តើ​ជម្លោះ​ជាតិសាសន៍​អាចជា​ឧបសគ្គ​ដល់​កំណែទម្រង់​ប្រជាធិបតេយ្យ​ភូមា​ឬ​ទេ?

សំឡេង ០៣:៥២
សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ភូមា (រូបថតឯកសារ)
សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ភូមា (រូបថតឯកសារ) REUTERS/Tarmizy Harva/Files

អំពើ​ហិង្សា​​រវាង​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា និង​អ៊ីស្លាម នៅ​រដ្ឋ​រ៉ាខាន (Rakhine/Arakan) ប្រទេស​ភូមា កំពុង​តែ​ជា​​ក្តីបារម្ភ​ធំមួយ​របស់​សហគមន៍​អន្តរជាតិ។ អំពើ​ហិង្សា​ដែល​បាន​ផ្ទុះឡើង​តាំង​ពី​ថ្ងៃ​ទី៣​មិថុនា បាន​រាលដាល​​កាន់តែ​ធំ រហូត​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ត្រូវ​បង្ខំ​ចិត្ត​ដក​មន្រ្តី​របស់​ខ្លួន​ចេញ​ពី​តំបន់​គ្រោះថ្នាក់។ ប្រធានាធិបតី​ភូមា​បាន​សម្រេច​ប្រកាស​ភាព​អាសន្ន ដោយ​ប្រគល់​អំណាច​ឲ្យ​កងទ័ព​ជា​អ្នក​រក្សា​សន្តិសុខ​នៅ​តំបន់​ជម្លោះ។ ចាប់តាំង​ពី​​មាន​រដ្ឋាភិបាល​ស៊ីវិល​មក នេះ​គឺ​ជា​លើក​ទីមួយ ដែលភូមា​ប្រកាស​ភាព​អាសន្ន។ តើ​​អំពើ​ហិង្សា​រវាង​សហគមន៍អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យដែរ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

គិតមកទល់​នឹង​ដើមខែ​មិថុនា​នេះ កំណែទម្រង់​នៅ​ភូមា ដើម្បី​កែប្រែ​ពី​របប​សឹក​ ឆ្ពោះ​ទៅ​របបប្រជាធិបតេយ្យ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី និង​មាន​សន្ទុះ​យ៉ាងលឿន​គួរ​ឲ្យ​កត់សម្គាល់ រហូត​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បាន​សម្រេច​បន្ធូរបន្ថយ​ទណ្ឌកម្ម ដែល​គេ​ធ្លាប់​ដាក់​លើ​របបសឹក​កន្លងមក។

លោក​ថេន សេន ប្រធានាធិបតី​ថ្មី​នៃ​រដ្ឋាភិបាល​ស៊ីវិល​ភូមា បាន​ដោះលែង​អ្នក​ទោស​នយោបាយ បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ជាមួយ​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ភូមា។ ពន្លឺ​នៃ​ក្តីសង្ឃឹម​ថា ភូមា​អាច​ធ្វើ​ដំណើ​រឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ បាន​​​កើន​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូតដល់​ថ្ងៃ​ទី៣ ខែ​មិថុនា​កន្លងទៅ នៅពេល​ដែល​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​រវាង​​​អ្ន​កកាន់​ពុទ្ធសាសនា និង​សហគមន៍​អ៊ីស្លាម នៅ​រដ្ឋ​រ៉ាខាន។ រហូតមកទល់ពេលនេះ​ អំពើ​ហិង្សា​​​​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៣០នាក់​ត្រូវ​បាត់បង់​ជីវិត។

ជម្លោះ​កើតចេញ​ពី​ការ​​វាយសម្លាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម ១០នាក់ ដោយ​ក្រុម​អ្នក​កាន់​ពុទ្ធសាសនា ដើម្បី​ជាការ​សងសឹក​នឹង​ការ​រំលោភ និង​សម្លាប់​ស្រ្តី​អ្នក​កាន់​ពុទ្ធសាសនា​ម្នាក់ ដែល​គេ​ចោទ​ថា​ជា​ទង្វើ​របស់​ពួក​អ្នក​កាន់​សាសាន​អ៊ីស្លាម។ អំពើ​ហិង្សា​សងសឹក​គ្នា​ទៅវិញ​ទៅមក រវាង​សហគមន៍​​អ្នក​កាន់​ពុទ្ធសាសនា និង​អ៊ីស្លាម​ក៏​ផ្ទុះ​រាល​ដាល​ខ្លាំងឡើងៗ រហូត​ធ្វើ​ឲ្យ​អ.ស.ប.​បាន​សម្រេច​ដក​មន្រ្តី​របស់​ខ្លួន​ជា​បណ្តោះ​អាសន្ន​ចេញ​ពី​តំបន់​ជម្លោះ ដោយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ។ គូជម្លោះ​ទាំង​សងខាង​បាន​ចោទគ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នក​បង្កជម្លោះ។ ក៏ប៉ុន្តែ បើទោះជា​អំពើ​ហិង្សា​ចុងក្រោយ​នេះ កើតចេញ​ពី​មូលហេតុ​អ្វី​ក៏ដោយ វិវាទ​រវាង​អ្នក​កាន់​ពុទ្ធសាសនា និង​សហគមន៍​អ៊ីស្លាម នៅ​ក្នុង​រដ្ឋ​រ៉ាខាន មាន​ឫសគល់​តាំង​ពីយូរយាណាស់​មកហើយ។

សហគមន៍​រ៉ូហ៊ីងយ៉ា (Rohingya) ដែល​ជា​អ្នក​កាន់​សាសនា​​អ៊ីស្លាម រស់នៅ​ក្នុង​រដ្ឋ​រ៉ាខាន ជាប់​ព្រំដែន​បង់ក្លាដែស មាន​គ្នា​សរុប​ ប្រមាណ​ពី ៧៥ម៉ឺន ទៅ​៨០ម៉ឺននាក់។ អ.ស.ប. និង​អង្គកា​រ​សិទ្ធិមនុស្ស​តែងតែ​បាន​លើកឡើង​ថា សហគមន៍​រ៉ូហ៊ីងយ៉ា ស្ថិត​ក្នុង​ចំណោម​ជនជាតិភាគតិច​ដែល​ទទួលរងនូវ​ការធ្វើទុក្ខបុកម្នេញ និង​​ការ​រើសអើង​ខ្លាំង​បំផុត​នៅភូមា។

សហគមន៍​រ៉ូហ៊ីងយ៉ា​​មិន​ត្រូវ​បាន​ភូមា​ទទួលស្គាល់​ថា​ជា​ពលរដ្ឋ​របស់​ខ្លួន​នោះទេ ហើយ​ក៏​មិនរាប់​ថា​ជា​ជនជាតិភាគតិច​ភូមា​នោះដែរ។ កាល​ពីខែ​ឧសភា​កន្លងទៅ​ថ្មីៗ​នេះ រដ្ឋមន្រ្តី​ក្រសួង​អន្តោប្រវេសន៍​ភូមា​បាន​លើកឡើង​ថា នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ភូមា គេ​មិនដែលឃើញ​​មានឈ្មោះ​​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​នោះទេ។ រដ្ឋាភិបាល​ភូមា​តែងតែ​ចាត់ទុក​ពួក​រ៉ូហ៊ីងយ៉ា​នេះ​ថា​ជាជនអន្តោប្រវេសន៍​ខុសច្បាប់ មក​ពី​ប្រទេស​បង់ក្លាដែស។ ចំណែក​បង់ក្លាដែស​វិញ ចាត់ទុក​ពួក​រ៉ូហ៊ីងយ៉ា​នេះ​ថា​ជា​ជន​ភៀសខ្លួន​មក​ពី​ភូមា ហើយ​តែងតែ​ចាប់បញ្ជូន​មក​ភូមា​វិញ​​ជារឿយៗ។

ប្រឈមមុខ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​រើសអើង ជម្លោះ​រវាង​សហគមន៍​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ជាមួយ​អ្នក​កាន់​ពុទ្ធសាសនា​ នៅ​រដ្ឋ​រ៉ាខាន​តែងតែ​កើតមាន​ជារឿយៗ។ ក៏ប៉ុន្តែ ជាទូទៅ នៅ​ក្រោម​អំណាច​របបសឹកភូមា ជម្លោះ​​ទាំងនេះ​មិន​សូវ​រាលដាល​ជា​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​នោះទេ ដោយសារ​តែ​ពួករ៉ូហ៊ីងយ៉ា​​ខ្លាច​អំណាច​ទ័ពភូមា។

នៅពេលនេះ របបសឹក​ត្រូវ​រំលាយ ហើយ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល ដើម្បី​រៀបចំ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ។ ការរឹតបន្តឹង​សិទ្ធិសេរីភាព​ក៏​ត្រូវ​បាន​បន្ធូរបន្ថយ ដែល​អាច​ជា​ឱកាស​មួយ ឲ្យ​សហគមន៍​ជនជាតិ​ភាគតិច​ភូមា​ងើប​ឡើង​តវ៉ា​ប្រឆាំង ប្រសិនបើ​រដ្ឋាភិបាល​មិន​គិតគូរ​ដោះស្រាយ​អំពីជីវភាព និង​សិទ្ធិសេរីភាព​របស់ពួកគេ​ទេនោះ។

គួរ​បញ្ជាក់ថា ភូមា​​ស្ថិត​ក្នុង​ចំណោម​​​ប្រទេស​សម្បូរ​ជាតិសាសន៍​ខុសៗគ្នា​ច្រើន​បំផុត​ នៅ​អាស៊ី។ សហគមន៍​អន្តរជាតិ​កំពុង​តែ​ទន្ទឹង​រង់ចាំមើល​ថា តើ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​បច្ចុប្បន្ន​មាន​វិធានការ​អ្វី ដើម្បី​ដោះស្រាយ​ជម្លោះ​ជាតិសាសន៍​ទាំងនេះ?

អ្វី​ជាក្តីបារម្ភ​ធំបំផុតនោះ គឺនៅត្រង់ថា ប្រសិនបើ​រដ្ឋាភិបាល​ភូមា​មិនមាន​វិធានការ​ទប់ស្កាត់​គ្រប់គ្រាន់ ទុក​បណ្តោយ​ឲ្យ​​ជម្លោះ និង​​អំពើ​ហិង្សា​រវាង​សហគមន៍ ​រាលដាល​ចេញ​​ពី​រដ្ឋ​រ៉ាខាន ទៅ​តំបន់​ផ្សេងៗទៀត ហើយ​ប៉ះពាល់​ទៅ​ដល់​​សហគមន៍​ជនជាតិ​ភាគតិច​ផ្សេង​ទៀត វា​អាច​នឹង​បង្ក​ជា​ភាព​ចលាចល​នៅ​ទូទាំង​ប្រទេស ដែល​អាច​ជា​ហេតុផល​​ជំរុញ​ឲ្យ​មេដឹកនាំ​យោធា​ភូមា​ច្បាម​អំណាច​យក​ទៅ​គ្រប់គ្រងវិញ ហើយ​កំណែទម្រង់​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ទទួល​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI