អនុព័ន្ធយោធាបរទេសជំរុញអោយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកព្រំដែនអោយបានឆាប់
ចុះផ្សាយនៅថ្ងៃ៖
ក្រុមមន្ត្រីអនុព័ន្ធយោធាបរទេសបានបញ្ចប់ទស្សនកិច្ចនៅព្រំដែន កម្ពុជា-ថៃហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីយោធាកម្ពុជាបានចាត់ទុកថា ទស្សនកិច្ចនេះប្រព្រឹត្តទៅដោយជោគជ័យ បើទោះជាមានការអត្ថាធិប្បាយគំរាមកំហែងពីភាគីថៃក៏ដោយ។ តំណាងប្រតិភូអនុព័ន្ធយោធាបរទេសបានថ្លែងថា ពួកគេនឹងជួយជំរុញអោយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកដល់តំបន់ ព្រំដែនអោយបានឆាប់។ ក្នុងចំណោមសមាជិកប្រតិភូអនុព័ន្ធយោធាដែលទៅព្រះវិហារនោះ មិនមានអនុព័ន្ធយោធាថៃឡើយ។
សេចក្តីរាយការណ៍របស់លាង ដឺលុច ពីភ្នំពេញ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រាប់អោយដឹង កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីអនុព័ន្ធយោធាបរទេសចំនួន១៧នាក់ មកពីស្ថានទូតចំនួន១៣ ប្រចាំនៅកម្ពុជា បានបញ្ចប់ទស្សនកិច្ចនៅលើប្រាសាទព្រះវិហារហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ទស្សនកិច្ចនេះដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើឡើងនៅលើប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈហើយមានរយៈពេល២ម៉ោង។
ឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបានបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ល្អ បើទោះជាមានការអត្ថាធិប្បាយពីភាគីថៃថា ទស្សនកិច្ចយោធាបរទេសនៅលើក្នុងតំបន់សមរភូមិជួរមុខដែលរៀបចំដោយកម្ពុជា អាចបង្កភាពតានតឹងនៅព្រំដែនក៏ដោយ។ លោកឧត្តមសេនីយ៍ឈុំ សុជាតិថ្លែងថា កម្ពុជាមិនខ្វល់ពីការអត្ថាធិប្បាយរបស់ថៃឡើយ ពីព្រោះកម្ពុជាធ្វើសកម្មភាពតែលើបូរណភាពដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។
បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្រោយពីបានបញ្ចប់ទស្សនកិច្ចនៅលើប្រាសាទព្រះវិហារ តំណាងប្រតិភូអនុព័ន្ធយោធាបរទេសបានអរគុណដល់ក្រសួងការពារជាតិ ចំពោះការរៀបចំទស្សនកិច្ចនេះសម្រាប់ពួកគេ ហើយថា ពួកគេនឹងជួយជំរុញអោយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីអាចមកដល់តំបន់ព្រំដែននេះអោយបានឆាប់។ បើតាមអ្នកនាំពាក្យយោធាដដែល តំណាងប្រតិភូអនុព័ន្ធយោធាបរទេសបន្តថា ពួកគេក៏នឹងខិតខំជួយស្វែងរកជំនួយ ដើម្បីការជួសជុលប្រាសាទព្រះវិហារផងដែរ។
គួរបញ្ជាក់ថា ការរៀបចំដំណើរទស្សនកិច្ចសម្រាប់អនុព័ន្ធយោធាបរទេសនៅតំបន់សមរភូមិជួរមុខ ក៏ដូចជាការត្រួតពិនិត្យមើលការខូចខាតនៃប្រាសាទព្រះវិហារខ្មែរ នៅពេលនេះ ធ្វើឡើងតាមការស្នើសុំពីការិយាល័យអនុព័ន្ធយោធាទាំងនោះ ដែលទាំងអស់មាន១៣ប្រទេស ប៉ុន្តែ ក្នុងចំណោមនោះ មិនមានអនុព័ន្ធយោធាថៃនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ