កម្ពុជា

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មហាបាតុកម្ម ដោយ​មាន​ការ​ហែ​ក្បួន​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា RFI-ចាន់ណា

សម្រេច​សម្រួល​​ទៅ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទី​លាន​ប្រជាធិបតេយ្យ រយៈពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៣​តុលា ដោយ​ក្នុង​មួយ​ថ្ងៃៗ បាតុកម្ម ត្រូវ​ធ្វើ​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច។ ក្រសួង​មហាផ្ទៃ ហាម​មិន​ឲ្យ​បក្ស​ប្រឆាំង បោះ​ជំរំ​ស្នាក់​នៅ​ពេល​យប់ នៅ​ទី​លាន​ប្រជាធិបតេយ្យ​ឡើយ។ រី​ឯ​ចំនួន​អ្នក​ចូលរួម​បាតុកម្ម ក៏​មិន​ត្រូវ​ឲ្យ​លើស​ពី​១​ម៉ឺន​នាក់​ដែរ។

ផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ ក្នុង​លិខិត​ចុះ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​គេ​ចេញ​ផ្សព្វផ្សាយ កាលពី​យប់មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​ថា ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ហែក្បួន យក​ញត្តិ​ទៅ​ដាក់​តាម​បណ្តា​ស្ថានទូត​នានា តែ​គណបក្សប្រឆាំង​ត្រូវ​ចាត់តាំង​តំណាង សម្រាប់​ការដើរ​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នោះ ហើយ​ទាក់ទង​ស្ថានទូត​ជាមុន៕

ជាការ​កត់សម្គាល់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក យឹម សុវណ្ណ​ បាន​ជួប​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ជជែក​បន្ថែម​អំពី​ការរៀបចំ​មហា​បាតុកម្ម ៣ថ្ងៃ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី២៣ តុលា។ គណបក្សប្រឆាំង បានទាមទារ​សិទ្ធិ​រៀបចំ ដែលមាន​មនុស្ស​ចូលរួម​ពី ២ម៉ឺន ដល់៤ម៉ឺន​នាក់ ដើរ​ហែ​ក្បួន និង​អោយ​ពលរដ្ឋ​ប្រមាណ ៥០០០ នាក់ សំរាក​ពេលយប់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែលជា​កន្លែង​ធ្វើ​មហា​បាតុកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI