កម្ពុជា

ក្រសួង​មហាផ្ទៃ​ជួប​បក្សប្រឆាំង​ដើម្បី​ជជែក​អំពី​សមាសភាព​គជប

ក្រសួង​មហាផ្ទៃ​បាន​យល់​ព្រម​ហើយ​លើ​សំណើ​របស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​​ដែល​ស្នើ​ជួប​ពិភាក្សា​​អំពី​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ការ​ពិភាក្សា​នេះ​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​កញ្ញា​សប្តាហ៍​នេះ រវាង​លោក​ព្រុំ សុខា រដ្ឋលេខា​ធិការ​​ក្រសួង​មហាផ្ទៃ និង​តំណាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ។

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា
លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ កញ្ញា​សប្តាហ៍​នេះ វេលាម៉ោង​៩ព្រឹក ក្រសួង​មហាផ្ទៃ​នឹង​ជួប​ជាមួយ​តំណាង​គណបក្ស​សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​ដើម្បី​ពិភាក្សា​អំពី​សមាសភាព​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត។ លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី១៨ កញ្ញា​នេះ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក​នុត សាអាន បាន​សរសេរ​បញ្ជាក់​ថា លោកព្រុំ សុខា ដែល​ជា​រដ្ឋលេខាធិការ​មួយ​រូប​ទៀត​នោះ គឺ​ជា​អ្នក​ដែល​ត្រូវ​​ជួប​ជាមួយ​តំណាង​គណបក្ស​ប្រឆាំង​ទាំងពីរ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ។ តាម​ពិត សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​គណបក្សប្រឆាំង​ទាំងពីរ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​កាល​ពី​ថ្ងៃ​ទី​១៣​ កញ្ញា​បាន​ស្នើ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​អ្នក​តំណាង​ក្រសួង​ដើម្បី​និយាយ​អំពី​បញ្ហាសមាសភាព​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ ដែល​គណបក្ស​ទាំង​ពីរ​នេះ​បាន​ទាមទារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​៣០​សីហា គណបក្ស​ទាំង​ពីរ​បាន​ស្នើ​រូបមន្ត​នៃ​សមាសភាព​គជប ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ​ម្តង​ហើយ។ ប៉ុន្តែ​សំណើ​រូបមន្ត​នោះ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រសួង​មហាផ្ទៃ។ គណបក្ស​ប្រឆាំង​ទាំង​២ បាន​ទទូច​ស្នើ​ជួប​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ម្តង​ទៀត​កាល​ពីថ្ងៃ​ទី​១៣​កញ្ញា​នេះ ដើម្បី​ពន្យល់​ផ្ទាល់​មាត់​អំពី​សំណើ​របស់​ពួក​គេ។ អ្នកនាំពាក្យ​របស់​គណបក្ស​សម រង្ស៊ី លោក​យឹម សុវណ្ណ​បាន​អត្ថាធិប្បាយ​ស្វាគមន៍​ការ​ឆ្លើយតប​ជា​វិជ្ជមាន​របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ។ លោក​ថា វប្បធម៌​នៃ​ការ​ជួប​ពិភាក្សា​គ្នា​គឺ​ជា​សញ្ញា​ល្អ​ដើម្បី​ចៀសវាង​ទំនាស់។ សម្រាប់​មន្ត្រី​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ដដែល ការ​ធានា​សិទ្ធិពលរដ្ឋ​គ្រប់រូប​អោយបាន​បោះឆ្នោត​គ្រប់​គ្នា និង​ឯករាជ្យភាព និង​ប្រសិទ្ធិភាព​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​​ក៏​ជា​ការ​ចង់​បាន​របស់​អង្គការ​សហប្រជាជាតិ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI