ហ្វីលីពីន

អនុ​ប្រធានាធិបតី​​ហ្វីលីពីន​​ លោកស្រី​ ​Robredo​ ប្រកាស​​ដើរចេញ​ពី​រដ្ឋាភិបាល​​​​

លោកស្រី ​Leni Robredo (ឆ្វេង) និង​លោក​ឌុយទែរតេ
លោកស្រី ​Leni Robredo (ឆ្វេង) និង​លោក​ឌុយទែរតេ REUTERS/Erik De Castro

ថ្ងៃអាទិត្យ​នេះ ​អនុប្រធានាធិបតី​ហ្វីលីពីន ​លោកស្រី​ ឡេនី រ៉ូប្រេដូ Leni Robredo បាន​ប្រកាស​​ថា លោកស្រី​នឹង​លាលែង​ពីតំណែង​រដ្ឋមន្ត្រី​ទទួលបន្ទុក​លំនៅដ្ឋាន ដោយសារ​​តែ​លោកស្រី​មិនត្រូវគ្នា​ ជាមួយ​ប្រធានាធិបតី​ឌុយទែរតេ។ ដំបូង​​​​សារព័ត៌មាន​ ​AFP​ប្រាប់ថា​ លោកស្រីលាតំណែង​រដ្ឋមន្ត្រី តែ​​បដិសេធ​នឹង​ចុះពី​តំណែង​អនុ​ប្រធានាធិបតី​ តែ​ក្រោយ​មក ក៏​ប្រាប់ថា លោកស្រី​សម្រេច​លាតំណែង​អនុប្រធានាធិបតី​​វិញ។

ផ្សាយពាណិជ្ជកម្ម

អនុប្រធានាធិបតី​ហ្វីលីពីន​ Leni Robredo និង​ប្រធានាធិបតី​ឌុយទែរតេ ​កាន់តែ​មិនចុះ សម្រុង​គ្នា​ ពី​មួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ធ្វើអោយ​អនុប្រធានាធិបតី​សម្រេច​​ចិត្តដើរចេញ​ពី​រដ្ឋាភិបាល។ 

ថ្ងៃអាទិត្យ​ម្សិលមិញ ​អនុប្រធានាធិបតី​ ​លោកស្រី​រ៉ូប្រេដូ ​ប្រាប់ថា លោកស្រី​សម្រេចចិត្ត​ដូច្នេះ ដោយសារ​​តែ​​ រដ្ឋមន្ត្រី​មួយរូប គឺ​លោក​ជុន អេវ៉ាស្កូ ​បាន​ផ្ញើ​​សារSMS ​ប្រាប់​លោកស្រីថា​ លោក​ឌុយទែរតេ​​​មិនចង់​អោយ​លោកស្រី​ចូលរួមគណៈ​​រដ្ឋមន្ត្រី​​ទៀត​ទេ ចាប់​ពីថ្ងៃ​ចន្ទ​ទី៥ធ្នូ​នេះទៅ។ ​ហេតុនេះ​ហើយ ទើប​លោកស្រី​សម្រេច​ថា ​​លាលែង​ពី​​​តំណែង​តែ​ម្តង​ទៅ។ ​

យោងតាម​លោកស្រី​រ៉ូប្រេដូ ​​គេកំពុង​ឃុបខិតគ្នា​​ធ្វើអោយ​លោកស្រី​ចេញ​ពី​តំណែង​អនុ​ប្រធានាធិបតី​​ហ្វីលីពីន។ ហើយ​ការដែល​​លោកស្រី​ត្រូវគេ​បដិសេធ​វត្តមាន​នៅ​គណៈ​រដ្ឋមន្ត្រី​ពេលនេះ ​​គូសបញ្ជាក់​ច្បាស់​ពី​ការឃុបខិត​នេះ។ ​

លោកស្រី រ៉ូប្រេដូ ​អាយុ​៥២ឆ្នាំ ​ជា​អតីត​មេធាវី និង​​​សកម្មជន​ការពារ​សិទ្ធិសង្គម។ លោកស្រី​ជាអ្នក​នៅខាង​​​​ក្រុម​នយោបាយ​របស់​អតីត​ប្រធានាធិបតី អាគីណូ។ ​លោកស្រី​ត្រូវ​​បាន​​ជាប់ឆ្នោត​ ​​ជា​អនុប្រធានាធិបតី ​កាលពី​ខែឧសភា ​ដើមឆ្នាំ ​ឈ្នះ​លើ​​លោក​ ​​បុងបុង ​ម៉ាកកូស ដែល​ជាកូនប្រុស​របស់​អតីត​មេដឹកនាំ​​​​​​ម៉ាកកូស។ ​​លោកស្រី​រ៉ូប្រេដូ​ប្រាប់ថា កាលពី​មុន លោកស្រីធ្លាប់​​គិតថា លោកស្រី​អាចត្រូវគ្នា​​ជាមួយ​​ប្រធានាធិបតី​​ឌុយទែរតេ ​ក្នុង​​យុទ្ធនាការ​កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុងស្រុក។​

រដ្ឋមន្ត្រី​ ​​ជុន អេវ៉ាស្កូ ​បាន​ប្រាប់ថា អនុប្រធានាធិបតី​រ៉ូប្រេដូ និង​លោក​ឌុយទែរតេ ពិត​ជា​មិន​ត្រូវគ្នា​​មែន។ រឿងមិនចុះ​សម្រុង​គ្នា​​មាន​​​ជាប់​ពាក់ព័ន្ធ​​​​នឹង​​វិធី​ដែល​ត្រូវ​ប្រើ​ប្រឆាំង​នឹង​ឧក្រិដ្ឋជន​​​​គ្រឿងញៀន ពាក់ព័ន្ធ​​​នឹង​​ការដែល​លោក​ឌុយទែរតេ ចង់​រៀបចំ​ទោស​ប្រហារជីវិត​ រឺ​ពាក្យពេចន៍​​​មិន​សមរម្យ​​របស់​លោក​ឌុយទែរតេ​​ទៅលើ​លោកស្រីរ៉ូប្រេដូ​​​ជាដើម។

គេចាំ​មើលថា តើ​ថ្ងៃច័ន្ទ​៥ធ្នូនេះ លោក​ឌុយទែរតេ ព្រម​អោយ​លោកស្រី​រ៉ូប្រេដូ ​លាលែង​​តំណែង​ដែរ​រឺទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI