ​ពី​ទីក្រុង​តាអេ​បាន នោះ​ពួក​ឧទ្ទាម​នឹង​អាច​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​កាន់​ដៃសមុទ្រ​បាប អាល់មែនឌីប​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទំាង​អស់។ នេះ​ហើយ​ជា​សេណារីយ៉ូ​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​ឡើង ព្រោះ​ថា វា​ជា​ការ​ផ្តល់​កម្លំាង​ថ្មី​មួយ​ទៀត​ដល់​ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​ជួយ​គំាទ្រ​ដល់​កម្លំាង​ឧទ្ទាម​ហ៊ូទី្ស​នៅ​យេម៉ែន​សព្វថ្ងៃ។

នៅ​ក្នុង​ករណី​ណា​ដែល​ដៃសមុទ្រ​បាប អាល់មែនឌីប​ធ្លាក់​ក្នុង​កណ្តាប់​ពួកហ៊ូទី្ស នោះ​អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ប្រទេស​ដែល​ទទួល​បាន​ផលចំណេញ​មុន​គេ និង​ច្រើន​ជាង​គេ។ នេះ​ក៏​ដោយសារ​ថា អ៊ីរ៉ង់​ដែល​បាន​កាន់កាប់​រួច​ជា​ស្រេច​នូវ​ដៃសមុទ្រ​អរមុយ (Ormuz) នា​ពេល​បច្ចុប្បន្ន​នឹង​ក្លាយ​ជា​ម្ចាស់​ថ្មី​លើ​ដៃសមុទ្រ​បាប អាល់មែនឌីប។ នៅ​ពេល​នោះ អ៊ីរ៉ង់​នឹង​ប្រើ​សន្លឹកបៀ​ថ្មី​នេះ​ដើម្បី​ធ្វើ​ជា​ដើមទុន​ក្នុង​ការ​ដាក់​សម្ពាធ​លើ​សហគមន៍អន្តរជាតិ​ទាក់ទង​នឹង​កិច្ចចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​របស់​ខ្លួន​ដ៏​ចម្រូងចម្រាស។ ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​ក៏​អាច​ប្រើ​សន្លឹកបៀ​នៅ​ដៃសមុទ្រ​បាប អាល់មែនឌីប​ដើម្បី​គំរាមកំហែង​លើ​បច្ចាមិត្ត​អារ៉ាប៊ីសាអូឌីត​របស់​ខ្លួន​ដែរ។ ខណៈ​នេះ កម្លំាងប្រដាប់​អាវុធ​របស់​ពួក​ហ៊ូទី្ស​កំពុង​ស្ថិត​ចម្ងាយ​ជាង ១០០គីឡូម៉ែ្រត​ប៉ុណ្ណោះ​ពី​ទីក្រុង​អាដេន ចំណែក​ផ្លូវ​ពី​ទីក្រុង​អាដេន​ទៅ​កាន់​ដៃសមុទ្រ​បាប អាល់មែនឌីប​ក៏​មាន​ជាង ១០០គីឡូម៉ែត្រ​ដែរ។

តាម​ពិត​ទៅ ដៃសមុទ្រ​បាប អាល់មែនឌីប គឺ​ជា​ដៃសមុទ្រ​យុទ្ធសាស្រ្ត​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​ជា​ច្រើន ពិសេស​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូច​យ៉ាង​អេហ្ស៊ីប និង​អ៊ីស្រាអែល​កំពុង​សម្លឹង​ចង់​បាន​ដោយ​មិន​ប៉ប្រិចភ្នែក។ ក្នុង​ចំណោម​បណ្តា​ប្រទេស​មហាអំណាច​ទំាង​នោះ​រួម​មាន សហរដ្ឋអាមេរិក​ដែល​មាន​មូលដ្ឋាន​យោធា​ក្នុង​ប្រទេស​ជីប៊ូទី​តំាង​ពី​ប៉ុន្មាន​ឆ្នំា​កន្លង​មក ឬ​មួយ​ក៏​ប្រទេស​បារំាង​ដែល​មាន​មូលដ្ឋាន​យោធា​ក្នុង​ប្រទេស​អាហ្រ្វិក​មួយ​នេះ​យូរ​អង្វែង​ជាង​គេ។ ឯកអគ្គរដ្ឋទូត​អេហ្ស៊ីប​ប្រចំា​ប្រទេស​យេម៉ែន​បាន​បញ្ជាក់​ថា ចរាចរណ៍​ដឹកទំនិញ​ផ្លូវសមុទ្រ​ក្នុង​លោក​ជាង ៣៨% បាន​ឆ្លង​កាត់​ដៃសមុទ្រ​បាប អាល់មែនឌីប និង​ថា ដៃសមុទ្រ​មួយ​នេះ​បាន​នំា​ឆ្ពោះ​ទៅ​កាន់​ព្រែកជីក​ស៊ុយអេ។

អ៊ីចឹង​ហើយ​បាន​ជា​មន្រ្តីការទូត​អេហ្ស៊ីប​រូប​នេះ​ដដែល​បាន​ទាញ​សញ្ញាអាសន្ន​ទុក​ជា​មុន​ថា សន្តិសុខជាតិ​ក្នុង​ប្រទេស​យេម៉ែន​ត្រូវ​តែ​ភ្ជាប់​ដោយ​មិន​អាច​កាត់ផ្តាច់​បាន​នឹង​សន្តិសុខ​នៅ​សមុទ្រក្រហម ឈូងសមុទ្រ​អាដេន និង​ដៃសមុទ្រ​បាប អាល់មែនឌីប។ គួរ​ជម្រាប​ជូន​ថា អេហ្ស៊ីប​ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​លោក​បាន​ចេញ​មុខ​គំាទ្រ​លោក​ប្រធានាធិបតី​យេម៉ែន​ហាឌី ព្រម​ទំាង​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​យេម៉ែន​មក​ដល់​សព្វថ្ងៃ បន្ទាប់​ពី​ពួក​ឧទ្ទាម​ហ៊ូទី្ស​បាន​ចូល​កាន់កាប់​អំណាច​ក្នុង​ទីក្រុង​សាណា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ។ ក្រៅ​ពី​ប្រទេស​អេហ្ស៊ីប ការ​​ទន្ទ្រាន​យក​ដៃសមុទ្រ​បាប អាល់មែនឌីប​ពី​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ព្រួយបារម្ភ​ដែរ ព្រោះ​ថា កំពង់ផែ​អីឡាត (Eilat) របស់​ខ្លួន​ក៏​មាន​ទីតំាង​នៅ​ក្នុង​សមុទ្រក្រហម។

រហូត​មក​ដល់​ពេល​នេះ គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន និង​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​យេម៉ែន​សព្វថ្ងៃ។ ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​យេម៉ែន​លោក​យ៉ាម៉ាល់ បឺណូបារ​ថែម​ទំាង​ទទួល​ស្គាល់​ពេញ​មាត់​ថា បើ​សហគមន៍​អន្តរជាតិ​មិន​ខ្នះខ្នែង​ជួយ​ស្រោចស្រង់​យេម៉ែន​ចេញ​ពី​ជម្លោះ​ផ្ទៃក្នុង​ពេល​នេះ​ទេ នោះ​យេម៉ែន​នឹង​ធ្លាក់​ទៅ​ក្នុង​សង្រ្គាមស៊ីវិល ដូច​ករណី​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី ឬ​មួយ​ក៏​លីប៊ី​ដោយ​ចៀស​មិន​រួច។ ការ​ដែល​លោក​បឺណូបារ​បាន​ទាញ​សញ្ញាអាសន្ន​ពេល​នេះ​ពិត​ជា​មិន​ខុស​ទេ ព្រោះ​ថា ក្រៅ​ពី​ជម្លោះ​ហែកហួរ​គ្នា​រវាង​កម្លំាង​របស់​លោក​ប្រធានាធិបតី​ស្រប​ច្បាប់​ហាឌី និង​ចលនា​ឧទ្ទាម​ហ៊ូទី្ស យេម៉ែន​ក៏​កំពុង​ក្លាយ​ជា​សមរភូមិ​នៃ​ការ​តទល់​ប្រជែង​កម្លំាង​គ្នា​រវាង​អង្គការ​ភេរវនិយម​ពីរ គឺ AQPA របស់​អាល់កៃដា និង​អង្គការរដ្ឋអ៊ីស្លាម និយាយ​បែប​ម្យ៉ាង​ទៀត គឺ​ជា​សមរភូមិ​នៃ​សង្រ្គាម​សាសនា​អ៊ីស្លាម​រវាង​ក្រុមនិកាយ​ស៊ុយនីត និង​ក្រុមនិកាយ​ឈីអ៊ីត។

ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​អំពើ​ភេរវកម្ម​ផ្ទួន​គ្នា​បង្ក​ឡើង​ដោយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​វិហារអ៊ីស្លាម​និកាយ​ស៊ុយនីត​នៅ​យេម៉ែន​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ១៤០នាក់​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ បន្ទាប់​ពី​ចលនា AQPA ដល់​វេន​អង្គការ​រដ្ឋអ៊ីស្លាម​ម្តង​ដែល​បាន​ឆ្លៀត​ឆក់​យក​ឱកាស​ពី​ស្ថានការណ៍​វឹកវរ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ពេល​នេះ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ផ្ទំាងស៊ីប​វាយប្រហារ​អាទិភាព​របស់​ចលនា AQPA និង​អង្គការ​រដ្ឋអ៊ីស្លាម​មិនមែន​យេម៉ែន​ឡើយ តែ​គឺ​នៅ​បស្ចិមលោក​ឯណោះ​ទៅ​វិញ​ទេ រីឯ​យេម៉ែន​ត្រូវ​បាន​អង្គការ​ភេរវនិយម​ទំាង​ពីរ​យក​ប្រើ​ជា​មូលដ្ឋានគ្រឹះ​របស់​ខ្លួន​តែ​​ប៉ុណ្ណោះ។

ដូច្នេះ​នៅ​ចំពោះ​មុខ និង​ដើម្បី​បញ្ជៀស​យេម៉ែន​ពី​សង្រ្គាមស៊ីវិល និង​ពី​សង្រ្គាម​សាសនា​និកាយ​ស៊ុយនីត និង​ឈីអ៊ីត​ឆ្លង​រាលដាល​ក្នុង​តំបន់ សហគមន៍អន្តរជាតិ​ត្រូវ​តែ​រួសរាន់​ជួយ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​ដណ្តើម​អំណាច​គ្នា​រវាង​កម្លំាង​របស់​លោក​ប្រធានាធិបតី​ហាឌី និង​ពួកឧទ្ទាម​ហ៊ូទី្ស​ដែល​ជា​តួអង្គ​នយោបាយ​សំខាន់​នៅ​យេម៉ែន​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ