យេម៉ែន

អ.ស.ប.​ តម្រូវ​ឲ្យ​ភាគី​ទាំង​អស់​​​នៅ​​យេម៉ែន​ដាក់​អាវុធ​ចុះ ​ជា​បន្ទាន់

អារ៉ាប៊ីសាអ៊ូឌីត​ ធ្វើការ​បាញ់​កាំជ្រួញ​ធនធំ​ នៅតាមព្រំដែន​ភាគខាងជើង​យេម៉ែន ឆ្ពោះទៅ​ទី​តាំង​របស់​ក្រុម​ឧទ្ទាម​ហ៊ូទីស
អារ៉ាប៊ីសាអ៊ូឌីត​ ធ្វើការ​បាញ់​កាំជ្រួញ​ធនធំ​ នៅតាមព្រំដែន​ភាគខាងជើង​យេម៉ែន ឆ្ពោះទៅ​ទី​តាំង​របស់​ក្រុម​ឧទ្ទាម​ហ៊ូទីស REUTERS

ប្រឈម​មុខ​ជាមួយ​នឹង ​ការ​បាញ់​ប្រហារ​គ្នា​កាន់​តែ​ក្តៅ​គគុក ​ដែល​ធ្វើ​ឲ្យ​​ចំនួន​អ្នក​ស្លាប់​នៅ​យេម៉ែន ​មាន​កាន់​តែ​ច្រើន ​អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​ទី ​១៧ ​មេសា ​ថា​ភាគី​ទាំងអស់​ ត្រូវ​ទំលាក់​អាវុធ​ឈប់​បាញ់ ​ជា​បន្ទាន់ ​ហើយ​ត្រូវ​រៀបចំ​ជួប​ចរចា​គ្នា។ ​ដូចគ្នា​ដែរ ​អង្គការ​មនុស្សធម៌​មួយ​ចំនួន ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បើក​ផ្លូវ ​ដើម្បី ​ដឹក​យក​ជំនួយ​ថ្នាំពេទ្យ​ និង​ស្បៀង​អាហារ ​ទៅ​ជួយ​ប្រជាជន​យេម៉ែន។ អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ដឹកនាំ​ការ​វាយ​ប្រហារ​លើ​យេម៉ែន ​ធ្វើ​មិន​ដឹង​មិន​ឮ​ ពី​ការ​អំពាវនាវ​ទាំង​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ​ដែល​មាន​ទី​ស្នាក់ការ​នៅ​ក្រុង​ហ្ស៊ឺណែវ ​ប្រទេស​ស្វ៊ីស​បាន​ប្រកាស​ថា ​យេម៉ែន ​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន​ដោយ​ខ្វះខាត​ជា​ពិសេស ​ថ្នាំពេទ្យ ​ស្បៀង​អាហារ ​និង​ប្រេងសាំង។ ​ការ​បាញ់​ប្រហារ​គ្នា​ នៅ​លើ​ដី​រវាង ​ក្រុម​ហ៊ូទីស​ និង​ក្រុម​កម្លាំង​របស់​រដ្ឋាភិបាល ​បន្ថែម​ពី​លើ​មេឃ​ ដោយ​គ្រាប់​បែក​របស់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​អារ៉ាប់ ​ដែល​មាន​អារ៉ាប៊ីសាអ៊ូឌីត​ជា​អ្នក​បញ្ជា​ ​បាន​បំបែក​ប្រជាជន​យេម៉ែន​ ជា​ច្រើន​ពាន់​នាក់ ​ឲ្យរត់​ខ្ចាត់​ខ្ចាយ។

 
គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ​១៨​មេសា ​នេះ ​មាន​មនុស្ស​ស្លាប់ ​ប្រមាណ​ជា ​៧៦៧​ នាក់ ​និង​របួស​២៩០៦​ នាក់។ ចំនួន​ជាក់​ស្តែង​អាច​មាន​លើស​នេះ ​ដោយសារ​តែ​សាកសព​ មួយ​ចំនួន​ ត្រូវ​គេ​ទុក​ចោល​នៅ​តាម​ផ្លូវ​ ហើយ​មិន​ត្រូវ​បាន​ស្រង់​ចូល​ស្ថិតិ​ទេ។ អង្គការ​សហប្រជាជាតិ​ រួម​ជាមួយ​អង្គការ​មនុស្សធម៌​ផ្សេង​ទៀត ​បាន​អំពាវនាវ​រក​ថវិកា​ចំនួន ​២៧៣​លាន​ដុល្លារ ​ដើម្បី​ទិញ​ស្បៀង​អាហារ ​និង​ថ្នាំពេទ្យ​ ទៅជួយ​ប្រជាជន​យេម៉ែន។

យ៉ាងណាមិញ​ នៅ​ថ្ងៃ​សុក្រ​ទី ​១៧​មេសា ​លោក ​បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​បាន​ប្រកាស​អំពាវនាវ ​ឲ្យ​ភាគី​ទាំងអស់ ​ដាក់​អាវុធ​ចុះ​ឈប់​បាញ់​ ជា​បន្ទាន់ ​ដើម្បី​ចាប់ផ្តើម​ឲ្យ​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី។ លោក​ បាន គីមូន ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ​ឆារីហ្វ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​ស្តី​ពី​បញ្ហា​នៅ​យេម៉ែន។ លោក​ បាន គីមូន​ បាន​បញ្ជាក់​ថា ​ការ​ចរចា​ដោយ​សន្តិវិធី​ ​គឺ​ជា​វិធី​តែ​មួយ​គត់ ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​យេម៉ែន។

សូម​បញ្ជាក់​ផង​ដែរ​ថា ​អ៊ីរ៉ង់ ​បាន​អំពាវនាវ​ជា​ច្រើន​លើក ​ឲ្យ​មាន​ការ​ដាក់​អាវុធ​ឈប់បាញ់។ អ៊ីរ៉ង់​បាន​រិះគន់ ​ការ​វាយ​ប្រហារ​ ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ ថា​នេះ ​គឺ​វា​បាន​បន្ថែម​ភ្លើង​សង្រ្គាម​ទៅលើ​យេម៉ែន។ អ៊ីរ៉ង់​បាន​បដិសេធ ​ការ​ចោទ​ប្រកាន់​របស់​ អារ៉ាប៊ីសាអ៊ូឌីត ​ថា ​អ៊ីរ៉ង់​ជា​អ្នក​ផ្តល់​សម្ភារៈ​យោធា​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទីស។ លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ​បាន​បញ្ជាក់​ថា ​អ៊ីរ៉ង់​ត្រៀម​ខ្លួន​ជានិច្ច ​ក្នុង​ការ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ​ដើម្បី​អូសទាញ ​ភាគី​មួយ​ចំនួន​ឲ្យ​មក​ចូល​តុ​ចរចា ​ដរាប​ណា​អារ៉ាប៊ីសាអ៊ូឌីត ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក។

ទោះ​បី​ជា​យ៉ាងណា ​រហូត​មក​ដល់​ពេល​នេះ​ហើយ ​គេ​មិន​ដែល​ទទួល​បាន​ប្រតិកម្ម​អ្វី​ពី ​អារ៉ាប៊ីសាអ៊ូឌីត ​ទាល់តែ​សោះ  ​ហើយ​បើ​តាម​ការ​ស្មាន ​អារ៉ាប៊ីសាអ៊ូឌីត ​គ្មាន​ឆន្ទៈ​បញ្ឈប់​ប្រតិបត្តិការ​យោធា​ខ្លួន​ទេ ​មាន​តែ​បន្ថែម​តាម​ផ្លូវ​គោក​ទៀត។ ដោយឡែក ​លោក​ បេណូម៉ា អាជ្ញា​កណ្តាល​ តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ ​បាន​លាលែង​ពី​តំណែង​ហើយ​ ក្រោម​សម្ពាធ​របស់​អារ៉ាប៊ីសាអ៊ូឌីត ​និង​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនីត។ អ្នក​ដែល​កំពុង​តែ​ក្រេប​ជញ្ជក់​យក​ផល ​យ៉ាង​សប្បាយ​ដៃ​ ពី​ភាព​ចលាចល​នៅ​យេម៉ែន​​ គឺ​ក្រុម​អាល់កាអ៊ីដា​ឯណោះ​ទៅ​វិញ​ទេ ​ដែល​បាន​ឆ្មក់​វាយ​យក​ទី​តាំង​យុទ្ធសាស្ត្រ​ជាច្រើន​កន្លែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI