រដ្ឋមន្ត្រីព័ត៌មានស្នើប៉ូលីសមិនអោយផ្តល់រូបភាពគ្រោះថ្នាក់រន្ធត់ដល់សារព័ត៌មាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើលិខិតមួយច្បាប់ទៅនាយឧត្តមសេនីយអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧មិថុនានេះដើម្បីស្នើអោយនគរបាលប៉ុស្តិ៍តាមមូលដ្ឋានបញ្ឈប់ការផ្តល់រូបថតស្តីពីឃាតកម្មនិងគ្រោះថ្នាក់ចរាចរណ៍ដែលមានលក្ខណៈកាចសាហាវនិងរន្ធត់ដល់អ្នកសារព័ត៌មានដើម្បីចុះផ្សាយ។ សម្រាប់លោករដ្ឋមន្ត្រីការផ្សព្វផ្សាយរូបភាពទាំងនេះដែលពេលខ្លះមិនត្រូវបានលាក់អត្តសញ្ញាណផងនោះ បានធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនិងគ្រួសាររបស់ពួកគេ។
នេះ គឺជាវិធានការថ្មីមួយបន្ថែមទៀតរបស់ក្រសួងព័ត៌មានក្នុងការកាត់បន្ថយការផ្សព្វផ្សាយរូបថតគ្រោះថ្នាក់រន្ធត់អសីលធម៌ បន្ទាប់ពីក្រសួងបានណែនាំម្តងហើយដល់អង្គការសារព័ត៌មានកាលពីខែកុម្ភៈកន្លងទៅមិនអោយពួកគេផ្សព្វផ្សាយរូបភាពអាក្រក់ទាំងនេះ។
នៅក្នុងលិខិតផ្ញើទៅនាយឧត្តមសេនីយអគ្គស្នងការនគរបាលជាតិ នេត សារឿននៅថ្ងៃព្រហស្បតិ៍នេះ លោកខៀវ កាញារីទ្ធបានសរសេរថា កម្លាំងនគរបាលជំនាញនិងនគរបាលមូលដ្ឋានបានផ្តល់រូបថតឃាតកម្ម គ្រោះថ្នាក់ចរាចរណ៍ដែលមានលក្ខណៈកាចសាហាវ ឃោរឃៅទៅដល់អ្នកកាសែត។
ហើយពេលខ្លះ ការផ្តល់រូបថតទាំងនោះមិនមានលាក់អត្តសញ្ញាណរបស់ជនរងគ្រោះ ដែលវាធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លែថ្នូររបស់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ។ដើម្បីទប់ស្កាត់បញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើអោយលោកអគ្គស្នងការនគរបាលជាតិចាត់វិធានការអោយនគរបាលជំនាញ និងនគរបាលមូលដ្ឋានបញ្ឈប់ការផ្តល់រូបថតទាំងនោះទៅសារព័ត៌មាន និងសូមផ្តល់រូបភាពដែលមានលាក់អត្តសញ្ញាណជាការផ្សព្វផ្សាយជំនួសវិញ។
កាលពីខែកុម្ភៈកន្លងទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធបានផ្សាយសេចក្តីណែនាំជាសាធារណៈមួយដល់ម្ចាស់និងអ្នកគ្រប់គ្រងការបោះពុម្ពផ្សាយសារព័ត៌មាន ទស្សនាវដ្តីនិងព្រឹត្តិបត្រទាំងអស់នៅកម្ពុជា អោយពួកគេបញ្ឈប់ទាំងស្រុងនូវការផ្សព្វផ្សាយរូបភាពដែលអសីលធម៌ ខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន និយាយផ្តោតទៅលើការផ្សព្វផ្សាយរូបភាពហឹង្សាលើស្ត្រីនិងកុមារ រូបភាពគ្រោះថ្នាក់ចរាចរណ៍គួរអោយខ្លាចនិងរូបភាពឧក្រិដ្ឋកម្មជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ