តួកគីបើកចំហរការដេញថ្លៃផលិតមីស៊ីល ប្រសិនបើការចរចាជាមួយក្រុមហ៊ុនចិនធ្លាក់ទឹក
សារព័ត៌មានតួកគីនានា បានចុះផ្សាយនៅថ្ងៃសៅរ៍នេះថា ប្រសិនបើការចរចារវាងប្រទេសតួកគីជាមួយក្រុមហ៊ុនចិនជួបបរាជ័យ តួកគីនឹងបើកចំហរ គំរោងដេញថ្លៃផលិតមីស៊ីលបាញ់បានចំងាយឆ្ងាយ ជាមួយក្រុមហ៊ុនបរទេសផ្សេងទៀត។ កន្លងមក នាយករដ្ឋមន្ត្រីតួកគីធ្លាប់បានប្រកាសថា គ្មានអ្នកណាមានសិទ្ធិអន្តរាគមន៍ចំពោះការសំរេចបែបឯករាជ្យរបស់តួកគី ក្នុងគំរោងដេញថ្លៃមីស៊ីលនេះឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅពេលនេះ ប្រទេសតួកគីនៅមិនទាន់សំរេចនៅឡើយទេថា តើខ្លួនត្រូវជ្រើសយកក្រុមហ៊ុនបរទេសណាមួយ សំរាប់គំរោងដេញថ្លៃផលិតអាវុធមីស៊ីលនានាដែលបាញ់បានរយៈចំងាយឆ្ងាយ។ សារព័ត៌មានតួកគីជាច្រើន បានប្រាប់អោយដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រសិនបើក្រុមហ៊ុនអាមេរិក រឺក៏ក្រុមហ៊ុនអឺរ៉ុបណាចង់ផលិតអាវុធមីស៊ីលអោយតួកគី ក្នុងតំលៃថោកគួរអោយចាប់អារម្មណ៍នោះ តួកគីនឹងបើកចំហរបន្តការពិភាក្សាជាមួយក្រុមហ៊ុននោះ។
គួរបញ្ជាក់ថា ការបើកចំហរចំពោះគំរោងដេញថ្លៃផលិតមីស៊ីលនេះ គឺអាចធ្វើឡើងលុះត្រាណាតែការចរចាជាមួយក្រុមហ៊ុនចិនជួបបរាជ័យ។ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីបានប្រាប់ថា ការផលិតមីស៊ីលរួមគ្នា ជាលក្ខខណ្ឌដ៏ចាំបាច់សំរាប់ប្រទេសតួកគី។ ឥលូវនេះ គេនៅរង់ចាំមើលថា តើតួកគីនឹងសំរេចយ៉ាងណាទៀត ប្រសិនបើក្រុមហ៊ុនផ្សេងៗនៅក្នុងគំរោងដេញថ្លៃនេះ ដាក់តំលៃគួរអោយចាប់អារម្មណ៍ដូចដែលតួកគីប្រកាសនោះ។
កាលពីខែកញ្ញាកន្លងទៅ រដ្ឋាភិបាលក្រុងអង់ការ៉ា បានប្រកាសចរចារឿងមីស៊ីលនេះ ជាមួយក្រុមហ៊ុនចិនមួយឈ្មោះថា China Precision Machinery Import-Export Corporation ដើម្បីអោយក្រុមហ៊ុនផលិតមីស៊ីល Hongqi ដែលបាញ់បានទាំងលើដី និងលើអាកាស។ គេរំពឹងថា កិច្ចសន្យាដេញថ្លៃមីស៊ីលនេះ មានជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ។
ការប្រកាសចរចានេះ បានធ្វើអោយអាមេរិក និងសម្ព័ន្ធមិត្តចិននានានៃអង្គការអូតង់ មានការច្រឡោតខឹង ព្រោះថា កន្លងមក ក្រុមហ៊ុនចិនមួយនេះធ្លាប់បានផ្តល់អាវុធទៅអោយអ៊ីរ៉ង់ និងស៊ីរី ហើយអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុននេះ។
តួកគីបានសំរេចចរចាជាមួយក្រុមហ៊ុនចិននេះដដែល ជាជាងចរចាជាមួយក្រុមហ៊ុនអាមេរិក Raytheon រឺក៏ក្រុមហ៊ុនរុស្ស៊ី Rosoboronexport រឺក៏ក្រុមហ៊ុនបារាំង-អ៊ីតាលី Eurosam ព្រោះថា តំលៃផលិត និងការបញ្ជូនបច្ចេកទេសរបស់ក្រុមហ៊ុនចិនមានលក្ខណៈសមស្រប។ តួកគីបានទាត់ចោលក្រុមហ៊ុនរុស្ស៊ីរួចមកហើយ នៅសល់តែក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនអឺរ៉ុបប៉ុណ្ណោះដែលការដេញថ្លៃនៅបើកចំហរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ