លោកមឿង សុនស្វែងរកព្រះរាជអន្តរាគមន៍លើកលែងទោសពីព្រះមហាក្សត្រ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីនិរទេសខ្លួននៅឯបរទេសអស់រយៈពេលជាច្រើនឆ្នាំដោយគេចពីការជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទចោទញុះញង់លោក មឿង សុន ប្រធាន អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រធ្វើការលើកលែងទោសដល់រូបលោកក៍ដូចជា អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លីនិងប្រជាពលរដ្ឋមួយចំនួនដើម្បីបានចូលរួមគោរពព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ។
ប្រធាន អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរលោក មឿង សុនដែលកំពុងរស់នៅនិរទេសនៅឯក្រៅប្រទេសក្រោយពីជាប់ចោទពីបទញុះញង់ បានដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ទៅព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដល់រូបលោក ក៍ដូចជាអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្សមួយចំនួននិងសកម្មជនដីធ្លីដើម្បីបានចូលរួមគោរពព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ។
នៅក្នុងលិខិតស្នើសុំរបស់លោកមឿង ស៊ុនដែលបានដាក់ថ្វាយជូនព្រះមហាក្សត្រសម្តេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៣០ ខែតុលា ស្នើរសុំព្រះរាជទានអន្តរាគមន៍ដល់ប្រមុខរដ្ឋាភិបាលលើកលែងទោសមានដូចជារូបលោកផ្ទាល់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងនាយកវិទ្យុសំបុកឃ្មុំ ប្រជាសហគមន៍បឹងកក់ បូរីកីឡា សមាជិកសមាគមអ្នកប្រជាធិបតេយ្យ និងប្រជាពលរដ្ឋមានទោសកំហុសបន្តិចបន្តួចដែលកំពុងនៅជាប់ឃុំក្នុងពន្ធនាគារ និងអ្នកខ្លះទៀតរត់គេចចេញពីប្រទេស ឲ្យមានឱកាសបានចូលទៅថ្វាយបង្គំព្រះបរមសព និងឃើញព្រះភ័ក្រ្តសម្តេចឪ។
លោកបានទូលថ្វាយនៅក្នុងលិខិតនោះទៀតថា ៖យើងខ្ញុំទាំងអស់គ្នាពុំមានចេតនាប្រឆាំងប្រយោជន៍ជាតិឡើយ ហើយការស្នើសុំនេះគឺយោងតាមព្រះរាជបណ្តាំ និង បំណងរបស់សម្តេចឪលើចំណុច បង្រួបបង្រួមជាតិ យុត្តិធម៌សង្គម និងយុត្តិធម៌សេដ្ឋកិច្ច។
លោក មឿង សុន បានបញ្ជាក់នៅក្នុងលិខិតនោះទៀតថា រហូតមកដល់ពេលនេះ អង្គការរបស់លោកមិនទាន់បានចាប់ផ្តើមកសាងមន្ទីរពេទ្យព្រះនាម សម្តេចឪ ព្រះនរោត្តម សីហនុ នៅក្បែរប្រាសាទព្រះវិហារតាមការអនុញ្ញាតរបស់អាជ្ញាធរព្រះវិហារ ដើម្បីទុកជាអនុស្សាវរីយ៍របស់ព្រះបិតាបូរណភាពទឹកដី នៅឡើយទេ ដោយហេតុតែនៅពេលនេះ លោកកំពុងគេចចេញពីប្រទេស ដើម្បីចៀសវាងការចាប់ខ្លួនលោកដាក់ពន្ធនាគារដោយ តុលាការ។
កាលឆ្នាំ២០០៩ លោក មឿង សុន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ ១៥ លានរៀល ពីបទផ្សាយព័ត៌មានមិនពិត តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានប្តឹងលោក បន្ទាប់ពីបានថ្លែងតាមកាសែតចំពោះការដាក់អំពូលភ្លើង លើជញ្ជាំងប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលយប់។ នៅខែឧសភា ឆ្នាំ២០១១ សាលាឧទ្ធរណ៍ បានប្រកាសតម្កល់សេចក្តីសម្រេចផ្តន្ទាទោសកំបាំងមុខដោយរក្សាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំដដែល ក៏ប៉ុន្តែបានសម្រេចបន្ធូរបន្ថយលើការពិន័យបង់ប្រាក់ពី ១៥ លានរៀល មកនៅត្រឹម ៤ លានរៀល និងកែប្រែបទចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត មកជាបទញុះញង់ ស្របតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ