អាមេរិកដឹងថាអ៊ីរ៉ង់លួចផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន
ចុះផ្សាយនៅថ្ងៃ៖
លោកចន ឃែរី ប្រមុខការទូតសហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍មួយ តាមទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍ទាក់ទិនទៅនឹង វិបត្តិនៅយេម៉ែន ដែលកំពុងតែក្តៅគគុក។ លោកថា អាមេរិក បានដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់ កំពុងតែបញ្ជូនជំនួយទៅជួយក្រុមឧទ្ទាមហ៊ូទី។ លោកអះអាងថា គោលជំហររបស់អាមេរិក គឺមិនចង់ប្រឈមមុខជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែអាមេរិកមិនអាចបោះបង់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានអារ៉ាប៊ីសាអ៊ូឌីតជាអ្នកដឹកនាំដែរ។ លោកថា អាមេរិកត្រូវតែជួយក្រុមសម្ព័ន្ធមិត្តអារ៉ាប់ ធ្វើការវាយបំបែកពួកឧទ្ទាមហ៊ូទី នៅយេម៉ែន។
លោក ចន ឃែរី បានមានប្រសាសន៍ថា អាមេរិកដឹងយ៉ាងច្បាស់ អំពីគោលជំហររបស់អ៊ីរ៉ង់ ទាក់ទិននឹងវិបត្តិនៅយេម៉ែន។ លោកថា អាមេរិកមានភស្តុតាងបញ្ជាក់ថា ជារៀងរាល់ថ្ងៃ អ៊ីរ៉ង់បានបញ្ជូនយន្តហោះទៅយេម៉ែន។ ក្នុងយន្តហោះនោះ គ្មានអ្វីក្រៅពីជំនួយសម្ភារៈ ដែលអ៊ីរ៉ង់ យកទៅជួយក្រុមឧទ្ទាមហ៊ូទី ដែលកំពុងតែធ្វើការវាយលុក យ៉ាងសកម្ម លើក្រុមកម្លាំងរដ្ឋាភិបាលយេម៉ែន។
លោក បានបញ្ជាក់ថា ការដែលអាមេរិក សុខចិត្តជួយខាងសម្ព័ន្ធមិត្តអារ៉ាប់ ដែលមាន អារ៉ាប៊ីសាអ៊ូឌីត ជាមេក្រុម មិនមែនមានន័យថា អាមេរិក ប្រកាសសត្រូវជាមួយអ៊ីរ៉ង់នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិកមិនអាចព្រងើយកន្តើយ ចំពោះសំណើរសុំជំនួយ របស់ប្រទេសអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក តាំងពីយូរលង់ណាស់មកហើយ នោះដែរ។ លោកថា មួយវិញទៀត វាជាកាតព្វកិច្ច របស់អាមេរិក ដែលត្រូវជួយរដ្ឋាភិបាល និងប្រជាជនយេម៉ែន ដែលកំពុងតែរងគ្រោះ ដោយសារការវាយលុករបស់ក្រុមឧទ្ទាមហ៊ូទី។
សូមបញ្ជាក់ថា ក្រុមប្រទេសអារ៉ាប់និកាយស៊ុនីត ដែលមានអារ៉ាប៊ីសាអ៊ូឌីត ជាមេដឹកនាំ បានចាប់ផ្តើមប្រតិបត្តិការ ទំលាក់គ្រាប់បែក ទៅលើក្រុមឧទ្ទាមហ៊ូទី នៅយេមែន កាលពីថ្ងៃទី ២៦ មីនា។ ក្រុមឧទ្ទាមហ៊ូទី ដែលកំពុងតែវាយយកទីក្រុងធំៗ ពីដៃរបស់ក្រុមរដ្ឋាភិបាលយេម៉ែន ជាក្រុមអ៊ីស្លាមនិកាយឈីអ៊ីត ដូចគ្នានឹងអ៊ីរ៉ង់ដែរ។ ទាហានអាមេរិក បានផ្តល់ជំនួយក្នុងការផ្គត់ផ្គង់សម្ភារៈ ព្រមទាំងផ្តល់ព័ត៌មានក្នុងការធ្វើប្រតិបត្តិការទំលាក់គ្រាប់បែក ប៉ុន្តែអាមេរិក មិនចូលរួមទម្លាក់គ្រាប់បែក ដោយផ្ទាល់ទេ។
ដោយឡែកអ៊ីរ៉ង់ កំពុងតែព្យាយាម ស្វែងរកដំណោះស្រាយតាមផ្លូវការទូត ដើម្បីជួយយេម៉ែន។ គ្រាន់តែដឹងថា ប៉ាគីស្ថាន មានគម្រោងបញ្ជូនយោធាមកជួយ តាមសំណើរសុំរបស់ អារ៉ាប៊ីសាអ៊ូឌីត ភ្លាម លោក ចាវ៉ាដ ហ្សារីហ្វ រដ្ឋមន្ត្រីការបទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅប៉ាគីស្ថាន ដើម្បីបញ្ចុះបញ្ចូល កុំឲ្យប៉ាគីស្ថានសម្រេចចិត្តធ្វើដូច្នេះ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានថ្លែងថា វិបត្តិនៅយេម៉ែន ត្រូវតែដោះស្រាយតាមផ្លូវការទូត តាមរយៈការចូលតុចរចា មិនមែនតាមរយៈការយកគ្រាប់បែក ទៅទម្លាក់នោះទេ។
ទន្ទឹមគ្នានេះដែរ នាវាដឹកជំនួយជាសម្ភារៈសង្គ្រោះ និងថ្នាំពេទ្យ បានដឹកទៅដល់កំពង់ផែក្រុងអាឌែនហើយ នៅថ្ងៃនេះ។ ប៉ុន្តែនេះគ្រាន់តែជាជំនួយ ដ៏ស្តួចស្តើងបំផុត ដែលទើបទៅដល់យេម៉ែន ដែលកំពុងតែត្រូវការជាចាំបាច់ នូវជំនួយសង្គ្រោះបន្ទាន់។ តាមការរាយការណ៍ ប្រជាជនមិនអាចចេញទៅណាបានទាំងអស់ ដោយសារការទម្លាក់គ្រាប់បែក របស់អារ៉ាប៊ីសាអ៊ូឌីត ហើយអ្នករបួសជាច្រើនពាន់នាក់ កំពុងតែប្រឈមមុខនឹងការស្លាប់ ដោយសារគ្មានគ្រូពេទ្យ និងថ្នាំសង្កូវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ