អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហាម៉ាស់​វាយប្រហារ​លើ​អ៊ីស្រាអែល​មុនពេល​បើក​កិច្ចចរចា​ អ៊ីស្រាអែល-ប៉ាឡេស្ទីន

រថយន្ត​របស់​ជនស៊ីវិល​អ៊ីស្រាអែល ដែល​រងការ​បាញ់​ប្រហារ​ពី​សំណាក់​ពួក​ហាម៉ាស់
រថយន្ត​របស់​ជនស៊ីវិល​អ៊ីស្រាអែល ដែល​រងការ​បាញ់​ប្រហារ​ពី​សំណាក់​ពួក​ហាម៉ាស់ ©Reuters/Ronen Zvulun
ដោយ៖ សេង ឌីណា
២៦ នាទី

ពីរថ្ងៃ​មុន​ពេល​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​ចាប់ផ្តើម​ចរចា​គ្នា ក្រុមហាម៉ាស់​បាន​​ធ្វើ​ការ​វាយប្រហារ​លើ​​ជនស៊ីវិល​អ៊ីស្រាអែល នៅ​តំបន់ Cisjordanie បណ្តាល​ឲ្យ​មនុស្ស​ ៤នាក់​បាត់បង់​​ជីវិត។ សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងសងខាង​មាន​ការ​អត់ធ្មត់ ដើម្បី​កុំ​ឲ្យ​ហេតុការណ៍​នេះ​​មក​រារាំង​កិច្ចចរចា​សន្តិភាព ដែល​នឹង​ចាប់​បើក​ធ្វើ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ កញ្ញា ២០១០ នៅ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

នៅថ្ងៃ​ព្រហស្បតិ៍ ទី២​​កញ្ញា​ស្អែក នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល និង​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន នឹង​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់ ជាលើក​ដំបូង ក្នុងរយៈពេល​ជិត​២ឆ្នាំ។ ការចរចា​នេះ​នឹង​ប្រព្រឹត្ត​ទៅ ក្រោម​ការ​សម្របសម្រួល​របស់​សហរដ្ឋ​អាមេរិក។ អ្នក​សង្កេតការណ៍​ភាគច្រើន​​​មិន​សូវ​សង្ឃឹមថា ការចរចា​នេះ​អាច​សម្រេច​បាន​ជោគជ័យ​នោះទេ។

ពួក​ហាម៉ាស់​របស់​ប៉ាឡេស្ទីន​​បាន​ប្រកាស​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល តាំង​ពី​មុន​ពេល​បើក​កិច្ចចរចា​ម៉្លេះ ដោយ​បាន​បាញ់​សម្លាប់​ជនស៊ីវិល​អ៊ីស្រាអែល ៤នាក់ កាល​ពី​ថ្ងៃ​អង្គារ។ ពួក​ហាម៉ាស់​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ក្រុមភេរវជន បច្ចុប្បន្ន កំពុង​កាន់​កាប់​ដែនដី​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន។ ហាម៉ាស់ គឺ​ជា​គូប្រជែង​របស់​ក្រុម​ហ្វាតា របស់​លោក​អាបាស់ ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន។

រដ្ឋាភិបាល​ប៉ាឡេស្ទីន និង​រដ្ឋាភិបាល​ផ្សេងទៀត រួមមាន អាមេរិក បារាំង រុស្ស៊ី និង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​​ថ្លែង​ថ្កោលទោស​ទង្វើ​របស់​ពួក​ហាម៉ាស់​នេះ។ រដ្ឋាភិបាល​អ៊ីស្រាអែល​វិញ​បាន​សន្យា​ថា នឹង​ដាក់ទោស​អ្នក​ដែល​ទទួលខុសត្រូវ ក្នុងការ​សម្លាប់​ជនស៊ីវិល​អ៊ីស្រាអែល​នេះ ក៏ប៉ុន្តែ បាន​សន្យា​​ថា​​នឹង​នៅ​​បន្ត​ចរចា​ជាមួយ​លោក​អាបាស់ បើទោះជា​មាន​​ការវាយប្រហារ​នេះ​ក៏ដោយ។

ទោះជាយ៉ាងណា គេ​នៅតែ​បារម្ភ​ថា អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួក​ហាម៉ាស់​ ដល់​ពេល​មួយ​អាច​នឹង​រាលដាល​​ជា​ជម្លោះ​ធំ ហើយ​ធ្វើ​ឲ្យ​ការ​ចរចា​ត្រូវ​ជាប់គាំង​សាជាថ្មី​ម្តងទៀត។ គួរ​រំឭក​ឡើងវិញ​ថា កិច្ចចរចា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ត្រូវទទួល​បរាជ័យ កាល​ពី​ឆ្នាំ​២០០៨ ក៏​ដោយសារ​តែ​ពួក​​ហាម៉ាស់​នេះ​ដែរ។ នៅពេលនោះ ពួក​ហាម៉ាស់​​​បាន​បាញ់​រ៉ុកែត​ទៅលើ​អ៊ីស្រាអែល ធ្វើ​ឲ្យ​កងទ័ព​អ៊ីស្រាអែល​វាយបក​តបវិញ បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ប៉ាឡេស្ទីន។ លោក​អាបាស់​ក៏​បាន​ដកខ្លួន​ចេញ​ពី​ការចរចា។

លោក​អូបាម៉ា​នឹង​ទទួល​ជួប​លោក​នេតាន់យ៉ាហ៊ូ (ឆ្វេង) និង​លោក​អាបាស់ (ស្តាំ) នៅថ្ងៃ​ពុធ ទី១ កញ្ញា ២០១០
លោក​អូបាម៉ា​នឹង​ទទួល​ជួប​លោក​នេតាន់យ៉ាហ៊ូ (ឆ្វេង) និង​លោក​អាបាស់ (ស្តាំ) នៅថ្ងៃ​ពុធ ទី១ កញ្ញា ២០១០ ©AFP/Jim Watson

នៅ​ពេលនេះ ពួក​ហាម៉ាស់​នៅ​តែ​បន្ត​ជំទាស់​នឹង​ការចរចា​រវាង​លោក​អាបាស់ និង​អ៊ីស្រាអែល។ ពួក​ហាម៉ាស់​បាន​​អះអាង​ថា ការ​វាយប្រហារ​លើ​ជនជាតិ​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អង្គារ គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ នេះ​មានន័យថា ពួក​ហាម៉ាស់​អាច​នឹង​​បង្ក​បញ្ហា​ផ្សេង​ទៀត ដើម្បី​រារាំង​ដល់​ដំណើរ​ការ​ចរចា។

នៅថ្ងៃ​ពុធនេះ មុននឹង​បើក​កិច្ចចរចា លោក​អូបាម៉ា​នឹង​ទទួល​ជួប​លោក​នេតាន់យ៉ាហ៊ូ និង​លោក​អាបាស់ ក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា។ បន្ទាប់​មក លោក​អូបាម៉ា​ក៏​គ្រោង​ជួប​ផង​ដែរ​ជាមួយ​លោក​ហូស្ន៊ី មូបារាក់ (Hosni Moubarak) ប្រធានាធិបតី​អេស៊ីព្ទ និង​ព្រះចៅ​អាប់ឌុលឡា ព្រះមហាក្សត្រ​នៃ​ប្រទេស​ហ្សកដានី ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​ ក្នុង​ពិភព​អារ៉ាប់​ផង និង​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​ផង។

អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ព្រមព្រៀង​បើក​កិច្ចចរចា​ជាមួយ​គ្នា ដោយ​កំណត់​គោលដៅ​ថា នឹង​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ក្នុង​រយៈពេល ១២ខែ។ ក៏ប៉ុន្តែ អ្នកវិភាគ​ជាទូទៅ​​យល់​ថា ជម្លោះ​ដ៏រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ទំនង​ជា​មិនអាច​ដោះស្រាយបាន​ រហូត​ដល់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​​ ក្នុងរយៈពេល​ដ៏ខ្លីបែបនេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ